ចាស់ៗ បុរាណនិយាយតៗ គ្នាមកថា កាលនោះ មានបុរសម្នាក់ជាអ្នកត្រឹមត្រូវល្អណាស់
បើទៅទីប្រជុំចំណោមឯណា គេតែងរាប់រក ទុកជាមនុស្សមានប្រាជ្ញា ជាអ្នកដឹងខុសត្រូវ-ទាបខ្ពស់
យល់គុណយល់ទោស ហើយជាមនុស្សសុចរិត ។ អ្នកនៅភូមិផងរបងជាមួយ បើមានការអ្វីធំដុំ
តែងទៅអញ្ជើញបុរសនោះមកជាប្រធាន ដើម្បីសួរយោបល់ ឬដើម្បីឲ្យជួយអារកាត់រឿងដែលជាប់ជំពាក់ស្មុគស្មាញ
។
ថ្ងៃមួយ ក្នុងរដូវប្រាំង (ខែផល្គុន-ចេត្រ) មាណពនោះបបួលបុរសពីរនាក់ទៀត
ដែលនៅផ្ទះក្បែរគ្នាថា "បងអើយ ! ខែនេះ យើងទំនេរ នៅផ្ទះ ស៊ីបាយហើយដើរត្រែតត្រតធ្វើអ្វី
រវល់តែឲ្យប្រពន្ធបម្រើ បើយើងនាំគ្នាទៅរកឃ្មុំ យកក្រមួន និងទឹកវាលក់ ប្រហែលជាមានប្រយោជន៍ជាង
គ្រាន់បានលុយកាក់ទិញខោអាវស្លៀកពាក់ និងប្រដាប់ប្រដាប្រើប្រាស់ខ្លះ សោះរវល់លក់ស្រូវជង្រុកចាយ"
។ បុរសទាំងពីរនាក់នោះ គឺស្រុះស្រួលសុខចិត្តទៅជាមួយគ្នា តែបណ្ដាអ្នកទាំងពីរនោះ
អ្នកមួយជាមនុស្សចេះស្ដាប់បង្គាប់ ឯអ្នកមួយទៀត ជាមនុស្សរបឹងរឹងរូសមិនសូវចេះស្ដាប់
មិនសូវចេះត្រងត្រាប់ពាក្យប្រៀនប្រដៅទេ ។
លុះដើរទៅដល់ព្រៃ ឃើញខ្ទមអ្នកតាមួយ ដែលពួកថ្មើរព្រៃតែងបូជា
ដើម្បីសុំបើកព្រៃរួចទើបចូលទៅ ។ មកដល់ជិតកន្លែងអ្នកតានោះ ទើបអ្នកទាំង
៣នាក់ នាំគ្នាធ្វើជំរំឈប់សម្រាកបន្តិចសិន យកកម្លាំងនឹងដើរទៅមុខទៀត ។
ក្នុងថ្ងៃនោះ គេរកបានឃ្មុំមួយសំបុកមានក្រមួន ១២ តម្លឹង ហើយក៏ត្រឡប់មកជំរំវិញ
នាំគ្នាដាំបាយដុតត្រីបរិភោគ ។ តែមុននឹងបរិភោគ គេចាប់បាយ និងត្រីខ្លះ ដាក់លើស្លឹកឈើថ្វាយអ្នកតា
សុំសេចក្ដីសុខសប្បាយ និងសុំឲ្យទៅរកឃ្មុំបានប្រទះដូចសេចក្ដីប្រាថ្នា ។
ឯបុរសម្នាក់ដែលជាអ្នករឹងរូសនោះ ឃើញអ្នកពីរនាក់សែនអ្នកតា ក៏នឹកក្នាញ់ក្នុងចិត្ត
តែមិនចេញស្ដី ។ លុះព្រឹកឡើង មុននឹងចេញទៅរកឃ្មុំទៀត គេនាំគ្នាដាំបាយស៊ី
ហើយចាប់បាយបេះត្រីដាក់ថ្វាយអ្នកតាដូចថ្ងៃមុនទៀត ។ បុរសរឹងរូស ទើសចិត្តណាស់
ទ្រាំអត់ពុំបានក៏វ័ធសម្ដីគំរោះទ្រគោះថា "មិនដឹងជាថ្វាយអ្វីក៏ថ្វាយម្ល៉េះទេ!
ត្រីតិចហើយដណ្ដើមបេះយកទៅដាក់ចោលទៀត តើដាក់ឲ្យអាណាស៊ី!” ថាហើយ ក៏ងើបដើរទៅយកបាយ
និងត្រីរុកបញ្ចុកមាត់អ្នកតា ហើយនិយាយបែបចង់បញ្ជោះឲ្យអ្នកដែលដាក់ថ្វាយនោះផងថា
"ហឹ ស៊ីទៅអ្នកតា! ពីមុនថាគេមិនដាក់ឲ្យដល់មាត់ ឥឡូវអញដាក់ដល់មាត់ហើយ
ម្ដេចក៏មិនស៊ីទៅ ឃើញទុកឲ្យតែស្រមោចជញ្ជូនលាន់ ម្ដងនេះ តែមិនស៊ីឲ្យអញឃើញផងទេ
ក្រោយៗ អញលែងឲ្យទៀតហើយ កុំសង្ឃឹម !” ។ អ្នកពីរនាក់ទៀត ឃើញបុរសនោះធ្វើការមិនគប្បី
ក៏នៅស្ងៀម រួចបបួលគ្នាចេញដំណើរទៅ ។ ក្នុងថ្ងៃនោះ គ្មានរកឃ្មុំបានមួយសំបុកសោះ
ព្រោះបុរសរឹងរូសនោះ រវល់តែចុកពោះរមូលខ្លួន ដើរមិនរួច ទាល់តែសែង រហូតមកដល់ជំរំវិញ
។ មកដល់ហើយនាំគ្នាធ្វើដូចម្ដេច ក៏ជំងឺនោះមិនស្រាន្ត ។ លុះដល់ពេលកម្លាំងកាន់តែតិចទៅ
បុរសឈឺនោះ និយាយនឹងសំឡាញ់ទាំងពីរថា "ចូរឯងចែកក្រមួនឲ្យអញមួយភាគផង
ត្បិតអញក៏បានទៅរកជាមួយឯងដែរ" ។ បុរសពីរនាក់ឆ្លើយថា "ឯងចង់បានក្រមួនយកមកធ្វើអ្វី
! បើឯងជិតស្លាប់ទៅហើយយ៉ាងនេះ" ។ បុរសឈឺនោះឆ្លើយវិញថា "អញយកទៅបាន
ឲ្យតែឯងចែកមក ឆាប់ឡើង! បើឯងមិនឲ្យអញទេ តើអញបានអ្វីបំភ្លឺផ្លូវសម្រាប់ដើរចេញពីព្រៃនេះរួច"
។
ឮដូច្នោះ បុរសសំឡាញ់ទាំងពីរនាក់ ក៏នាំគ្នាថ្លឹងក្រមួនចែកជាបីភាគស្មើគ្នា
ហើយយកស្លឹកឫស្សីងាប់ប្រវែងមួយបង្គុយលលក2 មកធ្វើជាប្រឆេះ ហើយយកក្រមួនមួយចំណែកទម្ងន់ប្រហែលជាបួនតម្លឹងតាមស្មាន
មកលៃជាបួនភាគ យកបីភាគលញ់ធ្វើជាទៀនគោល ។ ក្រមួននៅសល់មួយភាគទៀត គេយកស្លឹកត្រែងស្ងួត
មកធ្វើជាប្រឆេះ លញ់ទៀនរាយបួនទៀត ហើយកាច់មែកឈើមកដាក់គងលើមាត់ត្រឡោកទឹក
ដែលយកទៅតាមខ្លួន យកទៀនធំបិទនឹងឈើនោះ ដើម្បីកុំឲ្យស្រក់ក្រមួនចោលទៅដី
ហើយយកទៀនរាយបួនទៀត បិទនៅមាត់ត្រឡោក ។ លុះអុចទៀនរួច ក៏ឱននិយាយដាក់ត្រចៀកបុរសឈឺថា
"នែសំឡាញ់ ! ចំណែកក្រមួនឯង អញធ្វើជាទៀនអុជឲ្យឯងហើយ ចូរឯងទទួលយកទៅតាមខ្លួន
គ្រាន់ជាពន្លឺផ្លូវចេញពីព្រៃនេះទៅចុះ !” ។ បុរសឈឺទទួលថា "អឺ !” ហើយក៏ដាច់ខ្យល់ស្លាប់ទៅ
។
បុរសជាមិត្រ ក៏នាំគ្នារកឧសភ្លើងមកដុតខ្មោចនោះ ហើយនាំគ្នាវេចខ្ចប់ធាតុយកមកឲ្យប្រពន្ធ
ដោយប្រាប់តាមដំណើរ តាំងពីរឿងឈឺ ដល់រឿងចែកក្រមួន ។ តែមកដល់ត្រង់នេះ ប្រពន្ធនៃសពមិនព្រម
ដោយអាងថា "ប្ដីខ្លួនស្លាប់ទៅហើយ តើអាចយកក្រមួនទៅផងម្ដេចបាន ?” ។
បុរសសំឡាញ់ទាំងពីរនាក់ពន្យល់យ៉ាងដូចម្ដេច នាងនោះ ក៏នៅតែមិនព្រម ទទូចតែយកចំណែកក្រមួន
តាំងពីថ្ងៃរហូតដល់យប់ ទាល់តែនាំគ្នាទៅដេករៀងខ្លួនទៅ ។
និយាយពីប្រពន្ធបុរសស្លាប់ លុះដេកលក់ទៅ ក៏យល់សប្ដិឃើញប្ដី កាន់ទៀនដើរចូលមក
។ នាងក៏ស្រែកទាំងអរផងថា "អ្នកអើយ ! គេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ
ថែមទាំងបានចែកក្រមួនឲ្យទៅអ្នកផង ឥឡូវ មានស្លាប់ឯណា ! អ្នកមកវិញហើយតើ
!” ។ ឯខ្មោចនោះ ឆ្លើយមកវិញថា "អញស្លាប់មែន, ហើយអញបានក្រមួនដែលគេចែកឲ្យនោះ
ធ្វើជាទៀនអុជរកផ្លូវចេញមកផ្ទះ កុំអីមិនដឹងជាវង្វេងទៅធ្លាយឯណាទេ
!” ។ ប្រពន្ធឮដូច្នោះ ក៏ស្ទុះទៅស្រវាឱបប្ដី ភ្ញាក់ទាំងខ្លួនឡើង ទើបដឹងច្បាស់ថាខ្លួនយល់សប្ដិ
។ លុះព្រឹកឡើង ក៏ទៅប្រាប់បុរសទាំងពីរតាមដំណើរយល់សប្ដិ ហើយក៏ឈប់លែងឈ្លោះប្រកាន់ទៀតទៅ
។
អ្នកស្រុក ដឹងរឿងដូច្នោះ ក៏ប្រកាន់ជឿថា "បើមនុស្សណាជិតស្លាប់,
គេត្រូវតែធ្វើទានកាលអុជឲ្យ ដើម្បីឲ្យខ្មោចនោះបានពន្លឺសម្រាប់បំភ្លឺផ្លូវដើរទៅរកឋានសុខ"
។