រឿង ព្រេងទាក់ទងនឹងទំនៀមក្រោយពីសំពះផ្ទឹម ឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលក្នុងបន្ទប់


កាល​ពុទ្ធ​សករាជ​កន្លង​ទៅ​បាន ៦១០ ឬ ៦២០ កាល​នោះ កោះ​គោក​ធ្លក មាន​ផែនដី​ដុះ​ឡើង​ធំ​ទូលាយ​ហើយ មាន​ស្ដេច​ចាម​មក​តាំង​ទី​កន្លែង​ជា​ដំបូង​នៅ​លើ​កោះ​នោះ ។ យូរ​បន្តិច​មក មាន​ស្ដេច​មួយ​អង្គ​ទៀត ឈ្មោះ​ព្រះ​ថោង នៅ​ក្នុង​ប្រទេស "មន" ដោយ​មាន​អធិករណ៍ ក៏​យាង​មក​ដោយ​សំពៅ​មួយ ដែល​មាន​ពួក​បម្រើ​ជាង ១០០ នាក់ មក​ជា​មួយ ចូល​មក​សុំ​ស្ដេច​ចាម​នៅ​ជ្រក​នឹង​កោះ​នោះ​ឯង ។ ស្ដេច​ព្រះ​ថោង​នេះ កាល​ជាតិ​មុន យក​កំណើត​ជា​សត្វ​ត្រកួត នៅ​ក្នុង​រន្ធ​ដើម​ធ្លក​ដែល​ដុះ​កណ្ដាល​កោះ​នោះ ។ បាន​ជា​សន្មត​ហៅថា "កោះ​គោក​ធ្លក" សម​ដូច​មាន​អតីត​និទាន​ថា ៖

សម័យ​នោះ ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​គង់​នៅ​ឯ​ព្រះ​វិហារ​ព្រះ​ជេតពន ទ្រង់​បាន​យាង​មក​ប្រថាប់​ក្រោម​ម្លប់​ធ្លក​ម្ដង ដើម្បី​ធ្វើ​ភត្ត​កិច្ច (ឆាន់​ចង្ហាន់​បិណ្ឌ​បាត) នៅ​ទី​នោះ ។ សត្វ​ត្រកួត ឃើញ​ព្រះ​ពុទ្ធ​អង្គ ហេតុ​ជា​បុព្វ​និស្ស័យ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ជ្រះ​ថ្លា ក៏​ចេញ​មក​ឱន​ក្បាល​គំនាប់​ព្រះ​អង្គ ៣ ដង ។ ព្រះ​ពុទ្ធ​អង្គ ចាប់​យក​បាយ​មួយ​ពំនួត​បោះ​ទៅ​ឲ្យ, សត្វ​ត្រកួត​ទទួល​បរិភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​ក៏​លៀន​អណ្ដាត លិទ្ធ​មាត់​ភ្លែមៗ, ចុង​អណ្ដាត​សត្វ​នោះ​ព្រែក​ជា​ពីរ ។ ឃើញ​ដូច្នោះ ព្រះ​អង្គ​ទ្រង់​ញញឹម ។ ព្រះ​អានន្ទ​ក្រាប​ទូល​សួរ​ភ្លាម​ពី​ទ្រង់​ញញឹម ។ ព្រះ​អង្គ​ទ្រង់​សម្ដែង​អនុបុព្វីកថា ទំនាយ​ទឹក​ដី​កោះ​នេះ​ប្រាប់​អានន្ទ​ថា "ម្នាល​អានន្ទ​អើយ ! អំណឹះ​តទៅ​មុខ កោះ​គោក​ធ្លក​នេះ នឹង​កើត​ទៅ​ជា​នគរ​មួយ​ធំ​មាន​ឥទ្ធិ​ឫទ្ធិ​ព្រម, ឯ​សត្វ​ត្រកួត​ក្នុង​រន្ធ​ធ្លក ដែល​ចេញ​មក​ឱន​ក្បាល​នមស្ការ​តថាគត​នេះ​ឯង​ហើយ នឹង​បាន​កើត​ទៅ​ជា​មនុស្ស ហើយ​មក​សោយ​រាជ្យ​នៅ​នគរ​នេះ​ជាដើម​ផែនដី, ឯ​មនុស្ស​ក្នុង​នគរ​នេះ និយាយ​មិន​សូវ​សត្យា​ទេ ព្រោះ​ម្ចាស់​ផែនដី ជាតិ​ជា​សត្វ​មាន​ចុង​អណ្ដាត​ព្រែក​ជា​ពីរ" ទំនាយ​តែ​ប៉ុណ្ណេះ​ទ្រង់​ក៏​ស្ងៀម​ទៅ ។

លុះ​សត្វ​ត្រកួត​អស់​ជីវិត ក៏​ទៅ​កើត​ក្នុង​ត្រកូល​ស្ដេច "មន" គឺ​តួ​ស្ដេច​ព្រះ​ថោង ដែល​មក​សុំ​ស្ដេច​ចាម​នៅ​នេះ​ឯង ។ លុះ​នៅ​យូរ​បន្តិច​ទៅ កើត​ទាស់​ទែង​នឹង​ស្ដេច​ចាម​ពី​រឿង​លោភ​ទឹកដី ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា​គ្មាន​ឈប់ ទៅ​ជា​លែង​រាប់​អាន​គ្នា ។ ស្ដេច​ព្រះ​ថោង ហេតុ​តែ​ឧប​និស្ស័យ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់​កោះ និង​ដោយ​បាន​នមស្ការ​ព្រះ​អង្គ​ផង ក៏​មាន​តម្រិះ​ប្រាជ្ញា​វាង​វៃ, វេលា​យប់​ស្ងាត់ នាំ​មន្ត្រី​ចាស់​ម្នាក់ ដែល​ជា​ទំនុក​ទុក​ចិត្ត យក​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ទៅ​កប់​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ហើយ​តាក់​តែង​ជា​សាវតារ សរសេរ​ជាក់​តាំង​ពី​ជីតា​ទួត​របស់​លោក​ថា "បាន​មក​ចាប់​កាប់​គាស់​រាន​ទឹកដី​កោះ​នេះ តាំង​ពី​ដុះ​ឡើង បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ទុក​ជា​ព័ស្តុតាង, ដី​កោះ​ព្រះ​កេរ្តិ៍​នេះ ត្រូវ​បាន​ជា​ចំណែក ចែក​ឲ្យ​ស្ដេច​ព្រះ​ថោង​ជា​ចៅ" ហើយ​យក​សាវតារ​ទៅ​រោល​ផ្សែង​ភ្លើង​ឲ្យ​ក្រហម​ជាំ ល្មម​គេ​មើល​ឃើញ​ថា​ជា​របស់​ចាស់​ចុះ​មក​មែន ។

តែង​សេចក្ដី​ដូច្នេះ​ស្រេច ទើប​ព្រះ​ថោង ប្រើ​សេនា​ទាហាន​ឲ្យ​ទៅ​បណ្ដេញ​ស្ដេច​ចាម ។ ស្ដេច​ចាម មិន​ព្រម​ដើរ​ចេញ ប្រុង​លើក​ទ័ព​ច្បាំង​គ្នា ដោយ​អះ​អាង​ថា ជា​កេរ្តិ៍​ដំណែល​រៀង​ៗ ខ្លួន ។ ព្រះ​ថោង តវ៉ា​ថា "យើង​អាង​មាន​ព័ស្តុតាង​ជា​កេរ្តិ៍​ដំណែល​របស់​យើង បាន​ជា​ហ៊ាន​បណ្ដេញ​អ្នក​ឯង" ។ ស្ដេច​ចាម​ថា "អ្នក​មាន​ព័ស្តុតាង​យ៉ាង​ណា ?” ។ ព្រះ​ថោង​ថា "យើង​អាង​សាវតារ​ពី​ជីតា​យើង​ចែក​ដី​កោះ​នេះ​ឲ្យ លោក​បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ជា​ព័ស្តុតាង​ទុក​ឲ្យ​យើង ៗ មិន​ទាន់​ទាំង​បាន​ទៅ​គាស់​មាស​នោះ​ផង, បើ​មិន​ជឿ​ត្រូវ​តាំង​ភ្នាល់​គ្នា​យក​ឈ្នះ​ចាញ់ ត្រង់​បន្ទាល់​នេះ​ចុះ" ។ ស្ដេច​ចាម ជា​មនុស្ស​ឆោត ព្រម​ចុះ​សន្យា​នឹង​ព្រះ​ថោង ទទួល​ឈ្នះ​ចាញ់​ត្រង់​មាន​ព័ស្តុតាង​ក្នុង​សាវតារ​ពីរ​ខៈ គឺ ១- ត្រង់​ថា​ជីតា​ចែក​ឲ្យ, ២- មាន​កប់​ដុំ​មាស​នៅ​គល់​ធ្លក, ថា​បើ​ពិត​ជា​មាន សុខ​ចិត្ត​ដើរ​ចេញ​ពី​ទី​នេះ ទើប​ទ្រង់​កំហែង​ទា​សាវតារ​ពី​ព្រះ​ថោង​មើល ។ ព្រះ​ថោង​យក​សាវតារ​មក​ឲ្យ​មើល រួច​សង្ខើញ​ឲ្យ​ជីក​ដី​ក្រោម​គល់​ធ្លក​រក​ដុំ​មាស​ទៀត ។ លុះ​ឃើញ​ពិត​ទាំង​ពីរ​ខ ស្ដេច​ចាម ទាល់​ប្រាជ្ញា តែ​ក្រាញ​មិន​ព្រម​ដើរ​ចេញ ក៏​រក​រឿង​នឹង​លើក​ទ័ព​មក​ប្រឆាំង ។ ព្រះ​ថោង ដឹង​រឿង​ដូច្នោះ ក៏​លើក​ទ័ព​ទៅ​សង្គ្រុប​មុន មិន​ឲ្យ​ដឹង​ខ្លួន ចាប់​បាន​ទាំង​ស្ដេច​ចាម និង​សេនា​ទាហាន ។ ស្ដេច​ចាម អង្វរ​សុំ​ជីវិត សុខ​ចិត្ត​ថ្វាយ​ទឹក​ដី និង​សេនា​ទាហាន ។ ព្រះ​ថោង ក៏​លែង​ទោស ហើយ​ដេញ​ឲ្យ​ទៅ​នៅ​ភ្នំ​ក្រោម ។ ស្ដេច​ចាម ឈឺ​ចិត្ត​ចុក​ឈាម​ស្លាប់​ទៅ ។ ពួក​បណ្ដា​រាស្ត្រ​ចាម​ប្រុស​ស្រី​ប៉ុន្មាន ព្រះ​ថោង ក៏​រឹប​ដាក់​បន្ថោក​សាសន៍​ដាក់​ជា​ជាតិ កួយ ព័រ អស់​ទៅ ។

ក្រោយ​នោះ ព្រះ​ថោង​មាន​សេចក្ដី​អផ្សុក បបួល​សេនា​ទាហាន​ទៅ​លេង​ផ្នូក​ខ្សាច់​ដុះ​ថ្មី ដែល​មាន​ដី​មួយ​ខណ្ឌ ទឹក​មួយ​ខណ្ឌ, ត្រូវ​នឹង​ពេល​នោះ​ទឹក​នាច​ផង ក៏​ជិះ​សេះ​ទៅ​មើល​គ្រប់​កន្លែង​ដី​ដុះ លុះ​កំពុង​តែ​ក្រសាល​សប្បាយ ស្រាប់​តែ​ទឹក​ជោរ​ជន់​មក លិច​អស់ នៅ​សល់​តែ​ត្រង់​កោះ ។ ហើយ​មិន​ព្រម​នាច​ទៅ​វិញ, ទ្រង់​ក៏​ផ្ទំ​លេង​នៅ​នា​កោះ​នោះ ចាំ​ទម្រាំ​ទឹក​នាច ។ ព្រះ​អាទិត្យ អស្ដង្គត​ទៅ, ព្រះ​ចន្ទ​ពេញ​វង់ ក៏​រះ​ឡើង​ភ្លឺ​ត្រចះ​ត្រចង់ ព្រោះ​វេលា​នោះ ជា​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ ។

ថ្លែង​ពី​នាង​ទាវដ្ដី1 ជា​បុត្រី​ក្រមុំ​ស្ដេច​ភុជង្គ​នាគ នៅ​នគរ​បាតាល មាន​សេចក្ដី​អផ្សុក នឹង​ទប់​ទល់​តម្កល់​អាត្មា​នៅ​ក្នុង​ប្រាសាទ​ពុំ​បាន ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​បិតា​សុំ​ឡើង​មក​លេង​កម្សាន្ត​នៅ​កោះ​គោក​ធ្លក ។ បិតា​ក៏​បើក​ឲ្យ​តាម​ប្រាថ្នា ។

លុះ​ពេល​អធ្រាត្រ​ស្ងាត់ នាង​ក៏​នាំ​ពួក​ស្រី​បម្រើ​ជាង ១០០ នាក់ ជ្រែក​ផែន​ប្រឹថពី​ឡើង​មក​ស្ថាន​មនុស្ស​លោក​មួយ​រំពេច នាំ​គ្នា​លេង​ទឹក​ននៀល​ននះ តាម​ល្បែង​ភេទ​ជា​នាគ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ នៅ​សល់​តែ​កោះ​ធំ​ជាង​គេ​មួយ​ឆ្ងាយ នៅ​ក្នុង​បាង​សមុទ្រ, នាង​ក៏​នាំ​បរិវារ​ទៅ​មើល​ទៀត ឲ្យ​បាន​គ្រប់​ទី​កន្លែង ។

ហេតុ​តែ​កុសល​របស់​នាង​សាង​ពី​អតីត​ជាតិ​មក ឲ្យ​ជា​គូ​នឹង​ស្ដេច​ព្រះ​ថោង ក៏​បណ្ដាល​ឲ្យ​សេនា​ទាហាន​ដេក​លក់​អស់​គ្មាន​សល់​ម្នាក់ នៅ​តែ​ស្ដេច​ព្រះ​ថោង ដែល​ចេះ​តែ​រសាប់រសល់​ផ្ទំ​មិន​លក់ ។

លុះ​នាង​ទៅ​ដល់​កោះ​នោះ ឃើញ​មនុស្ស​ដេក​លក់​ត្រៀប​ត្រា នាង​ក៏​មាន​សេចក្ដី​តក់ស្លុត នឹក​ថា "ខ្មោច​ព្រាយ​មាយា ធ្វើ​ឲ្យ​សម្បើម​លង​លេង ឬ​មួយ​ជា​មនុស្ស​លោក​ទេ ?” នឹក​ហើយ នាង​លើក​ដៃ​បួង​សួង​នឹក​រលឹក​គុណ​ទេពតា សូម​ជួយ​ឲ្យ​ឃើញ​ស័ក្ដិ​សិទ្ធ​ទាន់​ភ្នែក, បើ​ជា​ខ្មោច​បិសាច សូម​ឲ្យ​រលាយ​បាត់​ទៅ, បើ​ជា​មនុស្ស​លោក​មែន​ៗ ឲ្យ​នៅ​ដូច​ដើម ។ បួង​សួង​គ្រប់ ៣ ដង​ស្រេច​ឃើញ​នៅ​ជា​រូប​មនុស្ស​ដដែល នាង​ក៏​ប្រាប់​ស្រី​បរិវារ​ជាង ១០០ នាក់ ឲ្យ​និម្មិត​ខ្លួន​ជា​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខ្លួន​នាង​ផង ហើយ​ឲ្យ​មាន​កាន់​គ្រឿង​ប្រដាប់​គ្រប់​ដៃ ជា​អ្នក​អញ្ជើញ​គ្រឿង​ហែ​នាង​ទៅ​លេង​តាម​របៀប​ស្ដេច ។ គំនិត​នាង​គិត​ឃើញ​ថា បើ​ពួក​មនុស្ស​ឃើញ​នាង, គេ​ដឹង គេ​នឹង​មិន​មើល​ងាយ​នាង​ឡើយ ព្រោះ​គ្នា​នាង​សុទ្ធ​តែ​ស្រី​ៗ បើ​គេ​ឃើញ​ជា​ក្សត្រី​ដូច្នេះ ទើប​គេ​ខ្លាច ។

ព្រះ​ថោង​ឮ​មាត់​មនុស្ស​ខ្សឹប​គ្នា​រសឹបរសាវ ច្បាស់​ខ្លះ មិន​ច្បាស់​ខ្លះ ទ្រង់​តើន​ឡើង ឈ្មៀង​ព្រះ​នេត្រា​ទៅ ឃើញ​សុទ្ធ​តែ​ហ្វូង​ស្រី​ខ្ញៀវខ្ញារ​គួរ​អស្ចារ្យ ទ្រង់​ទត​ឃើញ​ច្បាស់​ដោយ​ពន្លឺ​ព្រះ​ចន្ទ ទ្រង់​ភិត​ភ័យ​បន្តិច អរ​បន្តិច លាន់​ព្រះ​ឱស្ឋ​ថា "យី ! និម្មិត​នេះ​ជា​អ្វី ? ជា​ខ្មោច​បិសាច អារក្ស អ្នក​តា​ទឹក មក​លេង​អញ ឬ​មួយ​ជា​ទេវតា នាគ វិជ្ជាធរ ហោះ​មក​លេង​ស្ថាន​នេះ ? អញ​ប្រថុយ​ទៅ​សួរ​ឲ្យ​ដឹង​ដាន ព្រោះ​អញ​ជា​ព្រះ​ចៅ​ផែនដី​នេះ" គិត​ស្រេច ស្ដេច​យាង​ចូល​ទៅ​ជិត ឃើញ​នាង​មួយ​មាន​រូប​ល្អ​ឆើត​ពេញ​ព្រះ​ទ័យ សម្បុរ​ភ្លឺ​វិស័យ​មាស មាន​បរិវារ​កាន់​គ្រឿង​ហែហម របៀប​ជា​ក្សត្រី ។

ស្ដេច​មាន​ព្រះ​បន្ទូល​ដណ្ដឹង​សួរ​ថា "ព្រះ​នាង​អើយ ! កុំ​ចាប់​ទោស​អូស​ដំណើរ​យើង, យើង​ជា​ស្ដេច​ផែនដី​កោះ​នេះ, សូម​ព្រះ​នាង​អត់​ទោស ព្រះ​នាង​ជា ទេវតា នាគ វិជ្ជាធរ ឬ​មួយ​ខ្មោច​បិសាច រក្សា​កោះ​នេះ ? យើង​មិន​ដែល​ដឹង​សោះ សូម​ព្រះ​នាង​ប្រាប់ កុំ​លាក់ !” ។ នាង​ទាវដ្ដី​ក្រាប​ទូល​ដោយ​ត្រង់​ថា " ខ្ញុំ​ម្ចាស់ មិន​មែន ទេវតា ខ្មោច បិសាច អ្វី​ទេ ! ខ្ញុំ​ម្ចាស់​ជា​បុត្រី​ព្រះ​បាទ​ភុជង្គ​នាគ មាន​សេចក្ដី​អផ្សុក លា​ព្រះ​បិតា​មក​លេង​កម្សាន្ត​នៅ​ទី​នេះ សូម​ទ្រង់​ជ្រាប !” ។

ព្រះ​ថោង​ឮ​ដូច្នោះ ក៏​មាន​សេចក្ដី​ប្រតិព័ទ្ធ​នឹង​នាង លុង​ព្រះ​ទ័យ​ស្ទើរ​នឹង​ទប់​ទល់​តម្កល់​ព្រះ​កាយ​ពុំ​បាន ក៏​និយាយ​លួង​លោម​ថា ម្ចាស់​អូន​អើយ ! បង​មើល​ទៅ ហាក់​ដូច​ជា​មិន​ទាន់​មាន​ស្វាមី​ទេ" ។ នាង​ក៏​ទូល​ថា "ខ្ញុំ​ម្ចាស់​នៅ​ក្រមុំ​ទេ" ។ ស្ដេច​ទ្រង់​ត្រេក​អរ​ណាស់ ហើយ​ប្រើ​ពាក្យ​លួង​លោម​ព្រះ​នាង​ថា "អូន​អើយ ! បើ​អូន​មាន​ចិត្ត​អាណិត​បង ៗ នឹង​លើក​អូន​ជា​អគ្គ​មហេសី​ធំ ព្រោះ​បង​គ្មាន​អគ្គ​មហេសី​ទេ" ។ នាង​ក្រាប​ទូល​ថា "បើ​ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​ខ្ញុំ​ម្ចាស់ សូម​ចាំ​ខ្ញុំ​ម្ចាស់​ត្រឡប់​ទៅ​ក្រាប​ទូល​បង្គំ​ព្រះ​វរ​បិតា ឲ្យ​ទ្រង់​បាន​ជ្រាប​ជា​មុន​សិន, បើ​ទ្រង់​សព្វ​ព្រះ​ទ័យ​ព្រមព្រៀង​ហើយ ទ្រង់​នឹង​ហែ​ខ្ញុំ​ម្ចាស់​មក​ផ្សំ​ផ្គុំ​ថ្វាយ, ខណៈ​នេះ ខ្ញុំ​ម្ចាស់ នឹង​កន្លង​បវេណី​មិន​បាន​ទេ ! សូម​ទ្រង់​សណ្ដាប់​ច្បាប់​ស្រុក​ភុជង្គ​នាគ" ។ ព្រះ​ថោង​ថា "ឱ អូន​អើយ ! ជាតិ​ប្រុស និង​ស្រី បើ​មិន​ទាន់​បាន​ប្រតិព័ទ្ធ​នឹង​គ្នា​ទេ ហើយ​សន្យា​ដូច្នេះ, មេឃ​អើយ ! កាល​ណា​នឹង​ទាប​មក" ។ នាង​ទូល​ថា សូម​ព្រះ​អង្គ​កុំ​ព្រួយ​ព្រះ​ទ័យ, នគរ​យើង​ឯ​នាយ​កាន់​សច្ចៈ​ជាប់ ហៅថា "ពាក្យ​សង្ឃ ពាក្យ​សត្យ", តែ​ចាក​សច្ចៈ​ហើយ នឹង​រលត់​រលាយ​ជីវិត​មួយ​រំពេច" ។ ព្រះ​ថោង ថា "អូន​អើយ ! បង​ជឿ​ហើយ តែ​មិន​ទាន់​ស្រឡះ​ចិត្ត" ។ នាង​ថា "បើ​ព្រះ​អង្គ មិន​អស់​មន្ទិល​ក្នុង​ព្រះ​ទ័យ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​ស្លា​មួយ​មាត់​ទុក​បញ្ចាំ​ចិត្ត" ។ (ប្រហែល​ជា​ត្រង់​ណេះ​ហើយ ដែល​យើង​រៀប​ការ​សព្វ​ថ្ងៃ បង្គាប់​ស្រី​ឲ្យ​បៀក​ស្លា​មួយ​ម៉ាត់​ជូន​ដល់​ដៃ​ប្ដី​ថ្មី​ថ្មោង នៅ​ពេល​តោង​ស្បៃ​គ្នា​ចូល​ទៅ​ក្នុង​បន្ទប់) ។ រួច​នាង​ក៏​លា​ព្រះ​ថោង ទៅ​ស្ថាន​ភុជង្គ​នាគ ក្រាប​ទូល​បិតា​មាតា តាម​ដំណើរ​រឿង​សព្វ​គ្រប់ ។

ស្ដេច​ភុជង្គ​នាគ​យល់​ព្រម​តាម​បុត្រី ទ្រង់​ឲ្យ​រៀប​ពល​សកល​យោធា និង​គ្រឿង​បណ្ណាការ ហែ​កូន​ស្រី​ឡើង​មក​ឋាន​មនុស្ស​លោក, ទ្រង់​បង្គាប់​សេនា​នាគ​រាជ ដែល​មាន​ឫទ្ធិ​ទាំង​ប៉ុន្មាន ឲ្យ​ជប់​បង្អុះ​ទឹក​ឲ្យ​គោក​ជា​ផែនដី​ធំ​ទូលាយ​ឡើង ហើយ​ឲ្យ​និម្មិត​ជា​វាំង​ប្រាសាទ បាន​គ្រប់​គ្រាន់ កុំ​ឲ្យ​ខ្វះ​ចន្លោះ​អ្វី ។

ស្ដេច​ព្រះ​ថោង ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​បិតា​មាតា​ក្មេក ។ ស្ដេច​នាគ ទ្រង់​បង្គាប់​ឲ្យ​ព្រះ​សុណិសា​រៀប​ខ្លួន ព្រម​ទាំង​សេនា នឹង​រៀប​មង្គល​ការ​ផ្សំ​ផ្គុំ​អភិសេក​ឲ្យ​សោយ​រាជ​សម្បត្តិ ។ លុះ​រួច​ស្រេច​មង្គល​ការ​នៅ​ទីនោះ​ហើយ នឹង​ត្រូវ​យាង​ស្ដេច​ទៅ​អភិសេក​ឯ​ឋាន​ភុជង្គ​នាគ​ម្ដង​ទៀត ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ​ស្គាល់​ផង នឹង​ថ្វាយ​នាម​នគរ តាម​បុត្រ​ទាំង​ពីរ ជា​ថ្មី​ផង ។

ព្រះ​ថោង ឮ​ដូច្នោះ ទ្រង់​ព្រួយ​ព្រះ​ទ័យ​ជា​អនេក ដោយ​យល់​ថា "ព្រះ​អង្គ​ជា​មនុស្ស នឹង​ជ្រែក​ដី​ទៅ​តាម​បង្គាប់​បិតា​ក្មេក​ដូច​ម្ដេច​បាន ? មុខ​ជា​ខ្មាស​គេ​ក្នុង​គ្រា​នេះ​ហើយ", ព្រះ​អង្គ​ទ្រង់​វិតក្ក​ឡើង​ព្រះ​ភក្ត្រ​ក្រហម​ជាំ​ខ្មៅ ។

ព្រះ​នាង​នាគ​អគ្គ​មហេសី​ឃើញ​ដូច្នោះ ក៏​ទូល​សួរ​ភ្លាម​ថា "ហេតុ​អ្វី បាន​ជា​ព្រះ​អង្គ​ពុំ​សប្បាយ​ព្រះ​ទ័យ ហើយ​មិន​សោយ​ព្រះ​ស្ងោយ​ដូច្នេះ ? ឬ​ក៏​ព្រះ​អង្គ​អាក់​អន់​ព្រះ​ទ័យ​នឹង​ខ្ញុំ​ម្ចាស់​ពី​រឿង​អ្វី​ឬ ? ឬ​មួយ ព្រះ​អង្គ​អាក់​អន់​ព្រះ​ទ័យ​នឹង​មន្ត្រី​មនុស្ស – មន្ត្រី​នាគ​ធ្វើ​ឲ្យ​ខុស​ឆ្គង ? សូម​ព្រះ​អង្គ​ស្វាមី​មាន​ព្រះ​បន្ទូល​ឲ្យ​ខ្ញុំ​ម្ចាស់​ដឹង​ផង" ។ ព្រះ​ថោង ដោយ​មាន​សេចក្ដី​ស្នេហា​នឹង​មហេសី​ថ្មី​ថ្មោង​ស្មើ​ជីវិត នឹង​លាក់​ពុំ​បាន, បើ​តាម​សេចក្ដី​ខ្មាស​មិន​ចង់​ប្រាប់​ទេ តែ​ខំ​ស្ដី​កាត់​ទាំង​ក្ដី​អៀន​ខ្មាស​ថា "ហៃ​អូន​ជីវិត​បង ! បង​គ្មាន​អាក់​អន់​នឹង​អូន ឬ​មន្ត្រី​ណា​ទេ ! បង​ព្រួយ ព្រោះ​ព្រះ​វរ​បិតា​ឲ្យ​បង​ទៅ​រៀប​អភិសេក​ឯ​ឋាន​ភុជង្គ​នាគ​ទៀត អូន​ដឹង​ទេ ! ខ្លួន​បង​ជា​មនុស្ស ធ្វើ​ម្ដេច​នឹង​ទៅ​តាម​អូន​បាន ? ដោយ​ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​បង​ព្រួយ" ។ នាង​ក្រាប​ទូល​ថា "ការ​ត្រង់​នេះ ស្រេច​នៅ​លើ​ខ្ញុំ​ម្ចាស់ កុំ​ព្រះ​អង្គ​ព្រួយ ! សុំ​ព្រះ​អង្គ​ស្ដេច​សោយ​ព្រះ​ស្ងោយ​ឲ្យ​ស្កប់​ស្កល់​ទៅ ! ចាំ​ដល់​ពេល​ដែល​ហែ​ចេញ​ទៅ សូម​ព្រះ​អង្គ​ចាប់​ជាយ​ស្បៃ​ខ្ញុំ​ម្ចាស់​ឲ្យ​ជាប់​កុំ​លែង គង់​នឹង​ទៅ​រួច​ដូច​គេ​ហើយ ឯ​ពួក​នាម៉ឺន​មុខ​មន្ត្រី និង​សេនា​ទាហាន ដែល​ហែ​ទៅ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​តោង​តែ​ជាយ​ព្រះ​ពស្ត្រ​ព្រះ​រៀម​ឲ្យ​ជាប់ ក៏​អាច​ទៅ​បាន​ដល់​ឋាន​ភុជង្គ​នាគ​ដូច​គ្នា គ្មាន​បញ្ហា​អ្វី​ឡើយ ។

ព្រះ​ថោង ក៏​មាន​សេចក្ដី​ត្រេក​អរ​ឡើង​វិញ ហើយ​ទ្រង់​ប្រាប់​មន្ត្រី​ទាំង​អស់ តាម​បង្គាប់​អគ្គ​មហេសី ។ លុះ​ដល់​វេលា​នឹង​ហែ​ទៅ ព្រះ​ថោង ក៏​តោង​ជាយ​ស្បៃ​នាង​ទាវដ្ដី, ពួក​នាម៉ឺន​មន្ត្រី ក៏​តោង​ព្រះ​ពស្ត្រ​ស្ដេច​ត​ៗ​គ្នា គ្រប់​ទាំង​ប្រុស​ទាំង​ស្រី ទៅ​រហូត​ដល់​ឋាន​ភុជង្គ​នាគ ។

ព្រះ​បាទ​ភុជង្គ​នាគ រៀប​អភិសេក​កូន​នៅ​ឋាន​ភុជង្គ​នាគ​រួច ទ្រង់​ក៏​ថ្វាយ​នាម​ជា​ថ្មី​ទាំង​អស់ ។ ព្រះ​ថោង ជា​ព្រះ​បាទ​អាទិច្ចវង្សា, នាង​ទាវដ្ដី ជា​នាង​ទាវធីតា, កោះ​គោក​ធ្លក ជា​ក្រុង​កម្ពុជា​ធិបតី ដែល​ឋិត​នៅ​ក្នុង​ការ​ទំនុក​បម្រុង​នៃ​នគរ​ភុជង្គ​នាគ ។ ព្រះ​បាទ​ភុជង្គ​នាគ ទ្រង់​ចាត់​នាគ​សេនា​មាន​ឫទ្ធិ ២ រូប ឲ្យ​មក​គាល់​បម្រើ និង​ការពារ​ជានិច្ច បង្ការ​ក្រែង​បើ​មាន​ភ័យ​សឹក​សង្គ្រាម​មក​សង្កត់​សង្កិន នឹង​បាន​ដឹង​ដំណឹង​ឆាប់ អាច​ឲ្យ​លើក​ពល​សកល​យោធា​មក​ជួយ​ការពារ​ទាន់ ។

ត្រង់​នេះ​ហើយ ដែល​គេ​តែង​តែ​ធ្វើ​ត​មក​ដល់​សព្វ​ថ្ងៃ គឺ​កាល​ណា​ក្រោក​ឡើង​ពី​អង្គុយ​ផ្ទឹម​សំពះ​ការ គេ​ឲ្យ​កូន​ប្រុស​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ទៅ​ក្នុង​បន្ទប់ ដោយ​យក​តម្រាប់​តាម​ព្រះ​បាទ​អាទិច្ចវង្សា ដែល​តោង​ស្បៃ​នាង​នាគ​ជា​អគ្គ​មហេសី​ទៅ​ឋាន​ភុជង្គ​នាគ​នោះ​ឯង ។

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ព្រេងទាក់ទងនឹងទំនៀមក្រោយពីសំពះផ្ទឹម ឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលក្នុងបន្ទប់
រឿង ព្រេងទាក់ទងនឹងទំនៀមក្រោយពីសំពះផ្ទឹម ឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលក្នុងបន្ទប់
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_405.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_405.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy