រឿង​ ដើម​កំណើត​សត្វ​ផ្សោត

កាល​ពី​ព្រេង​នាយ ជា​យូរ​លង់​ណាស់​មក​ហើយ មាន​ដើម​ជ្រៃ​ធំ​មួយ​មាន​មែក​ត្រសុំ​ត្រសាយ​សាខា មហាជន​នៅ​ភូមិ​ជិត​ខាង​គេ​រាប់​កោត​ខ្លាច​រុក្ខជាតិ​នេះ​ណាស់ ក្នុង​សម័យ​នោះ ។ គេ​ធ្វើ​ខ្ទម​មាន​រូប​ចម្លាក់​ថ្ម​ជា​ភេទ​ប្រុស ១ ស្រី ១ ដាក់​ឱ្យ​អង្គុយ​លើ​ផែន​ថ្ម​ក្នុង​ខ្ទម​នោះ គេ​តែង​តែ​បួង​សួង​បន់​ស្រន់​ថ្វាយ​ក្រយា​បូជា​សុំ​សេចក្ដី​សុខ ក៏​ធ្លាប់​បាន​សុខ​រៀង​មក​គេ​សន្មត​ថា អ្នក​តា​ចាស់​ស្រុក ។
មាន​រុក្ខជាតិ​មួយ​មាន​អាយុ​វែង​មិន​ដឹង​ជា​ប៉ុន្មាន​ឆ្នាំ​មនុស្ស​យើង​ទេ ឋិត​នៅ​លើ​ដើម​ជ្រៃ​ធំ​នោះ​ជា​ស្ដេច​នៃ​ឈើ ។ យូរ​ទៅ​មាន​ស្ត្រី​ម្នាក់​មក​ចាប់​បដិសន្ធិ ជា​កូន​អ្នក​ស្រុក​ដែល​រាប់​អាន​ដើម​រុក្ខជាតិ​នោះ លុះ​ធំ​ពេញ​ជំទង់​ឡើង​ដល់​រដូវ​ដែល​ត្រូវ​សែន​ព្រេន​​ថ្វាយ​ក្រយា​បូជា​អ្នក​តា​ចាស់​ស្រុក នាង​នោះ​ក៏​ទូល​ថាស​នំ​ចំ​ណី​ថា​ទៅ​សែន​ជួស​ឪពុក​ម្ដាយ ។ រុក្ខ​ទេវតា​ក្រឡេក​ឃើញ​ចេះ​តែ​មាន​ចិត្ត​អាណិត​អាសូរ ស្រឡាញ់​នាង​នោះ​ហាក់​ដូច​ជា​ព្រាត់​គ្នា​ពី​កាល​ណា​មក ហើយ​ទើប​នឹង បាន​ជួប​មុខ​គ្នា​ថ្មី​ៗ រុក្ខទេវតា​នោះ​កាន់​តែ​វិតកើតចិត្ត​អាណិត​នាង​ខ្លាំង​ណាស់ ទ្រាំ​ពុំ​បាន​ក៏​ហោះ​ទៅ​សួរ​ព្រះ​ឥន្ទ្រ​ទ្រង់​រំពឹង​ដោយ​ញាណ​ទិព្វ​ទៅ​ឃើញ​ថា នាង​នោះ​កាល​ពី​ជាតិ​មុន​ជា​ប្រពន្ធ​​រុក្ខទេវតា​នេះ​បាន​កសាង​ប្រាថ្នា​ជា​មួយ​គ្នា​មក​ថា "ទោះ​បី​ទៅ​កើត​ជាតិ​ណា ភព​ណា​សុំ​ឱ្យ​ជួប​បាន​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ពុំ​ឃ្លាត​គ្រប់​ៗ​ជាតិ​ លុះ​ចាស់​រៀង​ៗ​ខ្លួន​រុក្ខទេវតា​នោះ សុំ​លា​ទៅ​បួស​ជា​តាបស​អស់​មួយ​ជីវិត​ដោយ​ខ្លួន​ពី​គ្នា​ទៅ ។ តាបស​មក​កើត​​ជា​រុក្ខទេវតា​នេះ ប្រពន្ធ​ទៅ​កើត​ជា​នាង​ទេពធីតា មក​កើត​ជិត​ទី​កន្លែង​ដែល​ទេវតា​ជា​ប្ដី​នៅ ។ មក​ពី​មាន​និស្ស័យ​ពី​ជាតិ​មុន​យ៉ាង​នេះ ទើប​បណ្ដាល​ឱ្យ​រុក្ខទេវតា​ចេះ​តែ​ស្រឡាញ់​អាណិត​អាសូរ​នាង ។ តែ​មក​ពី​រុក្ខទេវតា​នោះ​មាន​ពៀរ ដែល​គេច​ទៅ​បួស​ចោល​ប្រពន្ធ ឱ្យ​ព្រួយ​ទុក្ខ​វេទនា លុះ​អស់​សង្ខារ​ទៅ​មិន​ឱ្យ​ជួប​មុខ បាន​ជា​ច្យុត​ទៅ​កើត​ជា​មនុស្ស​វិញ មិន​ជួប​គ្នា ។ ព្រះឥន្ទ្រ​សំដែង​ប្រាប់​រុក្ខទេវតា​ដូច​រៀប​រាប់​មក​នោះ ។ រុក្ខទេវតា​បាន​ដឹង​សព្វ​គ្រប់​ហើយ ក៏​លា​ព្រះឥន្ទ្រ​មក​វិញ គិត​ពិចារណា​ថា "ឥឡូវ​នឹង​ទៅ​ថ្វាយ​បង្គំ​លា​ព្រះ​ឥន្ទ្រាធិរាជ​សុំ​ច្យុត​ទៅ​កើត​ជា​មនុស្ស​ឃើញ​ថា​ជា​ការ​មិន​គួរ​ព្រោះ ប្រពន្ធ​ទៅ​កើត​ធំ​ពេញ​ក្រមុំ​ទៅ​ហើយ​ៗ សង្ខារ​របស់​មនុស្ស​ខ្លី​ណាស់​មិន​ដូច​ទេវតា​ទេ" ។ ទេវតា​គិត​ចុះ​គិត​ឡើង​មិន​ធ្លុះ​មិន​ធ្លាយ​ត្រង់​ណា​សោះ ហេតុ​តែ​មាន​ពៀរ​ដែល​គេច​ទៅ​បួស​ជា​តាបស មិន​ឱ្យ​ឃើញ​មុខ​ត្រា​តែ​សូន្យ​សង្ខារ​រៀង​ខ្លួន ។ រុក្ខទេវតា​ព្រួយ​ខ្លាំង​ណាស់​ក៏​ប្រថុយ​​ប្រាណ​ប្រថាន​ព្រេង​ថា ណ្ហើយ​ចុះ​អញ​ទៅ​ប្រាប់​ប្រពន្ធ​ឱ្យ​ដឹង​​ថា ខ្លួន​អញ​ជា​ប្ដី​ជា​គូរ​ព្រេង​​ទៅ​ចាប់​ជាតិ រុក្ខទេវតា​នាង​ឥត​មាន​គូរ​ព្រេង​ទៀត​​ទេ បើ​នាង​បាន​ដឹង​ថា​ខ្លួន​អញ​ជា​ប្ដី​នាង មុខ​ជា​លែង​យក​ប្ដី​មួយ​ជាតិ​នេះ ហើយ​គិត​ស្រេច​ពេល​រាត្រី​ស្ងាត់ ក៏​និម្មិត​ខ្លួន​ធ្វើ​ជា​ពស់​ថ្លាន់​ចូល​ទៅ​ឱប​រឹត​នាង ៗ ភ្ញាក់​ឡើង​បម្រះ​ពុំ​រួច​ពស់​ថ្លាន់​និយាយ​លួង​លោម​សព្វ​គ្រប់​មិន​ជឿ​ថា បើ​ប្ដី​ជា​រុក្ខទេវតា​ហេតុ​ម្ដេច​ក៏​មក​ជា​ពស់​ថ្លាន់​ដូច្នេះ​វិញ។ រុក្ខ​ទេវតា​ជា​ប្ដី​ថា បើ​នាង​មិន​ជឿ​បង​ៗ នឹង​ប្រែ​រូប​ឱ្យ​​នាង​មើល ។ រុក្ខទេវតា​ក៏​ផ្លាស់​រូប​ជា​ទេវតា​វិញ​ភ្លាម​ៗ នាង​ក្រឡេក​ឃើញ​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ជឿ​ជាក់​ថា ប្ដី​ខ្លួន​ជា​ទេវតា​មែន​ព្រោះ​រក​មនុស្ស​ណា​នឹង​ឱ្យ​ល្អ​​ដូច​ពុំ​បាន ។ រុក្ខ​ទេវតា​និយាយ​ប្រាប់​នាង​ថា ខ្លួន​បង​បើ​មិន​និម្មិត​ខ្លួន​ជា​សត្វ​បែប​នេះ​ទេ មិន​អាច​មក​នៅ​ជិត​នាង​បាន​ឡើយ ត្រូវ​និម្មិត​រូប​ជា​សត្វ​​ផ្ដេសផ្ដាស ទើប​នៅ​ជា​មួយ​នាង​បាន ។ និយាយ​ចប់​និម្មិត​ខ្លួន​ជា​ពស់​ថ្លាន់​វិញ ។ ពស់​ថ្លាន់​នេះ​គ្រាន់​តែ​នៅ​ជា​មួយ​នាង​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​មិន​ដែល​រួម​សំ​វាស​ជា​មួយ​នឹង​នាង​នោះ​ឡើយ ហើយ​ហាម​ប្រពន្ធ​ថា កុំ​និយាយ​ប្រាប់​ម៉ែ​ឪ បង​ប្អូន​និង​អ្នក​ស្រុក​ឱ្យ​ដឹង​ថា ជា​ទេវតា​ឱ្យ​ថា​តែ​ពស់​ថ្លាន់ ។ ពេល​ថ្ងៃ​បង​មិន​នៅ​ជា​មួយ​នាង​ទេ បង​មក​លេង​តែ​យប់​ៗ សឹម​ផ្លាស់​រូប​ជា​ទេវតា​ឱ្យ​ឃើញ​ម្ដង​ៗ ។ ជិត​ភ្លឺ​ហើយ ឮ​មាត់​និយាយ​គ្នា ឪពុក​ម្ដាយ​ចូល​ទៅ​មើល​ឃើញ​ពស់​ថ្លាន់​ពេន​ទ្រេល​ពេញ​ល្វែង​ផ្ទះ ក៏​ភ្ញាក់​ច្រឡោត​ស្រែក រុក្ខ​ទេវតា​ភៀស​ខ្លួន​បាត់​ទៅ ។ ឪពុក​ម្ដាយ​ហៅ​កូន​ស្រី​មក​សួរ​កូន​និយាយ​សារសព្ទ​ប្រាប់​តាម​រឿង​ពី​ដើម​ចប់​ដល់​ចុង ។ ឪពុក​ទាល់​ប្រាជ្ញា​មិន​ដឹង​​ធ្វើ​ម្ដេច​ក៏​ដក​ដង្ហើម​ធំ សួរ​កូន​ថា "ឥឡូវ​ពស់​ថ្លាន់​ទេវតា​នោះ​ទៅ​ណា​បាត់​ទៅ​ហើយ" ។ កូន​ប្រាប់​ថា ពេល​ថ្ងៃ​មិន​មក​ទេ យប់​ទើប​មក នាង​ប្រាប់​ឪពុក​ម្ដាយ​ថា "ទេវតា​ជា​ប្ដី​ហាម​មិន​ឱ្យ​និយាយ​ប្រាប់​គេ​ថា​ទេវតា​ទេ ឱ្យ​ថា​តែ​ពស់​ថ្លាន់​ហើយ" ។ លុះ​ពេល​រាត្រី​ស្ងាត់ រុក្ខ​ទេវតា​មក​ដល់​ប្រពន្ធ និម្មិត​រូប​ជា​ទេវតា​ឱ្យ​នាង​មើល​តាម​សេចក្ដី​សន្យា នាង​ក៏​អុជ​ភ្លើង​ភ្លឺ​ឡើង​ស្ទុះ​ទៅ​ឱប​ប្ដី ដោយ​សេចក្ដី​មេត្រី​ស្នេហា​គ្នា ឪពុកម្ដាយ​​ចូល​ទៅ​លប​មើល​ឃើញ​​ទេវតា​ល្អ​ណាស់​ក៏​ស្រឡាញ់​ពេញ​ចិត្ត នឹង​រុក្ខ​ទេវតា​នោះ​ក្រៃលែង​រុក្ខ​ទេវតា​ដឹង​ឪពុក​ម្ដាយ​លប​​មើល ផ្លាស់​រូប​ទៅជា​ពស់​ថ្លាន់​វិញ​ភ្លាម​ឃើញ​ធំ​ទ្រេល​ពេញ​បន្ទប់​ផ្ទះ ។ ទៀប​ភ្លឺ​រុក្ខ​ទេវតា​ប្រាប់​ប្រពន្ធ​ឱ្យ​នាំ​ឪពុក​ម្ដាយ​ទៅ​ជីក​កំណប់​ក្នុង​ដំបូក​មួយ​បាន​មាស ប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូន​មក​ដាក់​ពេញ​ផ្ទះ ឡើង​ទៅ​ជា​អ្នក​មាន​ធំ ។ យូរ​ទៅ​ដឹក​ជ្រួត​ជ្រាប​ដល់​អ្នក​ស្រុក​ៗ មក​មើល​ឈូ​ឆរ​ឃើញ​ពិតជា​​ពស់​ថ្លាន់​ពេន​ទ្រេល នៅ​ជា​មួយ​និង​នាង ។
និយាយ​ពី​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នៅ​ភូមិ​ផ្សេង ពី​នាង​មាន​ប្ដី​ពស់​ថ្លាន់​ទេវតា​នោះ ចេះ​តែ​រំភើប​ក្នុង​ចិត្ត នាំ​ប្ដី​ប្រពន្ធ​សរសើរ​ថា "វាសនា​អ្វី​គេ​ក៏​ល្អ​ម្ល៉េះ ពី​ដើម​ជា​អ្នក​ក្រ​ដូច​គេ​ឯង​សោះ ឥឡូវ​មាន​ផ្ទះ​ធំ​ខ្វាត់​ខ្វែង​ត្រឈឹង​ត្រឈៃ​មាន គោ​ក្របី ដំរី សេះ ខ្ញុំ​កំដរ​ប្រើ​គគ្រឹក​គគ្រេង​ល្បី​ឈ្មោះ​ថា ចៅ​សួស្ដី​សេដ្ឋី​ នេះ​មក​ពី​កូន​គេ​មាន​ប្ដី​ពស់​ថ្លាន់ ថ្លាន់​ឱ្យ​កំណប់​ព្រេង" ។ បុរស​នោះ​តូច​ចិត្ត​​នឹង​ខ្លួន​ឯង​ណាស់ ចេះ​តែ​ដកដង្ហើម​ធំ ចេះ​តែ​ទន្ទេញ​ទាំង​យប់​ទាំង​ថ្ងៃ ។ ប្រពន្ធ​ឃើញ​ប្ដី​កើត​ទុក្ខ​ដូច្នោះ ក៏​និយាយ​ប្រាប់​ប្ដី​ថា "ខ្ញុំ​បាន​ឮ​ចាស់​ទុំ​ថា​និយាយ​រៀង​ៗ មក​ថា​សត្វ​ពស់​ថ្លាន់​មិន​ដូច​ពស់​ទាំងពួង​ទេ តែ​មាន​ដំបូក​ធំ​ៗ ក្នុង​ព្រៃ​ហើយ​ច្រើន មាន​ពស់​ថ្លាន់​ទៅ​ព័ទ្ធ​ពេន​នៅ​ទីនោះ គេ​ថា​ពស់​រក្សា​​កំណប់​ព្រេង" ។ ប្ដី​ថា បើ​ដូច្នោះ​ព្រឹក​ស្អែក​ឯង ដាំ​បាយ​ឱ្យ​បង​ពី​ព្រឹក​កុំ​ឱ្យ​នរណា​ដឹង​បង នឹង​ដើរ​ស្វែង​រក​ពស់​ថ្លាន់​ព័ទ្ធ​ដំបូក​ក្នុង​ព្រៃ​ធំ​ៗ បើ​ឃើញ​បង​នឹង​ចាប់​យក​មក​ធ្វើ​ប្ដី​ឱ្យ​កូន​យើង” ។ ប្រពន្ធ​ពេញ​ចិត្ត​ក៏​ព្រមព្រៀង​គ្នា ព្រឹក​ឡើង​ដាំបាយ​​វេច​ជា សំណុំ​ព្រម​ទាំង​ទឹក​​បំពង់ ប្រគល់​ឱ្យ​ប្ដី​ៗ​ក៏​ដើរ​ស្វែង​រក​ពស់​ថ្លាន់ ។
បុរស​នោះ​ចូល​ក្នុង​ព្រៃ​ធំ​មិន​យូរ​ប៉ុន្មាន ក៏​បាន​ប្រទះ​ដំបូក​មួយ​ធំ​ក្នុង​ព្រៃ​ទួល​មាន​បន្លា​ស្អិត និង​វល្លិ​រវីម​រវាម វារ​ពាក់​ព័ន្ធ​លើ​គ្នា ។ បុរស​ចូល​ទៅ​អើត​ឈ្ងោក​មើល ឃើញ​ពស់​ថ្លាន់​ពេន​ទ្រេល​លើ​ក្បាល​ដំបូក ។ ពស់​នោះ តាំង​ពី​នៅ​ក្នុង​ព្រៃ​ដំបូក​នោះ អស់​កាល​ជា​យូរ​អង្វែង​ណាស់​មក​ហើយ វា​មិន​ដែល​ទៅ​កាន់​ទី​ណា​សោះ ទោះ​បី​អត់​ឃ្លាន​យ៉ាង​ណា​ក៏​ស៊ូ​តែ​ទ្រាំ​នៅ​ក្នុង​ទី​នោះ រូប​ពស់​នោះ​ក៏​ទៅ​ជា​ស្គាំង​ស្គម អស់​កម្លាំង​ស្ទើរ​តែ​កម្រើក​ខ្លួន​មិន​រួច ។ បុរស​យក​ឈើ​គោះ​មើល ក៏​មិន​កម្រើក​ខ្លួន​ផង​បុរស​នោះ នឹក​ត្រេក​អរ​ក្នុង​ចិត្ត​ណាស់ គិត​ថា​ពស់​ថ្លាន់​នេះ​ច្បាស់​ជា​មាន​កំណប់​ហើយ បាន​ជា​ស្លូត​ម្ល៉េះ" ក៏​បោច​វល្លិ​ចង​ទាំង​ភ្នេន​ស្រាក់​ស្រួត​ជាប់ ។ ពស់​ក៏​មិន​រើ​ប៉ុន្មាន​ព្រោះ​វា​ស្គាំង​ស្គម​ដោយ​អត់​អាហារ​មក​យូរ​ហើយ ។ បុរស​លើក​ស្ពាយ​ទាំង​ភ្នេន​មក​ដោយ​ធ្ងន់​ខ្លាំង​ពេក ក៏​ចេះ​តែ​ឈប់​សម្រាក​តាម​ផ្លូវ ទាល់​ព្រលប់​ទើប​មក​ដល់​ផ្ទះ ស្រែក​ហៅ​ប្រពន្ធ​នឹង​កូន​ក្រមុំ​ពី​ក្រៅ​របង​ឱ្យ​ទៅ​ជួយ​ទទួល ។ ប្រពន្ធ​នឹង​កូន​ក្រមុំ​ក៏​ចុះ​រត់​ទៅ​ទទួល​ឃើញ​ប្ដី​ឪពុក​ស្ពាយ​ពស់​ថ្លាន់​ទាំង​ភ្នេន ក៏​ត្រេក​អរ​ឥត​ឱប​មា ។ លុះ​យក​មក​ដាក់​ដល់​លើ​ផ្ទះ អួត​ប្រាប់​ប្រពន្ធ​ថា "ពស់​នេះ​ស្លូត​ណាស់​ត្រូវ​ចិត្ត​បង​ហើយ បើ​កាន់​ឯង​មិន​ជឿ​ទៅ​ចាប់​អង្អែល​មើល​ចុះ​ស្ទើរ​តែ​មិន​កម្រើក ខ្លួន​ប្រាណ​ផង" ។ ប្រពន្ធ​លូក​ដៃ​ទៅ​ពាល់​មើល​ឃើញ​មិន​កម្រើក​មែន​ក៏​ចេះ​តែ​បបោស​អង្អែល​សរសើរ​ថា "កូន​អើយ​ពណ៌​សម្បុរ​អ្នក​ក៏​ល្អ​ម្ល៉េះ​ទេ ដូច​ជា​គេ​ទើប​នឹង​ទីប​មាស​ថ្មី​ៗ ។ ទុក​ជា​ហូល​ដែល​ជាង​ចេះ​ចង​គាត​យ៉ាង​ណា ក៏​ល្អ​មិន​ដូច​អ្នក​ដែរ" ។ ពស់​ថ្លាន់​ដោយ​ជាប់​ចំណង​ផង ហើយ​ហេវ​កម្លាំង​នឹង​អត់​អាហារ​យូរ​ថ្ងៃ​ផង ក៏​ធ្វើ​តែ​ភ្នែក​ភ្លឺ​ៗ លទ្ធិ​អណ្ដាត​ភ្លែមៗ ប្រហែល​ជា​ក្នុង​ចិត្ត​វា​ដែល​ឃ្លាន ប្រុង​តែ​លេប​មនុស្ស ។
ប្ដី​តាំង​បង្គាប់​ប្រពន្ធ​និង​កូន​ក្រមុំ​ឱ្យ​វាយ​មាន់​ស្ល​ដណ្ដាំ​បាយ​ឱ្យ​ឆាប់ នឹង​រៀប​សែន​ព្រេន ប្ដី​ជី​ដូន​ជីតា​រៀប​ផ្សំ​ផ្គុំ​ឱ្យ​កូន​យក​ប្ដី​ពស់​ថ្លាន់ ។ ប្ដី​រត់​ទៅ​ទិញ​ស្រា​បាន​មក ប្រពន្ធ​ដាំ​បាយ​ស្ល​ឆ្អិន ដួស​ដាក់ តុ ថាស ហៅ​បង​ប្អូន​ជិត​ខាង​ឱ្យ​មក​ជួយ​សែន​ព្រេន បង្គាប់​កូន​ក្រមុំ​ឱ្យ​រៀប​ចំ​ដំណេក​បង្គុយ អ្នក​ស្រុក​ជិត​ខាង​ដែល​មាន​បញ្ញា​វាង​វៃ គេ​លាន់​មាត់​នឹង​បុរស​នោះ​ថា​ឆ្កួត ថា​ព្រើល​គ្រប់​ៗ​គ្នា អ្នក​ខ្លះ​ក៏​រក​ពុទ្ធោ អ្នក​ខ្លះ​ដែល​ត្រូវ​ស្រា អរ​ឱ្យ​គេ​ហៅ​ឱ្យ​ចូល​ទៅ​សែន នឹង​បាន​ស៊ី​ផឹក​សប្បាយ ។
លុះ​ទៅ​ជួប​ជុំ​គ្នា​ហើយ ក៏​លើក​ពស់​ថ្លាន់​ទៅ​ដាក់​លើក​កម្រាល​សំពត់​ស ស្រាយ​ចំណង​ឱ្យ​កូន​ក្រមុំ​ទៅ​អង្គុយ​ទន្ទឹម ពស់​នោះ​ក៏​នៅ​ស្ងៀម​ដោយ​គ្នា​អត់​អាហារ​មក​យូរ​ថ្ងៃ​ហើយ ។ បុរស​បង្គាប់​គេ​ឱ្យ​លើ​ថាស​បាយ​សម្ល​ទៅ​ដាក់ អុជ​ទៀន​ធូប​សំបូងសង្រូង​ប្ដឹង​ជី​ដូន​ជីតា ច្រូច​ស្រា ៣ ដង​រួច​ចាប់​សំណែន​នំ​ចំ​ណី​បាយ​សម្ល​គ្រប់​មុខ ដាក់​ច្រឡូក​ចូល​គ្នា​មួយ​ចាន​យក​ទៅ​ចាក់​នៅ​មុខ​ផ្ទះ ហៅ​ពួក​អង្រឹង​ជើង​ស្នែង ឱ្យ​ស៊ី​ព្រោះ​ជី​ដូន​ជី​តា​ពិសា​រួច​ហើយ​ៗ លើក​តុ​ថាស​ចេញ​មក​ក្រៅ​លត់​ភ្លើង​ទុក​កូន​ក្រមុំ​នៅ​មួយ​ពស់​ថ្លាន់​ក្នុង​បន្ទប់ ។ នាង​នោះ​ប្រហែល​ជា​ខ្លាច​ពស់​ដែរ ប៉ុន្តែ​នឹង​ចេញ​មក​ក្រៅ​ខ្លាច​ឪពុក​ម្ដាយ ព្រោះ​គេ​ផ្សំ​ដំណេក​ឱ្យ​ពស់​ថ្លាន់​ហើយ ក៏​ចេះ​តែ​អត់​ទ្រាំ​ទៅ​ក៏​មិន​ដឹង​ឬ ត្រេក​អរ​ជា​មួយ​នឹង​ពស់​នោះ​ដែរ​ក៏​មិន​ដឹង ។ ចំណែក​ឪពុក​ម្ដាយ​នាំ​ញាតិ​មិត្រ​ស៊ី​មាន់ ផឹក​ស្រា​ឯ​ល្វែង​ខាង​ក្រៅ ។ ពស់​នោះ​កាល​មនុស្ស​នៅ​ស៊ី​ផឹក​មាត់​អូរ​អែ វា​នៅ​ស្ងៀម​ធ្វើ​ហាក់​ដូច​ជា​មិន​ដឹង​ខ្លួន ។
លុះ​គេ​ស៊ី​ផឹក​រួច​ស្ងាត់​អស់ ប្រ​ហែល​ជា​ពាក់​កណ្ដាល​អាធ្រាត្រ វា​លា​ខ្លួន​ខ្សាក​វា​ឥត​រឹប​រួត​នាង​នោះ​ទេ ព្រោះ​ពស់​នោះ​វា​ធំ ល្មម​លេប​នាង​នោះ​បាន​តែ​ម្ដង វា​គ្រាន់​តែ​យក​កន្ទុយ រុំ​ក​ដៃ​នាង​នោះ​ជាប់​ងាក​ក្បាល​មក​ក្រោម កៀវ​ជើង​ប្រមូល​ផ្ទឹម​គ្នា វា​ហា​មាត់​លេប​ជើង​នាង​ទាំង​ពីរ​តែ​ម្ដង ។
ពី​ដំបូង​នាង​នោះ​ស្មាន​ថា ពស់​ថ្លាន់​ប្រុង​រួម​បវេណី​នឹង​ខ្លួន បាន​ជា​នាង​នៅ​ស្ងៀម មិន​មាត់​ព្រោះ​ដេក​ជា​មួយ​គ្នា​តាំង​ពី​ល្ងាច មិន​អី​សោះ​បែប​ជា​ទុក​ចិត្ត​ពស់​បន្តិច​ទៅ​ហើយ លុះ​វា​លេប​ស្រឺតៗ ដល់​ក្បាល​ជង្គង់​នាង​នឹក​សង្ស័យ​ថា ពស់​ថ្លាន់​ច្បាស់​ជា​លេប​អញ​ពិត​ហើយ គិត​នឹង​ក្រោក​ៗ​មិន​រួច កន្ទុយ​ពស់​វា​រឹត​ដៃ​នាង​ជាប់​ នាង​ភ័យ​ណាស់​ស្រែក​ហៅ​ម្ដាយ​ថា "ពស់​ថ្លាន់​វា​លេប​ខ្ញុំ​ហើយ" ។ ម្ដាយ​ឮ​មាត់​កូន​ស្រែក​ហៅ​ក៏​ស្រែក​សន្ធាប់​ទៅ​វិញ​ថា "ខ្លោច​មេ​ចំ​កួត ប្ដី​ប្រឡែង​លេង​ផង​បាន​តែ​ព្រើល​ៗ" ។ ឪពុក​ស្រវឹង​ស្រា​ដេក​សន្លប់​ហៀរ​ទឹក​មាត់​កខ្លាក់ ។ លុះ​ពស់​លេប​ដល់​ចង្កេះ នាង​នោះ​ស្រែក​ហៅ​ម្ដាយ​ថា "ម៉ែ​ៗ ជួយ​កូន​ផង​ពស់​លេប​ដល់​ចង្កេះ​ហើយ" ។ ម្ដាយ​រឹត​តែ​ជេរ​បញ្ជោរ​ពី​ក្រៅ​មក​ស្ដី​បន្ទោស​ថា "កូន​អី​ក៏​ចង្រៃ​មិន​ចេះ​ខ្មាស​គេ​ឯង មិន​ច្រឡំ​នឹង​អ្នក​ស្រុក​តិច​អញ​ចូល​ទៅ​វាយ​ក្បាល​ក្នុង​ដំណេក​បែក​ឥឡូវ" ។ នាង​នេះ​ចេះ​តែ​ស្រែក​ថា ម៉ែ​អើយ​ជួយ​កូន​ផង ពស់​លេប​ទល់​ចុង​ដង្ហើម​ហើយ" បន្តិច​ស្រែក​ថា "លេប​ដល់​ហើយ" ។ ម្ដាយ​ឮ​កូន​ស្រែក​ញយ​ៗ ពេក​មិន​ខ្ចី​ទាំង​មាត់​តប​ផង​គិត​តែ​ពី​សម្ងំ​ដេក លុះ​លេប​ដល់​បបូរ​មាត់ ក៏​ស្រែក​លា​ឪពុក​ម្ដាយ​ថា "បើ​ឪ​ម៉ែ​មិន​ជួយ​កូន​ទេ កូន​សូម​លា​ស្លាប់​ហើយ" ។ ម្ដាយ​ស្ដាប់​ទៅ​ឮ​មាត់​កូន​ង៉ុលៗ ក្នុង​មាត់​ពស់​ថ្លាន់​ដែល​វា​លេប​គ្រប​បបូរ​មាត់​ហើយ​នោះ ។ លុះ​បាត់​ឮ​មាត់​កូន​ម្ដាយ​សង្ស័យ ក៏​អុជ​ភ្លើង​ចូល​ទៅ​មើល បាត់​កូន​ឃើញ​តែ​ពោះ​ធំ​កំពីង​តាំង​ពី​ក្រោម​មក​រហូត ដល់​ជិត​ពាក់​កណ្ដាល​ខ្លួន ។ នាង​ម្ដាយ​នោះ ក៏​ស្រែក​ទួញ​ង៉ោង​ផ្អើល​ឆោឡោ ដល់​អ្នក​ស្រុក​អ្នក​ភូមិ​ផ្ទះ​ជិត​ខាង​ទាំង​ពាក់​កណ្ដាល​អាធ្រាត្រ ។ ឪពុក​ភ្ញាក់​ឡើង​ហៅ​អ្នក​ស្រុក​មក​ជួប ជុំ​ចោម​ចាប់​ពស់​ថ្លាន់ ទាក់​ក​ចង​សន្ធឹង យក​កាំ​បិត​ព្រា​វះ​យក​កូន​បាន​មក សន្លប់​សូន្យ​ឈឹង​ដូច​ជា​ស្លាប់ តែ​ខ្លួន​នៅ​ក្ដៅ ប្រឡាក់​សុទ្ធ​តែ​រំអិល​ពស់ ពេញ​ទាំង​ខ្លួន​ទាំង​ក្បាល និង​ដៃ​ជើង ឆ្អាប​កខ្វក់ នាំ​គ្នា​ដង​ទឹក​មក​លាង​ៗ មិន​ជ្រះ​ដាំ​ទាំង​ទឹក​ក្ដៅ​មក​លាង ក៏​មិន​ជ្រះ លុះ​គេ​ស្រោច​ទឹក​ក្ដៅ​ឧណ្ហ​ៗ លាង​ឱ្យ​មួយ​ស្របក់​នាង​ក៏​ដឹង​ខ្លួន​ឡើង​វិញ មើល​ឃើញ​បង​ប្អូន​មា​មីង មក​ជួប​ជុំ​គ្នា​ត្រៀប​ត្រា មើល​មក​ខ្លួន​ឯង​សុទ្ធ​តែ​រំអិល​ពស់​ឆ្អាប​គគ្រុក នឹក​តូច​ចិត្ត​ខ្មាស​គេ​ណាស់ ក្រោក​ឡើង​កន្ទ្រាក់​បាន​ផ្តិល​ទឹក​មួយ​លើក​គ្រប​ក្បាល​ដើរ​ទៅ​មាត់​កំពង់ ដង​ទឹក​ងូត​លាង​ដូច​ម្ដេច​ក៏​មិន​ជ្រះ​រំអិល​ពស់​នោះ គិត​ថា ឱ​ខ្លួន​អញ​អើយ ! ម្ល៉េះ​ទៅ​ហើយ​នឹង​នៅ​ជា​មនុស្ស ក៏​ខ្មាស​គេ​បើ​ស្លាប់​ទៅ​វិញ​ប្រសើរ​ជាង ក៏​យក​ផ្តិល​ទទូរ​ក្បាល​ដើរ​ទៅ​ត្រង់​មាត់​ច្រាំង​អន្លង់​ជ្រៅ នឹក​ប៉ង​ក្នុង​ចិត្ត​ថា "អញ​នឹង​លោត​ទឹក​សម្លាប់​ខ្លួន​ឯង​ចោល" ។ គិត​ដូច្នោះ​ហើយ​ក៏​លោត​ប្រូង​ទៅ ក្លាយ​ខ្លួន​ទៅ​កើត​ជា​ផ្សោត​ញី​ភ្លាម​មុជ​ក្នុង​ទឹក ហែល​ចាប់​ត្រី​ស៊ី​ព្រងើយ ។ ឪពុក​ម្ដាយ​រត់​តាម​ទៅ​មើល​កូន ឯ​មាត់​កំពង់​ទឹក​រក​ពុំ​ឃើញ​ក៏​នាំ​គ្នា​យំ​សោក​អាឡោះ​អាល័យ​រៀប​រាប់​រឿង​ផ្សេង​ៗ នៅ​មាត់​ទឹក ។
លុះ​ត្រឡប់​មក​ផ្ទះ​វិញ បបួល​ប្ដី​ប្រពន្ធ​អូស​ពស់​ថ្លាន់​យក​ទៅ​ចោល​ក្នុង​ព្រៃ​ធំ​មួយ ដោយ​ស្មាន​ថា​ពស់​ថ្លាន់​វា​ស្លាប់​ព្រោះ​វះ​ពោះ​រយះ​ជា​ពីរ​ទៅ​ហើយ តែ​ធម្មតា​ពស់​ថ្លាន់​តែង​មាន​ប្រមាត់​រស់ គ្រាន់​តែ​វះ​ពោះ​ប៉ុណ្ណោះ​មិន​ស្លាប់​ទេ លុះ​តែ​កាប់​ដាច់​ជា​ពី​ជា​បី​កំណាត់​ទើប​ស្លាប់ ។ យូរ​ៗ​ទៅ​ពស់​ថ្លាន់​សះ​ជា រស់​ឡើង​វិញ​ហើយ​តាំង​ចិត្ត​លែង​ស៊ី​មនុស្ស និង​សត្វ​ណា​ដែល​គ្មាន​រោម​គ្មាន​មមីស ។ ការ​ដែល​ពស់​ថ្លាន់​លែង​ស៊ី​មនុស្ស​និង​សត្វ​គ្មាន​រោម ក៏​ជាប់​ទំនៀម​ពី​ត្រឹម​នោះ មក​រហូត​ដល់​ឥឡូវ​នេះ ។ ឯ​សត្វ​ផ្សោត​ក៏​កើត​មាន ពី​ត្រឹម​នាង​ប្រពន្ធ​ពស់​ថ្លាន់ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ក្បាល​ផ្សោត​ក៏​ត្រងោល​ដូច​ជា​របៀប​ទ​ទូរ​ផ្តិល សរីរ​អវយវៈ​របស់​ផ្សោត មិន​ខុស​គ្នា​ពី​មនុស្ស​ប៉ុន្មាន​ទេ ដូច​ជា​ដោះ ដូច​ជា​ប្រដាប់​កេរ្តិ៍​ខ្មាស នឹង​សរីរ​អវយវៈ​ឯ​ទៀត​ខ្លះ​សឹង តែ​ដូច​មនុស្ស​ទាំង​អស់ គ្មាន​តែ​ដៃ​ជើង​ប៉ុណ្ណោះ​ទេ ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង​ ដើម​កំណើត​សត្វ​ផ្សោត
រឿង​ ដើម​កំណើត​សត្វ​ផ្សោត
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_498.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_498.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy