មាននិទានមួយដំណាលថា : នៅក្នុងនគរ ១ នោះ មានសេដ្ឋី ២ នាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ។ សេដ្ឋីទាំង ២ នាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនឲ្យបានជាស្វាមីភរិយា ។ គាប់ចួនជានគរនោះកើតចលាចលបះបោរ ហើយសេដ្ឋីទាំង ២ នាក់ ក៏បែកខ្ចាត់ខ្ចាយចេញទៅនៅកន្លែងទីទៃ ៗ ពីគ្នា ។ តមកសេដ្ឋីមានកូនស្រីក៏ផ្សំផ្គុំកូនស្រីនោះឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមយកប្ដីនោះមិនប្រកែក ។ នាងនោះបានទៅនៅនឹងប្ដីហើយប្រាប់ប្ដីថា “ ឪពុកខ្ញុំបានផ្សំផ្គុំឲ្យមានប្ដីពីមុនរួចម្ដងហើយ តែមិនទាន់ទាំងបាននៅរួមគ្នាផង ស្រាប់តែអ្នកមកបានខ្ញុំជាភរិយា ” ដោយខ្ញុំមិនទាន់បានដោះពាក្យប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យប្ដេជ្ញានឹងប្ដីដើមនោះសិន តែបើអ្នកបើកឲ្យទៅ ទើបខ្ញុំហ៊ានទៅ បើអ្នកពុំបើកឲ្យទៅទេ ខ្ញុំក៏មិនហ៊ានទៅដែរ ” ។ ប្ដីនោះឆ្លើយថា “ យើងស្មានថានាងនៅទំនេរ ឥតប្ដីទេ, បើនាងមានស្វាមីអំពីមុនរួចមកហើយដូច្នោះ ចូរនាងទៅដោះប្ដេជ្ញានឹងប្ដីដើមឲ្យជ្រះស្រឡះសិនចុះ យើងមិនឃាត់ឃាំងនាងឡើយ ” លុះនាងបានអនុញ្ញាតពីប្ដីដូច្នោះ ហើយក៏តាក់តែងស្អិតស្អាងរាងកាយ ដោយគ្រឿងប្រដាប់សម្រាប់អាត្មា រួចស្រេចហើយ ក៏លីលាចេញទៅ សំដៅទៅរកកូនសេដ្ឋីជាប្ដីដើមនោះ ស្រាប់តែពើបពះប្រទះនឹងខ្លាធំដែលអត់អាហារ ៧ ថ្ងៃមកហើយ ។ ខ្លាលោតទៅ ប្រុងនឹងចាប់នាងឆីចម្អែតពោះអាត្មា ។ នាងរ៉ាយរ៉ាប់រឿងនាងឲ្យខ្លាស្ដាប់សព្វគ្រប់ ខ្លាក៏បើកលែងនាងឲ្យត្រាច់ទៅដោយស្រួល ។ ឯនាងខំស្រូតដើរទៅអំពីនោះ បន្តិចទៅបានជួប នឹងចោរ ៧ នាក់ ។ ចោរឃើញនាងនោះមានគ្រឿងប្រដាប់សម្រាប់អាត្មា សុទ្ធតែជារបស់មានតម្លៃ ក៏គិតគ្នានឹងទៅចាប់នាងយកអីវ៉ាន់អស់នោះ ។ នាងក៏និយាយសាសព្ទប្រាប់ចោរតាមដំណើរនោះសព្វគ្រប់ ។ ពួកចោរបានស្ដាប់ដូច្នោះ មិនយកទ្រព្យទាំងនោះឡើយ បើកឲ្យនាងទៅដោយស្រួល ។ កាលនាងបានរបូតពីកណ្ដាប់ដៃចោរនោះហើយ ក៏ខំដើរត្រាច់រង្គាត់ទៅរហូតដល់ទីលំនៅប្ដីដើម ៗ នោះស្គាល់ច្បាស់ សួរថា នាងមកមានការអ្វី ? ” ។ នាងអង្គុយប្រណិប័តន៍ក្នុងទីស្ងាត់ ជម្រាបថា : សេដ្ឋីឪពុកខ្ញុំ បានផ្សំផ្គុំខ្ញុំឲ្យជាភរិយាអ្នកអំពីមុនរួចមកហើយ ឥឡូវនេះឪពុកលើកខ្ញុំឲ្យមានប្ដីនឹងបុរសដទៃទៀត, ឯខ្ញុំមិនទាន់បានជម្រាបលាពាក្យប្ដេជ្ញារបស់អ្នកជាស្វាមីដើម ឲ្យបានជ្រះស្រឡះដូច្នេះ បើស្វាមីបើកឲ្យខ្ញុំទៅ ខ្ញុំក៏ទៅ បើស្វាមីពុំព្រមបើកឲ្យខ្ញុំទៅទេ ខ្ញុំក៏ពុំហ៊ានទៅដែរ ” ។ ចៅនោះឆ្លើយឡើងថា “ នាងមានចិត្តស្មោះចំពោះមកដល់ខ្ញុំ ៗ ត្រកអរណាស់រកអ្វីប្រៀបពុំបាន តែឥឡូវនេះបើឪពុកនាងលើកនាងឲ្យមានប្ដីហើយ ខ្ញុំនឹងទៅតវ៉ាប្រាថ្នានាងជាប្រពន្ធពុំបានឡើយ ចូរនាងទៅកាន់ប្ដីនាងចុះ ” ។ នាងសំពះលាចៅនោះត្រលប់ទៅផ្ទះវិញ ។ កាលនាងដើរតាមផ្លូវមក គាប់ចួនជាពើបពះប្រទះនឹងចៅម្នាក់ កំពុងដើរទេសរកប្រពន្ធ បានឃើញនាងមានរូបឆោមលោមពណ៌ល្អស្អាត មានទាំងគ្រឿងប្រដាប់ដ៏ល្អនៅខ្លួនផង ក៏និយាយចែចង់ប្រាថ្នានឹងយកធ្វើប្រពន្ធ ។ នាងបានថ្លែងប្រាប់ដោយដំណើររឿងតាំងពីដើមរៀងមក ។ ចៅនោះក៏ពុំជជែកតវ៉ាប្រាថ្នានាងនោះឡើយ ។ លុះនាងទៅដល់លំនៅប្ដីហើយ ក៏នៅរួមគ្នាជាសុខក្សេមក្សាន្តតរៀងទៅ ។
រឿងនេះ ជារឿងពិសោធន៍ចិត្ត បើអ្នកណាសរសើរចិត្តប្ដីរបស់នាងនោះ គឺអ្នកនោះជាមនុស្សច្រើនប្រច័ណ្ឌ, បើអ្នកណាសរសើរចិត្តខ្លា គឺអ្នកនោះជាមនុស្សគាប់ចិត្តបៀតបៀនបំបាត់ជីវិតគេ, បើអ្នកណាសរសើរចិត្តចោរទាំង ៧ នាក់ គឺអ្នកនោះជាមនុស្សមានចិត្តលោភចង់បានតែទ្រព្យគេ, បើអ្នកណាសរសើរចិត្តបុរសដើរទេសរកប្រពន្ធ គឺអ្នកនោះជាមនុស្សចូលចិត្តប្រព្រឹត្តបរទារកម្មនឹងភរិយាគេ, បើអ្នកឯណាវៀរចាក អំពើទាំង ៤ ចំពូកនេះបាន អ្នកនោះនឹងបានស្ថានសួគ៌ពិតប្រាកដហោង ។