កាលពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយ ឈ្មោះមេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាចនឹងនាងអារក្ខទេវីបានខំរៀនប្រណាំងប្រជែងគ្នា ដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃ ក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ។ ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក សន្សើមពេញមកឱ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឱ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់ " ។ រាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើរនៅស្លឹកឈើនិងស្មៅផ្សេង ៗ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានលទ្ធផលល្អសោះ ។ ចំណែកឯនាងមេខលា ដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្តោក ៗ ហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើ នឹងនៅលើស្មៅ ទាល់តែដុំឈើនោះជក់ទឹកនៅពេញទាំងអស់ ។ បន្ទាប់មកនាងអារក្ខទេវី បានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងរកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះបានជានាងអារក្ខទេវីត្រូវតាបសសំគាល់ថា ប៉ិនប្រសប់ជាងបិសាច ។
តាបសជប់ទឹកសន្សើមនោះកើតទៅជាកែវ ហើយប្រគល់ទៅឱ្យនាងមេខលា ដោយប្រាប់ថា " កែវនេះមានគុណភាពខ្លាំងពូកែណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះកាត់អាកាសពពក ជ្រកអាចម៍ជន្លេន ទៅកាន់កន្លែងណាក៏បានទាំងអស់ " ។
នាងអារក្ខទេវីក៏ទទួលយកកែវនោះមក លើកគ្រវីឡើងលើ ស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរ ។
ចំណែកឯអាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសី ៗ ពោលថា "ចៅឯង យករបស់នេះ មកយឺតយូរពេកហួសពេលតាត្រូវការ ឥឡូវតាបានឱ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះកើត បានតែមួយដងគត់ទេ " ។
កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ពេកប្រមាណ ហើយក៏ស្រែកយំអណ្ដឺតអណ្ដកយ៉ាងខ្លាំង ។
ដើម្បីលួងចិត្តបិសាចតាបសក៏ប្រាប់ថា "ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឱ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀង នៅពេលដែលមានភ្លៀងម្ដង ៗ ចូរអ្នកចោលពូថៅនោះទៅលើវានឹង បោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវា " ។
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមយកកែវមនោហរា ប៉ុន្តែបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិល្បភ្លាម បិសាចក៏បិទភ្នែកជិតរួច គ្រវែងអាវុធវាទៅ អាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងអារក្ខទេវី ។
ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរ គេឃើញចាំងពន្លឺកែវហើយឮសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះ ។ អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរឱ្យឈ្មោះដុំថ្មទាំងឡាយ ណាដែលមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា " កាំរន្ទះ " ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។