និទានពីព្រេងមកថា មានមន្ត្រីធំម្នាក់2 ជាអ្នកបម្រើស្ដេច នៅនគរពារាណសី
។ ព្រះមហាក្សត្រិយ៍ ស្ដេចទ្រង់ប្រើនាម៉ឺននោះ ឲ្យដើរត្រួតត្រាមើលស្រុកទេសជនបទក្នុងព្រះនគរ
ព្រោះប្រជាជនចេះតែបះបោរ ។ មន្ត្រីនោះ ក៏នាំសេនាទាហានចេញទៅដល់ភូមិមួយ នៅស្រុកក្រៅ
។ នៅភូមិនោះ មានជនម្នាក់មាននាមគោត្រមិនប្រាកដ មានកូនក្រមុំមួយល្អ ស័ក្ដិសមណាស់
។ នាម៉ឺនបានឃើញ មានចិត្តស្រឡាញ់ដោយស្មោះត្រង់ ក៏តាមចូលទៅដល់ផ្ទះឪពុកម្ដាយនាងនោះ
។ ទាំងពីរនាក់ប្ដីប្រពន្ធ កាលបើឃើញភ្លាម ក៏មានសេចក្ដីកោតខ្លាច ចុះមកអញ្ជើញនាម៉ឺនធំនោះឡើងផ្ទះ
រៀបភោជនាហារជូនគួរសមតាមរបៀប ។ មន្ត្រីនោះសួរថា "កូនក្រមុំពូមីងមានប្ដីហើយឬនៅឡើយទេ
?” ។ ឪពុកម្ដាយនាងក្រមុំជម្រាបថា "មិនទាន់មាននៅឡើយទេលោក !” ។ នាម៉ឺននោះ
ក៏ប្រាប់ដោយត្រង់ថា "ខ្ញុំស្រឡាញ់នាង ចង់បាននាងជាប្រពន្ធតែវេលានេះ
ខ្ញុំរវល់នឹងទៅត្រួតត្រាស្រុកភូមិ, ខ្ញុំសុំទុកមាស ៣ តម្លឹង បញ្ចាំចិត្តនាងសិន,
សន្យា ៣ ខែទៀត នឹងត្រឡប់មករៀបចំការតាមរបៀបស្រុកភូមិវិញ ជាមិនខាន ។ នាម៉ឺននោះ
ត្រឡប់ទៅដល់ទីក្រុងវិញ ចេះតែមានធុរៈរវល់យូរទៅៗ កន្លងហួសដល់ទៅ ៣ ឆ្នាំ
មិនបានទៅរៀបការតាមសន្យា ។
និយាយពីជនកំលោះម្នាក់ ដែលនៅស្រុកភូមិជាមួយនឹងនាងស្ត្រីនោះ
ហេតុតែកម្មពីអតីតតាមមកឲ្យវិនាសបង់ជីវិត ក៏បណ្ដាលឲ្យនឹកស្រឡាញ់តែស្រីដែលនាម៉ឺនបញ្ចាំមាសនោះ
ទៅជាក្រហល់ក្រហាយ ដេកមិនលក់បក់មិនរហើយ បាយមិននឹក ទឹកមិនស្រេក ។ ឪពុកម្ដាយបុរសនោះ
ក៏ភិតភ័យ ស្មានថាកូនមានជំងឺ ក៏ទៅបបោសអង្អែលលួងលោមសួរកូនថា "មាសថ្លៃអើយ
! អ្នកឈឺអ្វីដូច្នេះ ?” ។ បុរសជាកូនប្រាប់ថា "គ្មានឈឺអ្វីទេ ! ប៉ុន្តែគិតស្រឡាញ់នាងដែលនាម៉ឺនប្រចាំមាសខ្លាំងណាស់
! បើពុក និងម៉ែមិនទៅដណ្ដឹងឲ្យទេ ខ្ញុំនឹងសម្លាប់ខ្លួនហើយ ! មិនដឹងជារស់នៅបានការអ្វីទេ
!” ។ ឪពុកម្ដាយប្រាប់ទៅកូនថា "មាសម្ដាយអើយ ! ម្ដាយមិនហ៊ានទេ ! ព្រោះនាងនោះគេភ្ជាប់មាត់ភ្ជាប់ពាក្យនឹងនាម៉ឺនទៅហើយ,
តែដឹងទៅដល់គេ ក្រែងយើងមិនបានសុខ" ។ បុរសជាកូនឆ្លើយថា "ពីដើម
នាងនោះជាប់សម្ដីនឹងគេមែន តែឥឡូវនេះ លោកនាម៉ឺននោះមិនឃើញត្រឡប់មកវិញទេ
ថែមទាំងហួសកិច្ចសន្យាផង បើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំនឹងសម្លាប់ខ្លួនចោលហើយ"
។
ម្ដាយឮដូច្នោះ ក៏ព្រមទៅដណ្ដឹងនាងនោះ ។ លុះទៅដល់ហើយ ឪពុកម្ដាយខាងស្រី
ក៏និយាយបូរបត់ប្រាប់ តាមដំណើរសព្វគ្រប់ ប៉ុន្តែពិគ្រោះគ្នាមើលទៅ ឪពុកម្ដាយខាងស្រី
ក៏គិតថា "លោកនាម៉ឺននោះច្បាស់ជាអស់រវល់នឹកនាមកកូនយើងហើយ ព្រោះសន្យាតែត្រឹម
៣ ខែ ឥឡូវហួសកំណត់ដល់ទៅ ៣ ឆ្នាំ មិនឃើញមក, យើងនឹងទុកកូនចាំយូរទៅៗ ក្រែងឥតអំពើ,
កូនយើង ក៏កាន់តែចាស់ខែឆ្នាំ, ណ្ហើយ ! ឆ្លើយព្រមឲ្យទៅអ្នកដែលមកដណ្ដឹងក្រោយនេះទៅចុះ
!” ហើយក៏មូលមាត់សន្យាគ្នាថា "យើងប្រញាប់រៀបការទៅ ! រួចយើងប្រែឈ្មោះជាថ្មី
ហើយចែកទ្រព្យសម្បត្តិ ឲ្យវានាំប្ដីប្រពន្ធទៅនៅស្រុកដទៃទៀតទៅ! បើប្រសិនជាលោកនាម៉ឺនមករកវិញ
យើងនឹងភូតថា កូនយើងរត់តាមប្រុសបាត់ទៅហើយ មិនដឹងជាទៅនៅទីណាទេ ! បើលោកនាម៉ឺនយកទោសយើងៗ
សុំអង្វរតាមបន្ទាល់ទៅ ដ្បិតយើងចាស់ជរាហើយ" ។
ខណៈនោះ ជាទេសកាលអ្វី ទៅបណ្ដាលចិត្តមន្ត្រីនោះ ឲ្យនឹកឃើញនាង
ដែលបញ្ចាំមាស ៣ តម្លឹង, អន្ទះអន្ទែងរសាប់រសល់នៅពុំសុខ ក៏ឡើងទៅទូលព្រះមហាក្សត្រិយ៍
សុំសេនាទាហានចេញទៅត្រួតត្រាស្រុកក្រៅ ។ ព្រះមហាក្សត្រិយ៍ ក៏បើកឲ្យទៅ ។
លុះទៅដល់ស្រុកនោះ ជួននឹងថ្ងៃដែលកំពុងសំពះការ, នាម៉ឺននោះសួរថា
"អ្នកស្រុកគេធ្វើបុណ្យអ្វីទើបមានមនុស្សអ៊ូអែ" ។ មានជនម្នាក់នៅស្រុកនោះ
ជាអ្នកចង់យកគាប់គួរ និយាយឡើងថា "អ្នកនាងដែលលោកម្ចាស់ដណ្ដឹងបញ្ចាំមាស
៣ តម្លឹង ឥឡូវ គេឲ្យមានប្ដីហើយ កំពុងតែសំពះការ ទើបបានជាមានភ្ញៀវមកឈូឆរដូច្នេះ"
។ នាម៉ឺននោះនឹកខឹង ក៏ស្ទុះឡើងទៅលើផ្ទះ ចាប់ទាញដៃនាងនោះមក ហើយហូតដាវសម្រាប់ប្រុសនោះ
នៅនឹងកន្លែងសំពះការ ។ ឈាម ក៏បាញ់រាយរាចប្រឡាក់ពេញផ្ទះ, បណ្ដាជនដែលមករៀបការ
ក៏ភ័យ ផ្អើល ភ្លូករត់ចូលព្រៃផ្សៃអស់ ។ នាម៉ឺនក៏នាំនាងត្រឡប់ចូលមកកន្លែងរៀបការវិញ
។
ចំណែកឪពុកម្ដាយនាង ព្រមទាំងញាតិសាលោហិត ភ័យខ្មៅមុខគ្រប់គ្នា
ក៏ទៅអញ្ជើញព្រាហ្មណ៍ព្រឹទ្ធាចារ្យដែលចេះមន្ត ឲ្យមកសូធ្យបាចទឹករម្ងាប់ចង្រៃខ្មោចដែលស្លាប់លើផ្ទះ
ត្រង់កន្លែងសំពះការនោះ ហើយសារកន្ទេលចោលទៅ ។
លុះតំណក្រោយៗ មក មានព្រាហ្មណ៍ព្រឹទ្ធាចារ្យ ៣ នាក់ នៅក្នុងស្រុកពារាណសី
ជំនុំគ្នាថា "ដាវ ជាគ្រឿងសហ័សឈ្នះមារសត្រូវ ដូចជានាម៉ឺនធំនោះ មិនគិតអី
គឺដោយឫទ្ធិដាវនេះហើយ ទើបដណ្ដើមយកប្រពន្ធបានមក" ទើបនាំគ្នានិយមដាក់ដាវឲ្យកាន់សំពះការ
តាំងពីពេលនោះជាប់ដរាបមក ។
ហេតុនេះឯងហើយ ទើបបានជាខ្មែរយើងនិយមឲ្យដាក់ដាវផ្ទឹមការ ហើយមានពិធីរាំសាកន្ទេល
ជាប្រពៃណីរៀងរាបមកដល់សព្វថ្ងៃនេះ ។