ទឹកភ្លៀង ជាវត្ថុធាតុមួយដ៏វិសេស ទោះបីរុក្ខជាតិ សត្វក្ដី មនុស្សក្ដី
សឹងអាស្រ័យទឹកភ្លៀងដើម្បីរស់ទាំងអស់ ។ អស់រដូវប្រាំងទាំងមូល ដែលនាយឧទ្យាន
ខំស្រោចស្រពដំណាំដោយទឹក តែការចម្រើនលូតលាស់ដំណាំនោះ មិនស្មើនឹងបានទឹកភ្លៀងស្រោចស្រពម្ដងទេ
។ ដូច្នេះក្នុងគ្រា ឬឆ្នាំណាដែលខ្វះទឹកភ្លៀង រមែងមានហេតុភ័យបណ្ដាលឡើងពីរយ៉ាង
គឺ ភ័យអំពីការអត់ឃ្លានម្យ៉ាង ភ័យអំពីរោគាព្យាធិម្យ៉ាង ។ ភ័យអន្តរាយដ៏ធំទាំងពីរយ៉ាងនេះឯងហើយ
ជាកត្តាឲ្យទំនៀមសុំភ្លៀង ទៅជាទំនៀមមួយយ៉ាងសំខាន់ ដែលខ្មែរយើងរក្សាទុក
បានឋិតថេរតមក ។ ការរាំងភ្លៀង តែងធ្វើឲ្យសត្វលោករងទុក្ខវេទនាខ្លាំងបំផុត2
។
មានសេចក្ដីដំណាលថា3 ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង
ព្រះអង្គទ្រង់យោនយកកំណើតជាសត្វត្រីរ៉ស់ ស្ថិតនៅក្នុងស្រះមួយ នាវស្សបុរី
។ កាលនោះ ក្នុងវស្សបុរីទាំងមូល ពុំមានបង្អោរភ្លៀងចុះសោះ, លុះរាំងរឹះយូរៗ
ទៅ ទឹកបឹង ទឹកត្រពាំង ក៏រីងហួតអស់ ។ ចំណែកស្រះដែលមានស្ដេចត្រីរ៉ស់នៅនោះ
ក៏រីងខ្លះដែរ នៅសល់តែភក់ខាប់ ។ ពេលនោះ ពួកត្មាត កុក និង ក្រសារទាំងឡាយ នាំគ្នាចុះចឹកត្រីនៅក្នុងស្រះស៊ីយ៉ាងរីករាយ
ជារៀងរាល់ថ្ងៃ ។ ស្ដេចត្រីរ៉ស់ ក៏បង្គាប់ពួកត្រីទាំងឡាយ ឲ្យមុជចូលជ្រកលាក់ខ្លួនក្នុងភក់យ៉ាងវេទនាណាស់
។ ថ្ងៃមួយ ស្ដេចត្រីរ៉ស់ ជំនុំនឹងត្រីរងគ្រោះឯទៀតថា "តាំងពីពួកយើងមកចាប់កំណើតជាត្រីនេះ
មិនដែលធ្វើអ្វីបៀតបៀនសត្វណាម្ដងទេ មិនគួរឡើយ យើងមកទទួលការលំបាកយ៉ាងនេះសោះ"
។ គ្រានោះ ស្ដេចត្រីរ៉ស់ តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យថា
"សូមតេជះគុណកែវទាំង ៣ ជាទីពឹងរបស់សត្វលោក សូមព្រះអង្គជួយស្រោចស្រង់យើងទាំងឡាយផង
!” ។
នៅពេលនោះ ក៏កើតហេតុអស្ចារ្យ គឺក្ដៅដល់ទៅអាសនាព្រះអម្រិន្ទាធិរាជ
។ បានជ្រាបហេតុអស្ចារ្យដូច្នេះ ព្រះឥន្ទ្រាធិរាជ ទ្រង់ត្រាស់ប្រើទេវបុត្ត
១ អង្គ ឲ្យបង្អុរភ្លៀងចុះមកសព្វទិសទី លិចទីទាបគ្មានសល់ ។ ស្ដេចត្រីរ៉ស់
ព្រមទាំងពពួកត្រីទាំងឡាយ បានសេចក្ដីសុខសប្បាយ តាំងពីពេលនោះមក ។
ដោយមានរឿងអស្ចារ្យយ៉ាងនេះឯងហើយ ទើបកាលណាមានការរាំងរឹះ អ្នកស្រុក
តែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀង ដោយមាននិមន្តព្រះសង្ឃសូធ្យធម៌ សុកោន្ថោ
មានធ្វើស្រះតូចមួយ ហើយរកត្រីរ៉ស់យកទៅដាក់ឲ្យហែលក្នុងទឹកនោះ រួចធ្វើពិធីបួងសួងសុំទឹកភ្លៀងទៅ
4 ។