រឿង ព្រេងទាក់ទងនឹងពាក្យប្រដូចរបស់ខ្មែរ "ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ !"


កាលបើមានគេចូលមកស្តីដណ្តឹងកូនស្រី ចាស់ៗដែលជាមេបាតែងយករឿងនេះទៅជំនុំពិគ្រោះជា មួយបងប្អូនដើម្បីឲ្យបានមូលមតិគ្នាថា​ គួរសម្រេចឲ្យទៅគេឬទេ? ហើយបើកាលណាចាស់ៗពិនិត្យ ទៅឃើញថាកូនប្រុសគេនោះមានតម្រិះវិជ្ជាគួរសមហើយ ទាស់តែគ្នាជាកូនអ្នកក្រីក្រតែប៉ុណ្ណោះ, គេច្រើនតែកាត់សាញដោយយកពាក្យប្រដូចខាងលើនេះមកថា "ណ្ហើយ! ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ! កុំរើសច្រើនពេក!"។

  ពាក្យប្រដូចនេះនៅមានប្រើសព្វថ្ងៃនៅឡើយ ហើយគួរឲ្យយើងឆ្ងល់ដែរថាមកអំពីហេតុអ្វីបានជា កើតពាក្យនេះឡើង?

  ដើម្បីដោះសា្រយនូវសំនួរនេះ លោកឧកញ៉ា កែវ ហង្ស  ដែលជាអតីតសមាជិករបស់ក្រុមទំនៀម ទម្លាប់ខ្មែរបានឲ្យការណ៍មកថា ពាក្យនេះមានកំណើតឡើងអំពីរឿងព្រេងបុរាណមួយដែលលោក បានឮចាស់ៗនិទានប្រាប់លោក៖

  កាលនោះមានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ចិញ្ចឹមមេឆ្កែមួយ។ មេឆ្កែនោះតែងតែរើសសំណល់ អំពីព្រះអង្គសោយដែលចោលទៅក្នុងកន្ថោទឹកមូត្រមកបរិភោគជានិច្ចរាល់ពេល។ យូរៗទៅស្រាប់ តែមេឆ្កែនោះមានគភ៌, លុះដល់ពេលនឹងសម្រាលមេឆ្កែរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ ហើយ ឆ្ងាយដាច់អំពីភូមិអ្នកស្រុក។

  ដល់ពេលហើយ មេឆ្កែក៏សម្រាលបានកូនជាមនុស្ស ស្រីពីរនាក់ និងប្រុសម្នាក់។ មេឆ្កែខំដើររកចំនី អាហារមកចិញ្ចឹមកូនទាំងបីនាក់ទាល់តែធំពេញរូបពេញរាង។ មេឆ្កែមានសេចក្តីព្រួយបារម្ភនឹងកូន ពេកណាស់ ព្រោះខ្លួនជាសត្វ ហើយកូនជាមនុស្ស។ តែកាលណាខ្លួនត្រូវចេញទៅរកចំណីអាហារឯ ស្រុកភូមិគេ មេឆ្កែតែងព្យាយាមហាមប្រាមកូនទាំងបីមិនឲ្យចេញទៅលេងឆ្ងាយអំពីរូងឡើយ ខ្លាច ក្រែងមានមនុស្សម្នាដើរមកឃើញស្រឡាញ់ ហើយចាប់យកទៅ។

  ថ្ងៃមួយព្រះមហាក្សត្រសោយរាជក្នុងនគរនោះ ទ្រង់នឹកភ្នកចង់ចេញទៅប្រពាតព្រៃ ហើយព្រះអង្គ ទ្រង់ព្រះបញ្ជាឲ្យរៀបក្បួនដង្ហែព្រះអង្គទៅ។ និយាយពីនាងកូនឆ្កែទាំងពីរនាក់ រាល់ថ្ងៃរាងមក ពេល ដែលម្តាយនាងមិននៅ នាងមិនដែលហ៊ានដើរចេញទៅលេងខាងក្រៅភ្នំទេ តែជាទេសកាលអ្វីនៅ នាថ្ងៃនោះ ក៏បណ្តាលចិត្តនាងឲ្យចង់ចេញទៅក្រៅ ហើយក៏ជួបនឹងក្បួនស្តេចដែលយាងទៅក្រសាលព្រៃ។ ឯព្រះមហាក្សត្រលុះទតយល់នាងស្រីទាំង ពីរនាក់នោះមានរូបឆោមសមរម្យល្អណាស់ ទ្រង់សព្វព្រះរាជហឬទ័យចង់បាននាងជាអគ្គមហេសី។  ព្រះអង្គទ្រង់ឲ្យហៅនាងមកសួរថា "នាងជា កូនចៅអ្នកណា បានជាមកនៅក្នុងព្រៃយ៉ាងដូច្នេះ?"។ ចំណែកនាងទាំងពីរនាក់ក៏ក្រាបទូលកុហកស្តេចថា "នាងជាកូនកំព្រា នៅតែពីរនាក់បងប្អូនប៉ុណ្ណោះទេ"។ ព្រះមហាក្សត្រទ្រង់ប្រកាសប្រាប់នាម៉ឺនពលរេហ៍ថា "ទ្រង់លើក នាងទាំងពីរនេះជាអគ្គមហេសី"ហើយទ្រង់ព្រះរាជបញ្ជាឲ្យរៀបក្បួនត្រឡប់ទៅព្រះរាជវាំង វិញដោយមានព្រះទ័យរីករាយជាទីបំផុត។

  ចំណែកឯកូនប្រុសរបស់មេឆ្កែ នៅពេលដែលអ្នកឮសូរសន្ធឹកក្បួនហែរស្តេចមកដល់ជិតភ្នំ អ្នកភ័យ ណាស់ ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនឲ្យគេឃើញទេ។ លុះក្បួនដង្ហែស្តេចចេញផុតទៅ មេឆ្កែត្រលប់មកពីរកចំណី

អាហារវិញ, កូនប្រុសក៏ប្រាប់ម្តាយតាមដំណើរ។ មេឆ្កែនឹកស្តាយ នឹកអាល័យកូនណាស់ ខំរត់តាម ក្បួនស្តេច ហើយក៏បានទាន់ នៅពេលដែលស្តេចបញ្ឈប់ក្បួនសម្រាកនៅកណ្តាលផ្លូវ។ ដល់ហើយ មេឆ្កែខំរុលចូលសំដៅទៅរកកូនស្រី ទោះជាពលសេនាទាហ៊ានដេញដូចម្តេចក៏ពុំព្រមចេញសោះ។ ព្រះមហាក្សត្រ ទ្រង់ទតយល់ដូច្នេះ ទ្រង់ត្រាស់សួរទៅនាងទាំងពីរនាក់ថា "មេឆ្កែនោះនាងចិញ្ចឹម ឬ ដូចម្តេច បានជាវាខំរត់មកតាមដូច្នេះ?" ប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេ បែរជាទូលថា "មិនដឹងជាមេឆ្កែមកពីណាទេ!"។ ព្រះទ្រង់ព្រះបញ្ជាឲ្យវាយបណ្តេញមេឆ្កែនោះទាល់តែទ្រម, មេឆ្កែ ទ្រាំមិនបានក៏ខំរត់គេចត្រឡប់ទៅរកកូនប្រុសវិញ ហើយប្រាប់កូនតាមដំណើរ។ កូនប្រុសឮដូច្នេះ នឹកក្តៅចិត្តនឹងបងស្រីទាំងពីរណាស់, អ្នកខំរកថ្នាំសង្កូវមើលជំងឺម្តាយទាល់តែសះស្បើយ ទើបនាំ ម្តាយដើរទៅរកភូមិស្រុកគេ ដើម្បីនឹងរកការងារធ្វើយកលុយកាក់គ្រាន់នឹងចិញ្ចឹមម្តាយ មិនឲ្យម្តាយ លំបាកនឹងរត់ទៅរកចំណីអាហារមកចិញ្ចឹមខ្លួនដូចមុនទៀតឡើយ។

  មេឆ្កែនិងកូនប្រុសក៏បានចូលខ្លួនទៅសុំបម្រើនឹងផ្ទះសេដ្ឋីម្នាក់ ហើយកូនប្រុសនោះខំយកចិត្តទុក ដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីជាទីបំផុត។ ពេលយប់ មេឆ្កែមិនហ៊ានដេកទេ ខំដើររវាំងមើល ផ្ទះសេដ្ឋី។ សេដ្ឋីមានសេចកត្តីពេញចិត្តនឹងមេឆ្កែ ហើយនិង បុរសក្មេងនោះណាស់ លុះយូរៗទៅ សង្កេតឃើញមារយាទក្មេងនោះល្អ, សេដ្ឋីក៏សុំបុរសក្មេងនោះ ធ្វើជាកូនចិញ្ចឹម។ ពេលបរិភោគបាយម្តងៗ បុរសជាកូនតែងចាប់បាយនិងម្ហូបមួយចំណែកទុកជូនម្តាយ។ សេដ្ឋីឃើញ ដូច្នេះនឹកឆ្ងល់ណាស់ ក៏ប្រាប់ទៅកូនចិញ្ចឹមខ្លួនថា "មិនចាំបាច់ចាប់បាយទុកទេ ព្រោះឪពុកមិនខ្វះ បាយឲ្យឆ្កែរបស់កូនស៊ីទេ"។ ឮដូច្នោះ បុរសកូនឆ្កែជម្រាបទៅសេដ្ឋីថា "លោកឪពុក! ការដែលខ្ញុំចាប់ បាយទុកមួយចំណែកនេះ មិនមែនខ្ញុំយល់ថាលោកឪពុកខ្វះបាយទេ, ប៉ុន្តែមេឆ្កែនេះបានចិញ្ចឹមខ្ញុំ ហើយបានរស់នៅជាមួយនឹងខ្ញុំ ក្នុងគ្រាក្រលំបាកជាយូរឆ្នាំណាស់មកហើយ ទើបបានជាខ្ញុំដឹងគុណ មេឆ្កែនេះ"។ យូរបន្តិចមក បុរសកូនឆ្កែក៏ចូលសុំសេដ្ឋីទៅរៀនវិជ្ជា​ ព្រោះខ្លួនកើតជាប្រុសពុំទាន់ចេះដឹងអ្វីនឹងគេបន្តិចសោះ។ សេដ្ឋីក៏យល់ព្រមឲ្យទៅ។ បុរសកំសត់ក៏ ផ្ញើមេឆ្កែនឹងសេដ្ឋី ហើយក៏លាសេដ្ឋីចេញទៅ។

  យូរឆ្នាំក្រោយមក, លុះបុរសកូនឆ្កែរៀនវិជ្ជាចេះចប់ដូចសេចក្តីប្រាថ្នាហើយ ក៏ត្រឡប់មករកសេដ្ឋី វិញ។ មេឆ្កែឃើញកូនមកដល់ ខំរត់ទៅត្រដុសននៀលនឹងកូន ព្រមទាំងបញ្ចេញអាការៈឲ្យឃើញនូវ សេចក្តីត្រេកអរជាទីបំផុត។ សេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹម ក៏សុំឲ្យកូនសម្តែងសិល្ប៍ដែលបាន ទៅរៀននោះ ឲ្យខ្លួនបានដឹងផង។ បុរសកូនឆ្កែចាប់ធ្នូមកបាញ់ទៅកើតជាភ្លើង រួចបាញ់ធ្វើជាទឹក លត់ភ្លើងនោះទៅទៀត។ លុះឃើញកូនចិញ្ចឹមមានឬទ្ធានុភាពមែន សេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀង លើកកូនស្រីឲ្យធ្វើជាប្រពន្ធបុរសកូនឆ្កែនោះ តែពុំទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយទេ ពីព្រោះបុរសកូនឆ្កែសុំលាសេដ្ឋីទៅតាមសងសឹកបងស្រីទាំងពីរដែលបានទូលស្តេចឲ្យធ្វើបាបម្តាយខ្លួននោះសិន។

  លុះទៅជិតដល់នគរព្រះមហាក្សត្រ ដែលជាស្វាមីរបស់បងស្រីខ្លួនហើយ បុរសកូនឆ្កែប្រើមនុស្ស

ឲ្យនាំសារចូលទៅថ្វាយស្តេចឲ្យលើកទ័ពចេញមកច្បាំង ហើយបុរសកូនឆ្កែ ថ្លែងសរសម្តែងឬទ្ធ ឲ្យឮសូរកក្រើកអស់ទាំងផែនប្រឹថពី ផ្អើលពួករាស្ត្រប្រជាឆោឡោ មិនដឹងជាទៅ ណាមកណា ចេះតែរត់ប្រមូលកូនប្រមូលចៅគ្រប់ៗគ្នា។ ចំណែកឯព្រះមហាក្សត្រលុះបានដំណឹងថា មានអ្នក ខ្លាំងចូលមកចង់បង្កសង្រ្គាមដូច្នេះ​ ព្រះអង្គទ្រង់ភ័យរន្ធត់ពន់ពេក ព្រោះព្រះអង្គពុំមានចេះសិល្ប៍វិជ្ជា អ្វីដើម្បីនឹងចេញទៅតតាំងនឹងគេសោះ ហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញអំពីព្រះ រាជវាំងបាត់ទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រីរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញ ក៏នាំគ្នាលើករាជសម្បត្តិថ្វាយ

ទៅបុរសកូនឆ្កែ ឲ្យឡើសោយរាជ្យជំនួសព្រះអង្គទៅ។

  បន្ទាប់ពីនោះមក ស្តេចកូនឆ្កែក៏និយាយនឹងម្តាយថា ខ្លួនចង់ធ្វើឲ្យម្តាយក្លាយជាមនុស្សដូចគេ ព្រោះថាបើម្តាយនៅជាភាពឆ្កែដូច្នេះ​គេមើលងាយណាស់ ហើយដូចជាមិនសមនឹងកូនជាមនុស្សផង។ មេឆ្កែក៏យល់ព្រមឲ្យកូនជប់ខ្លួនទៅជាមនុស្សដូចគេ។ ឯសេដ្ឋីដែលមិនបានដឹងរឿង​ អាណិតស្តាយឆ្កែពន់ពេក ក៏ចូលទៅសួរស្តេចកូនថា "ហេតុអ្វីបានជា កូនសម្លាប់ឆ្កែដូច្នេះ?"។ ស្តេចឃើញឪពុកចិញ្ចឹមតក់ស្លុតដូច្នោះ ក៏ប្រាប់ឪពុកតាមរឿងទៅវិញថា "សូមលោកឪពុកជ្រាបចុះ! ម្តងនេះខ្ញុំលែងលាក់ទៀតហើយ, មេឆ្កែនេះម្តាយបង្កើតរបស់ខ្ញុំពិត, ខ្ញុំឲ្យ គេដុតគាត់ ដើម្បីនឹងជប់គាត់ឲ្យទៅជាមនុស្សវិញ កុំឲ្យមានពាក្យគេនិន្ទា"។ ឯសេដ្ឋីឮដូច្នោះ ក៏បែរខ្សិបនឹងប្រពន្ធ៖ "ឯងអើយ! អញស្មានថាវាជាកូនមនុស្ស ហើយមានឬទ្ធិមានអំណាច បានជាខំ លើកកូនស្រីឲ្យធ្វើជាប្រពន្ធវា, ឥឡូវទៅជាកូនឆ្កែសោះ, តើឯងគិតដូចម្តេចវិញ?"។ ប្រពន្ធសេដ្ឋីឆ្លើយ តបទៅវិញថា "ណ្ហើយអ្នក!

ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ!"។

  អំណើះក្រោយមក ពាក្យនេះក៏ជាប់ប្រើរហូតមក។

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ព្រេងទាក់ទងនឹងពាក្យប្រដូចរបស់ខ្មែរ "ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ !"
រឿង ព្រេងទាក់ទងនឹងពាក្យប្រដូចរបស់ខ្មែរ "ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ !"
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_973.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_973.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy