រឿង​ ដើម​កំណើត​សត្វ​កូនលោក

មាន​បក្សី​ម្យ៉ាង​ហៅ​ថា​សត្វ​កូន​លោក រូប​រាង​ស្រដៀង​នឹង​សត្វ​គ្រលីងគ្រលោង ​តែ​មាន​មាឌ​ធំ​ជាង​គ្រលីងគ្រលោង​បន្តិច សម្បុរ​វា​ក្រហម​រទុះ​ៗ​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ឬ​ព្រៃ​ភ្នំ​ស្រោង​ស្រឹង ។ សត្វ​នេះ​ចាស់​ៗ ខ្មែរ​យើង​បាន​និយាយ​ត​ៗ​មក​ថា មាន​ដើម​កំណើត​មក​ពី​មនុស្ស ដូច​មាន​ដំណាល​ត​ទៅ​នេះ :
កាល​ពី​ព្រេង​នាយ​មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​មនុស្ស​ក្រលំបាក មាន​កូន​ស្រី​តូច​ៗ បី​នាក់ ។ កូន​ទី ១ ចេះ​ដង​ទឹក​ដាំ​បាយ កូន​ទី ២ ចេះ​នាំ​ប្អូន​ដើរ​លេង កូន​ទី ៣ ចេះ​រត់​លេង ក្រោយ​ពី​ពេល​ដែល​ប្ដី​ស្លាប់​ចោល​ទៅ ។ នាង​ប្រពន្ធ​នៅ​មេម៉ាយ​ជា​មួយ​នឹង​កូន​ស្រី ៣ នាក់​តែង​តែ​ទៅ​កាប់​ឧស បេះ​បន្លែ ទូល​ទៅ​លក់​ឯ​ផ្សារ​រាល់​ថ្ងៃ ។
ថ្ងៃ​មួយ​នាង​បាន​ទៅ​ជួប​អ្នក​លេង​ស៊ី​ផឹក​ម្នាក់ ដែល​តែង​តែ​ដើរ​លួច ឆក់​អ្នក​ដំណើរ​ឆ្ងាយ​ជិត បាន​លុយ​កាក់​យក​មក​ស៊ី​ផឹក​ហ៊ឺ​ហារ ។ អ្នក​លេង​នោះ​កាល​បើ​ក្រឡេក​ឃើញ​អ្នក​មេម៉ាយ ក៏​សំដែង​អាកប្បកិរិយា​ជា​អ្នក​គួរ​សម​សួរ​នាង​ថា ចុះ​នាង​នៅ​ភូមិ​ឯ​ណា ? ឆ្ងាយ​ឬ​ជិត ? ហេតុ​អ្វី​ក៏​មិន​ឱ្យ​ប្ដី​ជួយ​រែក ប្រឹង​ផ្ទុក​ទូល ម្នាក់​ឯង​យ៉ាង​ម្ល៉េះ ? " ។
នាង​ក៏​ប្រាប់​ដោយ​ត្រង់​ថា ខ្ញុំ​ជា​ស្រី​មេម៉ាយ ប្ដី​ស្លាប់​ចោល​ទៅ សព្វ​ថ្ងៃ​ក្រ​លំបាក​ណាស់​ប្រឹង​កាប់​ឧស​បេះ​បន្លែ​លក់​គ្រាន់​បាន​ប្រាក់​កាស បន្តួច​យក​ទៅ​ទិញ​អាហារ​ចំណី​ឱ្យ​កូន​ស្រី ៣ នាក់ បរិភោគ" ។ ឮ​ដូច្នេះ អ្នក​លេង​នឹក​អរ​ព្រួច​ក្នុង​ចិត្ត​ថា នាង​នេះ​មេម៉ាយ​មែន ប៉ុន្តែ​មាន​រូប​ស្អាត​គ្រាន់​បើ គួរ​អញ​តាម​ទៅ​សួរ​ដល់​ផ្ទះ​យក​ជា​ប្រពន្ធ​ឱ្យ​បាន" ហើយ​ក៏​គិត​និយាយ​ថា "នាង! ខ្ញុំ​មាន​ចិត្ត​អាណិត​នាង​ណាស់ ខ្ញុំ​សូម​ជូន ១០ កហាបណៈ សម្រាប់​ទិញ​អីវ៉ាន់​ផ្ញើ​កូន"។ នាង​មេម៉ាយ​ក៏​ទទួលយក​ភ្លាម ដោយ​សេចក្ដី​ត្រេក​អរ លុះ​លក់​ឧស​និង​បន្លែ​អស់​ហើយ នាង​ត្រឡប់​មក​ផ្ទះ​វិញ ។ ឯ​អ្នក​លេង​ក៏​លប​ដើរ​តាម​ក្រោយ ដើម្បី​គន់​មើល​ផ្ទះ​វិញ លុះ​ពេល​ព្រលប់​ក៏​ទៅ​ជួប​ឯ​ផ្ទះ​នាង​និយាយ​គ្នា ត្រូវ​មាត់​ហើយ ក៏​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ត​ទៅ ។
ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក អ្នក​លេង​តែង​ចេញ​ទៅ​ប្លន់​អ្នក​ស្រុក ២-៣ ថ្ងៃ​មក​ផ្ទះ​ម្ដង​ក៏​មាន កន្លះ​ខែ​មក​ម្ដង​ក៏​មាន ។ នាង​នោះ​មាន​មាស​ប្រាក់​ចាយ បរិបូរណ៍​ស្លៀក​ពាក់​សុទ្ធ​តែ​របស់​ល្អ​ៗ ក៏​ទៅ​ជា​ធំ​ចិត្ត​ឡើង​ចាង​ក៏​ដើរ​លេង​ជា​មួយ​ប្ដី នៅ​តាម​ផ្សារ​ភ្លេច​គិត​ដល់​កូន​កម្សត់​ទាំង​បី​នាក់ មាន​ចិត្ត​ក្ដៅ​ក្រហាយ ស្អប់​កូន​ស្រី​របស់​ខ្លួន​ ឃើញ​មុខ​កូន​ពេល​ណា ចង់​តែ​យក​កាំបិត​មក​កាប់​ឱ្យ​ដាច់​ក​ទាំង ៣ នាក់ ពេល​ដាំ​ស្ល​ឆ្អិន​ហើយ​នាំ​ប្ដី​បរិភោគ​តែ​ពី​នាក់ ។ សល់​បាយ​ក្នុង​ឆ្នាំង​បន្តិច​បន្តួច កូន​ទាំង ៣ នាំ​បង​ប្អូន​កេះ​កាយ​ស៊ី ខ្លះ​ដេក​លក់​ក្បែរ​ជើង​ក្រាន ខ្លះ​ដេក​លក់​នៅ​ល្វែង​ផ្ទះ​ខាង​ក្រៅ​មូស​សុច​ខាំ​ពង​ខ្លួន ។ ពេល​ព្រឹក​ៗ នាង​នោះ​តាំង​តែង​ខ្លួន​ប្រាណ ទៅ​ស៊ី​ផឹក​នៅ​ឯ​ផ្សារ​ជា​មួយ​ប្ដី​រាល់​ថ្ងៃ ។ ថ្ងៃ​មួយ​ប្ដី​បាន​និយាយ​រំឭក​ថា : បង​មាន​សេចក្ដី​អៀន​ខ្មាស​មិត្ត​ភក្តិ​ខ្លាំង​ណាស់ ព្រោះ​ប្អូន​ចេះ​តែ​តាម​បង​ទៅ​ស៊ី​ផឹក​ឯ​ផ្សារ ដូច្នេះ​បង​សូម​អង្វរ​ចិត្ត​អូន សូម​នៅ​ផ្ទះ​ថែ​ទាំ​កូន​ស្រី​ទាំង ៣​នាក់​ចុះ ។
ឮ​ប្ដី​និយាយ​យ៉ាង​នេះ នាង​នោះ​និយាយ​គិត​ថា "ប្ដី​អញ​គាត់​ហ៊ឺ​ហា​ណាស់ ពួក​ស្ត្រី​ខូច​ក្នុង​ផ្សារ​ស្គាល់​គាត់​ទាំង​អស់ បើ​អញ​បណ្ដោយ​ត​ទៅ​ថ្ងៃ​មុខ​គាត់​នឹង​បោះ​បង់​ចោល​អញ​ពុំ​ខាន គួរ​អញ​រក​ឧបាយ​សម្លាប់​កូន​ស្រី​ទាំង ៣ នាក់ ចោល​កុំ​ឱ្យ​គាត់​មាន​ពាក្យ​ចាក់​ដោត​ថា ឱ្យ​អញ​នៅ​ផ្ទះ​ព្រោះ​តែ​កូន​ឡើយ ។ លុះ​ដល់​ខែ​ពិសាខ​មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ នាង​នោះ​និយាយ​បញ្ឆោត​កូន​ថា 'កូន​អើយ ! កាល​ឪពុក​ឯង​នៅ​រស់​នៅ តែ​ដល់​រដូវ​នេះ​ហើយ​គាត់​តែង​នាំ​ម្ដាយ​ទៅ​សាប ព្រោះ​ស្រូវ​នៅ​ត្រពាំង​ទឹក​ក្នុង​ព្រៃ​ជិត​ជើង​ភ្នំ​មាន​ខ្ទម​លំហ​ដេក​ចាំ​ស្រូវ​ស្អែក​នេះ ម្ដាយ​នឹង​យក​ស្រូវ​ពូជ​ទៅ​សាប​ព្រោះ ចូរ​កូន​ទៅ​ដេក​ចាំ​ចាប​ព្រាប​លលក កុំ​ឱ្យ​ស៊ី​ស្រូវ " ។ លុះ​ព្រឹក​ឡើង​នាង​នោះ នាំ​កូន​ទៅ​ក្នុង​ព្រៃ​ហោ​ឋាន​ជិត​ជើង​ភ្នំ យក​ស្រូវ​ទៅ​បាច​សាប​ក្នុង​ត្រពាំង​រួច​ផ្ដាំ​កូន​ថា "នែ​ហង​រាល់​គ្នា! ត្រូវ​នៅ​ចាំ​ស្រូវ កុំ​ទៅ​ណា​ឆ្ងាយ កុំ​ទៅ​ផ្ទះ បើ​ទៅ​អញ​វាយ​សម្លាប់ " ផ្ដាំ​ហើយ​នាង​នោះ​ទុក​បាយ​ឱ្យ ១​ចំណែក​ម្នាក់​អង្គរ ៣ ចាន​ពោត​បួន​ដប់​គ្រាប់ កូន​ឆ្នាំង​ដី​មួយ នឹង​អំបិល​ប្រហុក​ បន្តិច​បន្តួច​ដោយ​គិត​ថា "យប់​នេះ​ខ្លា​វា​នឹង​មក​ខាំ​ស៊ី បើ​មិន​ស្លាប់​ដោយ​ខ្លា​ស៊ី​ក៏​គង់ ស្លាប់​ដោយ​អត់​បាយ​ពុំ​ខាន" ។ លុះ​ផ្ដាំ​កូន​ស្រេច​ហើយ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដេក​ចាំ​មើល​ប្ដី​មក​ពី​រក​ស៊ី ។ លុះ​ប្ដី​មក​ដល់​ក៏​សួរ​ថា "កូន​ស្រី​ទាំង ៣ នាក់​ទៅ​ដើរ​លេង​ឯ​ណា​ពុំ​ឃើញ​មក​ផ្ទះ " ។ ប្រពន្ធ​ប្រាប់​ថា ខ្ញុំ​ប្រើ​វា​ឱ្យ​ទៅ​ចាំ​ស្រូវ​ជា​មួយ​ចាស់​ទុំ​ជា​ច្រើន​លុះ​ស្រូវ​ទុំ​ទើប​វា​ត្រឡប់​មក​វិញ ។
ចំណែក​កុមារី​ទាំង ៣ នាក់​នាំ​បង​ប្អូន​យក​គ្រាប់​ពោត​ទៅ​កប់​តាម​ភ្លឺ​ត្រពាំង ពេល​យប់​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ខ្ទម ។ ឮ​សូរ​តែ​មាត់​ដំរី ចចក ស្វាន​ស្វា​ស្រែក​ទ្រហឹង​អឹង​កង​ពេញ​ព្រៃ​ស្មសាន នាង​បង​មាន​សេចក្ដី​ភិត​ភ័យ ញ័រ​ខ្លួន​ដូច​សត្វ​ស្ទើរ គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន លួង​ប្អូន​ៗ​កុំ​ឱ្យ​យំ​ខ្លាច​សត្វ​សាហាវ​ទាំង​នោះ​វា​មក​ខាំ​សម្លាប់ ។ គ្រា​នោះ​អារក្ខ​ទេវតា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ស្មសាន​គិត​ថា "នាង​ម្ដាយ​ហេតុ​អ្វី​ក៏​យក​កូន​តូច​ៗ​មក​ប្រោស​ចោល​ក្នុង​ព្រៃ​ដូច្នេះ បើ​អញ​មិន​ជួយ​កុមារ​ទាំង​៣ នេះ​ផង​មុខ​ជា​ម្រឹគ​ពាទ្យ​យង់​ឃ្នង​ស៊ី​ពុំ​ខាន គួរ​អញ​សង្គ្រោះ​កុមារ​ទាំង​នេះ​ទម្រាំ​ផុត​ពេល​រាត្រី​នេះ ហើយ​អញ​នឹង​ក្រាប​ទូល​សម្ដេច​ឥន្ទ្រាធិរាជ " ។ គិត​ស្រេច​អារក្ខ​ទេវតា​សម្ដែង​ឫទ្ធិ​ស្រែក​គំរាម​ពួក​សត្វ​សាហាវ​ឱ្យ​រត់​ខ្ចាត់​ខ្ចាយ​ទៅ លុះ​ព្រឹក​ឡើង​ក៏​ចូល​ទៅ​កាន់​សំណាក់​ទេវរាជ​ឈ្មោះ​វរុណ នៅ​ទិស​ឦសាន ដើម្បី​ឱ្យ​ទេវរាជ​នេះ នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ ។
វរុណ​ទេវរាជ​រំពឹង​ឃើញ​ថា "ការ​នេះ​មិន​ចាំ​បាច់​ទៅ​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ​ទេ ព្រោះ​កុមារី​ទាំង ៣ នេះ​ត្រូវ​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​បក្សី " ហើយ​បង្គាប់​ថា "ត្រូវ​អ្នក​ឯង​ជួយ​ការពារ​កុមារី​ទាំង ៣ ឱ្យ​មធ្យ័ត​កុំ​ឱ្យ​សត្វ​សាហាវ​បៀតបៀន​បាន ទម្រាំ​វា​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ បើ​វា​ឃ្លាន​អាហារ​ត្រូវ​និមិត្ត​ជា​ត្រី​ក្រឹម​ទន្សាយ ខ្យង ខ្ចៅ ដាក់​ក្នុង​ត្រពាំង​មួយ​ឱ្យ​វា​ស៊ី​ទៅ " ។ អារក្ខ​ទេវតា​ត្រឡប់​មក​វិញ​ក៏​ធ្វើ​តាម​បង្គាប់​វរុណ​ទេវរាជ ។ ឯ​កុមារី​ទាំង ៣ នាក់​នោះ​នៅ​ចាំ​ស្រូវ​បាន ៣ យប់ ៣ ថ្ងៃ ក៏​អស់​អង្ករ ៣ ចាន​ដែល​ម្ដាយ​ទុក​ឱ្យ​ស៊ី ប្អូន​យំ​រក​បាយ​ស៊ី បង​បាន​ដើរ​ទៅ​បេះ​ស្លឹក ថ្នឹង ចូល​ទៅ​ក្នុង​ថ្លុក​ក្ដិច​ត្រួយ​ត្រកួន និង ដើម​អំពៅ​ដៀប យក​មក​ចែក​គ្នា​ស៊ី ។
ប្អូន​បង្អស់​ចេះ​តែ​ស្រែក​យំ បង​ក៏​នាំ​គ្នា​ចុះ​ទៅ​ចាប់​ត្រី​ក្រឹម​ទន្សាយ​ធំ​មួយ​បាន​មក ប្រុង​ដុត​ស៊ី​តែ​ភ្លើង​ដែល​ម្ដាយ​បង្កាត់​ទុក​ឱ្យ​រលត់​អស់​ទៅ ក៏​នាំ​បង​ប្អូន​ហែក​ស៊ី​ឆៅ​បន្តិច​ម្នាក់ ។ ប្អូន​ចេះ​តែ​យំ​កន្ទក់កន្ទេញ​ចង់​ទៅ​ផ្ទះ បង​ថា​មិន​ហ៊ាន​ទេ ខ្លាច​ម៉ែ​វាយ តែ​ប្អូន​ទាំង​ពីរ​ស្រែក​យំ​ខ្លាំង​ពេក​បង​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​ទៅ​ផ្ទះ ។
ឯ​ម្ដាយ​កាល​បើ​ឃើញ​កូន​បណ្ដើរ​គ្នា​មក​ដូច្នោះ ក៏​មួរ​ម៉ៅ​ស្រែក​ជេរ​ពី​លើ​ផ្ទះ មេ​កូន​ចង្រៃ ! អញ​ថា​យក​វា​ទៅ​ប្រោស​ចោល ឱ្យ​ស្លាប់​ព្រាត់​ប្រាស់​អស់​ទៅ​ឥឡូវ មិន​ស្លាប់​បែរ​ជា​នាំ​គ្នា​ត្រឡប់​មក​វិញ​ អញ​វាយ​សម្លាប់​ឥឡូវ​ហើយ កុំ​ឱ្យ​អញ​ឃើញ​មុខ​មាត់​អញ​មិន​ឱ្យ​ហង​ឡើង​ផ្ទះ​សម្បែង​ទេ " ។ នាង​បង​អង្វរ​ថា "សូម​អ្នក​ម្ដាយ​អាណិត​កូន​ផង​ចុះ ព្រោះ​ប្អូន​ចេះ​តែ​យំ​ឃ្លាន​បាយ​អត់ ២-៣ ថ្ងៃ​ហើយ​ស៊ី​តែ​ស្លឹក​ឈើ​ជំនួស​បាយ​ភ្លើង​ក៏​រលត់​អស់ បើ​ម៉ែ​មិន​ឱ្យ​នៅ​កូន​សូម​តែ​អង្ករ​និង​ភ្លើង​ត្រឡប់​ទៅ​វិញ សូម​ម្ដាយ​កុំ​ធ្វើ​បាប​កូន កូន​សូម​ទោស " ។ ឯ​កូន​ប្អូន​និយាយ​ប្រាប់​ម្ដាយ​ថា "ម៉ែ ! បង​ចាប់​បាន​សាយ​ស៊ី​អែត " ។ ម្ដាយ​ឮ​កូន​ប្រាប់​ថា "ចាប់​បាន​ទន្សាយ​ស៊ី​ឆ្អែត' ក៏​រឹត​មួរ​ម៉ៅ​ខ្លាំង​ណាស់​ទៅ​ទៀត ជេរ​បញ្ចោរ​ថា "មេ​កូន​ចង្រៃ! វា​បាន​ទន្សាយ​ចែក​គ្នា​ស៊ី​ម្ដេច​មិន​យក​ឱ្យ​អញ​ស៊ី​ផង " ។ និយាយ​តែ​ប៉ុណ្ណោះ​ក៏​ស្ទុះ​ទៅ​វាយ​កូន​ទាំង ៣ នាក់​ធាក់​ច្រំ​បណ្ដេញ​ឱ្យ​ទៅ​ព្រៃ​វិញ របស់​អ្វី​បន្តិច​បន្តួច​ក៏​មិន​ឱ្យ​សោះ ប៉ង​ឱ្យ​តែ​ស្លាប់​បាត់​បង់​ទៅ។ គួរ​ឱ្យ​អាសូរ​កុមារី​ទាំង ៣ នាក់​នេះ​ពន់​ពេក​ម្ដាយ​វាយ​បែក​ឈាម​ហូរ​សស្រាក់ ក៏​នៅ​តែ​មិន​បាត់​វាចា​ថា "ម៉ែ​ៗ !" ឥត​ដឹង​ថា​​ម្ដាយ​ប្រុង​សម្លាប់​ខ្លួន​ចោល​សោះ ។ ឯ​កុមារី​ប្អូន​ចេះ​តែ​អួត​ប្រាប់​ម្ដាយ​ថា "បាន​សាយ​ស៊ី​អែត​ៗ " ។ ម្ដាយ​ឮ​ដូច្នោះ​រឹត​តែ​វាយ​ខ្លាំង​ថែម​​ទៀត ។
នាង​បង​ប្រឹង​ទាញ​ប្អូន​ទាំង​ពីរ​នាក់​ទៅ​ដោយ​គិត​ឃើញ​ថា បើ​ទ្រាំ​នៅ​មុខ​តែ​ម្ដាយ​សម្លាប់​មិន​ខាន​ ហើយ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ខ្ទម​ដដែល ដោយ​គ្រាំ​គ្រា​នឹង​ម្ដាយ​វាយ​សំពង់​ក៏​សន្លប់​បាត់​ស្មារតី​ទាំង ៣ នាក់ ។ អារក្ខ​ទេវតា​កាល​បើ​ឃើញ​ដូច្នោះ ក៏​យក​ទឹក​មក​ប្រោះ​ព្រំ​កុមារី​ទាំង ៣ នាក់​ឱ្យ​មាន​ស្មារតី​ឡើង​វិញ ។
កុមារី​ទាំង ៣ នាក់​លុះ​ដឹង​ស្មារតី​ឡើង​ស្រែក​ទ្រហោ​យំ​ទាំង​អស់​គ្នា ឯ​នាង​បង​ក៏​ចុះ​ទៅ​ចាប់​ត្រី​ក្រឹម​ទន្សាយ និង​រាវ​រក​ខ្យង​ខ្ចៅ​មក​ហែក​ចែក​បង​ប្អូន​ស៊ី​ជំនួស​បាយ​ជានិច្ច​រាល់​ថ្ងៃ ត្រី​និង​ខ្យង​ខ្ចៅ​ចេះ​តែ​មាន​មិន​អស់​ព្រោះ​ទេវតា​និម្មិត​ឱ្យ​កាល​ណា​ថ្ងៃ​ក្ដៅ​ល្អ ស្រង់​មក​ហាល​ថ្ងៃ​ឱ្យ​តែ​ក្រៀម​ៗ វាយ​បំបែក ហែក​ចែក​គ្នា​ស៊ី​ទៅ ។ នាង​បង​និយាយ​កៀក​ក​ប្អូន​លួង​លោម​ថា “'អូន​អើយ ! យើង​ទាំង ៣ នាក់​នេះ​ពុំ​បាន​ជួប​មុខ​ម៉ែ​ទៀត​ទេ ព្រោះ​គាត់​មាន​ប្ដី​ថ្មី​ទៀត បាន​ជា​គាត់​ស្អប់​យើង​ហើយ​រក​រឿង​សម្លាប់​យើង​ចោល យើង​កុំ​សង្ឃឹម​ថា​មាន​ជីវិត​រស់​នៅ​ត​ទៅ​មុខ​ទៀត ណា​មួយ​សំពត់​អាវ​មាន​តែ​មួយ​ម្នាក់​សម្រាប់​ស្លៀក​ដណ្ដប់ ឥឡូវ​នេះ​ដាច់​អស់​ទៅ​ហើយ ត​ទៅ​មុខ​យើង​នឹង​រងា​ឱប​ក្បាល​ជង្គង់​ហើយ នឹង​អាក្រាត​កាយ​នៅ​តែ​ខ្លួន​ទទេ​ដូច​សត្វ​តិរច្ឆាន" ។ អំពី​ពោត​ដែល​នាង​បាន​ដាំ​ជុំ​វិញ​ភ្លឺ ត្រពាំង​នោះ​បាន ៣ ខែ​មាន​ផ្លែ​ចាស់​ខ្ចី សត្វ ជ្រូក ក្ដាន់ ស្វា កំប្រុក ពុំ​ហ៊ាន​ស៊ី​ឡើយ ព្រោះ​អារក្ខ​ទេវតា​តែង​ថែរក្សា នាង​បង​តែង​ទៅ​បេះ​យក​មក​បរិភោគ​ជា​មួយ នឹង​ត្រី​ក្រឹម​ទន្សាយ​ហើយ​នឹង​ខ្យង​ខ្ចៅ ។ លុះ​បាន ៦ ខែ កុមារី​ទាំង ៣ នាក់​ស្រាប់​តែ​ដុះ​រោម​ចេញ​ពេញ​ខ្លួន ដៃ​សង​ខាង​ដុះ​ចេញ​ទៅ​ជា​ស្លាប​ទទះ​ហើរ​ទៅ​ដល់​ចុង​ឈើ ចាប់​ប្រតោង​បេះ​ផ្លែ​ឈើ​បាន​ទាំង​អស់​គ្នា តែ​ហើរ​ទៅ​ឆ្ងាយ​ពុំ​រួច​ បបូរ​មាត់​ដុះ​ចេញ​ទៅ​ជា​ចំពុះ រឹង​មាត់​និយាយ​ភាសា​មនុស្ស​ពុំ​កើត​គ្រាន់​តែ​ដឹង​ខ្លួន​ថា ខ្លួន​នៅ​ជា​មនុស្ស​តែ​និយាយ​ទៅ​ជា​សំឡេង​សត្វ​តិរច្ឆាន យូរ​ៗ​ទៅ​កាន់​តែ​ហើរ​បាន​ឆ្ងាយ​បន្តិច​ម្ដង​ៗ ព្រោះ​តាំង​ពី​បបូរ​មាត់​ដុះ​ចេញ​ទៅ​ជា​ចំពុះ មិន​ដែល​និយាយ​ភាសា​មនុស្ស​សោះ តែ​បើ​មនុស្ស​និយាយ​ទៅ​រក​នៅ​ស្ដាប់​បាន។
ឯ​ប្ដី​ចុង​របស់​នាង​ជា​ម្ដាយ​នៃ​កុមារី​ទាំង​នោះ តែង​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ជា​និច្ច ។ ថ្ងៃ​មួយ​មាន​អ្នក​ជិត​ខាង​គេ​ប្ដឹង​ដល់​អ្នក​រាជការ ៗ ក៏​ចាប់​យក​ទៅ​ដាក់​គុក​មួយ​ជីវិត​ទៅ ។
ពេល​នោះ នាង​ជា​ម្ដាយ​ដេក​ព្រួយ​ចិត្ត នឹក​អាណិត​ដល់​កូន​កម្សត់​ទាំង ៣ នាក់​ដែល​ខ្លួន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឃើញ​កូន​នៅ​រញង់​ក្នុង​ខ្ទម​ស្គាល់​ច្បាស់​លាស់​ជា​កូន ព្រោះ​មាន​ទម្រង់​ជា​មនុស្ស​នៅ​ឡើយ តែ​ដុះ​ស្លាប​មាន​ចំពុះ​ដូច​សត្វ​តិរច្ឆាន ក៏​ស្រែក​ហៅ​ថា "កូន​អើយ ! ឥឡូវ​ម្ដាយ​មក​ទទួល​កូន​ទៅ​វិញ ម្ដាយ​លែង​ឱ្យ​កូន​នៅ​ក្នុង​ព្រៃ​ទៀត​ហើយ" ។
កូន​ទាំង ៣ នាក់​ឮ​មាត់​ម្ដាយ​ហៅ ស្គាល់​ជាក់ ជា​ម្ដាយ​ក៏​គិត​គ្នា​ថា "ម៉ែ​យើង​មក​រក​សម្លាប់​ទៀត​ហើយ ត្រូវ​យើង​កុំ​ទុក​ចិត្ត​គាត់ យើង​នាំ​គ្នា​ហើរ​ទៅ​ល្អ​ជាង" គិត​ដូច្នោះ​ក៏​នាំ​គ្នា​ហើរ​ត្រសង​ទៅ​ទំ​លើ​ឈើ​ខ្ពស់ ១ ដើម​ស្រែក​ប្រាប់​មក​ម្ដាយ​ដោយ​បំណង​និយាយ​ថា "យើង​ផុត​និស្ស័យ​ជា​កូន​លោក​ហើយ យើង​ទៅ​ជា​សត្វ​តិរច្ឆាន​ល្អ​ជាង អ្នក​កុំ​មក​ជិត​យើង" ប៉ុន្តែ​សំដី​ដែល​ស្រែក​ប្រាប់​ម្ដាយ​នោះ មិន​ច្បាស់​លាស់​ជា​សំដី​របស់​មនុស្ស​ទេ​ទៅ ជា​ស្រែក​ថា "កូន​លោក​ៗ" ទៅ​វិញ​កាល​បើ​ម្ដាយ​ចូល​ទៅ​ជិត​ក៏​នាំ​គ្នា​ហើរ​ទៅ​ទំ​លើ​ដើម​ឈើ​ដ​ទៃ​ទៀត​ស្រែក​ថា "កូន​លោក​ៗ" ។ ម្ដាយ​ចេះ​តែ​ដើរ​ស្រែក​ហៅ​កូន​ ទាល់​តែ​អស់​កម្លាំង​ដើរ​ពុំ​រួច ណា​មួយ​អស់​អាហារ​បរិភោគ​ផង ក៏​ដួល​ស្លាប់​ទៅ ។
នៅ​ប្រទេស​កម្ពុជា សត្វ​នេះ​វា​តែង​តែ​ហើរ​មក​រើស​ខ្យង​ខ្ចៅ​ស៊ី​តាម​វាល​ស្រែ ក្បែរ​ជើង​ភ្នំ ឬ​ព្រៃ​ស្រោង កាល​ណា​វា​ផ្អើល​នឹង​មនុស្ស ឬ​សត្វ​ដូច​គ្នា​វា​ស្ទុះ​ហើរ ស្រែក​យំ​ឮ​ថា កូន​លោក! កូន​លោក! លុះ​រាត្រី​ស្ងាត់​វា​ថ្ងូរ​មុខ​គួរ​ឱ្យ​ស្រណោះ​ពន់​ពេក ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង​ ដើម​កំណើត​សត្វ​កូនលោក
រឿង​ ដើម​កំណើត​សត្វ​កូនលោក
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_439.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_439.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy