រឿង ព្រេងទាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រី


មាន​រឿង​ដំណាល​ថា កាល​នោះ មាន​មហា​ចោរ​ម្នាក់​ពុំ​មាន​ភរិយា បាន​សង់​ផ្ទះ​មួយ​ខ្នង​យ៉ាង​ល្អ​បណ្ដាច់ នៅ​ក្នុង​ព្រៃ​ស្មសាន ដើម្បី​នឹង​ទុក​ដាក់​ទ្រព្យ​របស់ មាន​មាស ប្រាក់ សំពត់ អាវ សាវ​ស្បៃ ជាដើម ដែល​ខ្លួន​ទៅ​លួច​ប្លន់​គេ​បាន​អំពី​ទី​ផ្សេង​ៗ មក ។ មហា​ចោរ​នោះ លុះ​កាល​ជា​ចំណេរ​ក្រោយ​មក ក៏​រំពឹង​គិត​ថា “អាត្មា​អញ មាន​ទ្រព្យ​សម្បត្តិ ច្រើន​ដល់​ម្ល៉ឹង​ដែរ​ហើយ តែ​ទាស់​ត្រង់​គ្មាន​អ្នក​ណា​ថែរក្សា គិត​សព្វ​គ្រប់​ទៅ ការ​ខំ​ប្រឹង​របស់​អញ​នេះ ដូច​ជា​គ្មាន​បាន​ការ​អ្វី​សោះ ! ព្រោះ​ថា បើ​កាល​ណា​អាត្មា​អញ​ស្លាប់​ទៅ ទ្រព្យ​អស់​ទាំង​នេះ នឹង​ទៅ​ជា​របស់​អសារ​ឥត​ការ​គួរ​ឲ្យ​ស្ដាយ, បើ​មាន​កូន​ប្រពន្ធ​គ្រាន់​នឹង​ស៊ី​មត៌ក​នោះ​ទៅ​រ៉ា អាត្មា​អញ​នឹង​មិន​សូវ​ជា​ស្ដាយ​ពេក” ។ គិត​ហើយ មហា​ចោរ ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក រំពៃ​គយ​គន់​មើល​ហ្វូង​ស្រី–ប្រុស ដែល​នាំ​គ្នា​លេង​ខ្ញៀវខ្ញារ​នៅ​ក្រោម​ម្លប់​ឈើ ។ លុះ​គយ​គន់​ទៅ ឃើញ​នាង​តូច​មួយ​នោះ មាន​រូប​ឆោម​ស្អាត​សមរម្យ មាន​សាច់​ឈាម​ថ្លា ថ្លៃ​ថ្នូរ គួរ​ឲ្យ​ស្រឡាញ់ ក៏​និយាយ​លួង​លោម​កូន​នោះ​ឲ្យ​បែក​ចេញ​ពី​ហ្វូង ហើយ​ក៏​បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​ផង​ខ្លួន ។ ដោយ​ខ្លាច​កូន​ក្មេង​នោះ​លួច​រត់ ទៅ​រក​ម៉ែ​ឪ​វា​វិញ ព្រម​ទាំង​ការពារ​កុំ​ឲ្យ​ម្ដាយ​ឪពុក​វា​តាម​ទៅ​រក​ឃើញ មហា​ចោរ​ក៏​យក​ក្មេង​នោះ​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ ចាក់​សោ​យ៉ាង​ខ្ជាប់​ខ្ជួន ។ រាល់​ពេល​បាយ ឬ​ពេល​បាន​ចំណី​អាហារ​ឆ្ងាញ់​ៗ មក មហា​ចោរ តែង​ហុច​តាម​បង្អួច​មួយ​តូច​ទៅ​ឲ្យ​នាង​បរិភោគ ។

