បទកាកគតិ
នេះបទកាកា គតិចរចា ចែងចងរឿងរាយ តាមពាក្យពីព្រេងតតែងនិយាយ ដំណើរអភិប្រាយ ពីសត្វចចក ។ យោនយកកំណើត កំណាត់កាលកើត ពឹងពួនជ្រៀតជ្រក ក្នុងរូងថ្មភ្នំ ធារធំសៀតស៊ក សព្វថ្ងៃចចក ស្វែងរកភោជនា ។ ប្របឆ្នេរអូរស្ទឹង ត្រពាំងបួរបឹង ជ្រោះជ្រោយបព្វតា លុះយប់ផ្ទាល់ផ្ទាប់ ចុះចាប់មច្ឆា តែងបរិភោក្ដា សព្វថ្ងៃប្រក្រតី ។ រូបទាបក្រញិញ បាទបួនតឿទេញ កាចខូចអប្រិយ តែងដើរលាកលះ ស្វែងស្វះរកស៊ី ព្រួញនឿយឥន្ទ្រីយ៍ ស្គាំងស្គមអាត្មា ។ ពីកាលក្មេងនៅ មេស្លាប់ចោលទៅ នៅតែនឹងបា នាំដើររកស៊ី ប្របទីជលសា លុះធំកាលណា បាស្លាប់បង់បាត់ ។ ចចកនោះនៅ ទល់ទុក្ខក្ដាត់ក្ដៅ ក្នុងថ្លើមប្រមាត់ ឥតមេឥតបា កំព្រាព្រាកព្រាត់ ស្ងប់ស្ងួតស្ងៀមស្ងាត់ ត្រមោចម្នាក់ឯង ។ ចចកគន់គិត រំពឹងក្នុងចិត្ត រឹងរឹតចំបែង ដើររកភោជនា ភោក្ដាកណ្ដែង កណ្ដោចឯកឯង ឥតមានគ្នីគ្នា ។ វេលាចូលដេក ក្នុងទីដំណេក ត្រូវភ្លៀងរងា ខ្យល់បក់ស្ងប់ស្ងួត ថ្លើមសួតគ្រាំគ្រា ក្រៀមក្រំកំព្រា កំប្រោនពេកពន់ ។ ចចករិះគិត បានឃើញគំនិត មួយនោះជាលន់ ថាអញត្រូវរក ត្រូវយកប្រពន្ធ ទើបបាននឹងស្រន់ នឹងស្រាលទុក្ខា ។ គ្រាន់ជាគូចៅ ស្នេហានែបនៅ ក្នុងរូងបព្វតា ចចកគិតច្នោះ ក្រោកស្មោះយាត្រា ត្រាច់ក្នុងព្រឹក្សា ស្រងូតស្រងាត់ ។ ដើរត្រេចតែឯង កណ្ដោចកណ្ដែង កំព្រាព្រាកព្រាត់ ត្រមោចត្រមង់នៅក្នុងព្រៃស្ងាត់ ប្រទះហ្វូងសត្វ គោតគោមហិង្សា ។ ទន្សោងទន្សាយ ដំរីប្រើសទ្រាយ ឈ្លូសក្ដាន់សូករា រមាសរមាំង ខ្ទីងខ្លាំងខ្លោងខ្លា ដើររកភោក្ដា សឹងសត្វយ៉ងឃ្នង ។ ចចកឃើញសត្វ សាហាវរង្គាត់ ច្រើនក្រៃកន្លង កៀងកាល់គូវា ខៀវខ្ញារអឹងកង គិតភ័យកន្លងស្ទើរបាត់ស្មារតី ។ ខំដើររំលង ចៀសសត្វយង់ឃ្នង បានដល់ទីស្ទឹងមួយថ្លាជ្រះ ត្រចះយល់ដី ចចកចាប់ត្រី ចម្អែតកាយយា ។ ហើយហែលឆ្លាស់ឆ្លង ស្ទឹងនោះរំលង ដល់ត្រើយគង្គា ត្រេចក្នុងរបោះ ចន្លោះអធ្វា មានរូងគុហា ជិតជើងគិរី ។ ចចកចូលជិត ប្រុងប្រាណមូលមិត្ត មៀងមើលរកញី ឱនចុះងើបងើត ចំអើតមើលទី ក្សិណនោះមានញី ចចកមួយណា ។ នៅក្នុងរូងថ្មសិលាដ៏ល្អ ក្បាលសមកាយយា ចចកឈ្មោលគិតក្នុងចិត្តថែថា គួរអញសួរ សាបន្តិចទើបបាន ។ ទើបឈ្មោលហារក ថាប្អូនពន្លក មិត្តមុំកល្យាណ នៅក្នុងរូងថ្ម ល្អះល្អថ្កើងថ្កាន សព្វថ្ងៃតើមាន ប្ដីជាគូគ្រង ។ ឬនៅឯកឯង ប្អូនអើយចូរថ្លែង ប្រាយប្រាប់បងផង ឱ្យបងរសាយ ក្នុងកាយនេះហោង បើឥតគូគ្រងបងសុំស្នេហា ។ ចចកញីស្ដាប់ ងាកហើយថ្លែងប្រាប់ ថាអ្នកសោភា ប្អូននៅសព្វថ្ងៃ អាស្រ័យគុហា មិនមាននរណា ជាគូឡើយនៃ ។ កាលដើមមានមេ មានបាបំពេ ឱបក្រុងសព្វថ្ងៃ ឥឡូវមេបា មរណាក្សិណក្ស័យ ប្អូននៅសព្វថ្ងៃ កំព្រាពេកពន់ ។ ឈ្មោលឮដូច្នោះ ព្រឺព្រួចពុងពោះ ហឫទ័យទោរទន់ ទើបឆ្លើយតបថា ប្អូនភ្ងាស្ងួនតន់ ប្អូនអើយបងគន់ បងគិតអនិច្ចា ។ អាសូរប្អូនស្ងួន មាសមិត្រខ្លឹមខ្លួន កំព្រាឯកា ដូចកលខ្លួនបង សៅហ្មងចិន្ដា សព្វថ្ងៃបងមហា ព្រួយណាស់ប្អូនអើយ ។ ចចកញីស្ដាប់ ពាក្យឈ្មោលថ្លែងប្រាប់ ឆ្លើយថាអ្នកអើយ ប្អូនស្ដាប់ពាក្យអ្នក ជៀងជាក់ទៅហើយ ក្នុងចិត្តឥតស្បើយ កើតទុក្ខទៀតថ្មី ។ ប្អូនចង់សូមសួរ ហៅមហាមិនគួរ ត្បិតខ្លួនជាស្រី អ្នកថាព្រួយចិត្ត ព្រោះគិតរឿងអ្វី ប្រុសប្រាជ្ញប្រិមប្រិយ ប្រាយប្រាប់ប្អូនរ៉ា ។ ឈ្មោលថាមាសមិត្រ បងព្រួយព្រោះគិត ដល់គូរស្នេហា គ្មានគ្នាជាពីរ ចំណេរអនា គតបងហៅមហា ថប់ណាស់មាសបង ។ ញីថាប្រុសអើយ កុំថប់អ្វីឡើយ ប្អូនធានារង រិះរកជួយគិត តាមចិត្តអ្នកបង ត្រង់តាមបំណង ចិត្តអ្នកប្រាថ្នា ។ ឈ្មោលថាមាសមិត្រ បងប៉ងផ្ញើចិត្ត ផ្ញើដួងជីវា នៅលើប្អូនស្ងួន សូមនួនមេត្តា បងមិនប្រាថ្នា ដទៃពីពៅ ។ ញីឆ្លើយថាអ្នក ចិត្តចង់រួមរក្ស មួលមួយលំនៅ ផ្ញើដួងចិន្ដា ស្នេហាតទៅ និងប្អូននេះកូវ ពេញមហាអរពេក ។ ប៉ុន្តែប្អូនយល់ ប្អូនគិតទៅដល់ ឆ្ងាយឆ្ងល់ចំឡែក ឋានអ្នកនាយ សប្បាយអនេក មានញីយ៉ាងឯក គូគួរស្នេហា ។ ម្ដេចអ្នកមិនមាន ចិត្តចាប់ចង់បាន ជាគូជីវា ហើយប្រែលាកលះ ស្វែងស្វះយាត្រា ក្នុងព្រៃអធ្វា មកដល់ឋានអាយ ។ ឈ្មោលស្ដាប់ឆ្លើយឆ្លាស់ ថាហៃប្អូនមាស មានរូបឆោមឆាយ ឆោមឆើតទងវង ឋានបងឯនាយ មែនហើយសប្បាយ ដូចពាក្យប្អូនថា ។ គឺមោះបងរក គូគាប់នឹងយក ជាតិជាពនិតា នឹងផ្ញើចិត្តខ្លួន ដូចស្ងួននេះណា គ្មានសោះបងមហា ថប់ពេកនាងអើយ ។ ហេតុនោះបងស្វះ បងស្វែងលាកលះ មកដល់ឋានអាយ បងប៉ងផ្ញើខ្លួន លើនួនឆោមឆាយ ព្រួយនឿយអង្គកាយ ម្ដេចៗមិនគិត ។ លែងតែប្អូនស្រី មាសមានមេត្រី មេត្តាមូលមិត្ត មូលមួយចិន្ដា ស្នេហាជួបជិត ជួបចាប់ប្រព្រឹត្ត ជាគូវាសនា ។ ញីស្ដាប់ឆ្លើយឆ្លៀត ឆ្លើយឆ្លងវិញទៀត ថាប្រុសស្នេហា ពាក្យក្រៅល្អល្អះ គួរសះសង្កា លួងលោមចិន្ដាបានហើយបោះបង់ ។ ឈ្មោលឆ្លើយថាហៃ ប្អូនមានថ្លើមថ្លៃ បណ្ដូលសាច់ស- ង្សារសមសោភា កាយាវរវង្ស វរវាសអស់អង្គ អស់ឥតសង្ស័យ ។ បងមហាស្រឡាញ់ ប្អូនមាសឈ្ងុយឆ្ងាញ់ ចាប់ចិត្តអាល័យ អាឡោះលើសលន់ ពេកពន់ក្រាសក្រៃ ពុំបានបងក្ស័យ ជីវិតជាម្ដង ។ ឈ្មោលថាតែម៉្លោះ ចូលជិតចំពោះ ផ្ទឹមផ្ទាប់ហើយហោង ថើបថ្ពាល់ឮខ្សឺត ចំតិតឆ្អឹងខ្នង ថាហៃមាសបង នាងកុំខេខឹង ។ បំណាច់បងមក រកប្អូនពន្លក ឆ្លងអូរឆ្លងស្ទឹង មិនស្ដាយជីវិត ព្រោះចិត្តរំពឹង ទុកប្អូនព្រលឹង ជាដួងស្នេហា ។ ញីអៀនអន់អាក់ ឱនមុខទុកភក្ត្រ ចូលចិត្តចិន្ដា សេពសុខក្សេមក្សាន្ត ក្នុងឋានគុហា ទើបឈ្មោលលោមថា ព្រលឹងបងណា ។ បងចង់នាំពៅ ឱះឱពេញក្ដៅ ក្នុងចិត្តចិន្ដា អញចង់តែអត់ សង្កត់ខ្យល់រ៉ា ឱ្យស្លាប់មរណា កុំឱ្យវេទនា ។ ដល់គិតវែងទៅ ក្រែងកើតហ្មងសៅ កើតកេរ្តិ៍និន្ទា ថាឱ្យចចក កំព្រកមោហា ក្សីណក្ស័យជន្មា ព្រោះញីបញ្ឆោត ។ បើនឹងស្លាប់រស់ ឱ្យឮកេរ្តិ៍យស គេមានកំណើត មានពាក្យសរសើរ ថាឃើញកោត ចចកនេះសោត ពេញហៅហានក្លា ។ គិតហើយបោលទៅ ជិតទឹករណ្ដៅ ថាយើងនរណា បង្កើតជាក្ដៅ ហ្មងសៅចិន្ដា ងើយមើលមេឃថា យើក្ដៅព្រោះថ្ងៃ ។ អើអញជាតិនេះ លំបាកទាំងម្ល៉េះ ព្រោះតឿនទាបក្រៃ កើតជាចចក កំព្រកចង្រៃ ជាតិក្រោយអញច្នៃ អញសូមសច្ចា ។ ទោះបីកបកើត យោនយកកំណើត ជាតិណាភពណា អញសូមសម្រេច សេចក្ដីប្រាថ្នា កើតជាសុរិយា រុងរឿងរង្សី ។ កាលនោះមានយក្ស ប្រេតមួយសំណាក់ ឋិតឋានប្រក្រតី នៅលើបព្វតា ទៀបនាវិថី យក្សឮសំដី ចចកប្រាថ្នា ។ យក្សគិតថាអើ មហាលាភណាស់តើ នឹងបានភោជនា ត្រកាលចំណី ល្អក្រៃថ្លៃថ្លា នឹងបរិភោក្ដា នូវសាច់ចចក ។ គួរអញកាឡា ជាអង្គឥន្ទ្រា ប្រាប់វាឱ្យយក សាច់ឈាមជាទាន នឹងបានរិះរក កំណើតបានមក កើតជាសុរិយា ។ យក្សគិតដូច្នោះ កាឡាចំពោះ ជាអង្គឥន្ទ្រា ហិចហោះច្រៀវច្រៃ លើផ្ទៃវេហា ហើយមានវាចា សាកសួរមេត្រី ។ ថាហៃចចក អ្នកត្រេចដើរមក ពីណារកអ្វី ចចកក្រឡេក ឈ្មៀងភ្នែករំពៃ ស្មានអង្គកោសិយ ទើបទូលទៅថា ។ បពិត្រព្រះឥ-ន្ទ្រាទ្រើសនរិន្ទ ឥសូរសុជាតា ខ្ញុំមកស្មានស្មោះ ចំពោះប្រាថ្នា យកទៅឱ្យញី ត្បិតមានផ្ទៃពោះ ចិត្តស្មោះចង់ស៊ី ត្រីក្នុងជលធី ទើបឆ្ងាញ់ណាស់ណា ។ ហេតុនេះខ្ញុំមក រុករានរិះរក សមុទ្រមច្ឆា ដើរជាន់គ្រោះក្ដៅ ហ្មងសៅចិន្ដា ពុរពងបាទា រន្ធត់អង្គប្រាណ ។ បែកញើសហូរហត់ ក្ដៅណាស់ប្រាកដ ពុំអាចអត់បាន ព្រោះថ្ងៃចាំងចែង សូរ្យសែងថ្កើងថ្កាន ទើបខ្ញុំប្រណិធាន អធិដ្ឋានថា ។ បើខ្ញុំនឹងកើត យកជាតិកំណើត ក្រោយខ្ញុំប្រាថ្នា តាំងចិត្តចង់បាន ដូចភ្នានចិន្ដា កើតជាសុរិយា ប្រាកដដូចប៉ង ។ បពិត្រឥន្ទ្រា សូមស្ដេចមេត្តា ជួយខ្លួនខ្ញុំផង ធ្វើម្ដេចនឹងបាន ដូចភ្នានបំណង ប្រេតយក្សឆ្លើយឆ្លង ថាងាយណាស់ណា ។ បើចៅចង់បាន ដូចចិត្តចំណាន បំណងប្រាថ្នា ចូរចៅផ្តិលផ្ដាច់ សម្រេចជន្មា យកសាច់ឱ្យជា ទានយក្សបិសាច ។ ហេតុអានិសង្ស ជួយជូនទ្រទ្រង់ កើតមានអំណាច ជាសែងសុរិយ រស្មីចិញ្ចាច ចិញ្ចែងត្រដាច ដូចចិត្តប្រាថ្នា ។ ចចកស្ដាប់គិត ជឿជាក់ចូលចិត្ត ទើបទូលទៅថា ខ្ញុំចង់ឱ្យទាន សាច់ប្រាណហើយណា ប្រេតយក្សឆ្លើយថា សាធុពីរដង ។ ប្រេតយក្សថាម្ល៉ោះ និម្មិតចំពោះ បាំងបាត់ទៅហោង ចចករត់ចេញ បោលខ្មាញ់ជាម្ដង គិតថាអញប៉ង បានដូចសេចក្ដី ។ ចចកគិតច្នោះ បោលដល់ទឹកចុះ លុយលបចាប់ត្រី លុះចាប់ត្រីបាន ដូចភ្នានសេចក្ដី ប្រាថ្នាពាំត្រី ឱ្យញីភោក្ដា ។ ញីឃើញឈ្មោលដល់ បានត្រីខ្វាយខ្វល់ ទទួលមច្ឆា បរិភោគផ្សាយផ្សព្វ ស្កប់ស្កល់ចិន្ដា ទើបឈ្មោលប្រាប់ថា ហៃប្អូនពិសី កាលបងទៅយក មច្ឆានាំមក ឱ្យប្អូនប្រិមប្រិយ ហៅមហាព្រួយប្រាណ ពុំក្សាន្តណាស្រី ស្ទើរខានបានត្រី មកផ្ញើប្អូនភ្ងា ។ ប្អូនអើយថ្ងៃក្ដៅ ជើងបងពងនៅ រអាមអង្គា ក្ដៅដល់ក្នុងថ្លើម ដង្ហើមទយា ដល់ដួលច្រើនគ្រា ស្ទើរវិលក្រោយខាន ។ បងខំបោលទៅ ប្អូនអើយរឹងក្ដៅ រន្ធត់អង្គប្រាណ បងបោលហើយគិត ក្នុងចិត្តថាស្មាន ប្រហែលទាហាន ច្បាំងសឹកមួយសោះ ។ តេជះសំណាង សំណូមសូមសាង ពីមុនមកនោះ បានជួបឥន្ទ្រា យាត្រាចំពោះ ហើយស្ដេចអនុគ្រោះ ស្មោះស្មានមេត្រី ។ ប្រដៅទូន្មាន នាំជានិទាន ឱ្យដឹងសេចក្ដី បុណ្យបាបត្រូវខុស ហើយហោះចេញខ្មី បងចេញចាកទី រត់ចាប់មច្ឆា ។ ចចកប្រាប់ញី សុសសព្វសេចក្ដី គ្មានខ្វះត្រង់ណា ហើយលោមថាប្អូន ខ្លឹមខ្លួនស្នេហា អញបងចង់លា ទៅក្ស័យជីវិត ។ យកសាច់ជាទាន ប្រាថ្នាឱ្យបាន ជាព្រះអាទិត្យ តើប្អូននឹងថា ម្ដេចម្ដាមាសមិត្ត ញីស្ដាប់ហើយគិត ធុញថែមថប់ថា ។ អ្នកមាសប្អូនអើយ ប្អូនថាម្ដេចឡើយ ចិត្តអ្នកប្រាថ្នា មិនហ៊ានខាំងឃាត់ ឱ្យភ្លាត់សច្ចា ក្រែងកើតទោសា ជាប់ដិតដល់ប្រាណ ។ គឺមោះប្អូននៅ ក្រោយអ្នកប្រុសទៅ បោះបងចោលឋាន ប្អូនកើតទុក្ខព្រួត ពីរត្រួតពុំក្សាន្ត ទុក្ខមួយព្រោះមាន ទម្ងន់ពេញពោះ ។ ទុក្ខមួយព្រោះព្រាត់ ព្រោះប្រាសសូន្យស្ងាត់ សូន្យស្ងៀមក្រៀមក្រោះ ក្រៀមក្រំក្នុងចិត្ត ឆ្អែតឆ្អិតអាឡោះ អាល័យស្រណោះ អ្នកប្រុសប្រាសទៅ ។ សព្វថ្ងៃរំពឹង អ្នកមាសព្រលឹង ស្មានថាអ្នកនៅ នែបនិត្យឱរា ស្នេហាតទៅ ប្អូនឥតញាតិផៅ សង្ឃឹមតែអ្នក ។ ជាគូស្នេហា ទុក្ខស្មើបិតា មាតារួមរក្ស រួមរស់ស្នេហ៍ស្នង ប្អូនប៉ងទុកដាក់ ផ្ញើខ្លួនលើអ្នក លុះអស់ជន្មា ។ ហេតុនោះប្អូនស្វះ ប្អូនស្វែងលាភលះ ចោលទីគុហា ដិតដោយតាមអ្នក វរលក្ខណ៍សោភា ម្ដេចឡើយឃ្លាតឃ្លា ពីទ្រូងប្អូនពៅ ។ ញីថាតែម្ល៉ោះ ឱនមុខទុក្ខចុះ ឱរាឈួលក្ដៅ ហាក់ដូចអគ្គី ឆេះពីពោះទៅ ទល់ទុក្ខហ្មងសៅ ជោរជល់នេត្រា ។ ស្ងៀមស្ងួតស្ងាត់ស្ងប់ ពុំចេញសារសព្ទ សារសងវាចា រឹងក្ដៅក្នុងថ្លើម ដង្ហើមឱរា ទើបឈ្មោលលោមថា សំឡាញ់បងអើយ ។ កុំនាងអាឡោះ អាល័យសោកសោះ សោយសោកឥតត្រើយ បើបងបានកើត កំណើតច្នោះហើយ បងមិនតោះតើយ ទីទៃចោលពៅ ។ សឹមបងមកយក ប្អូនស្ងួនពន្លក បីបមថ្នមទៅ ដាក់លើពិមាន ទិព្វឋានឆ្អិនឆ្អៅ មូលមួយលំនៅ នែបនិត្យស្នេហា ។ ចូរប្អូនស្រីស្រួល ស្រីស្រស់ទទួល អនុមោទនា ព្រមព្រឹះនឹងបង ដូចប៉ងប្រាថ្នា កុំនាងរួញរា បើកបងតាមចិត្ត ។ ញីស្ដាប់ឈ្មោលថា ហាក់ធូរឱរ៉ា សោកាស្បើយស្បិត បន្ទោទុក្ខស្រាល ស្រយាលក្នុងចិត្ត ទើបឆ្លើយប្រឌិត ថាតាមចិន្ដា ។ អ្នកនឹងផ្តិលផ្ដាច់ ជីវិតយកសាច់ ជាទានប្រាថ្នា យោនយកកំណើត កើតជាសុរិយា ប្អូនសោតជ្រះថ្លា សាធុនឹងអ្នក ។ ដំណើរចចក មោហោកំព្រក ឈប់ស្លេះជៀងជាក់ នេះនឹងចាប់និ ទានពីប្រេតយក្ស ឋិតឋានសំណាក់ នៅលើបព្វតា ។ យក្សនិម្មិតមក លបមើលចចក យក្សស្ដាប់ឮថា ចចកផ្តិលផ្ដាច់ សម្រេចជន្មា យក្សអរហើយថា បរមលោភពេក ។ ហើយយក្សនិម្មិត បញ្ចូលក្នុងចិត្ត ចចកឱ្យត្រេក កាត់ចិត្តឱ្យទាន សាច់គ្មានអល់អែក ហើយប្រេតយក្សស្រែក សាធុការា។ ចចកឈ្មោលញី លុះឮសំដី ប្រេតយក្សឱ្យសា- ធុការដូច្នោះ ស្រុះស្រួលចិន្ដា លង់លុះសុរិយា អ័ព្ទអស្ដង្គត ។ នាំញីចូលដេក ក្នុងរូងដំណេក ដូចដើមកំណត់ នឹងថ្លែងឯព្រៃ ធំក្រៃប្រាកដ ប្របឆ្នេរសមុទ្រ គាប់កាលនោះណា ។ មានយក្ខិនី ប្រេតប្រាសឥតប្ដី នៅក្នុងព្រឹក្សា យក្សត្រេចរកប្ដី ឃ្មាតខ្មីយាត្រា បានដល់បព្វតា ដែលយក្សប្រុសនៅ ។ យក្សស្រីឃើញម្លប់ ត្រជាក់ចូលឈប់ បន្តិចបាត់ក្ដៅ យក្សស្រីថាអញ ឃ្មាតខ្មាញ់ចេញក្រៅ ដើរហាលថ្ងៃក្ដៅ សៅហ្មងភក្ត្រា ។ យក្សស្រីគិតច្នោះ ដើររកទឹកជ្រោះ ឆ្លុះមើលមុខា ឃើញហើយផ្អៀងផ្អង ឈ្មៀងឈ្មងនេត្រា យក្សសើចហើយថា នៅល្អដែរទេ ។ អញងូតទឹកលាប លាងក្អែលឆ្អេះឆ្អាប ឱ្យគ្រាន់ជាងគេ ថាស្រេចយក្សស្រី ឃ្មាតខ្មីងាករេ រកជ្រោះងូតថែ ដុសសព្វកាយា ។ ហើយយក្សឡើងយក សំពត់បានមក ស្លៀកហើយយាត្រា ដើរទៅហើយគិត ក្នុងចិត្តយកថា ចង់ច្រៀងសិនរ៉ា ឱ្យបានស្បើយទុក្ខ ។ យក្សស្រីគិតច្នោះ ចាប់ក្បិនចងចុះ រេក្បាលងើបមុខ គន់មើលរូបរាង ដូចពាងព្រហក់ ម្ល៉ោះខំញ៉ិកញ៉ក់ ញ៉ាំញើដើរលេង ។ រេរារែករាំ បាទាទន្ទាំ ទន្ទើរទន្ទេង អង្គុយភ្លាមចុះ ជើងគោះជាភ្លេង ទះដៃច្រៀងលេង ងេកងោកសិរសា ។ ក្រឡេកស្ដាំឆ្វេង ស្លាប់ទៅសំឡេង ដូចហ៊ីងសោកា គគ្រោតគគ្រាក់ រលាក់ញាក់ស្មា ឮដល់យក្សា ប្រេតឋិតលើភ្នំ ។ យក្សថាសំឡេង នរណាច្រៀងលេង លាន់ឮរងំ ថាហើយយក្សប្រុស ចរចុះជើងភ្នំ ហើយយក្សសំងំ លបលួចមើលមៀង ។ មើលមិញស្គាល់ជាក់ ថាអះឱ្យយក្ស ស្រីទេស្រែកច្រៀង យក្សប្រុសចង់ស្និទ្ធ បៀតជិតបញ្ឆៀង ផ្ទឹមផ្ទាប់ផ្ទាល់ផ្ទៀង សាកសួរទៅថា ។ នាងស្រីក្រមុំ រូបរាងឧត្ដម នាងមកពីណា យក្សស្រីថាខ្ញុំ ខិតខំយាត្រា ចេញពីព្រឹក្សា ដើររកចំណី ។ យក្សប្រុសថាអើយ លាភលន់លុះលើ បំណងសេចក្ដី ប្រាថ្នាអញប៉ង ចង់ចងមេត្រី នឹងនាងប្អូនស្រី ជាគូស្នេហា ។ យក្សស្រីថាកុំ លេងស៊ុនពេកខំ ហោម៉ែអញរ៉ា យើងមិនជាស្រី អប្រិយទេណា យើងមានមេបា ពូជពង្សគ្រាន់បើ ។ យក្សប្រុសថាឱ អញចង់តែរក ពុទ្ធោទេតើ នរណាធ្វើអ្វី ប្អូនស្រីគ្រាន់បើ យក្សស្រីថាអើ គ្មានធ្វើអ្វីទេ ។ ប៉ុន្តែមាក់ងាយ ហ៊ានហានិយាយ ស្រដីចង់ចែ ខំលេងពាក្យជ្រៅ អញទៅប្រាប់ម៉ែ យក្សស្រីគិតតែ ការកេរ្តិ៍ចិញ្ចែង ។ ប្រុសថាប៉ៃអញ ព្រោះបងស្រឡាញ់ ទើបហ៊ានលេង បុរសស្ត្រី សេចក្ដីច្នេះឯង មាសមិត្តមិនឆ្វេង សង្សារសោះឬ ។ យក្សស្រីថាស្អប់ ពាក្យប្រុសប្រសប់ ស្រដីពោលលើ ថ្មោងថ្មីស្រឡាញ់ អស់អញឥតស្មើ បានហើយធ្វេសធ្វើ តើយតស់បោះបង់ ។ ឯយក្សប្រុសនោះ បានឮដូច្នោះ សោមនស្សអស់អង្គ អរឯកស្រួលសើច សំណើចចំណង់ ថាប្អូនវរវង្ស កែវកុំសង្ស័យ ។ ចិត្តបងស្រឡាញ់ ពិតៗពេកពេញ ចិត្តជួបភិសម័យ បងផ្ញើរូបខ្លួន លើនួនថ្លើមថ្លៃ លង់លុះក្សិណក្ស័យ មរណមួយមូលមិត្ត ។ ហើយយក្សប្រុសនោះ ចរចូលជិតចុះ កៀកករួតរឹត ដៃដល់ថនា យួរយាទឹមផ្ចិត យក្សស្រីភាំងភិត អៀនឱនភក្ត្រា ។ ព្រឺព្រួញប្រាណ រួមរស់ស្មោះស្មាន ជិតជើងបព្វតា អស្ចារ្យកន្លង់ ត្រាច់ត្រង់ត្រឹបផ្កា រសាយបុប្ផា កេសររីករុះ ។ ព្យុះសង្ឃរា ពិរុណរំលា ស្រក់ស្រោចចម្រុះ នាគរាជពេនពង ក្រួញអង្គត្រដុស ឱនក្បាលលូនចុះ ចូលរូងបព្វតា ។ ព្រួសពិសអង់អាច សំដែងអំណាច ឥតខ្លាចនរណា ក្អែពិសពោរពាស ទីទាសត្រៀបត្រា ពេញរូងបព្វតា ហើយសម្ងំជ្រក ។ ស្លេះរឿងយក្សទុក ថ្លែងតទៅមុខ អំពីចចក ដេកក្នុងគុហា ដូចពណ៌នាមក ភ្ញាក់ឡើងរិះរក គិតក្នុងចិន្ដា ។ បើអញដាស់ញី ប្រាយប្រាប់អំពី ដំណើរអញណា ក្រែងញីឃាត់ប្រាណ រំខានអាត្មា នាំស្កុនយាត្រា មិនដូចបំណង ។ គួរអញលបរត់ ចេញចាកប្រាកដ សោះកើតសៅហ្មង ចចកគិតច្នោះ លបស្ទុះចេញហោង ដើរស្រូតរំលង ដល់ជ្រុងបព្វតា ។ ឃើញយក្ខិនី ប្រែប្រាណឥន្ទ្រីយ៍ ជាខ្មោចមាយា ភិតញ័រចំប្រប់ ស្ញែងស្ញប់រោមា ចចកម្នីម្នា ឡើងលើថ្មដា ។ ធ្មេចភ្នែកលោតចុះ ធ្លាក់ក្នុងបាតជ្រោះ បាក់កអាត្មា ក្សិណក្ស័យជីវី យក្សស្រីនោះណា ឃើញហើយជ្រះថ្លា ក្រោកឈរឡើងរាំ ។ នេះបទព្រហ្មគីតិ ពិតពិនិត្យពិន័យនាំ សេចក្ដីកែពាក្យពាំ ពាក្យពីកាលចចកនោះ ។ ក្សិណក្ស័យជីពជន្មា យក្សម្នីម្នាលាលោតចុះ រើសខ្មោចចចកនោះ នាំប្រពន្ធបរិភោក្ដា ស៊ីសាច់ហែកហុតឈាម ហូររហាមពេញមុខា ឈាមស្រក់ទៅត្រង់ណា យក្សឱនលិទ្ធឥតមានសល់ ។ ឆ្អឹងឆ្អែងយក្សទំពា ត្រង់លលាក្បាលសំណល់ បរិភោគឆ្អែតស្កប់ស្កល់ នាំប្រពន្ធវិលឋានឋិត ។ រីឯខ្មោចចចក ស្លាប់ទៅយកជាតិដូចចិត្ត កើតជាព្រះអាទិត្យ រុងរឿងរះត្រចះថ្លា ។ ទុំទែងចងច្រាលឆ្អៅ ភ្លឺសន្ធៅទាំងលោកា សក្ដិសិទ្ធិរិទ្ធិចេស្ដា បរិវារចោមសម្រាប់បុណ្យ ។ ហេតុផលចចកបាន សាច់ឱ្យទានមកពីមុន ជួយជូនកើតដោយគុណ បុណ្យចិត្តកាត់ឥតសង្កា ។ សុរិយាចចកគិត អរក្នុងចិត្តឥតឧបមា ថាឱក្ដីប្រាថ្នា អង្គអញអើយឆាប់ឆុតក្រៃ ។ ម្ល៉េះហើយគ្មាននរណា ផ្ទឹមចេស្ដាមានតេជដៃ រុងរឿងថ្កើងជោគជ័យ នៃអង្គអញពេញក្លៀវក្លា ។ វិន័យដំណើរនេះ នឹងឈប់ស្លេះពុំចរចា ចចកសែងសុរិយា ខណ្ឌខានទុក្ខពុំស្រដី ។ ទើបនឹងនិទានពី ចចកញីភ្ញាក់ឡើងខ្មី ឈ្មោលបាត់អង្គឺក្ដី ញីរត់រកតក្កមា ។ ស្រង់ក្លិនរកតាមផ្លូវ ដល់ជ្រោះជ្រៅឃើញសិរសា សំណល់យក្សភោក្ដា ញីប្រះប្រាណដួលសន្លប់ ។ ភាន់ភាំងគាំងស្មារតី អស់ឥន្ទ្រីយ៍ញីចំប្រប់ ដង្ហើមហូតប្រសប់ ប្រដេញខ្យល់សល់សែនទ្វី ។ ហើយហៀបហាក់នឹងក្ស័យ ក្សិណប្រល័យជន្មជីវី សូន្យសុងស្លុងនៅទី ជ្រោះដែលឈ្មោលក្ស័យនោះណា ។ លុះបានដឹងស្មារតី ភ្ញាក់ឥន្ទ្រីទួញទៅថា ឱអ្នកប្រុសស្នេហា ម្ដេចអ្នកមកក្ស័យបង់បាត់ ។ ចាកចោលប្អូនរងា នៅកំព្រាស្ងៀមស្ងប់ស្ងាត់ និរាសប្រាសព្រាកព្រាត់ ផុតពីទ្រូងប្អូនទៅហើយ ។ តាំងពីថ្ងៃនេះទៅ សមប្អូននៅឯកឥតត្រើយ អ្នកប្រុសថ្លៃប្អូនអើយ ប្អូនទៅរកអ្នកឯណា ។ ឱ្យដូចប្រុសវរមិត្ត មិត្តខ្លឹមចិត្តឥតសង្កា ប្អូនប៉ងផ្ញើរូបា ដួងជីវានិងអ្នកថ្លៃ ។ ម្ដេចអ្នកចោលប្អូនទៅ ឲ្យប្អូននៅកំព្រាក្រៃ ឥតពឹងឥតអាស្រ័យ បោះបង់បាត់ស្ងាត់ទៅហោង ។ សូវក្ស័យជីវិតទៅ ជាជាងនៅកើតសៅហ្មង ទល់ទុក្ខៗ ចម្បង រងលំបាកលុះអស់កាល ។ ធ្លាប់ផឹកធ្លាប់ភោក្ដា ធ្លាប់ចរចារធ្លាប់ស្និតស្នាល ធ្លាប់នែបធ្លាប់ត្រអាល ធ្លាប់រួមរស់រួមមណ្ឌល ។ ឥឡូវអ្នកប្រុសប្រាស ប្រាសនិរាសពិតពុំយល់ អ្នកអើយសមប្អូនទល់ ទុក្ខកណ្ដែងកណ្ដោចព្រៃ ។ តាំងទួញពីព្រលប់ លុះជួនចប់ចូលដល់ថ្ងៃ រឿងរះច្បាស់ព្រឹក្សព្រៃ ព្រឹកព្រាងស្វាងសែងសុរិយា ។ ចចកឃើញថ្ងៃជាក់ ថាឱអ្នកប្រុសស្នេហា អ្នកបានជាសុរិយា រុងរឿងរះត្រចះឆ្អៅ ។ អ្នកយកប្អូនទៅផង ស្និទ្ធស្នេហ៍ស្នងនែបនិត្យនៅ លើឋានទិព្វសន្ធៅ សោះហ្មងសៅសែនទុក្ខា ។ ចចកញីទួញទៀត តឹងចង្អៀតក្នុងឱរ៉ា ប្រះប្រាណសែនសោកកា សែនអាឡោះអាល័យលន់ ។ ពីព្រឹកលុះដល់ត្រង់ សោកសូន្យស្រង់ទល់ទុក្ខធ្ងន់ លុះថ្ងៃទេរទាបទន់ ទាបទៅទៀបចុងព្រឹកព្រៃ ។ ភ្លេចផឹកភ្លេចភោក្ដា អត់ភោជនាស្គមសន្ធៃ សន្ធឹកនឹកអាល័យ ទៀងទួញដួលប្រះប្រាណ ។ ថានព្រះសុរិយា ស្ងួនស្នេហាមិត្តកល្យាណ ជ្រៀងជ្រេបែរបៀតបាន បៀនទៅទៀតចូលសន្ធិយា ។ អ្នកអើយប្អូនក្ដៅក្ដាត់ ថ្លើមប្រមាត់ឈឺឆួលផ្សា ដូចអ្នកយកខាន់ថ្លា កាប់កាត់ប្អូនអស់ពុងពោះ ។ ចចកញីសន្លប់ ញ័រចំប្រក់ សូន្យសុងសោះ ដួលដេកនៅទីនោះ លុះព្រលប់ចូលសន្ធិយា ។ សន្សើមធ្លាក់ចុះត្រង់ ជ្រាបជោកអង្គសព្វរោមា ត្រជាក់អស់អង្គា ភ្ញាក់ឡើងទួញសែនសល់ខ្នាត ។ ទួញតាំងពីព្រលប់ លុះចួបចប់ចូលអាធ្រាត្រ តារារះព្រោងព្រាត ភ្លឺត្រចះពេញមេឃា ។ ចចកមៀងមើលផ្កាយ ពុំសប្បាយថែមទុក្ខា ថាឱផ្កាយនេះណា បរិវាអ្នកប្រុសតន់ ។ ប្អូនឃើញតែបរិវារ បាត់សង្សារប្រុសល្វាសល្វន់ អ្នកអើយប្អូនគយគន់ រកមៀងមើលមិនឃើញអ្នក ។ ចចកទួញទល់ទុក្ខ គ្មានសាន្តសុខអួលអន់អាក់ លុះព្រឹកព្រាងស្វាងជាក់ ទៀងទួញទៀតសព្វវេលា ។ មួយថ្ងៃទួញបីដង រឹងរឹតរងរុក្ខវេទនា មួយយប់ទួញបីគ្រា ជានិរន្តរតរៀងទៅ ។ ពុំផឹកពុំបរិភោគ ស្គមងោងោកជោកជាំនៅ កម្លាំងថយតិចទៅ ។ ខ្សោយទាបទន់ពន់ប្រមាណ ។ ដើរដួលទាំងជំហរ នឹងទ្រាំឈរដេកពុំបាន ក្សិណក្ស័យចាកចោលឋាន ទាំងទម្ងន់ពោរពេញពោះ ។ ដំណើរចចកញី ក្ស័យជីវីក្នុងគ្រានោះ ឈប់ស្លេះនៅនេះចុះ នឹងនិទានឯសុរិយា ។ រុងរឿងរិទ្ធិរង្សី ស្វាងរស្មីភ្លឺលោកា ជួបជួនបួនមាសា មានពពកមកបាំងបិទ ។ ចាំងចែងសែងសុរីយ៍ អប្បរស្មីជុំជុកជិត បាត់វង់ព្រះអាទិត្យ ពេញមណ្ឌលទល់មេឃា ។ ក្សិណនោះអង្គសុរិយា ចចកណាទ្រង់ក្រោធា ថាហើយលើកហត្ថា ស្ទុះក្រទាចាកពិមាន ។ នេះបទពំនោលនិទាន ដំណើរដោយដាន ឯអង្គចចកសុរិយា ។ ក្រេវក្រោធលោតស្ទុះស្ទា តប់ទះហត្ថា ក្រឡេកក្រឡៅប្រឹងប្រាណ ។ ថាយើនរណាហៅហាន បាំងមុខអញបាន ទទឹងទទែងមីរមក ។ មើលជាក់ថាយើពពក ។ ហ៊ានដាសពាសមក តបតប៉ះនឹងអញ ។ អើយើងមិនញ៉មចុះចាញ់ តយុទ្ធវិលវិញ ឱ្យដឹងតេជដៃឥឡូវ ។ សុរិយាប្រឹងចែងចាំងទៅ ពពកនិងនៅ ពុំមានកក្រើកទៅណា ។ បាំងបិទជុំជិតសុរិយា រឹងក្រេវក្រោធា ថាអះអង្គអញសព្វថ្ងៃ ។ មិនមាននរណាមួយក្រៃ ផ្ទឹមស្មើតេជដៃ ប្រឡងអំណាចខះខែង ។ មានតែអង្គអញឯកឯង ជាធំចិញ្ចែង ចិញ្ចាចឥតគូផ្ទឹមបាន ។ ឥឡូវពពកសាមាន្យ បាំងសែងសូន្យធាន ជុំជិតងងឹតមេឃា ។ អះអញលែងជិតសុរិយា ហើយសូមប្រាថ្នា កើតជាពពកឆុតឆាប់ ។ ដេរដាស់ពេញពាសខ្នាន់ខ្នាប់ សុរិយាអន់អាប ងងឹតងងល់ណាស់ណា ។ ពពកចចកកាឡា អរឯងមហិមា ស្រួលសើចសំណើចក្អាកក្អាយ ។ ថាអើយនេះហៅសប្បាយ លើសលេងសព្វសាយ ស័ក្ដិសិទ្ធរឹងរិទ្ធិចេស្ដា ។ អញបាំងសូន្យសែងព្រះអាទិត្យ ដេរដាសងងឹត គ្មានរិទ្ធិស្មើអញឡើយណា ។ កាលនោះរដូវវស្សា មានព្យុះព្យោមា សន្ធឹកសន្ធាប់ខ្លាំងក្រៃ ។ បក់បោករលកជលស័យ បាក់មែកឈើព្រៃរលំរលើងតៀមត្រា ។ ផាត់ផាយផុយផង់ពសុធា ផ្សែងផ្សព្វមហិមា ដង្គោលដង្គុំមីរមក ។ បក់ដល់សុរិយាពពក ផាត់ផាយបាចបោក បាត់បង់ពុំគង់ប៉ុនល្អង ។ សុរិយាពពកនោះហោង ក្រោធក្រៃកន្លង ថាយើងអង្គអញសព្វថ្ងៃ ។ មិនមាននរណាតដៃ ឥឡូវនេះក្រៃ មានខ្យល់ដ៏ខ្លាំងបក់ផាត់ ។ កើតជាពពកខ្សោយក្ដាត់ អញចង់គិតកាត់ ជាពពកចោលចេញ ។ ប្រាថ្នាកើតជាខ្យល់វិញ ខ្យល់នេះគ្មានចាញ់ គ្មានខ្លាចអំណាចនរណា ។ កាលនោះពពកសុរិយា តាំងចិត្តប្រាថ្នា កើតជាវាយោផាត់ផាយ ។ ផាត់ផង់ធូលីខ្ចាត់ខ្ចាយ ព្រឹក្សាអន្តរាយ រលីងរលំគ្មានសល់ ។ ញាប់ញ័រប្រឹថពីមណ្ឌល បោកបក់ទៅដល់ ដំបូកធំស្ដូកខ្ពស់ខ្ពង់ ។ ខ្យល់បក់ឆាប់ឆក់ត្រូវត្រង់ ដំបូកនៅគង់ ជំហរជំហើមទប់ទល់ ។ នៅនឹងបីទ្រមឹងដូចដល់ ឥតមានអំពល់ កក្រើករំពើកឡើយណា។ វាយោពពកគិតថា យើងមាននរណា មកទល់អង្គអញជាខ្យល់ ។ អញបក់ព្រឹក្សព្រៃគ្មានសល់ ប្រឹថពីមណ្ឌល ញាប់ញ័ររន្ធត់ណាស់ណា ។ ទោះទឹកសមុទ្រគង្គា អញបក់បែកជា រលករលាមគ្មានសល់ ។ កាលនោះវាយោគិតឆ្ងល់ ក្នុងចិត្តខ្វាយខ្វល់ ថាអាងដំបូកស្ដូកស្ដឹង ។ ជំហាមគ្រមាមបីទ្រមឹង ទ្រមឹកស្ពឹកស្ពឹង រិទ្ធិរឹងមិនចាញ់នរណា ។ ឈ្នះអញជាមហាវាតា ច្នោះអញប្រាថ្នា កើតជាដំបូកវិញចុះ ។ វាយោពពកគិតច្នោះ លែងជាតិខ្យល់នោះ កើតជាដំបូកស្ដូកស្ដឹង ។ ព្រងើយទ្រមើយទ្រមឹង ខ្យល់បក់ទៅនឹង មិនមានកម្រើកដល់តិច ។ ទោះបីខ្យល់ព្យុះម្ដេចៗ បក់បោកខ្លាំងតិចដំបូកក៏នៅនឹងថ្កល់ ។ ដំបូកចចកឥតឆ្ងល់ ថានេះត្រូវកល់ ចិត្តអញប្រាថ្នាមួនមាំ ។ ខ្យល់ព្យុះបក់ចុះគគ្រាំ ភ្លៀងឱរជោគជាំ អញទ្រាំអញទ្រទ្រង់បាន ។ កាលនោះមានសត្វតិរច្ឆាន ក្ដាន់ត្រោសមួយមាន ហ្វូងក្ដាន់ដើរតាមត្រៀបត្រា ។ ក្ដាន់ដល់ដំបូកនោះណា ចូលលិទ្ធភោក្ដា ខ្លះវ័ធខ្លះជល់នោមជុះ ។ ខ្លះកាយរលាយរលុះដំបូកធំនោះ ពុំអាចទ្រាំទ្រនៅបាន ។ ដីជ្រាយធ្លុះធ្លាយចេញថ្កាន ក្ដាន់លេងជាលាន រលំដំបូកនោះទៅ ។ ចចកដំបូកនោះកូវ ខេខឹងក្រញូវ ក្រញែងអង្រួនសិរសា ។ ដំបូកចចកគិតថា អញចង់ប្រាថ្នា ទៅកើតជាក្ដាន់នោះវិញ ។ គិតហើយប្រែប្រាណចាកចេញ ពីដំបូកមិញ ទៅកើតជាក្ដាន់ដូចចិត្ត ។ ក្ដាន់ដើររកស៊ីឆ្ងាយជិត ឥតមានភ័យភិត ក្នុងចិត្តត្រេកអរគិតថា ។ អញបានដូចចិត្តប្រាថ្នា ម្ល៉េះគ្មាននរណា ជាពីរនឹងអញទៀតទេ ។ ប្រទះក្ដាន់ត្រោសនៅឯ ព្រៃជល់ទាល់តែ ចាលចាញ់រត់ខ្មាញ់ចូលព្រៃ ។ ដំណើរក្ដាន់ត្រោសនោះនៃ ឈប់ស្លេះវិលវៃ ពុំមាននិទានឡើយណា ។
នេះនឹងប្រែបទ- កាកគតិកំណត់ កំណាព្យចរចា កេរកាលនោះមាន ព្រានព្រៃមួយណា ត្រាប់ត្រង់យាត្រា រុករកបរបាញ់ ។ រូបរាងកំប៉េះ កំប៉ោងក្រញេស ក្រញិសក្រញាញ់ ក្រញូវក្រញើត ភ្នែកស្លើតសក់ច្រាញ់ កួចចាក់កណ្ដាញ់ កណ្ដូបពកពាស ។ ព្រានដើរតត្រុក ព្រៃស្បាតរានរុក រកបាញ់រមាស រមាំងប្រើសក្ដាន់ កាប់កាន់ចេញពាស រកស៊ីដេរដាសក្រហមទាំងព្រៃ ។ រីក្ដាន់ដំបូក រុងរាងធំស្ដូក ការហ្វូងរំពៃ មានក្ដាន់ឡើងក ចូលមកវ័ធវៃ ក្ដាន់ដេញភិតភ័យ ចូលជិតពុំបាន ។ រីឯព្រានព្រៃ ឃើញក្ដាន់ធំក្រៃ អរពន់ប្រមាណ ដំឡើងស្នាក្រឺត ក្រអឺតប្រុងប្រាណ លុតជង្ឃឈរឈាន ដើរទាតិចទៅ ។ លូនវាចូលជិត ភ្នែកម្ខាងព្រានបិទ ម្ខាងបើកក្រឡៅ ក្រឡេកមិចមៀវ ស្រងៀវសំដៅ សម្រុកត្រង់ទៅ លោះកៃស្នាភ្លាត់ ។ ត្រូវត្រង់ជាន់ឡើង ក្ដាន់ដួលបះជើង ស្ទុះក្រោកឡើងថ្វាត់ ឈឺឆៀបផ្សាយផ្សា ឱរាក្ដៅក្ដាត់ ជ័រឆក់វាកាត់ ថ្លើមធ្លុះធ្លាយចេញ ។ ឈាមហូរច្រាស់ច្រាល់ ទុំទែងរន្ទាល ជោរជន់ពាសពេញ ប្រឹងប្រែបែរបោល ដួលត្មោលចុះវិញ ដង្ហើមប្រដេញ ញាក់ញ័រអង្គា ។ ក្ដាន់គិតរំពឹង ថាអញនេះនឹង ក្ស័យចោលរូបា បើនឹងក្ស័យ ប្រល័យជន្មា សូមចាប់ជាតិជា បន្លោះស្នាវិញ ។ ក្ដាន់គិតតែម្ល៉ោះ ក្សិណក្ស័យសូន្យសោះ ក្រឡាប់ជាតិចេញ ពីក្ដាន់ចចក ផ្លោះផ្លកវិលវិញ វិលវឹងមកមិញ កើតជាព្រ័ត្រស្នា ។ រីឯព្រានព្រៃ ឃើញក្ដាន់ក្សិណក្ស័យ ព្រានចូលម្នីម្នា ពន្លះយកសាច់ សម្រេចភោជនា ឆ្អឹងឆ្អែងលោ ក្បាលព្រានចោលចេញ ។ រួចហើយព្រានទៅ ផ្ទះទីលំនៅ ព្រានដូចដើមវិញ មានកាលមួយថ្ងៃ ព្រានព្រៃចរចេញ ទៅរកបរបាញ់ សត្វដូចសព្វគ្រា ។ ពុំបានសត្វសោះ វិលមកពីនោះ ព្រានគត់គិតថា អញដើរចរចេញ រកបាញ់ម្រឹគា សព្វថ្ងៃហាក់ជា មានជ័យមានលាភ ។ អះឱអញស្ដាយ កាលអញស៊ីបាយ ភ្លេចថ្វាយបាយាប ហេតុនេះអញស្វែង វាឆ្នែងឥតលាភ ណ្ហើយចុះបាយាប ថ្ងៃក្រោយសឹមថ្វាយ ។ ហើយទើបព្រានព្រៃ ឆៀងភ្នែករំពៃ ព្រឹក្សាទាំងឡាយ មានមែកសាខា បុប្ផារីករាយ ភ្នកនឹកសប្បាយ ក្នុងចិត្តគិតថា ។ ឱអស់ផ្កាផង ក្រអូបកន្លង សប្បាយណាស់ណា អញចង់ច្រៀងជ្រង បានម្ដងទៅរ៉ា ហើយព្រានច្រៀងថា ទំនុកស្និទ្ធស្នេហ៍ ។ ជ្រងអើយនាងជ្រង បងចេញបាញ់ម្ដង ត្រកាលជាងគេ វាឆ្នែងអប្រិយ បានអ្វីផ្ញើមេ វិលវិញទទេ លិទ្ធផេះជើងក្រាន ។ ស្រែកច្រៀកបណ្ដើរ រេក្បាលងេងើ រមិលខ្លួនប្រាណ មុខស្ញូញមាត់ស្ញេញ សធ្មេញដូចចាន ព្រានច្រៀងកម្សាន្ត ដើរដោយមាគ៌ា ។ លុះបានដល់ម្លប់ ជ្រៃមួយចូលឈប់ ចូលចតនិន្ទ្រា នៅក្រោមម្លប់ជ្រៃ ព្រានព្រៃផ្អែកស្នា ប្រគល់ព្រឹក្សា ដេកលង់លក់ទៅ ។ មែនមានចចក កំព្រយកំព្រក កំព្រឹងហ្មងសៅ ចេញពីព្រឹក្ស ម្នីម្នាចូលទៅ ត្រង់ព្រានដេកនៅ ក្រោមម្លប់ជ្រៃនោះ ។ ចចកថាព្រាន វាបាញ់មិនបាន សត្វមួយដល់សោះ អញចាំភោក្ដា ដោយសារព្រាននោះ ថ្ងៃនេះឆ្នែងសោះ គ្មានអ្វីភោក្ដា ។ ចចកមើលទៅ ឃើញស្នាផ្អែកនៅ គល់ជ្រៃសាខា ចចកថាឱ លាភោលាភា អញទៅទំពា បន្លោះស្នានោះ ។ អង្កៀមស៊ីលេង កុំឱ្យវាឆ្នែង វាបង់ជើងសោះ ចចកទំពា ព្រ័ត្រស្នាក្រៀមក្រោះ ទាល់ជ្រាយដាច់ស្មោះ ស៊ីជាភោជនា ។ ឯក្ដាន់ធំនោះ ប្រាថ្នាចំពោះ កើតជាព្រ័តស្នា លុះដល់ចចក កំព្រកមោហោ ទំពាព្រ័ត្រសា ដាច់ទៅដូច្នោះ ។ រឹងខឹងគ្នាន់ក្នាញ់ គិតថាអង្គអញ កើតជាបន្លោះ ស្នានេះមានរិទ្ធិ ស័ក្ដិសិទ្ធចំពោះ ឥតគេស្មើស្មោះ ផ្ទឹមនឹងអញបាន ។ ឥឡូវចចក នេះតើវាមក ពីណាហៅហ៊ាន ចូលមកទំពា ព្រ័ត្រស្នាដាច់បាន ចចកនេះមាន អំណាចជានា ។ បើច្នោះគួរអញ ប្រាថ្នាវិលវិញ យោនយានជាតិជា ចចកទើបបាន មែនមានឫទ្ធា គិតស្រេចកាឡា ក្រឡាប់ជាតិទៅ ។ កើតជាចចក កំព្រយកំព្រក កំព្រើលហ្មងសៅ ដូចដើមដែលវិញ តឿទេញទើបទៅ ព្រោះលោភកម្លៅ កម្លាំងមោហា ។ លោភលន់លើសលែង ហេតុកម្មនោះឯង នាំឱ្យប្រាថ្នា កើតជាចចក កំព្រកនោះណា ឥតគេស្នេហា ជាមិត្តនិត្យនៅ ។ ហេតុនោះពាក្យព្រេង ព្រឹទ្ធប្រាជ្ញទុកតែង ទូន្មានកូនចៅ ឱ្យប្រែលះលាភ ចេញចាកចោលទៅ កូនអើយនេះហៅ គំនិតឆ្កែតឿ ។ ទុកតជាច្បាប់ ទៅមុខគ្រាន់ត្រាប់ គ្រាន់ត្រង់កុំធ្វើ កុំឱ្យចូលចិត្ត គំនិតឆ្កែតឿ គួរចាំកួរជឿ គួរចៀសឱ្យឆ្ងាយ ។ កុំត្រាចចក មោហាកំព្រក កំព្រើលអន្តរាយ លោភក្រៅគន្លង អ្នកផងទាំងឡាយ លោភលុះអន្តរាយ ជាតិជួរអប្រិយ ។
នេះបទព្រហ្មគីតិ ចប់ជំជិតជួនសេចក្ដី ល្បិចល្បើកលើកជាថ្មី ពីដំណើរសត្វចចក ។ ចែងចប់គ្រប់និទាន ពីបុរាណមានរៀងមក និយាយរាយរាប់រក ជាតំណាងទៅមុខ ។ លើកគ្រាន់មើលកម្សាន្ត គ្រាន់នឹងបានកែអផ្សុក ជាកេរ្តិ៍តទៅមុខ មានប្រការដូច្នេះស្រាប់ ។ ព្រះពុទ្ធ2សករាជគ្រាន់ គ្រប់ពីរពាន់បួនរយរាប់ វស្សាប្លាយឯកសប្ដ ខែកន្លងដប់មាសា ។ ថ្ងៃបានម្ភៃប្រាំក៏ ក្នុងឆ្នាំចឆសកា ហេមន្តរដូវជា ខែផល្គុនខាងឯខ្នើត ។ នាថ្ងៃព្រហស្បតិ៍ វេលាទីដប់ពីរកើត ពាក្យពេចន៍ពោលពុំឆើត ខុសខាតជួនផ្ទួនមិនសម នាមខ្ញុំឈ្មោះសោតសឹង អ្នកផងដឹងមិនច្រឡំ អក្សរតួមធំ ជើងបុកក្រោមដាក់ ក មុខ ។ ហើយគូសលើពីរ3ផង តាមទំនងអ្នកប្រាជ្ញទុក្ខ ឱ្យរៀនជាទំនុក ចិត្តសំគាល់តួអក្ខរា ។ បើលោកណាមើលមៀង កុំកួនដៀងដៀលនិន្ទា ឆ្គាំឆ្គងពាក្យត្រង់ណា ជួយតម្រង់ផងឱ្យទាន ។ សូរេចបទបរិយាយ ជានិយាយពីបុរាណ រៀងមកមាននិទាន ប្រការដូច្នេះឯងហោង ។