មាននិទានមួយថា : មានបុរសម្នាក់ទៅជួញ មានដើមទុនតែហួងមួយ បានចំណេញប្រាក់មួយពាន់ ។ គ្រានោះមានបុរសកម្សត់ម្នាក់ចួនកាលមួយថ្ងៃបានហូបបាយម្ដង ចួនកាល ២ ថ្ងៃបានហូបបាយម្ដង សំពត់ពុំមានស្លៀក ។ ថ្ងៃ ១ មានគេឲ្យសំពត់ស្លៀក ក៏ស្លៀកសំពត់នោះដើរទៅប្របស្ទឹង ។ បុរសអ្នកជួញបានប្រាក់មួយពាន់នោះ ពុនប្រាក់និងបាយសំណុំ ដើរទៅដល់មាត់ស្ទឹងនោះគិតនឹងឆ្លង ។ ស្ទឹងនោះមានទឹកជន់ឆ្លងពុំរួច ទើបបុរសនោះនិយាយនឹងបុរសកម្សត់ថា “ មិត្តអើយ ! ចម្លងអញផង អញឲ្យឈ្នួល ” ។ បុរសកម្សត់ថា “ អញមិនចម្លងទេព្រោះទទឹកសំពត់អញ ៗ ស្ដាយសំពត់ណាស់ ” ។ បុរសពុនប្រាក់នោះនិយាយលោមថា “ មិត្តអើយ ! បើមិត្តចម្លងអញ ៗ នឹងឲ្យឈ្នួលជាទ្រព្យសម្លាញ់ពេញចិត្ត” ។ ទើបបុរសកម្សត់នោះព្រមចម្លងបុរសពុនប្រាក់នោះរួចដល់ត្រើយ ហើយក៏ទាឈ្នួលថា “ឯណាមិត្តថាឲ្យទ្រព្យសម្លាញ់ពេញចិត្តអញនោះ ? ” ។ បុរសពុនប្រាក់ថា “ មានតែបាយនេះឯងជាទ្រព្យសម្លាញ់ ” ។ បុរសកម្សត់ឆ្លើយថា “ចៅឯងបានមត់នឹងអញថា នឹងឲ្យទ្រព្យសម្លាញ់ដល់អញ ទើបអញចម្លងចៅ ត្បិតអញពុំដែលបានសំពត់ស្លៀក អញខ្លាចទទឹកសំពត់អញ ” ។ កាលបើដូច្នោះចៅទាំង ២ នាក់ក៏នាំគ្នាទៅប្ដឹងចៅក្រម ៗ ជម្រះថា “ គេឲ្យបាយនោះជាទ្រព្យសម្លាញ់របស់គេហើយ គួរចៅយកបាយនោះទៅចុះ ។ បុរសកម្សត់នោះពុំព្រមយកបាយ ។ ទើបបុរសទាំង ២ នាក់នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ៗ ទ្រង់ជ្រាបដោយដំណើរនោះសព្វគ្រប់ ហើយមានព្រះបន្ទូលថា “ បាយនោះទុកជាទ្រព្យសម្លាញ់ ហេតុអ្វីក៏ព្រះស្ដែងមិនព្រមយក ” ។ បុរសកម្សត់ក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់សុំយំ ” ។ ព្រះមហាក្សត្រទ្រង់សួរថា “ ហេតុអ្វីក៏ព្រះស្ដែងសុំយំ ? ” បុរសកម្សត់ក្រាបទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស ត្បិតខ្ញុំព្រះបាទអម្ចាស់ធ្លោយគំនិត ” ។ ព្រះមហាក្សត្រមានព្រះបន្ទូលថា “ បើព្រះស្ដែងចង់យំក៏យំតាមចិត្តព្រះស្ដែងចុះ ” ទើបបុរសនោះយំង៉ូវ ៗ ឮដល់ទៅព្រះវររាជមាតា ៗ មានព្រះសវនីយ៍ដណ្ដឹងសួរថា “ គេនឹងឲ្យទ្រព្យសម្លាញ់វា ឥឡូវនេះគេពុំព្រមឲ្យវា គេឲ្យឯបាយវិញ ” ។ ទើបព្រះវររាជមាតា ឲ្យទៅទូលសូមយកសេចក្ដីនោះអំពីព្រះរាជបុត្រមក នឹងទ្រង់ពិចារណា ។ ព្រះរាជបុត្រក៏បើកសេចក្ដីនោះថ្វាយទៅសម្ដេចព្រះវររាជមាតា ។ សម្ដេចព្រះវររាជមាតាមានព្រះសវនីយ៍ត្រាស់ដណ្ដឹងសួរបុរសទាំង ២ នាក់ថា “ ហេតុអ្វីក៏ព្រះស្ដែងកើតក្ដីនឹងគ្នា ? ” ។ បុរសទាំង ២ នាក់នោះ ក្រាបទូលតាមដំណើរទីទៃ ៗ ស្រេចហើយ ទើបសម្ដេចព្រះវររាជមាតាមានព្រះសវនីយ៍ទៅបុរសពុនប្រាក់ថា “ នៃព្រះស្ដែង ! បើទ្រព្យឯណាជាទីស្រលាញ់ពេញចិត្តព្រះស្ដែង ចូរព្រះស្ដែងយកទៅ ទ្រព្យឯណាព្រះស្ដែង មិនស្រលាញ់ ចូរទុកនៅទីនេះចុះ ” ។ បុរសនោះក្រោកឡើងដើរទៅយកតែសំពាយប្រាក់ ឯដំបងនិងបាយទុកនៅទីនោះ ។ ទើបសម្ដេចព្រះវររាជមាតាមានព្រះសវនីយ៍ថា “ អញប្រើព្រះស្ដែងឲ្យយកទ្រព្យសម្លាញ់ ហេតុដូចម្ដេចក៏ព្រះស្ដែងពុំយកបាយ និងដំបងទៅផង យកតែប្រាក់ទៅ បើដូច្នេះអញយល់ថាព្រះស្ដែង ទុកប្រាក់នេះជាទ្រព្យសម្លាញ់ពេញចិត្តចៅ ចូរចៅយកប្រាក់នេះមកឲ្យអញ ៗ នឹងបែងជាភាគ ចែកចៅទាំង ២ នាក់ឲ្យសុខចិត្តព្រមគ្នា កុំឲ្យតិះដៀលគ្នាទៅវិញទៅមកឡើយ ” ។ ទើបសម្ដេចព្រះវររាជមាតាយកប្រាក់នោះមកចែកជា ៣ ភាគ ភាគ ១ ឲ្យទៅម្ចាស់ទ្រព្យ ភាគ ២ ឲ្យទៅចៅអ្នកចម្លងនោះ ។ ចៅទាំងពីរនាក់ ចូលចិត្តព្រមព្រៀងគ្នា ហើយក្រាបលាទៅកាន់ទីលំនៅទីទៃ ៗ ហោង ។
រឿង ឈ្មួញម្នាក់មានដើមទុនតែ ១ ហួង
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