ក្មេង​ស្រី​នោះ នៅ​ក្នុង​ម្លប់ ក៏​ចេះ​តែ​ចម្រើន​សាច់​ឈាម រាល់​ថ្ងៃ​ជា​លំដាប់ ។ លុះ​នាង​ពេញ​វ័យ​ក្រមុំ ការ​ដែល​នាង​មិន​មាន​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង មិន​មាន​ជាន់​ដី បណ្ដាល​ឲ្យ​នាង​មាន​ជំងឺ​ស្គម​ស្គាំង​ស្លាំង​ស្លេក ។ មហា​ចោរ ភ័យ​ណាស់ មិន​ដឹង​ជា​កូន​មាន​ការណ៍​អ្វី ក៏​ត្រាច់​ទៅ​ក្នុង​ភូមិ​មួយ​ឆ្ងាយ ទើប​បាន​ជួប​នឹង​ដូន​ចាស់​ម្នាក់​ធ្លាប់​ធ្វើ​ឆ្មប ក៏​និយាយ​អង្វរ​សុំ​អញ្ជើញ​ដូន​ឲ្យ​មក​ជួយ​មើល​កូន​ខ្លួន ។ យាយ​ម៉ប​នោះ​មក​ដល់ ចូល​ទៅ​សួរ​សុខ​ទុក្ខ​នាង​ហើយ​យល់​ការណ៍ ក៏​ប្រាប់​នាង​ថា “ចៅ​យាយ​អើយ ! ចូរ​ចៅ​កុំ​ព្រួយ​អ្វី ! ចៅ​ឈឺ​នេះ គ្មាន​អ្វី​ក្រៅ​ពី​ជំងឺ​គ្រប់​ការ​ទេ គឺ​ពេល​ដែល​នាង​ផ្លាស់​វ័យ​នេះ​ឯង​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ចេះ​តែ​រសាប់រសល់ ចុក​ខ្នង ចុក​ចង្កេះ ល្ហិតល្ហៃ ទន់​ដៃ​ទន់​ជើង, កុំ​ព្រួយ​អ្វី​ណា៎​ចៅ ! ចាំ​យាយ​ផ្សំ​ថ្នាំ​សង្កូវ​ឲ្យ​នាង​ញ៉ាំ ឲ្យ​បាន​ធូរ​ស្រាល​ឆាប់​រហ័ស” ។ ថា​ហើយ យាយ​ម៉ប ក៏​ទៅ​រក​ស្ងោរ​សំបក​ឈើ​មក​ផ្សំ​ថ្នាំ ដាំ​ឲ្យ​នាង​នោះ​អាស្រ័យ ហើយ​ផ្ដាំ​ថា “ចៅ​អើយ ! ចៅ​យក​ថ្នាំ​នេះ​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត ហើយ​រក​ថូ ឬ​ឆ្នាំង​អ្វី​ដាក់​ទុក​ទៅ, ពេល​នាង​ដឹង​ថា ជិត​ដល់​រដូវ​កាល​ហើយ ចូរ​នាង​យក​មួយ​កញ្ចប់​មក​ដាំ​ញ៉ាំ ៤–៥ ថ្ងៃ​ទៅ នោះ​នាង​នឹង​បាន​ធូរ​ស្រាល​ក្នុង​ខ្លួន​ដូច​បំណង ហើយ​សាច់​ឈាម​ពណ៌​សម្បុរ​របស់​នាង ក៏​រឹត​តែ​ល្អ​ឡើង​ដែរ” ។ លុះ​កូន​ស្រី​មហា​ចោរ​ផឹក​ថ្នាំ បាន​ធូរ​ស្រាល​ស្បើយ​រោគ​ហើយ យាយ​ម៉ប ក៏​ចូល​ទៅ​សំពះ​សុំ​លា​មហា​ចោរ ត្រឡប់​ទៅ​មើល​ផ្ទះ​សម្បែង​វិញ ។ មហា​ចោរ បាន​យក​មាស​ប្រាក់​ជូន​ជា ទ្រនឹប​រង្វាន់​យាយ​ម៉ប ហើយ​ជូន​ត្រឡប់​ដល់​ផ្ទះ​វិញ ។ ពេល​រៀប​ចេញ​ដំណើរ​ពី​ផ្ទះ​មហា​ចោរ​ទៅ យាយ​ម៉ប នឹក​ក្នុង​ចិត្ត​ថា “កន្លែង​មហា​ចោរ​នេះ ឆ្ងាយ​ដាច់​ស្រយាល​ពី​ភូមិ​ស្រុក​គេ​ណាស់, ឯ​ព្រៃ​ទៀត​សោត ក៏​ញឹក​ស្ងាត់​ជ្រងំ គួរ​ឲ្យ​ខ្លាច, ប្រសិន​បើ​អញ​ត្រូវ​ការ​ចង់​បក​រក​ទី​នេះ​វិញ ធ្វើ​ម្ដេច​នឹង​រក​ផ្លូវ​មក​ឃើញ !” នឹក​សព្វ​គ្រប់​ហើយ គាត់​ក៏​រក​បាន​គ្រាប់​ឪឡឹក​មួយ​បង្វេច យក​មក​តាម​ខ្លួន ដើរ​តាម​ក្រោយ​មហា​ចោរ​មក ដើរ​បណ្ដើរ ចាប់​គ្រាប់​ឪឡឹក​រោយ​បណ្ដើរ រហូត​មក​ដល់​ផ្ទះ​គាត់ ។ ត​ទៅ​នេះ នឹង​ថ្លែង​ចាប់​សា​ដើម​បន្តិច អំពី​ពេល​ដែល​យាយ​ម៉ប​បាន​ទៅ​នៅ​ថែ​ទាំ​កូន​ចោរ​នោះ​មក គាត់​តែង​តែ​សង្កេត​មើល​ឫកពា និង រូប​ឆោម​កូន​នោះ​ឃើញ​ល្អ ក៏​ចេះ​តែ​កួច​ចិត្ត​ទុក នឹង​សម្លឹង​រក​កំលោះ​ណា​មួយ​ឲ្យ​សក្ដិ​សម​គ្នា​នឹង​នាង ។ ថ្ងៃ​មួយ អាស្រ័យ​បច្ច័យ​ហេតុ​ផល​ពី​បុព្វេ បណ្ដាល​ចិត្ត​ឲ្យ​មាណព​ម្នាក់ ដែល​ត្រឡប់​ពី​រៀន​វិជ្ជាការ ឲ្យ​ចង់​ចូល​ទៅ​សុំ​សម្រាក នៅ​ផ្ទះ​យាយ​ម៉ប​នោះ​សិន ត្បិត​ថ្ងៃ​កាន់​តែ​ជ្រេ, កម្លាំង​ក៏​អស់, ហេវ​បាយ, ផ្លូវ​ទៅ​មុខ​ទៀត​ក៏​ឆ្ងាយ ក្រែង​យប់​កណ្ដាល​ផ្លូវ នឹង​មាន​ភ័យ​ច្រើន ក៏​រូត​រះ​ចូល​ទៅ​សំពះ​ដូន​ចាស់ សុំ​សម្នាក់​មួយ​យប់ ។ ដូន​ចាស់ កំពុង​នឹង​រៀបចំ​ដណ្ដាំ​បាយ​បរិភោគ ជួន​ក្រឡេក​ឃើញ​មាណព​ចូល​មក​សំពះ​សុំ​ស្នាក់ ក៏​មាន​ចិត្ត​សប្បុរស ទទួល​ឲ្យ​នៅ ហើយ​ដាំ​បាយ​បណ្ដើរ សំណេះ​សំណាល​សួរ​អំពី​ពូជ​ពង្ស​បណ្ដើរ ។ លុះ​អាស្រ័យ​បាយ​រួច នឹង​ទុក​ដាក់​ចាន​ក្បាន​ស្រេច យាយ​ម៉ប ដែល​ចេះ​តែ​លប​សង្កេត​រូប​ឆោម​មាណព​នោះ​តាំង​តែ​ពី​ចូល​មក ក៏​បង្ហើប​សំនួរ​ថា “ចៅ​អើយ ! ពី​កាល​ដែល​ចៅ​លា​ឪពុក​ម្ដាយ​មក​ស្វែង​រក​តម្រិះ​វិជ្ជា​នេះ តើ​ឪពុក​ម្ដាយ​ចៅ មាន​ស្ដី​ដណ្ដឹង​កូន​ចៅ​អ្នក​ឯ​ណា​ទុក​ឲ្យ​ចៅ​ហើយ​ឬ​នៅ ?” ។ ចៅ​មាណព​តប​ថា “មិន​ទាន់​មាន​នៅ​ឡើយ​ទេ !” ហើយ​បន្ត​សំដី​ថា “ខ្ញុំ​នឹក​ថា ប្រសិន​បើ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ស្រុក​ភូមិ​គេ​នេះ បាន​ជួប​ស្ត្រី​ណា​មួយ​មាន​លក្ខណៈ​សមរម្យ ខ្ញុំ​នឹង​យក​គេ​ជា​ប្រពន្ធ​ហើយ! តើ​លោក​យាយ​មាន​បាន​ស្គាល់​កូន​ចៅ​លោក​អ្នក​ណា ដែល​ល្អ នៅ​ក្នុង​ស្រុក​ភូមិ​របស់​យាយ​នេះ ដែរ​ឬ​ទេ ?” ។ – ចៅ​អើយ ! (យាយ​ម៉ប​នោះ​ឆ្លើយ) នៅ​ក្នុង​ស្រុក​ភូមិ​នេះ មិន​ឃើញ​មាន​ស្ត្រី​ណា​ម្នាក់​ដែល​សក្ដិ​សម​នឹង​ចៅ​ទេ ប៉ុន្តែ ជីដូន​ធ្លាប់​បាន​ឃើញ​ស្ត្រី​ម្នាក់​ដែរ នាង​នោះ ជា​កូន​មហា​ចោរ នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ដាច់​ស្រយាល​ឯ​នោះ ។ យាយ​ម៉ប ក៏​និយាយ​រាប់​រៀប អំពី​ដំណើរ​ការណ៍​ដែល​គាត់​បាន​ទៅ​ឃើញ​នាង​នោះ និង​បាន​សង្កេត​ឃើញ​ឫកពា​សមរម្យ ។ ឮ​ពាក្យ​សរសើរ​របស់​យាយ​ម៉ប មាណព​នោះ​អន្ទះសា​ចង់​ឃើញ​រូប​នាង ក៏​អង្វរ​ឲ្យ​យាយ​ជូន​ទៅ ។ – ទេ​ចៅ ! (យាយ​ម៉ប​ប្រកែក) យាយ​ជូន​ទៅ​មិន​បាន​ទេ ព្រោះ​យាយ​ខ្លាច​មហា​ចោរ​នោះ​ណាស់ ធម្មតា​ចិត្ត​មហា​ចោរ តែ​ដល់​មាន​ការ​អ្វី​ស្រួល​មិន​ស្រួល​កើត​ឡើង វា​មុខ​ជា​មក​សម្លាប់​យាយ​ចោល​ហើយ ! ។ យាយ​ចាស់​ហើយ តែ​យាយ​នៅ​ចង់​រស់​នៅ​ឡើយ ។ ចូរ​ចៅ​ជឿ​ជាក់​ថា យាយ​ចង់​ឲ្យ​ចៅ និង នាង​នោះ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ណាស់ ព្រោះ​តាំង​តែ​ពី​កាល​យាយ​បាន​ឃើញ​នាង​មក ទោះ​ពេល​យាយ​ចេញ​ដើរ​ទៅ​ផ្សារ​ផ្សោ ទៅ​កាន់​ភូមិ​នានា ទៅ​សង្គ្រោះ​គេ​ក្ដី យាយ​តែង​តែ​គយ​គន់​សម្លឹង​មើល​រាល់​ថ្ងៃ តែ​មិន​ប្រទះ​ឃើញ​បុរស​កំលោះ​ណា​ម្នាក់ ឲ្យ​សម​ល្មម​នឹង​ចិត្ត​យាយ​សោះ ទើប​តែ​ពេល​នេះ ចៅ​មក​ដល់ ចំ​ជា​មហា​លាភ​ហើយ, ចៅ​គេង​ឲ្យ​ស្រួល​ទៅ ព្រឹក​ស្អែក ចាំ​ចៅ​ចេញ​ដំណើរ​ទៅ​រក​នាង” ។ នៅ​ពេល​យប់​នោះ បុរស​ចេះ​តែ​គិត​សព្វ​គិត​គ្រប់ ដេក​ក៏​មិន​លក់ ដោយ​ប្លែក​កន្លែង​ផង ទន្ទឹង​ឲ្យ​តែ​ភ្លឺ​ឆាប់​ផង, ណា​មួយ​គិត​បារម្ភ​អំពី​ដំណើរ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង ណា​មួយ​គិត​ដល់​គ្រោះ​ថ្នាក់​ជា​មួយ​នឹង​មហា​ចោរ, លុះ​យប់​យន់ ទើប​បុរស​គេង​លង់​លក់​ទៅ ។ ពេល​មាន់​រងាវ​ភ្លឺ​ស្រាង​ៗ យាយ​ម៉ប ក្រោក​ដណ្ដាំ​បាយ រក​ម្ហូប​ក្រៀម​ក្រោះ ទឹក​បំពង់ ទុក​បម្រុង​ជា​ស្បៀង ឲ្យ​មាណព​ធ្វើ​ដំណើរ ។ លុះ​មាណព​ក្រោក​ឡើង​ហើយ យាយ​ក៏​ឲ្យ​ស្រស់​ស្រួប រួច​ប្រគល់​កញ្ចប់​អាហារ​សម្រាប់​ផ្លូវ ហើយ​នាំ​បង្ហាញ​តម្រុយ​ដើម​ឪឡឹក ឲ្យ​ចៅ​មាណព​ធ្វើ​ដំណើរ​ចេញ​ទៅ ។ – នែ​ចៅ ! (យាយ​ម៉ប​ប្រាប់) ចូរ​ចៅ​ដើរ​តាម​ជួរ​ឪឡឹក​នេះ​ទៅ​ចុះ ! ចៅ​នឹង​បាន​ទៅ​ដល់​ផ្ទះ​នាង​នោះ​ហើយ តែ​ថា ចូរ​ចៅ​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន​ណា ! ចៅ​ទៅ​ចុះ ! សូម​ឲ្យ​បាន​សេចក្ដី​សុខ ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា, បើ​មាន​សត្រូវ​មក​ពី​មុខ​ឲ្យ​រំលង, បើ​មក​ពី​ខ្នង​ឲ្យ​រលាយ​ណា៎​ចៅ​ណា ! ។ មាណព ក្រាប​ប្រណិប័តន៍​លា​លោក​យាយ ហើយ​ក៏​ចេញ​ដំណើរ​ទៅ ។ ថ្ងៃ​ជ្រេ​បន្តិច ទើប​ទៅ​ដល់​សម្នាក់​មហា​ចោរ ។ គាប់​ជួន​ពេល​នោះ មហា​ចោរ​មិន​នៅ ចេញ​ទៅ​រក​ប្លន់​គេ​បាត់ ទុក​តែ​កូន​ស្រី​ឲ្យ​នៅ​ចាំ​ផ្ទះ​ម្នាក់​ឯង ។ នាង​កំពុង​តែ​ដើរ​តត្រុក បោស​ច្រាស​សម្អាត​ផ្ទះ​សំបែង​តាម​ទម្លាប់ ពុំ​មាន​គិត​ក្រែង​អ្វី​ឡើយ ។ ឯ​ចៅ​មាណព​នោះ ទៅ​លប​គយ​គន់​ឃើញ​សព្វ​គ្រប់​ហើយ ដឹង​ថា​នាង​នៅ​តែ​ម្នាក់​ឯង ក៏​ប្រថុយ​ស្រែក​ហៅ ។ នាង​ឮ​សូរ​មាត់​មនុស្ស​ចម្លែក នឹក​ភ័យ​ណាស់ គិត​ថា “តើ​អ្នក​ណា​អេះ ! ហ៊ាន​ចូល​មក​ដល់​ទី​នេះ ?” ប៉ុន្តែ នាង​ក្រឡេក​ទៅ​ឃើញ​យុវបុរស ជា​អ្នក​មាន​ឫកពា​សុភាព​រាបសា​ល្អ មិន​គួរ​ឲ្យ​ខ្លាច, នាង​ក៏​បើក​ទ្វារ ហៅ​ឲ្យ​បុរស​ចូល ហើយ​និយាយ​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក, មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ទទួល​រាក់​ទាក់ សំណេះ​សំណាល​តាម​ផ្លូវ​លោកិយ ដោយ​សុខ​ចិត្ត​សុខ​កាយ​ធ្វើ​ជា​ស្វាមី ហើយ​នាំ​យក​ទៅ​លាក់​មិន​ឲ្យ​មហា​ចោរ​ជា​ឪពុក​ចិញ្ចឹម​ដឹង​ឡើយ ។ ប៉ុន្តែ ក្នុង​កាល​ជា​បន្ទាប់​មក មហា​ចោរ សង្កេត​ឃើញ​ឫកពា​កូន​ស្រី​របស់​ខ្លួន​ប្លែក​អំពី​ធម្មតា គឺ​ឃើញ​នាង​តែង​ខ្លួន​ជានិច្ច​កាល ធ្វើ​ការងារ​សព្វ​សារពើ​ក្នុង​ផ្ទះ ដោយ​មិន​បាច់​ឪពុក​តឿន​ឡើយ ដូច​ជា​ចង់​ផ្គាប់​ផ្គុន​មនុស្ស​ណា​ម្នាក់ ដែល​ជា​ទី​ពេញ​ចិត្ត ។ មហា​ចោរ នឹក​សង្ស័យ​ថា “នាង​នេះ ច្បាស់​ជា​មាន​ប្រុស​សហាយ​ហើយ !” ក៏​នឹក​តូច​ចិត្ត​នឹង​កូន​ស្រី លាយ​នឹង​សេចក្ដី​ខ្មាស​អៀន​អា​សហាយ​នាង​នោះ​ផង ក៏​ដើរ​ចោល​ទី​កន្លែង​នោះ​ទៅ ។ ឯ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ នៅ​ក្នុង​ព្រៃ​យូរ​បន្តិច​ទៅ មិន​ឃើញ​មហា​ចោរ​នោះ​ត្រឡប់​មក​វិញ ក៏​នាំ​គ្នា​ចុះ​មក​រក​ភូមិ​ស្រុក​នឹង​គេ ។ លុះ​មក​ដល់​ភូមិ​ស្រុក​ហើយ ក៏​ចូល​ទៅ​អរគុណ​នឹង​យាយ​ម៉ប ព្រម​ទាំង​ជូន​រង្វាន់​គាត់​ខ្លះ​ទៀត​ផង ។ យាយ​ម៉ប មាន​ចិត្ត​ត្រេក​អរ​ណាស់ ដើរ​ប្រាប់​អ្នក​ជិត​ខាង​ឲ្យ​មក​មើល​នាង ដោយ​ថ្លែង​បូរបាច់​ប្រាប់​គេ​ថា “នាង​នេះ មាន​រូប​ឆោម​លោម​ពណ៌​សាច់​ជិត​ល្អ មក​អំពី​គេ​នៅ​តែ​ក្នុង​ម្លប់ ដល់​ចេញ​ពី​ម្លប់ ក៏​មាន​ប្ដី​តែ​ម្ដង”។

អ្នក​ស្រុក ឃើញ​ដូច្នោះ នាំ​គ្នា​យក​កូន​ដែល​ដល់​អាយុ​គ្រប់​ការ ទៅ​ឃាំង​ក្នុង​ម្លប់ ដើម្បី​ឲ្យ​បាន​ល្អ​ដូច​គេ ក៏​ជាប់​ជា​ទំនៀម​រហូត​មក ។

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ព្រេងទាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រី
រឿង ព្រេងទាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រី
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_352.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_352.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy