មាននិទានមួយដំណាលថា : មានបុរស ២ នាក់ ម្នាក់ទៅសងគុណគេ ម្នាក់ទៅធ្វើបុណ្យ ។ ចៅម្នាក់បររទេះទៅ ចៅម្នាក់បររទេះមក ។ ចៅទាំង ២ នាក់បររទេះមកប្រទះគ្នា ពុំព្រមចៀសគ្នា ក៏ឈ្លោះគ្នាជាយូរទាល់តែខូចបង់ ចំណីចំណុកផ្លែឈើទីទៃ ៗ អស់ ហើយនាំគ្នាទៅប្ដឹងចៅក្រម ៗ ពុំអាចជំនុំជម្រះឲ្យចៅទាំង ២ នាក់បាន ទើបនាំចៅទាំង ២ នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើររឿងនោះ ។ ព្រះមហាក្សត្រមានព្រះបន្ទូលដណ្ដឹងចៅទាំង ២ នាក់ថា “ បានជាព្រះស្ដែងទាំង ២ បររទេះពុំព្រមចៀសគ្នានេះ តើមានដំណើរដើមដូចម្ដេច ? ” ។ បុរសក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់ នេះបររទេះទៅធ្វើបុណ្យ បានប្រទះនឹងចៅនេះ ៗ ពុំព្រមចៀសខ្ញុំព្រះបាទអម្ចាស់ឡើយ ” ។ ម្នាក់ទៀតក្រាបទូលថា “ ដើមឡើយមានមនុស្សម្នាក់នៅទីឯណោះ គេមានគុណនឹងខ្ញុំព្រះបាទអម្ចាស់ឥឡូវនេះគេមានទុក្ខធំ ខ្ញុំព្រះបាទអម្ចាស់ក៏បររទេះទៅសងគុណគេវិញជាប្រញាប់ បានមកប្រទះនឹងរទេះចៅនេះ ៗ ពុំព្រមចៀសខ្ញុំព្រះបាទអម្ចាស់ឡើយ ” ។ ព្រះមហាក្សត្រមានព្រះបន្ទូលកាត់សេចក្ដីថា “ព្រះស្ដែងដែលទៅធ្វើបុណ្យ ត្រូវសងរបស់ព្រះស្ដែងដែលទៅសងគុណគេ ព្រោះព្រះស្ដែងដែលទៅធ្វើបុណ្យនោះ គឺទៅដោយចិត្តសទ្ធា មិនមែនធ្វើបុណ្យលាបំណន់អ្វីឡើយ, ឯព្រះស្ដែងដែលទៅសងគុណគេនោះ ព្រោះកាលខ្លួនមានទុក្ខ គេដោះទុក្ខខ្លួន ឥឡូវដល់ពេលគេមានទុក្ខវិញ ត្រូវតែទៅដោះទុក្ខតប ស្នងសងគុណគេវិញ ដោយហេតុតែព្រះស្ដែងមួយនេះ បររទេះពុំព្រមចៀស ទើបព្រះស្ដែងនេះខានបានទៅសងគុណគេនោះ ” ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ចៅទាំង ២ នាក់ចូលចិត្ត ហើយថ្វាយបង្គំលានាំគ្នាទៅកាន់ទីលំនៅអាត្មាទីទៃ ៗ ហោង ។