លោកអ្នកធ្លាប់ឃើញទេ ? សត្វសុនខវាកាន់ប្រពៃណី
២ ប្រការ គឺ ១-តែកាលណាវាជួបគ្នានៅទីណា ៗ ក៏ដោយ មិនថាញីមិនថាឈ្មោលទេ
វាតែងតែហិតគូថគ្នាទៅវិញទៅមក ។ កិច្ចនេះទៀងទាត់ ខានធ្វើមិនបាន ។ ២-
សត្វសុនខឈ្មោល កាលណាវាបន្ទោបង់បស្សាវៈតែងតែលើកជើងម្ខាងជាដរាប
កិច្ចនេះវាលះបង់មិនបានដូចគ្នា ។
លោកអ្នកយល់ទេ កិច្ចវត្តទាំង ២
ប្រការ ដែលសុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី ? មានពីត្រឹមណាមក ? កិច្ចវត្តដែលសុនខតែងប្រព្រឹត្ត
២ ប្រការនោះគឺ
កិច្ចវត្តប្រការទី ១
គឺកាលពីបឋមកប្ប ដែលទើបកើតមានមនុស្ស មានសត្វ មានសាសនា (ពាក្យប្រដៅ)
បន្តិចបន្តួចលើផ្ទៃផែនដីនោះ ។ មានរឿងដំណាលថា ក្នុងសម័យព្រេងនាយ
មានវត្តអារាម មានអ្នកបួសកាន់សីលធម៌ សុចរិតកាន់ពាក្យសច្ច
ប្រជុំគ្នាដោយពួក ៗ នៅក្នុងវត្តនីមួយ ។
មានសុនខជាច្រើនជ្រកកោននៅក្នុងវត្តចាំបរិភោគអាហារសេសសល់អំពីអ្នកបួស
តែកាលណាលោកប្រជុំឆាន់ចង្ហាន់នៅលើសាលា
ពួកសុនខក៏នាំគ្នាឡើងទៅក្រាបគាល់លោកចាំបរិភោគអាហារសំណល់
តែរៀងរាល់ថ្ងៃខែឆ្នាំពុំដែលដាច់ខាន ។
ឯភូមិផ្ទះអ្នកស្រុកឥតមានសុនខអាស្រ័យនៅដូចសព្វថ្ងៃនេះទេ ។
ថ្ងៃមួយនោះ បណ្ដាពួកសុនខទាំងនោះ
មានសុនខមួយចេញខ្យល់អាចម៍ (ផោម) ធុំក្លិនអាក្រក់ដល់លោកមេវត្ត
ដែលកំពុងឆាន់ ។ លោកក៏សួរទៅពួកសុនខដែលនៅជួបជុំគ្នានោះ
ឱ្យឆ្លើយតាមពិតត្រង់ តែគ្មានសុនខណាមួយទទួលថាខ្លួនផោមសោះ ។
ឯលោកគ្រូមេវត្តលោកជ្រាបច្បាស់ថា
មានសុនខមួយក្នុងចំណោមនោះចេញផោមជាប្រាកដ ទើបលោកពោលថា "
អើបើឯងនៅតែលាក់បិទបាំង មិនសំដែងទោសកំហុសរបស់ខ្លួនដូច្នេះ
ចូរឯងទាំងឡាយវិនាស ចាកវត្តក្នុងកាលឥឡូវនេះចុះ "
ដោយពាក្យសច្ចៈរបស់លោកគ្រូ ពួកសុនខក៏អន្តរធានចាកវត្តក្នុងពេលមួយរំពេច
ពុំអាចទប់ទល់បានឡើយ ។
តាំងអំពីពេលនោះមក
សុនខទាំងឡាយក៏ក្លាយទៅជាសត្វអនាថាចេញទៅ
លាក់ខ្លួនពួនអាត្មាដោយព្រៃខ្លះ ដោយផ្ទះសម្បែងគេខ្លះ អត់ឃ្លានពន់ពេក
កើតក្ដីសង្វេគអាណិតតែរៀងខ្លួន ។ តាំងពីថ្ងៃនោះមកពួកសុនខទាំងនោះ
ក៏តាំងចិត្តស្វែងរកភស្តុតាងឱ្យប្រាកដថា
សុនខណាវាផោមហើយលាក់បិទបាំងទុកបណ្ដាល ឱ្យពួកសុនខដែលសុចរិតស្លូតត្រង់ទទួលសេចក្ដីលំបាកវេទនា
។ ហេតុនេះបានជាពួកសុនខ ប្រកាន់ខ្ជាប់ក្នុងកិច្ចវត្តនោះរៀងៗមក
តែបានជួបគ្នាវេលាណា ក៏តាំងផ្ដើមកិច្ចវត្តមួយមុនកិច្ចឯទៀត ៗ
គឺចូលទៅហិតគូថគ្នាទៅវិញទៅមក ហើយបានធុំក្លិនអសោចដូចគ្នា
សុនខមួយក៏ញេញធ្មេញបញ្ចេញសំឡេងឡើងថា ង៉ែង ៗ សុនខម្ខាងទៀត
ក៏ចោទមកវិញថា ង៉ែងៗ ដូចគ្នាទើបបង្កើតទោសឡើងព្រម ៗ គ្នា
ក៏ប្រើកម្លាំងកាយប្រយុទ្ធគ្នាទៅវិញទៅមក ពេញទំហឹងឡើង ។
កិច្ចវត្តប្រការទី ២
គឺសុនខឈ្មោលមានប្រកាន់កិច្ចវត្តមួយបែបទៀតគឺ ពេលបន្ទោបង់បស្សាវៈ
តែងតែលើកជើងម្ខាងជាដរាប ។ រឿងទី ២ នេះ
ក៏កើតឡើងក្នុងសម័យជាមួយគ្នានឹងរឿងទី ១ ដែរ ។
កិច្ចវត្តដូចមានសេចក្ដីដំណាលត ៗ
គ្នាមកថា សម័យនោះ មានបុរសស្ត្រីប្ដីប្រពន្ធមួយគ្រួ
មានទីលំនៅមិនឆ្ងាយអំពីទីអារាមណាស់ណាទេ
លុះដល់ខ្លួនកាន់តែចាស់ៗទៅមានសេចក្ដីសង្វេគ
ទើបនាំគ្នាស្វាមីភរិយាពិចារណាថា "យើងចាស់ៗណាស់ហើយ ចូលក្នុងសេចក្ដីមិនទៀង
តែយើងទាំងពីរនាក់ជាអ្នកទុគ៌ត
ក្រខ្សត់គ្មានអ្វីនឹងធ្វើបុណ្យឱ្យទានដល់ម្ដងសោះ
យល់ជានឹងស្លាប់ទៅទទេ ឥតផលប្រយោជន៍អ្វី ឃើញថានឹងបង់ជាតិកំណើត
ដែលបានកើតមកជាមនុស្សនេះមិនខាន" ។ ទើបយាយចាស់ឆ្លើយឡើងថា "
ថ្វីត្បិតតែក្រ បើប្រឹងត្រដរទៅក៏គង់ធ្វើបានខ្លះមិនលែង
គ្រាន់តែជាទុគ្គតបណ្ដាការទៅចុះ" ។ តាតបថា អើយាយ ! យាយ
ឯងថាធ្វើបាន តើបានអ្វីធ្វើ ?
។ យាយថា " បើគាត់តាមខ្ញុំ
ទើបធ្វើបាន " ។ ទើបយាយអធិប្បាយថា 'សព្វថ្ងៃនេះ មានស្រែគេនៅជុំវិញភូមិយើង
គេទើបនឹងច្រូតដឹកនាំយកទៅ លែងអ្វីនឹងជ្រុះគ្រាប់ស្រូវខ្លះ
បើយើងនាំគ្នាទៅរើសមួយថ្ងៃ គង់ដណ្ដាំបាយបានជាចង្ហាន់ម្ដងដែរ "
តាថា "យីយាយថានេះហៅពេញជាត្រូវ
ណ្ហើយយាយប្រញាប់ទៅក្រែងវាបានក្រែលបន្តិច" ។ ថាហើយយាយនិងតាក៏កាន់ល្អីមួយម្នាក់
ចេញទៅរើសស្រូវនៅក្នុងស្រែដែលគេទើបច្រូតកាត់ហើយ ។
រើសមួយថ្ងៃវាល់ល្ងាចបានស្រូវប្រមាណមួយត្រឡោកម្នាក់
យាយតាក៏នាំគ្នាវិលមកផ្ទះវិញ ។
លុះបរិភោគអាហាររួចហើយក៏បបួលគ្នាបកគ្រាប់ស្រូវ ចំណែកខាងតាគាត់យកកាំបិតស្លាកោសគ្រាប់អង្ករនោះ
មានសម្បុរសភ្លឺថ្លាដូចពងសង្អារ ជិតភ្លឺយាយយកអង្ករនោះទៅលាងទឹក
ហើយច្រកក្នុងឆ្នាំងដណ្ដាំបាយតាមធម្មតា ។
និយាយពីលោកគ្រូ
លោកមានញាណយល់ការណ៍ជាក់ច្បាស់ដោយអំណាចលោកកាន់ធម៌សច្ចៈ
លោកបានជ្រាបហេតុពីយាយនិងតា
ប្រាថ្នាធ្វើមហាទានក៏លោកហៅភិក្ខុសាមណេរមកប្រជុំប្រាប់ថា"
យប់នេះត្រូវនាំគ្នាបោសសំអាតវត្តដោតទង់ឱ្យចង់ស៊ុមឱ្យរុងរឿង
ព្រោះព្រឹកនេះ
មានមហាទានចូលមកវត្តរបស់យើងដូច្នេះត្រូវយើងធ្វើឱ្យគួរសមនឹងទទួលមហាទាន
" ។ គ្រានោះ ភិក្ខុសាមណេរទាំងឡាយ ក៏ខ្វល់ខ្វាយបោសច្រាសសំអាតវត្ត
ចងស៊ុម ដូចជាការធ្វើទទួលមហាកឋិនមួយ ។ លុះព្រឹកឡើងអរុណរៀបរះ
ស្រាប់តែឃើញយាយនិងតាបណ្ដើរគ្នាចូលទៅក្នុងវត្ត ។
ឯយាយគាត់កណ្ដៀតល្អីមួយ មានបាយមួយចានដាក់ក្នុងល្អីដើរចូលសំដៅទៅកុដិលោកគ្រូធំៗ
វាយរគាំងម៉ឹងៗ ប្រជុំភិក្ខុមួយរូបសាមណេរធ្វើភត្តានុមោទនា ។
នៅវេលាគ្រានេះ មានភិក្ខុមួយរូបក្ដៅចិត្តណាស់
ស្ទុះចេញទៅឈរចាំមើលផ្លូវ ។ លុះយាយនិងតាបណ្ដើរគ្នាចេញទៅដល់ព្រំវត្ត
ភិក្ខុនោះក៏និយាយថា " នែយាយនិងតា ក្រោយៗយកចង្ហាន់របស់យាយនិងតាទៅវត្តឯណាទៀតទៅ
កុំនាំចូលមកវត្តនេះទៀត សព្វបើបាយមួយចាន ឱ្យគេលំបាកអស់មួយយប់ "
ថាហើយភិក្ខុនោះគេចចេញទៅ ។ រីឯយាយនិងតា លុះបានឮសំដីភិក្ខុនោះ
និយាយដូច្នោះហើយក៏មានសេចក្ដីវិតក្កក្នុងចិត្តពន់ពេក នាំគ្នាសង្វេគក្នុងចិត្តថា
" ឱកម្មអើយ ! កម្ម !
ហេតុតែយើងក្រីក្រធ្វើទានមិនដិតដល់បានជានាំឱ្យលោកមិនសប្បាយចិត្ត ' ។ តាថា "
ចុះយាយគិតយ៉ាងណាដូចម្ដេចទៀត ?
" យាយថា "តាកុំព្រួយមិនអ្វីទេ
សព្វថ្ងៃខ្ញុំឃើញសុនខខ្ចាត់ភ្លាត់ មកនៅក្បែរផ្ទះយើងច្រើនណាស់
(ជាន់នោះប្រហែលជាគេសម្គាល់ថា សម្លាប់សត្វទៅធ្វើបុណ្យ មិនបាប
ត្រឡប់ជាបានបុណ្យច្រើនទៅវិញទេដឹង ?"
។ តាថា " ឱមែនហើយយាយ !
មកយាយយកចន្ទាស់ទ្វារមួយមក" ។ ថាហើយ
តាដកដាវចេញពីស្រោមបណ្ដើរយាយចេញផុតពីផ្ទះទៅ ក៏ស្រាប់តែប្រទះ សុនខ
៤-៥ នៅហែ ៗ ក្បែរព្រៃ ។ តាថា "យាយស្ទាក់ពីមុខ"
យាយស្ទុះដេញវាយត្រូវសុនខមួយដំបងតាស្ទុះទៅត្រកងនិងដាវដាច់កសុនខមួយទៅ
។ ស្ទាក់ចុះ ស្ទាក់ចុះស្ទាក់ឡើងសម្លាប់សុនខបាន ៤-៥ ។ យាយថា
"ល្មមហើយតា ! ល្មមធ្វើចង្ហាន់លោកបានមួយវត្តហើយ "
ហើយយកខ្សែចងសែងជញ្ជូនយកទៅផ្ទះ យាយគាត់ចាត់ការបានច្រើនមុខ
គាត់ធ្វើជាសាច់ច្រនួចដោតជាចង្កាក់ៗ ឱ្យតាអាំង គាត់ហាន់ជាដុំ ៗ
ដាក់ថ្លាងមួយ ហើយគាត់ហាន់តូចៗ ធ្វើជាសម្លម្ជូរគ្រឿង ។ ក្នុងរាត្រីនោះ
លោកគ្រូឈ្វេងយល់ទៀត ក៏ប្រជុំភិក្ខុសាមណេរមកប្រាប់ថា
"ព្រឹកស្អែកមានទានមកដល់វត្តយើងទៀតហើយ ប៉ុន្តែទាននោះថាធំក៏បាន
ថាតូចក៏បាន មិនចាំបាច់រៀបវត្តទទួលទេ " ។
លុះព្រឹកឡើងភ្លឺច្បាស់ឃើញយាយទូលថ្លាងមួយ តារែកអម្រែកមួយចូលទៅក្នុងវត្ត
។ លោកគ្រូក៏វាយរគាំងម៉ឹងៗ បីបទប្រជុំភិក្ខុសាមណេរធ្វើភត្តានុមោទនា
រួចហើយលោកគ្រូហាមថា "ភិក្ខុក្ដី សាមណេរក្ដី
បើបានទទួលចង្ហាន់មានដុំសាច់ កុំអាលឆាន់ត្រូវនាំយកសម្ល
ដែលមានដុំសាច់ នោះមកប្រគល់ឱ្យអាត្មាកុំខាន " លុះធ្វើភត្តានុមោទនារួចហើយយាយនិងតា
ក៏ដួសសម្លចែកលោកគ្រប់កុដិ ។ ឯភិក្ខុសាមណេរកាលបានទទួលម្ហូបស្រេចហើយ
ពិចារណាមើលពុំឃើញមានត្រី
មានសុទ្ធតែសាច់ក៏នាំគ្នាយកម្ហូបនោះទៅប្រគេនលោកគ្រូធំ
នៅសល់តែភិក្ខុមួយរូប ពុំបានយកសម្លទៅប្រគេនលោកគ្រូធំ សម្ងំទុកឆាន់តែម្នាក់ឯង
។ ឯលោកគ្រូធំស្មានថាអស់ លោកយកមកជុំគ្នាហើយ
ក៏សូត្រគាថាផ្សំធាតុកើតឡើងជាសត្វសុនខ ។ ឯសុនខ
ដែលកើតដោយអំណាចគាថានោះ កើតឡើងជារូបសុនខសុទ្ធសាធ តែមានជើងតែបី ។
ទើបលោកគ្រូធំចាត់លោកសូត្រឱ្យដើរមើលគ្រប់កុដិ
ទៅឃើញក្នុងកុដិភិក្ខុមួយរូបនោះមាន សាច់ច្រនួចមានខ
មានសម្លម្ជូរគ្រឿងសុទ្ធតែសាច់
ក៏បង្គាប់ឱ្យភិក្ខុនោះនាំយកទៅប្រគេនលោកគ្រូធំ ។
លុះលោកគ្រូធំបានទទួលម្ហូបថ្មីទៀតក៏លោកសែកគាថាផ្លុំម្ដងទៀត
ទើបកើតជាសុនខមានគ្រប់ជើង ៤ ដូចដើមឡើងវិញ ។
តាំងពីនោះសត្វសុនខកើតមានសេចក្ដីកតញ្ញូដល់លោកគ្រូជាប់ជានិច្ចក្នុងចិត្ត
តែកាលណាបន្ទោបង់បស្សាវៈក៏នឹករឭកដល់គុណរបស់លោកគ្រូថា
កុំតែបានលោកគ្រូកុំអើយយើងខ្វះជើងមួយ
គិតហើយក៏លើកជើងក្រោយម្ខាងឡើងគំនាប់រំឭកគុណ
នៅពេលបន្ទោបង់បស្សាវៈគឺលើកជើងដែលលោកគ្រូបង្កើតឱ្យលើកក្រោយបង្អស់នោះឯង
។