មានសត្វឥន្ទ្រី ១ ជាទីគាប់ព្រះទ័យនៃព្រះឥសូរ បើសត្វឥន្ទ្រីនេះ វាចង់បានអ្វី ៗ ក្ដី ឬចង់ស៊ីសាច់សត្វណាក្ដី វាទូលព្រះឥសូរថាវាយល់សុបិនត្រូវស៊ីសាច់សត្វនោះ ព្រះឥសូរក៏ចេះតែជឿតាម ហៅសត្វមកឱ្យវាស៊ីតែរឿយៗ ។ សត្វទាំងឡាយ មានគោ ក្របីជាដើម កើតក្ដៅក្រហាយនិងសត្វឥន្ទ្រីនេះមហិមា តែពុំហ៊ានថាអ្វី ព្រោះខ្លាចអំណាចព្រះឥសូរ ជាម្ចាស់លើសត្វលោកនោះ ។ ថ្ងៃ ១ សត្វឥន្ទ្រីនេះ វាចង់ស៊ីសាច់ស្ដេចដំរី ទើបវាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីស ។ ព្រះឥសូរក៏ជឿតាមទើបឱ្យបម្រើទៅប្រាប់ដំរីសម្ដាយនិងកូនថា ឱ្យទៅលាងខ្លួនឱ្យស្អាតហើយឱ្យចូលមកក្នុងវេលាព្រឹកនេះ ឱ្យសត្វឥន្ទ្រីគេស៊ី ត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយ ។ ឯដំរីសម្ដាយនិងកូន កាលណាបើឮថា ព្រះឥសូរឱ្យហៅខ្លួនខ្លួនទៅឱ្យសត្វឥន្ទ្រីស៊ីដូច្នោះ ក៏ភិតភ័យនឹងសេចក្ដីស្លាប់នោះមហិមា នាំគ្នាយំសោកវិយោគទៅផ្សេង ៗ ពុំដឹងបើនិងរក លោកអ្នកណាមេត្តាជួយដោះជីវិតនៃអាត្មាបាន ហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះ ដើម្បីនឹងងូតទឹកដុសលាងកាយ ។
គ្រានោះមានសត្វទីទុយ ១ ទំនៅលើមែកឈើ បានឃើញដំរីសម្ដាយនិងកូន ដើរយំសោកដូច្នោះ ក៏សួរទៅថា "នែដំរីស ! អ្នកមានទុក្ខទោមនស្សព្រោះហេតុអ្វី ?" ។ ដំរីសម្ដាយនិងកូន ក៏ថ្លែងសេចក្ដីទុក្ខប្រាប់ទីទុយតាំងពីដើម ដល់ចប់សព្វគ្រប់ប្រការ ទីទុយឮដូច្នោះក៏ថា "ឱព្រះឥសូរលោកម្ដេចក៏ប្រកបដោយឆន្ទាគតិ គឺលំអៀងច្បាប់ លំអៀងសេចក្ដីទៅតាមសេចក្ដីស្រឡាញ់ ទៅជឿស្ដាប់ តែពាក្យសត្វឥន្ទ្រីឱ្យយាយីគេឯទៀតដូច្នោះ" ។ ដំរីសតបថា " ឱ្យអ្នកទីទុយអើយ! ខ្ញុំនេះឥតទីពឹងពំនាក់សោះឡើយ សូមអ្នកមេត្តាជួយសង្គ្រោះដោះដូរជីវិតខ្ញុំឱ្យរួច ពីភ័យម្ដងនេះទៅលោកម្ចាស់ ខ្ញុំម្ដាយនិងកូននៅជាខ្ញុំបម្រើអ្នក" ។ ឯទីទុយកើតចិត្តមេត្តាករុណា ក៏ឆ្លើយទទួលថា "អើបើដូច្នោះអ្នកឯងឆ្លើយទទួលសារភាពថាជាបាវខ្ញុំចុះ ខ្ញុំឯងនឹងទៅនិយាយកែតាមកលឧបាយតនិងព្រះឥសូរមើលម្ដង " ។ ដំរីសក៏ព្រមតាម ហើយឱ្យទីទុយជិះទំលើក្បាលកូនដំរីសចរទៅ កាន់ដំណាក់ព្រះឥសូរឰដ៏ភ្នំកៃលាសមហាស្ថានដល់ហើយទីទុយក៏ចុះចាកក្បាលដំរីស ចូលទៅទៀបបល្ល័ង្កទីន័ងព្រះឥសូរហើយទូលថា "បពិត្រព្រះអង្គជាកំពូលលោក ព្រះអង្គមានការអ្វីបានជាទ្រង់ហៅដំរីសជាបាវខ្ញុំទូលព្រះបង្គំមកនេះ មានហេតុភេទយ៉ាងណាព្រះករុណា ? ព្រះឥសូរឆ្លើយថា "អើទីទុយ ! បាវឯងនេះត្រូវដល់សេចក្ដី ស្លាប់ហើយក្នុងថ្ងៃនេះ ត្បិតសត្វឥន្ទ្រី គេយល់សុបិនថា ត្រូវបរិភោគសាច់ដំរី ហេតុទើបយើងឱ្យហៅដំរីសជាបាវឯងមកឱ្យគេស៊ី" ។
ទីទុយតបថា "សូមទាន ឯកិរិយាយល់សុបិនរបស់សត្វឥន្ទ្រីនោះជាទៀងពិតប្រាកដ ព្រះអង្គយកជាប្រមាណណាស់ទៅឬយ៉ាងណាដូចម្ដេច ។
"អើទីទុយ សត្វឥន្ទ្រីនោះគេយល់សុបិនហើយ សុបិននោះនិមិត្តទៀងពិតណាស់ ហើយយកជាប្រមាណបាន" ។ "ក្រាបទូល ទូលព្រះបង្គំជាខ្ញុំជឿតាមព្រះបន្ទូល ដែលទ្រង់ជឿសុបិនសត្វឥន្ទ្រីនោះ ដំរីសបាវខ្ញុំព្រះករុណាវិសេសក៏គួរស្លាប់ ហើយខ្ញុំម្ចាស់នាំមកថ្វាយឱ្យទ្រង់ប្រទានដំរីសឱ្យសត្វឥន្ទ្រីគេបរិភោគចុះ តែខ្ញុំល្អងធូលីព្រះបាទយប់មិញនេះមានធុរៈដើរចាប់ក្ដាមបរិភោគ ពុំបានទទួលទានដំណេកសោះ បើដូច្នេះសូមមេត្តាអត់ទោស សូមទទួលទានដំណេកបានមួយស្រឡេតសិន ហើយសឹមខ្ញុំនាំបាវទៅឱ្យសត្វឥន្ទ្រីនោះស៊ី" ថាហើយទីទុយក៏ធ្វើជាធ្មេចភ្នែកសម្ងំដេកបន្តិច ទីទុយក៏ធ្វើជាភ្ញាក់ឡើង ហើយពត់ខ្លួនពត់ប្រាណសិតស្លាប ធ្វើកិរិយារីករាយ ហើយទូលព្រះឥសូរថា "សូមទ្រង់ព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំទទួលទានដំណេកអម្បាញ់មិញនេះទៅយល់សុបិនល្អណាស់ ជាសុបិនមង្គលហៅ សុភនិមិត្ត" ។ ព្រះឥសូរក៏សួរថា "បាឯងយល់សុបិននោះដូចម្ដេចចូរនិយាយទៅមើល ?” ។ ទីទុយក៏ទូលថា "សុបិនទូលព្រះបង្គំជាខ្ញុំនេះមានសេចក្ដីប្លែកណាស់ស្ទើរតែមិនហ៊ាននិយាយ" ។ "មើលឯងនិយាយទៅមើល សុបិនឯងនោះយ៉ាងណា? " ។ "សូមទានសុបិននោះឃើញថា សម្ដេចនាងឧមាភគវតីជាព្រះរាជមហេសីល្អងធូលីព្រះបាទនេះ ស្រឡាញ់ខ្លួនខ្ញុំព្រះករុណាវិសេស ល្អងធូលី ព្រះបាទក៏ប្រោសប្រទានឱ្យមកជាភរិយាខ្ញុំ សុបិនខ្ញុំនេះទៀងពិតប្រាកដណាស់ យកជាប្រមាណបាន បើដូច្នោះសូមល្អងធូលីព្រះបាទហៅព្រះនាងឧមាភគវតីនោះព្រះរាជទានឱ្យទូលព្រះបង្គំជាខ្ញុំ ទុកជាព្រះកេរ្តិ៍របស់ព្រះករុណាវិសេស" ។ ព្រះឥសូរឮដូច្នោះក៏តូចព្រះរាជហឫទ័យ ទើបត្រាស់ថា "អាឯងយល់សុបិននេះតែផ្ដាសទេ យើងនឹងយកជាប្រមាណពុំបាន នឹងជឿស្ដាប់ពុំបានទេ អាទីទុយអើយ! " ។ ទីទុយតបថា "ការយល់សុបិនខាងទូលព្រះបង្គំជាខ្ញុំ ! ព្រះអង្គយល់ជាប្រមាណពុំបាន នឹងជឿស្ដាប់ពុំបាន ចុះខាងសត្វឥន្ទ្រីនោះម្ដេចក៏ព្រះអង្គជឿស្ដាប់យកជាប្រមាណបាន ! អើបើសុបិនទូលព្រះបង្គំជាខ្ញុំមិនពិត សុបិនសត្វឥន្ទ្រីនោះក៏មិនពិតដូចគ្នា ព្រោះជាវិស័យសកុណជាតិដូចគ្នា សូមព្រះអង្គកាត់សេចក្ដីនេះឱ្យបានប្រកបដោយយុត្តិធម៌ទាំងសងខាងឱ្យទាន" ។ ព្រះឥសូរឮទីទុយស្ដីដូច្នោះចូរឯងនាំយកដំរីសជាបាវឯង វិលទៅកាន់ទីលំនៅឯងវិញចុះ ការនេះយើងលើកលែងគ្នាតែប៉ុណ្ណេះ " ។
ទីទុយក្រាបថ្វាយបង្គំលានាំដំរីសម្ដាយនិងកូនទៅកាន់លំនៅវិញ ដំរីទាំងម្ដាយទាំងកូនក៏បានរួចជីវិតនៅជាសុខសប្បាយតទៅ ព្រោះបានជួបនឹងទីទុយជាកល្យាណមិត្រជាអ្នកប្រាជ្ញ អាចជួយដោះទុក្ខបានដោយប្រពៃ ។