រឿង ​មា​យើង


បទកាកគតិ

អញ​ខ្ញុំ​ក្រួញ​ក្រប សិរសា​ស្រប៉ាប លុត​លើក​ហត្ថា ទសង្គុលី អភិវន្ទា នៃ​ព្រះ​ពុទ្ធ​ជា ឥ​សូរ​ភព​ត្រី ។ ព្រះ​អង្គ​ឧត្ដម លើស​លើ​ឥន្ទ​ព្រហ្ម មូល​មក​ភក្ដី ប្រកប​ប្រ​ការ សម្ភារ​រឹទ្ធី បរិបូណ៌​បារមី ពិសេស​ថ្កើង​ថ្កាន ។ បង្គំ​ព្រះ​ធម៌ ពិសេស​មាន​អាថ៌ ជ្រៅ​ពន់​ប្រមាណ ស្មោះ​ស្មើ​ភេត្រា ថ្លៃថ្លា​មែន​មាន បវរ​ទិព្វញ្ញាណ ផ្ទឹម​ផ្ទុក​សព្វ​​សត្វ ។ បង្គំ​ព្រះ​ប្រសើរ ឧត្តុង្គ​ឧត្ដម​ពេក​ក្ដាន់ អាច​​នាំ​សត្វ​​ឆ្លង រំលង​វាល​វដ្ដ ដល់​ឋាន​អម័ត2 បូរី​នាយ​ណាយ ។ ទើប​ខ្ញុំ​បង្គំ​ទិព្វ​ទេព ឧត្ដម សោឡស​សួគ៌ា សូម​សុខ​សួស្ដី សិរី​ទី​ឃា យុ​យឺត​សុខ​សា- ប្បាយ​បរិបូណ៌​បុណ្យ ។

ស្រេច​ខ្ញុំ​​នឹង​ថ្លែង ដំណើរ​ដំណែង ដំណាល​ពី​មុន មាន​ក្សត្រ​មួយ​ថ្លៃ ប្រពៃ​លើស​លន់ គ្រប់​គ្រង​ មហា​ជន ក្រុង​ពារ​ណ​សី ។ ព្រះ​នាម​ព្រះ​បាទ ព្រហ្មទត្ត​នរនាថ លើស​លើ​លោកិយ ប្រ​កប​ជាយា អាឃិ​អគ្គមហេសី កប​កល្យាណី រូប​រត្ន​សោភា ។ ព្រះ​ស្នំ​សាវជៃ ពិសេស​ច្រើន​ក្រៃ សម្រាប់​ក្សត្រ​គាល់​សព្វ​ថ្ងៃ ក្រាស់​ក្រៃ​គណនា ប្រដូច​តារា ករ​រៀប​រៀង​រាយ ។ មន្ត្រី​យោធា ស្រមណ៍​ព្រាហ្មណ៍​គណា -ចារ្យ​ចេះ​ប្រាជ្ញ​ប្រាយ សម្រាប់​មហាក្សត្រ ព្រហ្មទត្ត​រឹទ្ធី​សាយ ពល​ពាល​ទាំង​ឡាយ អនេក​សំខេយ្យា3 ។ ស្ដេច​សោយ​រាជ្យ​ស្កល់ ឥត​កោលាហល រដ្ឋ​រាស្ត្រ​ប្រជា ទ្រង់​ទសពិធ​រាជ អង់​អាច​អាសា អាសូរ​ករុណា ចិញ្ចឹម​រៀប​រង ។ ក្សត្រ​ក្សាន្ត​សោយ​រាជ្យ ថ្កើង​ព្រះ​អំណាច ឥត​បី​ផ្ទឹម​ផង ស្ដេច​ផ្ចាញ់​ស​ត្រូវ អាស្រូវ​យង់​ឃ្នង ពុំ​អាច​ប្រឡង សុខ​សល់​លើស​លន់ ។ កាល​នោះ​មាន​មា- ណព​នៅ​ភារា ក្សត្រ​ថ្លៃ​មាន​បុណ្យ ជា​អ្នក​ទុគ៌ត ក្សិណ​ខ្សត់​ទ្រព្យ​ធន តែ​ប្ដី​ប្រពន្ធ និត្យ​នៅ​សព្វ​ថ្ងៃ ភរិយា​នោះ​ណា មាន​រូប​សោភា សក្ដិ​សម​ល្មមល្មៃ តែ​ចិត្ត​នោះ​មិញ កំណាញ់​ពេក​ក្រៃ ព្រៀងលាន​ទី​ឯ​ទៃ គេ​ពុំ​​ចូល​ចិត្ត ។ មានកាល​មួយ​ថ្ងៃ ចៅ​មាណព​នៃ ទៅ​រក​ជញ្ជាត់ នឹង​ភរិយា​ប្រាណ ដោយ​ដាន​កម្សត់ ពិបាក​ពេក​ក្ដាត់ ទុគ៌ត​ក្រ​ក្រៃ ។ កញ្ជើ​សោត​ធ្លុះ ដាច​ដាច់​រលុះ ដោយ​មុំ​នោះ​នៃ រី​ឯ​ភរិយា ឥត​អធ្យាស្រ័យ ពុំ​គន់​រំពៃ ថែទាំ​ឡើយ​ហោង ។ ប្ដី​តែង​ជញ្ជាត់ ដាក់​ទៅ​ជ្រុះ​បាត់ តាម​មុំ​នោះ​ផង ឥត​សព្វ​ឥត​សារ ឥតការ​ជា​ម្ដង ហេតុ​ឥត​ចិត្ត​ចង រំ​ពង​នាំ​ពា ។ ជញ្ជាត់​រៀង​ទៅ ដួច​ដល់​សំ​ពៅ ធារ​ធំ​មហិមា រី​នាយ​សំ​ពៅ និត្យ​នៅ​ភរិយា មើល​ពី​ភេត្រា យល់​កញ្ជើ​ធ្លុះ ។ នាង​នាយ​ភេត្រា ស្រដី​ទៅ​ថា នាង​ជញ្ជាត់​នោះ ម្ដេច​មុំ​គិត​ធ្វើ កញ្ជើ​នាង​ធ្លុះ យក​អី​ចុក​​ចុះ សោះ​វា​លិច​បាន ។ ក្សិណ​នាយ​​សំ​ពៅ ក្រោធ​ក្រៃ​ថា​ទៅ នឹង​ភរិយា​ប្រាណ បើ​ចេះ​ដូច្នោះ មឹង​ចុះ​ទៅ​ថ្កាន កាន់​កញ្ជើ​បាន ជា​ប្រពន្ធ​វា ។ អញ​នឹង​ប្ដូរ​យក ប្រពន្ធ​វា​មក នៅ​លើ​ភេត្រា ជា​ប្រពន្ធ​អញ វឹង​វិញ​ហោង​ណា ត្បិត​ចៅ​ជាង​វា បង្គាប់​ធួន​ថែ ។ នាង​ស្ដាប់​ប្ដី​ថា នឹង​ដូរ​ភរិយា ឯង​ឱ្យ​ទៅ​គេ ដោយ​ពាក្យ​ពុំ​ស្រួល ពុំ​គួរ​បើ​ជេរ ខ្លួន​គ្មាន​ទោស​ទេ ម្ដេច​ចង​ទោសា ។ ទើប​នាង​ឆ្លើយ​ទៅ កាន់​នាយ​សំ​ពៅ ជា​ប្ដី​អា​ត្មា ពាក្យ​ខ្ញុំ​ទ្រ​គោះ លើស​លស់​ត្រង់​ណា ក៏​ដល់​អ្នក​ជា ប្ដី​ពុំ​ចូល​ចិត្ត ។ និង​យក​ខ្ញុំ​ទៅ ដូរ​មាណព​នៅ កាន់​ឈ្នាង​ជញ្ជាត់ បើ​អ្នក​ដូរ​នៅ ខ្ញុំ​ទៅ​នឹង​គាត់ ខ្ញុំ​សោត​គ្មាន​មាត់ ប្រកែក​ថា​អ្វី ។ ទើប​នាយ​សំពៅ ស្រេច​ស្រែក​ហៅ​ទៅ បុរស​នោះ​ខ្មី ថា​ចៅ​ហ៊ាន​ដូរ ប្រពន្ធ​ឬ​អ្វី មក​អាយ​ស្រ​ដី ឱ្យ​ជាក់​នឹង​គ្នា ។ មាណព​ជញ្ជាត់ ឮ​នាយ​នោះ​គាត់ ស្ដី​ដូរ​ភរិយា ខ្លាច​ខ្លួន​ពុំ​ហ៊ាន ទៅ​ថ្កាន​ភេត្រា នាយ​នោះ​រែង​ជា ហៅ​ខ្ជាន់​ៗ​ទៅ ។ ទើប​មាណព​នោះ ទន្ទប​ចូល​ស្មោះ ឡើង​លើ​សំ​ពៅ ទាំង​ប្ដី​ប្រពន្ធ អង្គុយ​និត្យ​នៅ ទៀប​នាយ​សំពៅ​ស្រដី​ទៀង​ថា ។ ចៅ​អើយ​កុំ​យូរ មក​យើង​នឹង​ប្ដូរ ប្រពន្ធ​ផង​គ្នា អញ​ទៅ​ចៅ​ណា ចៅ​ឱ្យ​ភរិយា ចៅ​មក​អញ​ហោង ។ មាណព​កម្សត់ ស្ដាប់​យល់​ទាស់​បទ ពុំ​ហ៊ាន​សា​សង នាយ​នោះ​រែង​រួន ផ្ទួន​ៗ​ច្រើន​ដង ថា​ហើយ​ថា​ផង ជា​ច្រើន​ភាសា ។ ទើប​មាណព​នោះ ថា​តាម​ចំពោះ ចិត្ត​អ្នក​ហោង​ណា៎ ខ្ញុំ​ជា​អ្នក​ហោច ត្រមោច​កំព្រា ឥត​បើ​នឹង​ថា ទាស់​ទែង​សេចក្ដី ។ នាយ​សំពៅ​ស្ដាប់ អស់​អាថ៌​សារសព្ទ ត្រេក​អរ​បេតី ក្សេម​ក្សាន្ត​កន្លង ដណ្ដើម​ឃ្មាតខ្មី ថា​ហៃ​ប្អូន​ស្រី ឯ​ណោះ​សោត​ហោង ។ ថា​នាង​ប្អូន​ស្និទ្ធ ស្នេហ៍​ស្នាល​ចូល​ចិត្ត ព្រម​មូល​នឹង​បង ឬ​មួយ​ពុំ​មូល ពុំ​ចូល​ចិត្ត​បង ចូរ​ចៅ​សា​សង ឥឡូវ​នេះ​ណា៎ ។ ឯ​មេ​បញ្ជី ធ្លុះ​អរ​លលើ ចង់​នាយ​នា​វា សើច​ហើយ​ញញឹម មើល​ចុង​នេត្រា ឱន​ហើយ​ទើប​ថា គូ​ពី​ព្រេង​ហោង ។ ឯ​នាង​ភរិយា ចៅ​នាយ​ភេត្រា ស្ដែង​ស្ដាប់​សាសង ប្ដី​ប្ដូរ​ផ្ដែ​ផ្ដាច់ ពាក្យ​ពេចន៍​ជា​ម្ដង នាង​ចរ​ចុះ​ផង ពី​លើ​ភេត្រា ។ តែ​ស្បៃ​នៅ​ក នាង​ដើរ​ចុះ​មក កាន់​ប្ដី​កំព្រា ទ្រព្យ​ធន​ពុំ​យក ដិត​មក​អាត្មា នាង​ឈោង​ប្រ​វា កញ្ជើ​កាន់​ទៅ ។ បោច​បាន​សំរាម មក​ចុក​ជិត​ភ្លាម ពិត​ពុំ​ឱ្យ​សៅ នាង​កាន់​តាម​ប្ដី ជញ្ជក់​តាម​ស្មៅ បាន​ស្រេច​ទើប​ទៅ ឋាន​ប្ដី​នោះ​ណា ។ លុះ​ដល់​លំ​នៅ នាង​ដណ្ដឹង​ទៅ កាន់​ប្ដី​នាង​ថា អ្នក​អើយ​អស់​ផ្ទះ រៀង​ខាង​នេះ​ណា៎ ជា​ញាតិ​ការ សន្តាន​ផៅ​ពណ៌ ។ ឬ​ជា​ព្រៀងលាន ត្បិត​ខ្ញុំ​ពុំ​មាន ដឹង​ញាតិ​និមល បើ​អ្នក​ឯ​ណា ជា​ញាតិ​បវរ ព្រៀងលាន​ស្មោះ​ស អ្នក​ប្រាប់​ខ្ញុំ​រ៉ា ។ ប្ដី​ឆ្លើយ​វឹង​ទៅ នាង​អើយ​ញាតិ​ផៅ បង​គ្មាន​ទេ​ណា៎ សឹង​តែ​ព្រៀងលាន នៅ​ឋាន​ទៀប​គ្នា សព្វ​ថ្ងៃ​កំព្រា គ្មាន​បង​ប្អូន​ឡើយ ។ នាង​ឮ​ប្ដី​ថា ឥត​ញាតិ​វង្សា កំព្រា​ហើយ ហេតុ​នាង​សប្បុរស យក​គេ​ជា​ត្រើយ នាង​ពុំ​គិត​ឡើយ កម្សត់​អាត្មា ។ នាង​យក​ត្រី​នោះ ឱ្យ​ប្ដី​នាង​ស្មោះ ជូន​ចែក​គ្រប់​គ្នា តិច​ៗ​គ្រប់​មុខ អ្នក​ស្រុក​នៅ​នា ព្រៀងលាន​ស្គាល់​គ្នា ខេត្ត​ខាង​លំ​នៅ ។ ប្ដី​សោត​ទៅ​ស្មោះ ដោយ​ប្រពន្ធ​នោះ បង្គាប់​ប្រ​ដៅ កាល​នោះ​ព្រៀងលាន ខាង​ឋាន​លំ​នៅ សឹង​គិត​ថា​ចៅ នេះ​ដែល​ឯ​ណា ។ សប្បុរស​ដូច្នេះ ផ្អើល​អ្វី​ម្ដង​នេះ ជូន​យើង​គ្រប់​គ្នា សព្វ​ដង​កំណាញ់ កន្ទ្រឹស​ឫស្សា ឥឡូវ​ម្ដេច​ជា សប្បុរស​ពេក​ក្រៃ ។ អ្នក​ផង​គិត​ហើយ ពិត​ពុំ​លង​ឡើយ មាន​កាល​មួយ​ថ្ងៃ គេ​ដើរ​ទៅ​លេង និង​មាណព​នៃ យល់​នាង​ប្រពៃ មាន​រូប​សោភា ។ ទើប​គេ​គិត​ឆ្នៃ ថា​ចៅ​នេះ​នៃ គាត់​បាន​ភរិយា ទៀត​ទើប​សប្បុរស ពុំ​ដូច​សព្វ​គ្រា នាង​នេះ​លក្ខណា មារយាទ​ហ្មត់​ហ្មង ។ មាន​កាល​មួយ​ថ្ងៃ មាណព​ទៅ​ព្រៃ រក​កាប់​ឧស​ចង បាច់​បាន​រែក​មក ដូច​កាល​សព្វ​ដង រី​ឈើ​នោះ​ផង ពុំ​ឈើ​ខ្ជីខ្ជា ។ សឹង​ឈើ​ប្រពៃ មែន​មាន​តម្លៃ ក្លាំ​ពាក់​ក្រិស្នា នាង​យល់​ឧស​ប្ដី បាន​ពី​ព្រឹក្សា សឹង​ឈើ​ជា​ៗ មាន​ៗ​តម្លៃ ។ នាង​គិត​ឯង​ថា ប្ដី​អញ​នេះ​ណា បាន​ឈើ​ប្រពៃ ពុំ​ស្គាល់​ជា​ឈើ នោះ​មាន​តម្លៃ យក​មក​សព្វ​ថ្ងៃ ដុត​ដូច្នេះ​ណា ។ សម​ហើយ​នេះ​មាន ក្រាស់​ក្រៃ​នា​ឋាន អាយ​ឯង​ទើប​ជា ឱ​អស់​អ្នក​ផង ពុំ​ស្គាល់​ក្រស្នា ក្លាំ​ពាក់​យក​ជា ឧស​ឥត​គិត​ឡើយ ។ ទើប​នាង​នារី ដណ្ដឹង​ទៅ​ប្ដី ថា​ហៃ​អ្នក​អើយ ឧស​នា​ព្រៃ​អាយ អស់​តែ​ម្ល៉េះ​ហើយ ឬ​មួយ​នៅ​ឡើយ អ្នក​ប្រាប់​ខ្ញុំ​រ៉ា ។ ប្ដី​ឆ្លើយ​វឹង​ទៅ មាន​ច្រើន​ក្ដាត់​នៅ នា​ព្រៃ​ព្រឹក្សា យក​បាន​ជា​រយ រទេះ​ក្ដី​ណា ពុំ​អស់​ក្ដី​ណា ពុំ​អស់​ប្អូន​ភ្ងា នាង​នឹង​គិត​ថ្វី ។ នាង​ឮ​ច្នោះ​ណា អរ​ឥត​គណនា សំ​ណេះ​នឹង​ប្ដី ច្នោះ​អ្នក​ទៅ​រក យក​មក​ទៀត​ខ្មី ឱ្យ​អស់​អំពី ព្រៃ​នោះ​ហោង ។ នឹង​ជួល​រទេះ ញាតិ​ជិត​នៅ​នេះ ដឹក​ទុក​ជា​ម្ដង ប្ដី​ថា​នាង​នឹង យក​ឧស​ថ្វី​ផង បើ​អស់​សឹម​បង រក​មក​ទៀត​ណា ។ ទើប​នាង​ឆ្លាស់​ឆ្លើយ ថា​អ្នក​ប្ដី​អើយ ឈើ​នេះ​ឈើ​ជា សឹង​មាន​តម្លៃ ក្លាំ​ពាក់​ក្រិស្នា អស់​អ្នក​ភេត្រា គេ​ទិញ​យក​ទៅ ។ ឈើ​នេះ​ខ្ញុំ​ស្គាល់ ជាក់​ឥត​ពិភាល់ អស់​អ្នក​សំពៅ គេ​ទិញ​មិន​លែង ខ្ញុំ​ឯង​ឃើញ​នៅ ។ ឈើ​នេះ​ខ្ញុំ​ស្គាល់ ជាក់​ឥត​ពិភាល់ អស់​អ្នក​សំពៅ គេ​ទិញ​មិន​លែង ខ្ញុំ​ឯង​ឃើញ​នៅ គេ​ទិញ​នាំ​ទៅ ស្រុក​ចិន​នាយ​ណា៎ ។ បើ​យើង​បាន​ហើយ យើង​គិត​អ្វី​ឡើយ លក់​តែ​ក្រិស្នា ក្លាំ​ពាក់​ប្រពៃ យក​ថ្លៃ​មក​ណា៎ ទិញ​ព្រែ​កាសាយ៍ សំពត់​ជាតី ។ តាម​តែ​ចិត្ត​ជ្រើស ចិត្ត​នឹង​ស្រាល់​រើស យក​ប្រាក់​មាស​ក្ដី ដោយ​ចិត្ត​ស្រ​ឡាញ់ ចង់​ទិញ​អ្វី​ៗ អ្នក​ទៅ​វឹង​ខ្មី តាម​ពាក្យ​ខ្ញុំ​ថា ។ ប្ដី​ឮ​ច្នោះ​នៃ អរ​ឯង​ពេក​ក្រៃ ក្រទី​ក្រទា បាន​អម្រែក​សង្រែក រែក​ទៅ​ម្នីម្នា ដឹង​កាំ​បិត​ព្រា ចូល​ទៅ​ក្នុង​ព្រៃ ។ កាត់​គរ​ទុក​ស្រេច ចង់​ចោល​ជា​បាច់ រែក​មក​ពី​ថ្ងៃ ហើយ​ប្រាប់​ភរិយា ប្អូន​អើយ​ឧស​ថ្លៃ កាត់​គរ​នៅ​ព្រៃ ច្រើន​ក្រៃ​ក្នាត់​ណា៎ ។ រែក​មក​នេះ​ហោង តាម​កម្លាំង​បង ទើប​នាង​ភរិយា រក​ជួល​រទេះ ដឹក​នាំ​ក្រិស្នា ក្លាំ​ពាក់​ជា​ៗ ពី​ព្រៃ​នោះ​នៃ ។ គរ​ទុក​នា​ស្ថាន នោះ​ហើយ​ទើប​មាន ពាណិជ្ជ​ទី​ទៃ មក​ទិញ​ក្រិស្នា ក្លាំ​ពាក់​ប្រ​ពៃ នាង​ថ្លឹង​កាត់​ថ្លៃ ឥត​ល្អៀង​ឡើយ​ណា៎ ។ ហេតុ​នាង​នារី ដឹង​អស់​អំពី កាល​នាង​នៅ​ជា ប្រពន្ធ​នៃ​ចៅ នាយ​ភារ​ភេត្រា ឥត​ឈ្មួញ​ណា​ៗ បញ្ឆោត​បាន​ឡើយ ។ លុះ​ឈ្មួញ​ទិញ​បាន ពី​នាង​កល្យាណ គេ​យក​ទៅ​ហើយ នាង​រៀប​ទុក​ទ្រព្យ ផ្គូ​ផ្គាប់​ជា​ត្រើយ ពិត​ពុំ​លង់​ឡើយ រណ្ដាប់​គ្រឹះស្ថាន ។ ចាយ​ចាត់​រៀប​រក៍ លោះ​ខ្ញុំ​កំដរ ប្រកប​ធន​ធាន អ្នក​ផង​ចេញ​ចូល នាង​សោត​ថ្កើង​ថ្កាន សម្បត្តិ​មូល​មាន អនេក​ទ្រព្យា ។ ប្ដី​នាង​នេះ​នៃ បាន​ស្គាល់​ចៅ​ទៃ ស្គាល់​ព្រះ​ស្គាល់​ពញា អ្នក​ផង​រាប់​អាន ត្បិត​បាន​ទ្រព្យា កប​នូវ​លក្ខណា នាង​នោះ​ប្រ​ពៃ ។ ទើប​នាង​នារី ស្រ​ដី​នឹង​ប្ដី ថា​អ្នក​សព្វ​ថ្ងៃ ខ្ញុំ​ចង់​ឱ្យ​អ្នក រៀន​រត់​ឲ្យ​វៃ ឲ្យ​រួស​ឆាប់​ក្រៃ ដូច​ចិត្ត​ចិន្ដា ។ ប្ដី​សោត​ឆ្លាស់​ឆ្លើយ ថា​ហៃ​នាង​អើយ បង​ឥត​បើ​ថា តាម​ចិត្ត​ប្អូន​ហោង អញ​បង​បាន​ជា ម្ល៉េះ​ត្បិត​នរណា មិន​ត្បិត​ប្អូន​ស្រី ។ លុះ​ថ្ងៃ​មួយ​ណា នាង​រៀប​ក្រ​យា សំណុំ​វេច​ខ្មី ទឹក​មួយ​បំពង់ នាង​ផ្ចង់​ឱ្យ​ប្ដី ពុន​រែក​រត់​ខ្មី សព្វ​ៗ​វេលា ។ ដើម​ឡើយ​រត់​ហត់ ដង្ហើម​ផុត​ៗ ស្ទើរ​ដាច់​ខ្យល់​ណា រត់​វិល​មក​វិញ ប្រាប់​ប្រពន្ធ​ថា វា​ហត់​ក្ដាត់​ណា ដូច​នឹង​ស្លាប់​ហោង ។ លុះ​ដល់​ពី​ថ្ងៃ ទើប​រត់​ទៀត​រៃ ដោយ​ចិត្ត​បំណង នឹង​ចង់​ឱ្យ​បាន ដូច​ក្ដី​ប៉ុន​ប៉ង ប្រាថ្នា​នោះ​ហោង ចិត្ត​ចង់​សង្វាត ។ រត់​ទៀត​ដល់​ទី ដើម​កាល​រត់​ខ្មី ដោយ​ចិត្ត​ខ្មីឃ្មាត ត្បិត​ប្រពន្ធ​ថា ចង់​ចាំ​ពុំ​ឃ្លាត ខែង​ខំ​សង្វាត ដូច​ក្ដី​ប្រាថ្នា ។ លុះ​ប្ដី​នាង​រត់ រត់​រួច​ពុំ​ហត់ ដោយ​ចិត្ត​សោះ​សា ឯ​នាង​នារី យល់​ប្ដី​អាត្មា បរិបូណ៌​ហើយ​ណា ទើប​នាង​ឆាប់​ក្រៃ ។ ទៅ​ថ្កាន​មន្ត្រី ឱ្យ​គេ​ថ្វាយ​ប្ដី ជា​ខ្ញុំ​ក្សត្រ​ថ្លៃ មន្ត្រី​នាំ​ថ្វាយ ដូច​ចិត្ត​នាង​វៃ បម្រើ​សព្វ​ថ្ងៃ ជា​ខ្ញុំ​រាជា ។

បទភុជង្គលីលា

នឹង​ថ្លែង​សម្ដែង​ចរចា ឯ​មហា​ក្សត្រា ព្រហ្មទត្ត​ធិបតី ។ សម័យ​មួយ​ថ្ងៃ​ចក្រី ឱ្យ​ប្រាប់​សេនីយ៍ សេនា​ពល​ផង ។ ត្បិត​ក្សត្រ​ព្រហ្មទត្ត​ជា​ច្បង មាន​ព្រះ​បំណង ប្រពាត​ព្រឹក្សា ។ ឱ្យ​រៀប​ប្រុង​ប្រៀប​បណ្ណា ការ​កប​យ​សា- ធិរាជ​ស្ដេច​ស្ដែង ។ ភ្នាក់​ងារ​ខ្មាន់​ការ​តាក់​តែង រៀប​គ្រប់​ដំណែង ដំណើរ​ក្សត្រា ។ ឯ​ចៅ​នោះ​នៅ​គ្រឹហា ប្រាយ​ប្រាប់​ភរិយា នាង​អើយ​ឥឡូវ ។ ព្រះ​បាទ​នរនាថ​ឥត​គូ ស្ដេច​តែង​ពល​ព្យូហ៍ ប្រពាត​ព្រឹក្សា ។ ចូរ​ចៅ​ប្អូន​ពៅ​ពុំ​ងារ ប្រដាប់​ប្រដា ឱ្យ​បង​ឆាប់​ថ្វាត់ ។ នឹង​ទៅ​ហែ​ចៅ​ចក្រ​វត្តិ ព្រះ​បាទ​ព្រហ្មទត្ត ឥសូរ​សិរសា ។ នាង​ស្ដាប់​សាសព្ទ​ប្ដី​ថា នាង​រៀប​ក្រយា ឲ្យ​ប្ដី​ស្នេហ៍​ស្នាល ។ អង្គ​សោត​ល្អ​ត្រកាល អប់​ផ្កា​ត្រកាល ប្រ​ហើរ​ឈ្ងុយ​ឈ្ងប់ ។ អាហារ​ត្រកាល​សាយ​សព្វ រណ្ដាប់​គ្រាន់​គ្រប់ ឱ្យ​ប្ដី​ស្នេហា ។ រុំ​ជា​សំណុំ​ហើយ​ណា ផ្ចង់​ជា​ក្រ​យា ស្ងោយ​មហា​ក្សត្រ​ថ្លៃ ។ នាង​ដឹង​ដំណឹង​នោះ​វៃ ថា​ក្សត្រ​ទៅ​ព្រៃ នឹង​ព្រាត់​គ្នា​គ្នី ។ នឹង​ឃ្លាត​អាមាត្យ​មន្ត្រី មាន​ប៉ុន្តែ​ប្ដី នាង​នឹង​ពុន​ទៅ ។ ឯ​មហា​ក្សត្រ​ចម​ចៅ ព្រឹក​ព្រាង​ច្រាល​ឆ្អៅ ប្រដាប់​ព្រះ​អង្គ ។ ទ្រង់​គ្រឿង​រុង​រឿង​បញ្ចង់ ព្រះ​ពស្ត្រ​ទិព្វ​ទ្រង់ ប៉ាក់​ឆ្វាក់​មាលា ។ ទ្រង់​ស្រេច​សម្ដេច​រាជា ស្ដែង​ស្ដេច​យាត្រា​ឡើង​លើ​អស្សតរ ។ ចេញ​ទៅ​ដល់​ក្រៅ​នគរ ព្រះ​អង្គ​បើក​បរ រដ្ឋ​រាជ​អស្សពាហ៍ ។ ក្លំ​ក្លស់​ខ្ពង់​ខ្ពស់​សោភា ឆត្រ​រួច​ជួរ​ចា មរ​មាស​រៀប​រយ ។ អភិរម្យ​ត្រ​សុំ​ត្រ​សាយ ត្រ​សែត​រំភាយ រំភើយ​សាក់​សែង ។ សេនា​យោ​ថា​ខះ​ខែង ករ​កាន់​លំ​ពែង ហែ​ៗ​ច្រូង​ច្រាង ។ ដាវ​ខែល​ក្រាស់​ក្រែល​សង​ខាង សេនា​កាន់​កាង ទួន​ទាំង​ចាម​រី ។ មហាក្សត្រ​ព្រហ្មទត្ត​ចក្រី ឯក​ឯង​ពិសី ពាល​ពេញ​តលា ។ ដល់​ក្នុង​កំឡុង​ព្រឹក្សា ស្ដេច​អស្សពាហ៍ លឿន​លន់​កន្លង ។ សេនា​យោធា​ពល​ផង ខែង​ខំ​ក្ដាត់​ហោង ពុំ​ទាន់​ក្សត្រា ។ ដិត​ដោយ​តាម​ក្រោយ អស្សពាហ៍ ប៉ុន្តែ​ចៅ​មា -ណព​នោះ​ឯង​ហោង ។ ត្បិត​គាត់​រត់​ស្ទាត់​កន្លង ទាន់​ក្សត្រ​ច្បាស់​ច្បង ចម​ចក្រ​រាជា ។

បទកាកគតិ

ព្រះ​បាទ​ក្សត្រ​ថ្លៃ ដល់​ដើម​ព្រះ​ជ្រៃ បញ្ឈប់​អស្សពាហ៍ ព្រាត់​មុខ​មន្ត្រី សេនីយ៍​សេនា យល់​តែ​ចៅ​មា- ណព​នោះ​ឯង​ហោង ។ ទើប​ក្សត្រ​ចម​ចៅ ឈប់​រង់​យូរ​ទៅ ពុំ​យល់​មនុស្ស​ផង ស្ដេច​ឃ្លាន​ក្រយា ស្ងោយ​មហា​ក្សត្រ​ហោង ត្រមោច​កន្លង តែ​នឹង​មាណព​វា ។ ទើប​ព្រះ​ព្រហ្មទត្ត ធិរាជ​ចម​ក្សត្រ លើស​លើ​លោ​កា សន្មត​នាម​នៃ មាណព​នោះ​ណា ឱ្យ​ហៅ​ចៅ​មា យើង​យស​ពណ្ណរាយ ។ ស្ដេច​សព្វ​ហទ័យ ក្រ​សាល​នៅ​នៃ កំឡុង​ព្រៃ​នាយ ស្ដេច​លី​លា​លេង ព្រឹក្សា​ពណ្ណរាយ សាន្ត​សុខ​សប្បាយ ទត​ព្រៃ​ព្រឹក្សា ។ ស្ដេច​ត្រាច់​ក្នុង​ព្រៃ ឥត​អ្នក​ណា​នៃ នឹង​ទាន់​ក្សត្រា សឹង​រក​ក្សត្រ​ថ្លៃ សព្វ​ព្រៃ​ព្រឹក្សា ខ្លាច​ខ្លួន​ក្ដាត់​ណា រក​មិន​ឃើញ​ឡើយ ។ រីឯ​ព្រះ​បាទ ព្រហ្មទត្ត​នរនាថ លី​លា​ឡើង​ហើយ បន្ទូល​នឹង​មា យើង​ថា​ចៅ​អើ ថ្ងៃ​ពន់​ពេក​ហើយ អង្គ​អញ​ឃ្លាន​បាយ ។ ទន្ទឹង​អស់​គ្នា មន្ត្រី​យោធា ចតុ​រង្គ​ទាំង​ឡាយ សឹង​តែ​ពុំ​យល់ រេហ៍ពល​ព្រាត់​ព្រាយ បែក​ផ្លូវ​ខ្ចាត់​ខ្ចាយ អស់​ពុំ​យល់​ណា ។ មា​យើង​ទូល​ទៅ បពិត្រ​ចម​ចៅ លើស​លើ​លោ​កា បាយ​អញ​ខ្ញុំ​មាន គឺ​មោះ​ខ្ជីខ្ជា ពុំ​គួរ​ក្សត្រា​ធិរាជ​សោយ​សល់ ។ ស្ដេច​ស្ដាប់​ហើយ​ណា ថា​យក​មក​រ៉ា កុំ​គិត​សល់​វល់ ទោះ​ល្អ​មិន​ល្អ ខ្មៅ​ស​តាម​កល អញ​ឃ្លាន​ណាស់​សល់ អត់​ឯ​ណា​បាន ។ ទឹក​តើ​ញាំង​ចៅ បាន​សំ​ចៃ​នៅ ឬ​មួយ​ពុំបាន មា​យើង​ទូល​ទៅ បពិត្រ​ក្សត្រ​ក្សាន្ត រី​ទឹក​សោត​មាន គឺ​មោះ​តែ​ថា ។ ដាក់​នឹង​បំពង់ ពុំ​គួរ​ព្រះ​អង្គ ស្ដេច​សោយ​ឡើយ​ណា ស្ដេច​ស្ដាប់​ថា​ទៅ យើង​ចៅ​កុំ​ថា ច្នោះ​ចៅ​ម្នីម្នា យក​មក​ឆាប់​ៗ ក្សិណ​ចៅ​មា​យើង ម្នីម្នា​ដោះ​ឡើង ទៅ​យក​ប្រដាប់ ដាក់​ទឹក​បំពង់ សំណុំ​បាយ​ស្រាប់ ស្រេច​ស្រាយ​ផ្គូ ផ្គាប់​ថ្វាយ​មហា​ក្សត្រា ។ ស្ដេច​សោយ​អាហារ មា​យើង​ត្រកាល មាន​រស​ពិសា បាយ​បរិសុទ្ធ​ស អង្ករ​នោះ​ណា ដូច​ព្រះ​ក្រយា ស្ដេច​សោយ​ប្រក្រតី ។ អា​ហារ​ពិសា គាប់​ព្រះ​ឱស្ឋ​មហា ក្សត្រ​ក្សាន្ត​ចក្រី បន្ទូល​សរសើរ ថា​នេះ​មែន​ស្រី ប្រ​ដាប់​ចំ​ណី ពិសេស​ពិសា ។ ប្រពន្ធ​មា​យើង ចេះ​រៀប​ថ្កល់​ថ្កើង មុខ​ចៅ​មែន​ណា ចៅ​អើយ​អាហារ ត្រកាល​ពិសា សឹង​ជាតិ​ឱ​ជា រស​ត្រកាល​ក្រៃ ។ ជួន​លើ​គម្លាន ឯ​ណា​មក​មាន អាហារ​ក្នុង​ព្រៃ និង​ថា​ត្បិត​ឃ្លាន កូវ​ពិសា​ក្រៃ មិន​ច្នោះ​ឡើយ​នៃ ចំណី​នេះ​ជា ។ មា​យើង​បង្គំ មហា​ក្សត្រ​ឧត្ដម ឥ​សូរ​សិរសា លុះ​ស្ដេច​សោយ​សល់ ស្កល់​មហា​ក្សត្រា ស្ដេច​សោយ​គង្គា បំពង់​នោះ​នៃ ។ ទឹក​សោត​ពិសា អប់​អស់​ក្លិន​ផ្កា ពិដោរ​ប្រ​ពៃ ស្ដេច​ថា​ទឹក​ចៅ រស​ពិសា​ក្រៃ ឱ​នាង​គាប់​ចៃ ចេះ​រៀប​ឱ្យ​ប្ដី ។ មា​យើង​នោះ​ណា បង្គំ​ក្សត្រា លើក​ដែល​មក​ឆី ឆី​រួច​ស្កប់​ស្កល់ បរិបូណ៌​អស់​ក្ដី ទើប​ព្រះ​ចក្រី បន្ទូល​ទៅ​ថា ។ ចៅ​មា​យើង​អើយ អញ​ហូប​បាយ​ហើយ មិន​ចេះ​អត់​ស្លា ចៅ​ឱ្យ​ថង់​ចៅ មក​ឯ​អាយ​រ៉ា អញ​នឹង​ស៊ី​ស្លា ឥឡូវ​នេះ​នៃ ។ ចៅ​មា​យើង​ថ្វាយ ក្សត្រ​ថ្លៃ​ពណ្ណរាយ ដោយ​ព្រះ​ហឫទ័យ ស្ដេច​សោយ​ស្លា​ចៅ មា​យើង​នោះ​នៃ មាន​សព្វ​គ្រប់​ក្រៃ ឥត​ខ្វះ​ឡើយ​ណា ។ ទាំង​ទេពទារូ ក្រវាញ​ក្លាំ​ពូ ស្លា​ខ្ចី​សោត​ណា ក្រមួន​មាត់​ផ្ចង់ ព្រះ​អង្គ​សោយ​ស្លា ហើយ​ទើប​ត្រាស់​ថា ស្លា​ចៅ​នេះ​នៃ ។ សព្វ​គ្រប់​មាន​មិញ ដូច​កល​ស្លា​អញ តែង​ឆី​សព្វ​ថ្ងៃ ភព្វ​អញ​ឯង​ហើយ ចៅ​អើយ​គាប់​ចៃ អញ​បាន​អា​ស្រ័យ ចៅ​សព្វ​គ្រប់​ហោង ។ បើ​អញ​បាន​ដល់ ទី​ឋាន​មណ្ឌល ឯ​នាយ​ហើយ​ហោង អញ​ឱ្យ​យស​ចៅ ជា​ធំ​កន្លង ចៅ​កម្សត់​ផង អញ​អា​សូរ​ចៅ ។ បន្ទូល​ម្ល៉ោះ​ហើយ ក្សត្រា​ត្រាណ​ត្រើយ ព្រះ​ផ្ទំ​លើ​ភ្លៅ មា​យើង​ហើយ​ថា ចៅ​អើយ​នែ​ចៅ ស្ដាប់​អញ​និង​នៅ និយាយ​មួយ​ហោង ។ ស្ដាប់​ណា​ចៅ​អាយ ដំណើរ​និយាយ ព្រេង​ព្រឹទ្ធ​កន្លង អញ​នៅ​ថ្លា​ថ្លែង សំដែង​ទំនង និទាន​មួយ​ហោង ពី​ព្រេង​អតីតា ។ ពុំ​ទាន់​និយាយ ដំណើរ​អភិ​ប្រាយ សណ្ដាប់​ដល់​មា យើង​ស្ដេច​ផ្ទំ​លក់ សាន្ត​សុខ​មហិមា ក្រោម​ដើម​នៃ​មហា និគ្រោធ​នោះ​នៃ ។ រី​កាល​នោះ​ណា មែន​មាន​ទេវតា រក្សា​ព្រះ​ជ្រៃ ឮ​ព្រះ​ព្រហ្មទត្ត មហា​ក្សត្រ​ជៀស្ឋជ័យ ស្ដេច​បន្ទូល​វៃ នឹង​មា​យើង​ថា ។ ស្ដេច​នឹង​និយាយ ទេពតា​ទាំង​ឡាយ បបួល​គ្នី​គ្នា មក​មីរ​លើ​ជ្រៃ ស្ដាប់​សព្ទ​ក្សត្រា យល់​ស្ដេច​និន្ទ្រា ពុំ​បន្ទូល​ទៅ ។ ទេពតា​ខឹង​ក្ដាន់ នឹង​ព្រះ​ព្រហ្មទត្ត ធិរាជ​ចមចៅ ថា​ក្សត្រ​នេះ​ណា មុសា​ក្រៃ​ក្រៅ ពោល​ពាក្យ​អា​សៅ ពុំ​កាន់​ពាក្យ​សត្យ ។ ច្នោះ​យើង​អត់​ថ្វី ស្ដេច​ពោល​អប្រិយ កាច់​មែក​ជ្រៃ​ថ្វាត់ ទម្លាក់​លើ សង្កត់​មហា​ក្សត្រ ឲ្យ​ស្ដេច​បង់​បាត់ ព្រះ​ជន្ម​ជីវី ។ ថា​បើ​ពុំ​ទាន់ នៅ​នេះ​ក្រៃ​ខាន ស្ដេច​ទៅ​បុរី យើង​កាច់​ខ្លោង​ទ្វារ សង្កត់​ចក្រី ព្រហ្មទត្ត​តិរ្ថិយ ឱ្យ​ក្ស័យ​ជន្មា ។ ថា​បើ​បាន​ទៅ លុះ​ស្ដេច​ចូល​ទៅ ដល់​លើ​ក្រឡា បន្ទំ​រម្យរ័តន៍ តែ​ស្ងាត់​និទ្រា យើង​ប្រែ​ក្រឡា ជា​ពស់​ទៅ​ខាំ ។ ស្អប់​ស្ដេច​កុហក ថា​ហើយ​ដេក​លក់ ឱ្យ​តែ​យើង​ចាំ មា​យើង​ង​ងុយ អង្គុយ​តែ​ចាំ ឮ​ពាក្យ​ង៉ាំ​ៗ ង៉ា​ៗ​នោះ​ណា ។ មា​យើង​ដាស់​ស្ដេច ឆាប់​មួយ​រំពេច ទើប​ទូល​ទៅ​ថា បពិត្រ​ស្ដេច​ឡើង ជវន​អស្សា ឆាប់​ៗ​ម្នីម្នា ឥឡូវ​នេះ​នៃ ។ ត្បិត​មាន​ទេវតា និត្យ​នៅ​រក្សា លើ​ដើម​ព្រះ​ជ្រៃ ខឹង​ថា​ស្ដេច​នឹង និយាយ​ហើយ​នៃ ផ្ទំ​លក់​វឹង​វៃ ស្ងៀម​ស្ងាត់​ភាសា ។ ខ្ញុំ​ចាំ​ស្ដេច​ផ្ទំ រលីវ​ទៅ​ខ្ញុំ ឮ​ពាក្យ​ទេពតា ស្តេត​ស្ដាប់​មា​យើង ស្ទុះ​ឡើង​អស្សពាហ៍ បំផាយ​ម្នីម្នា មា​យើង​ដោយ​ដិត ។ ក្សិណ​មែក​ព្រះ​ជ្រៃ ធ្លាក់​ផុត​ក្សត្រ​ថ្លៃ ព្រះ​បាទ​ព្រហ្មទត្ត ស្ដេច​ទៅ​រំលង ពី​ភ័យ​មរណ​ថ្វាត់ ទើប​មា​យើង​គិត ទូល​ទៅ​ទៀត​ថា ។ បពិត្រ​ព្រះ​ភូ ធរ​រាជ​ឥសូរ នេះ​មួយ​គ្រា មួយ​ទៀត​ខ្ញុំ​ឮ ពាក្យ​អស់​ទេពតា ថា​ដល់​សីមា ព្រះ​អង្គ​នាយ​នោះ ។ នឹង​កាច​ខ្លោង​ទ្វារ សង្កត់​ភូបាល វឹង​វិញ​ទៀត​ស្មោះ ថា​បើ​កន្លង រំលង​ពី​នោះ លុះ​ព្រះ​អង្គ​ឆ្ពោះ ចូល​ក្នុង​បន្ទំ ។ និង​ប្រែ​កាឡា ជា​ពស់​មហិមា ខាំ​ក្សត្រា​ឧត្ដម ទេពតា​ជំនុំ ដូច្នោះ​នេះ​ខ្ញុំ ឮ​ជាក់​ជា​ម្ដង ។

 បទពំនោល

មហា​ក្សត្រ​ព្រហ្មទត្ត​ច្បាស់​ច្បង ស្ដេច​ស្ដាប់​ទំនង ទំនូល​នៃ​ចៅ​មា​យើង ទើប​មហា​ក្សត្រ​ថ្កល់​ថ្លើង ថា​ច្នោះ​មា​យើង ប្រយ័ត្ន​នូវ​ខ្លោង​ទ្វារ​នោះ ។ ចៅ​កាន់​រំពាត់​វាត់​គោះ ចៀស​ជួយ​តឿន​ស្មោះ ឱ្យ​រួច​ពី​ភ័យ​ទ្វារ​ធំ ។ ស្ដេច​មាន​ហឫទ័យ​បារម្ភ បរ​សេះ​ខែង​ខំ លុះ​ទៀប​នៃ​ខ្លោង​ទ្វារ​នោះ ។ ក្សត្រ​ថ្កើង​មា​យើង​វាត់​គោះ សេះ​សោត​លោត​ផ្លោះ ច្រៀវ​ច្រួច​គ្រលួច​មហិមា ។ បាក់​ខ្លោង​ទ្វារ​រាជ​សីមា ផុត​មហា​ក្សត្រា ក៏​រួច​រំលង​ពី​ភ័យ ។ លុះ​ដល់​មណ្ឌល​ទិព្វ​ថ្លៃ ចៅ​មា​យើង​វៃ ក្រាប​លា​ទៅ​ថ្កាន​គ្រឹះ​ឋាន ។ ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​មាន បន្ទូល​ផ្ដាំ​ថ្កាន ថា​ចូល​ចៅ​ទៅ​ហោង​ណា ។ ហើយ​ចៅ​វិល​វិញ​យាត្រា មក​ឆាប់​ម្នីម្នា ចៅ​ចាំ​ដូច​ចៅ​ឮ​ហោង ។ មា​យើង​ក្រួញ​ក្រាប​ទូល​ស្នង បពិត្រ​នេះ​ម្ដង កុំ​ព្រួយ​ព្រះ​រាជ​ហឫទ័យ ។ បាន​ទៅ​នៅ​វិល​វឹង​វៃ ចាំ​ក្សត្រ​ជៀស្ឋជ័យ ដ៏​ជា​មកុដ​សិរសា ។ ទូល​ស្រេច​មា​យើង​ម្នីម្នា មក​ផ្ទះ​អាត្មា ប្រាយ​ប្រាប់​ភរិយា​អស់​ក្ដី ។ ដំណាល​ប្រាប់​កាល​ចក្រី ព្រាត់​មុខ​មន្ត្រី ទៅ​ផ្ទំ​ក្រោម​ដើម​ព្រឹក្សា ។ ប្រាប់​ពី​ស្ដេច​សោយ​ក្រយា សរសើរ​នាង​ថា ភរិយា​បាន​ចេះ​ស្ងួន​គ្រង ។ ប្រាប់​អស់​ដំណើរ​ទំនង នាង​ត្រេក​អរ​ផង ត្បិត​បាន​ដូច​ចិត្ត​ចិន្ដា ។ មា​យើង​នោះ​និង​ភរិយា ហូប​បាយ​ហើយ​ណា ក៏​កាន់​ដាវ​ឡើង​ទៅ​ចាំ ។ អង្គុយ​ជិត​នៅ​គយ​ឃ្លាំ ក្នុង​ចុង​រោង​រាំ ព្រះ​បាទ​សម្ដេច​ព្រហ្មទត្ត ។ មន្ត្រី​ក្រាស់ក្រៃ​ច្រើន​ក្ដាន់ ប្រុង​ប្រាណ​ប្រយ័ត្ន ដ៏​ពេញ​នៅ​រាជ​រោង​រម្យ ។ លុះ​ដល់​អធ្រាត្រ​ដាស់​ទំ ដេក​ស្ងាត់​ជ្រងំ ពុំ​ភ្ញាក់​ដល់​ម្នាក់​ឡើយ​ណា ។ កាល​នោះ​ឯង​ឯ​ទេវតា ប្រាណ​ប្រែ​កាឡា ជាតិ​ជា​ពស់​វារ​ទៅ​ហោង ។ ទំ​ហំ​ពស់​ធំ​កន្លង ប៉ុន​ដើម​ត្នោត​ផង ក៏​លើក​ពពារ​គួរ​ខ្លាច ។ មាន​ភ្នែក​នោះ​ធំ​ត្រដាច ចង្កូម​ស​ស្ងាច នឹង​ខាំ​ព្រះ​មហា​ក្សត្រា ។ មា​យើង​ដោះ​ឡើង​ម្នីម្នា លើក​ខាន់​មុត​ថ្លា ក៏​វាត់​ត្រូវ​សិរសា​សល់ ។ ឈាម​ពស់​ខ្ចាត់​ខ្ចាយ​ទៅ​ដល់ ទេពី​និមល​ក៏​ពេញ​នា​ព្រះ​ថនា ។ ទើប​ហៅ​មា​យើង​គិត​ថា ពស់​នេះ​មរណា អសារ​សោះ​សូន្យ​ជី​វី ។ ឈាម​ដូច​ដល់​ព្រះ​ទេពី វររ័តន៍​ក្សត្រី ច្នេះ​តើ​នឹង​ធ្វើ​ម្ដេច​បាន ។ ជ្រះ​ឈាម​ពី​នាង​កល្យាណ នឹង​ដាស់​ក្សត្រ​ក្សាន្ត យល់​ក្ដី​ពុំ​គួរ​ក្ដាត់​ណា ។ នឹង​យក​ដៃ​ជូត​ឱ​រ៉ា សោត​សឹង​ពុំ​ជា កើត​ក្ដី​ពុំ​គួរ​ពេក​ក្រៃ ។ ទើប​យក​ខ្មោច​ពស់​នោះ​វៃ ដាក់​នៅ​ក្រោម​ឰ ក្រឡា​បន្ទំ​រម្យរ័តន៍ ។ ស្រេច​ហើយ​ទើប​កាត់​ហារ​មាត់ លិទ្ធ​ឈាម​ដែល​ដិត នៅ​នា​ព្រះ​ស្គន់​ក្សត្រី ។ នាង​នាថ​ភ្ញាក់​ឥន្ទ្រីយ៍ ទើប​ដាស់​ភូមី ដ៏​ជា​គម្ដែង​ក្រឡា ។ នាង​ខ្សឹប​ប្រាយ​ប្រាប់​ថា​មា យើង​យក​ជីវ្ហា មក​លិទ្ធ​នូវ​ដោះ​ខ្ញុំ​ហោង ។ ស្ដេច​ស្ដាប់​ក្រោធ​ក្រៃ​កន្លង ត្រាស់​ប្រើ​ពល​ផង ថា​ម្នាល​ពេជ្ឈឃាដ​ម្នីម្នា ។ ចូរ​ឆាប់​ចាប់​ចង​យក​វា កំណាច​មហិមា នេះ​នាំ​យក​ទៅ​សម្លាប់ ។ ក្សិណ​នោះ​ពេជ្ឈឃាដ​ចូល​ចាប់ ចង​មា​យើង​ខ្ជាប់ ក៏​នាំ​យក​ទៅ​ម្នីម្នា ។ ហេតុ​ស្ដេច​ឥត​ពិចារណា ពុំ​គិត​គុណ​មា យើង​យក​តែ​ពាក្យ​ទេវី ។ ពេជ្ឈឃាដ​នាំ​ទាំង​រាត្រី ទៅ​បូព៌​ទិស​ទី ក៏​ថា​នឹង​អ្នក​នាយ​ទ្វារ ។ ឱ្យ​បើក​ត្បិត​ព្រះ​ភូបាល មាន​ព្រះ​ឱង្ការ ឱ្យ​នាំ​អ្នក​ទោស​ទៅ​កាប់ ។ ក្សិណ​នោះ​នាយ​ទ្វារ​ស្ដែង​ស្ដាប់ យល់​ខុស​និង​ច្បាប់ សម្លាប់​អ្នក​ទោស​ទាំង​យប់ ។ ថា​ទោស​នេះ​ម្ដេច​អ្នក​ឈប់ ប្រាយ​ប្រាប់​សព្វ​គ្រាប់ ដំណើរ​ដំណាល​សេចក្ដី ។ នាំ​អ្នក​ទោស​ទាំង​រាត្រី ពុំ​ត្រូវ​ច្បាប់​ពី បុរាណ​គន្លង​ឡើយ​ណា ។ ពេជ្ឈឃាដ​ឆ្លាស់​ឆ្លើយ​វឹង​ថា អញ​ដឹង​ឯ​ណា ជា​ទោស​ធ្ងន់​ស្រាល​អ្វី​ៗ ។ ស្ដេច​ប្រើ​អញ​ទាំង​រាត្រី ចៅ​មក​រក​ក្ដី លើ​ព្រះ​បម្រើ​ម្ដេច​បាន ។ អំណាច​អ្វី​ៗ​ឯង​មាន ក៏​អញ​នឹង​ហ៊ាន នាំ​គេ​មក​សម្លាប់​លេង ។ អម្បាល​ចៅ​យើង​ឯង ម្ដេច​ពុំ​កោត​ក្រែង ក៏​ទាស់​ព្រះ​រាជ​អាជ្ញា ។ នាយ​ទ្វារ​សោត​ឆ្លើយ​វឹង​ថា បើ​ព្រះ​អាជ្ញា លុះ​ត្រូវ​នឹង​ច្បាប់ ទើប​បាន ។ បើ​ខុស​នឹង​ច្បាប់​បុរាណ យើង​ឃាត់​ខាំង​ខាន បាន​ត្បិត​យើង​ជា​នាយ​ទ្វារ ។ បើ​យើង​ក្រាប​ទូល​នា​កាល នោះ​ព្រះ​ភូបាល​នឹង​ធ្វើ​ម្ដេច​ៗ តាម​កល ។

បទកាកគតិ

នាយ​ទ្វារ​នោះ​ណា បង្ខាន​អាជ្ញា ឈរ​ឈប់​រចល់ ទើប​នាំ​និទាន មែន​មាន​មនុស្ស​សល់ ប្រាយ​ប្រាប់​អស់​កល នឹង​ពេជ្ឈឃាដ​ហោង ។ ចៅ​អើយ​និយាយ កាល​ពី​ព្រេង​នាយ ទុក​ជា​ទំនង មុន​មាន​ស្រី​ម្នាក់ មាន​កូន​មួយ​ហោង ចិញ្ចឹម​ស្ការ​ផង ស្រឡាញ់​រក្សា ។ ស្រី​នោះ​ទៅ​ផ្សារ ទុក​នៅ​តែ​ស្ការ និង​កូន​នោះ​ណា ផ្ដេក​ក្នុង​អង្រឹង ទើប​ចរ​យាត្រា ក្រោយ​នោះ​ពស់​អា- សិរ​ពិស​យង់​ឃ្នង ។ ក្សិណ​ពស់​លលាំ វារ​មក​ចឹក​ខាំ កូន​នោះ​មរណ​ហោង ស្ការ​យល់​ពស់​ពិស ទ្រុស្ត​ទ្រឹស្ដិ​កន្លង ស្ការ​ប្រខាំ​ផង នឹង​ពស់​នោះ​ណា ។ កាល​នោះ​ពស់ ពាល​ប្រខាំ​នឹង​ស្ការ ស្ការ​ខាំ​មរណា ម្ចាស់​មក​ពី​ផ្សារ​ក្សិណ​ស្ការ​នោះ​វា រត់​ដោយ​មាគ៌ា ទៅ​ទទួល​ហោង ។ រី​ស្រី​ម្ចាស់​ស្ការ យល់​ឈាម​រន្ទាល នៅ​ខ្លួន​នោះ​ផង ប្រមាណ​គិត​ថា ស្ការ​កាច​កន្លង ខាំ​កូន​ជា​ម្ដង មិន​ឈាម​អ្វី​ឡើយ ។ ខឹង​ឆុល​ឆៀប​ឆាប់ វាយ​ស្ការ​សម្លាប់ បោះ​បង់​សៀត​ហើយ ចូល​ទៅ​មើល​កូន ឃើញ​សូន្យ​ឥត ត្រើយ ពិត​ពុំ​ទេ​ឡើយ យល់​ពស់​មរណា ។ ទើប​គិត​ឯង​យល់ ថា​ពស់​កាច​សល់ ខឹង​ខាំ​បុត្រ​ភ្ងា ស្ការ​ការ​បុត្រ​នោះ ប្រខាំ​សោះ​សា យល់​ស្នាម​ជាក់​ជា បន្ទាល់​ទៀង​ពិត ។ ទើប​គិត​ស្ដាយ​ស្ការ ស្ដាយ​កូន​សង្សារ សោះ​សូន្យ​ជីវិត សោក​ឯង​ផ្សា​ឯង ស្ដាយ​អស់​ពី​ចិត្ត អញ​ខ្លាច​មហាក្សត្រ នឹង​ស្ដាយ​ច្នោះ​ហោង ។ ហេតុ​នេះ​អញ​ពុំ បើក​បើ​ខឹង​ខំ ខុស​ច្បាប់​កន្លង ចៅ​ទៅ​ទ្វារ​ទៀត រី​អញ​នេះ​ម្ដង មិន​បើក​ឡើយ​ហោង និយាយ​សោត​មាន ។

ពេជ្ឈឃាដ​ស្ដាប់​ហើយ ខំ​ពុំបាន​ឡើយ ទើប​នាំ​ទៅ​ថ្កាន នាយ​ទ្វារ​ទក្សិណ ឱ្យ​បើក​ត្បិត​មាន ព្រះ​បន្ទូល​ថ្កាន ប្រើ​យើង​នេះ​ណា៎ ។ នាំ​មនុស្ស​ទៅ​កាប់ ចៅ​បើក​ឆាប់​ៗ ដូច​ព្រះ​អាជ្ញា នាយ​ទ្វារ​ទក្សិណ នោះ​សោត​ឆ្លើយ​ថា លោក​ដែល​ឯណា នាំ​ទាំង​រាត្រី ។ ពេជ្ឈឃាដ​ឆ្លើយ​ថា ព្រះ​អើយ​អញ​ណា ប្រកែក​ថា​អ្វី បើក​ទៅ​ឆាប់​ៗ នឹង​កាប់​ម្នាម្នី នៅ​ទាស់​សេចក្ដី លើ​ព្រះ​អាជ្ញា ។ យើង​នេះ​មិន​ព្រាង កុំ​ចៅ​អួតអាង ឃាត់​ខាំង​រាំងរា បើ​ចៅ​មិន​ជឿ ទៅ​ទូល​ក្សត្រា យើង​ពុំ​មុសា វាទ​វៀច​ឡើយ​ហោង ។ នាយ​ទ្វារ​ឆ្លើយ​ថា ជឿ​ជា​ក្សត្រា ប្រើ​ជាក់​មែន​ហោង នាំ​ទៅ​សម្លាប់ តែ​ច្បាប់​សព្វ​ដង សម្លាប់​មនុស្ស​ផង សឹង​នាំ​ទៅ​ថ្ងៃ ។ នេះ​នាំ​ទាំង​យប់ យើង​នឹង​ឱ្យ​ឈប់ លុះ​ស្រាង​ឧទយ បើ​ចៅ​នឹង​ខំ យើង​ពុំ​បើក​វៃ ច្បាប់​យើង​ទីទៃ ចេះ​ចាំ​ស្ទាត់​នៅ ។ ហើយ​មាន​និយាយ អំពី​ព្រេង​នាយ អញ​នឹង​ប្រាប់​ចៅ ចៅ​ស្ដាប់​អញ​ថ្លែង សំដែង​សំដៅ ដោយ​និទាន​ទៅ ដំណើរ​អតីតា ។ មុន​មាន​សេដ្ឋី មាន​ទ្រព្យ​ប្រាំបី កោដិ​ឃ្លាំង​សោះ​សា ចិញ្ចឹម​ឆ្កែ​ចាំ ឆ្កែ​ប្រាំ​រយ​ណា សឹង​ឆ្កែ​ជា​ៗ បាន​ដូច​នូវ​ចិត្ត ។ ទោះ​មនុស្ស​ជា​ចោរ ឃើញ​តែ​ស្រមោល បណ្ដេញ​ដោយ​ដិត ព្រូស​​ព្រមនឹង​ខាំ ប្រចាំ​គ្នា​ស្ទាត់ រក្សា​សម្បត្តិ នៃ​មហាសេដ្ឋី ។ សេដ្ឋី​នេះ​ណា៎ សឹង​ឱ្យ​រក្សា ឆ្កែ​ជា​ប្រក្រតី មាន​ខ្ញុំ​ដណ្ដាំ​បាយ​ឱ្យ​ឆ្កែ​ឆី សព្វ​ទិន​រាត្រី ពុំ​សោះ​ឡើយណា ។

មាន​កាល​មួយ​ថ្ងៃ ចោរ​ប្រាំ​រយ​រៃ គប់​គិត​នឹង​គ្នា វា​ជីក​ឧម្មង្គ​ឡើង លូច​ទ្រព្យ​មហា សេដ្ឋី​នោះ​ណា អស់​ពី​ឃ្លាំង​ហោង ។ ឆ្កែ​ប្រាំ​រយ​យល់ គ្រជូរ​ដេញ​ដល់ ព្រម​ព្រូស​ខឹង​ខ្លាំង ដេញ​ក្នុង​ឧម្មង្គ ក្នុង​ឋាន​កំបាំង ខាំ​ចោរ​ស្លាប់​ទាំង ប្រាំ​រយ​អស់​វៃ ។ លុះ​ព្រឹក​សេដ្ឋី យល់​ទ្រព្យ​បាត់​ពី មណ្ឌល​ឃ្លាំង​ជ័យ ប្រាំ​មួយ​កោដិ​គត់ អស់​ឥត​សង្ស័យ សេដ្ឋី​ក្រោធ​ក្រៃ ថា​អះ​អសារ ។ ចិញ្ចឹម​ឆ្កែ​ថ្វី ឱ្យ​បាយ​វា​ឆី វា​ដេក​ឥត​ការ ចោរ​លួច​ទ្រព្យ​អស់ ឆ្កែ​ពេញ​ទាំង​វាល ឥត​សព្ទ​ឥត​សារ នឹង​ទុក​ថ្វី​វា ។ សេដ្ឋី​ឱ្យ​ចាប់ ឆ្កែ​ទៅ​សម្លាប់ ឥត​សំណល់​ណា លង់​លុះ​ខ្មោច​ចោរ ធុំ​ក្លិន​ដល់​មហា សេដ្ឋី​នោះ​ណា៎ ដ៏​ជា​ម្ចាស់​ទ្រព្យ ។ សេដ្ឋី​ថា​យើ អស់​ក្មេង​នេះ​តើ យក​ឆ្កែ​ទៅ​កាប់ ត្រង់​ឋាន​ឯណា វា​ស្អុយ​ស្ទើរ​ស្លាប់ ទៅ​យក​ឆាប់ៗ អូស​ចេញ​ឱ្យ​ឆ្ងាយ ។ ខ្ញុំ​មហាសេដ្ឋី ប្ដឹង​ប្រាប់​វឹង​ខ្មី ថា​ឆ្កែ​ទាំង​ឡាយ យើង​ខ្ញុំ​សម្លាប់ កណ្ដាល​ព្រៃ​ឆ្ងាយ មិន​ធុំ​ដល់​អាយ នេះ​ឡើយ​ម្ចាស់ថ្លៃ ។ ទើប​មហា​សេដ្ឋី ថា​ដូច្នោះ​ខ្មោច​អ្វី ធុំ​ស្អុយ​ពេក​ក្រៃ អា​រក​ហិត​មើល ប្លែក​ក្រៃ​វិស័យ​ខ្ញុំ​នោះ​វៃ ៗ ហិត​រក​ហោង​ណា ។ ដល់​មាត់​រណ្ដៅ នោះ​ធំ​ស្អុយ​ក្រៅ វិស័យ​សោះ​សា ខ្ញុំ​នោះ​វិល​មក ប្រាប់​សេដ្ឋី​ថា រណ្ដៅ​មួយ​ណា ធុំ​ស្អុយ​ពេក​សល់ ។ ទើប​សេដ្ឋី​ថា បើ​ដូច្នោះ​អស់​គ្នា ទៅ​ជីក​ឱ្យ​យល់ ក្សិណ​ខ្ញុំ​សេដ្ឋី កាន់​ចប​រចល់ ជីក​ទៅ​យង់​យល់ ខ្មោច​ចោរ​មរណា ។ របួស​ទៀត​ទេ សឹង​ចង្កូម​ឆ្កែ នោះ​គ្រប់​អស់​គ្នា ទ្រព្យ​ក្នុង​ឧម្មង្គ សឹង​គង់​នៅ​ជា អស់​ខ្ញុំ​នោះ​វា មក​ប្រាប់​សេដ្ឋី ។ សេដ្ឋី​គន់​គិត តែ​ក្នុង​គំនិត ដឹង​ដើម​សេចក្ដី ថា​អេះ​អញ​ធ្លោយ ឯង​ឱ្យ​សម្លាប់ ឆ្កែ​នោះ​ពុំ​គាប់ ខុស​ទៅ​ហោង​ណា ។

ចៅ​អើយ​មហាក្សត្រ ព្រះបាទ​ព្រហ្មទត្ត លើស​លើ​លោកា អញ​ថា​នឹង​ធ្លោយ ស្ដាយ​ក្រោយ​ដូច​មហា សេដ្ឋី​នេះ​ណា មិន​លែង​ឡើយ​ហោង ។ អញ​ពុំ​បើក​ចៅ ចៅ​នាំ​យក​ទៅ ទ្វារ​ឯ​ទៀត​ផង ទ្វារ​អញ​មាន​ច្បាប់ ចេះ​ស្រាប់​កន្លង អញ​ពុំ​បើក​ហោង កុំ​បង្ខំ​អញ 
ពេជ្ឈឃាដ​នោះ​ស្ដាប់ អស់​អាថ៌​សារសព្ទ នោះ​ទើប​នាំ​ចេញ ទៅ​ទ្វារ​បស្ចិម កាល​គ្រា​នោះ​វិញ អ្នក​ទ្វា​នោះ​មិញ ពុំ​បើក​ឡើយ​ហោង ។ ពេជ្ឈឃាដ​ថា​បើ ចៅ​ពុំ​បើក​តើ មាន​ច្បាប់​ទំនង ដំណើរ​នេះ​ម្ដេច ចូរ​ចៅ​សាសង ប្រាយ​ប្រាប់​អញ​ហោង អស់​អាថ៌​សារសព្ទ ។ ទើប​អ្នក​ទ្វារ​ថា លោក​ដែល​ឯណា នាំ​មនុស្ស​ទៅ​កាប់ ទាំង​យប់​រាត្រី ខុស​ពី​ក្បួន​ច្បាប់ ចៅ​​អើយ​ចូរ​ស្ដាប់ និយាយ​អញ​មាន ។ មុន​មាន​មហាក្សត្រ សោយរាជ្យ​សម្បត្តិ សម្បូរ​ធនធាន ចិញ្ចឹម​សេក​សត្វ សេក​រតន៍​កល្យាណ ហើយ​ទៅ​ហិមពាន្ត រក​ភស្តុ​ចំណី ។ សេក​មាន​សម្បុរ នោះ​ល្អ​និមល កប​បញ្ចិន្ទ្រិយ កាល​នោះ​ស្ដេច​យល់ សម្បុរ​បក្សី សេក​សួគ៌​សោភា ល្អ​ល្អះ​ប្រពៃ ។ ស្ដេច​អរ​កន្លង បន្ទូល​ទៅ​ផង សេក​សួគ៌​នោះ​វៃ សេក​អើយ​សម្បុរ អ្នក​យល់​ល្អ​ក្រៃ ហេតុ​ម្ដេច​ចូរ​លៃ លក​ប្រាប់​អញ​រ៉ា ។ សេក​សោត​ទៀត​ទូល បពិត្រ​ឥសូរ ជា​មកុដ​សិរសា សម្បុរ​ខ្ញុំ​ល្អ ត្បិត​ខ្ញុំ​ភោក្ដា ផ្លែ​ស្វាយ​នៅ​នា ព្រៃ​ព្រះ​ហិមពាន្ត ។ រី​ស្វាយ​នេះ​ណា បើ​ចាស់​ជរា អាក្រក់​ប៉ុន្មាន បាន​បរិភោក្ដា ផលា​នោះ​ក្សាន្ត​ក្សិណ នោះ​ប្រែ​ប្រាណ កំលោះ​វឹង​វៃ ។ ស្ដេច​ស្ដាប់​សា​សត្យ សេក​សួគ៌​ទូល​ថ្វាត់ បន្ទូល​ថា​ហៃ សេក​អើយ​បើ​ច្នោះ អ្នក​ទៅ​ឆាប់​វៃ ពាំនាំ​ពី​ព្រៃ ផ្ញើ​យើង​នឹង​ឆី ។ សេក​សោត​ទទួល ព្រះ​បន្ទូល​ស្រួល ស្រុះ​ស្រេច​អស់​ក្ដី ហើយ​ហើរ​ផ្លេក​ផ្លោះ ទៅ​ស្មោះ​ឃ្មាតខ្មី រក​ភស្តុ​ចំណី ចំណង់​ភោក្ដា ។ លុះ​នឹង​វិល​ថ្កាន ទើប​សេក​ពាំ​បាន មួយ​នោះ​ណា មក​ផ្ញើ​មហាក្សត្រ ស្ដេច​អរ​ក្ដាត់​ណា ទទួល​ផល្លា ពី​បក្សី​សត្វ ។ ស្ដេច​គិត​ថា​ស្វាយ នេះ​តិច​អម្បាយ បាន​ពីរ​បី​ម៉ាត់ បើ​អញ​នឹង​ឆី ឱ្យ​ល្អ​ខ្លួន​ថ្វាត់ តែ​អញ​ឯង​ក្សត្រ នូវ​បុត្រ​ភរិយា ។ និង​ញាតិ​ទាំងឡាយ បើ​ច្នោះ​យក​ស្វាយ នេះ​ទៅ​ដាំ​នា ឋាន​មួយ​បើ​ដល់ បាន​ផល​ព្រឹក្សា សឹម​យើង​នាំ​គ្នា ឆី​ឱ្យ​ហោង ។ នឹង​មាន​រូប​រ័តន៍ ប្រពៃ​ល្អ​ក្ដាត់ ពេក​ពន់​កន្លង ទើប​ស្ដេច​បណ្ដុះ ស្វាយ​នោះ​ជា​ម្ដង ដុះ​ដូច​ស្ដេច​ប៉ង បំណង​ប្រាថ្នា ។ ស្ដេច​ឱ្យ​ទៅ​ដាំ មាន​អ្នក​ផង​ចាំ ពិភ័ក្ដិ​រក្សា លុះ​ស្វាយ​នោះ​ធំ បាន​ផល​ផ្លែ​ផ្កា ហេតុ​ដាំ​នោះ​ណា លើ​រន្ធ​នាគ​នៃ ។ ពិស​នាគ​សព្វ​សាយ ជ្រួត​ជ្រាប​ផ្លែ​ស្វាយ ពិស​ពស់​វិស័យ លុះ​ស្វាយ​នោះ​ធំ ទើប​ក្សត្រ​ជៀស្ឋជ័យ ឱ្យ​បេះ​ច្រើន​ក្រៃ យក​មក​ហោង​ណា ។ ស្ដេច​ឱ្យ​អមាត្យ ជំនិត​ព្រះ​បាទ ឆី​មុន​ក្សត្រា អមាត្យ​នោះ​ឆី ពុល​ពិស​មរណា នៅ​ព្រះ​ភក្ត្រ​មហា ក្សត្រ​ក្សាន្ត​នោះ​វៃ ។ ស្ដេច​យល់​អមាត្យ ពុល​ពិស​សល់​ខ្នាត ទ្រង់​ព្រះ​ក្រោធ​ក្រៃ ពុំ​ពិចារណា ឡើយ​មហាក្សត្រ​ថ្លៃ ថា​សេក​ចង្រៃ នឹង​សម្លាប់​អញ ។ ភ័ព្វ​អញ​នេះ​ម្ដង អញ​ឱ្យ​ឆី​លង មើល​មុន​មែន​មិញ បើ​អញ​ឆី​ឯង ឥត​ក្រែង​សម​អញ អស់​ជីវិត​វិញ មិន​លែង​ឡើយ​ណា ។ ស្ដេច​ខ្ញាល់​ឆុរ​ឆាប់ វាយ​សេក​សម្លាប់ ឥត​ពិចារណា ដំណ​ពី​នោះ ស្វាយ​នោះ​ផ្លែផ្កា ឥត​នរណា នឹង​ហ៊ាន​បេះ​ឆី ។ លុះ​ចំណរ​ទៅ នាគ​នោះ​និត្យ​នៅ ពុំ​បាន​ថយ​ពី លំនៅ​នោះ​ចេញ ពិស​ពេញ​ធរណី ប្រែ​ជា​សាប​ខ្មី ពុំ​ពុល​ឡើយ​ណា ។ អង្វែង​ទៅ​ណាស់ តា​ចាស់​ដូន​ចាស់ ពិបាក​រក្សា ដំរី​មហាក្សត្រ មក​គិត​គ្នា​ថា យើង​នេះ​ជរា ចាស់​ណាស់​ទៅ​ហើយ ។ ទន្ទឹង​តែ​ស្លាប់ វា​មិន​ឆាប់​ស្លាប់ ដូច​ចិត្ត​សោះ​ឡើយ បើ​ច្នោះ​យើង​រស់ ជា​មនុស្ស​ថ្វី​អើយ ពិបាក​ឥត​ត្រើយ មក​យើង​ទៅ​ឆី ។ ស្វាយ​ដែល​ស្តេត​ដាំ ឱ្យ​ស្លាប់​ទៅ​ចាំ រស់​រូប​ធ្វើ​អ្វី ពិបាក​អាត្មា រក្សា​ដំរី គាត់​គិត​ព្រម​ប្ដី ប្រពន្ធ​ហើយ​ទៅ ។ បេះ​បាន​មក​ឆី ក្សិណ​នោះ​ឯ​ប្ដី ប្រែ​សក់​ជា​ខ្មៅ សម្បុរ​ជា​ក្លោះ4 ឥត​ខ្ចោះ​ហ្មងសៅ ក្រឡេក​មើល​ទៅ ប្រពន្ធ​នោះ​ណា ។ ប្រែ​ជា​ក្រមុំ សម្បុរ​គួរ​សម ដោះ​ដូច​បទុមា ប្ដី​ថា​នាង​ល្អ នាង​មក​ពីណា ប្រពន្ធ​ឆ្លើយ​ថា យើង​ប្លែក​អញ​ហើយ ។ ប្ដី​ឮ​ភរិយា ចាំ​តែ​ពាក្យ​ថា មុខ​មិន​ស្គាល់​ឡើយ ទើប​ឆ្លើយ​ទៅ​ថា ឱ​លាភ​អញ​អើយ ពាក្យ​ប្រហែល​ហើយ រូបរាង​ទីទៃ ។ ប្រពន្ធ​ឆ្លើយ​ថា ព្រះ​អើយ​អញ​ណា ខ្លា​វង្វេង​ព្រៃ ក្រពើ​វង្វេង បឹង​ឯង​សព្វ​ថ្ងៃ នរណា​ឡើយ នៃ អញ​ឯង​ដូន​ចាស់ ។ ចៅ​ឯង​សក់​ស ខ្នង​កោង​មិន​ល្អ ឥឡូវ​ប្រែ​ផ្លាស់ ជា​សក់​ខ្មៅ​ញាប់ ចំណាប់​ធំ​ណាស់ មុន​មិញ​សោត ចាស់ ឥឡូវ​កំលោះ ។ ប្ដី​ថា​យ​ីអើ ឱ្យ​ស្លាប់​មិញ​តើ មក​ឆី​ស្វាយ​នោះ ម្ដេច​អញ​នឹង​មេ ប្រែ​ខ្វែង​ជា​ក្លោះ មេ​អើយ​បើ​ច្នោះ ជា​ភ័ព្វ​យើង​ឯង ។ ដូនតា​ប្រែ​ប្រាណ ស្រេច​វិល​វឹង​ថ្កាន លំនៅ​ឥត​ក្រែង រក្សា​ដំរី ដូច​ពី​មុន​ព្រេង ដោយ​ជា​អញ​ឯង ពិត​ពុំ​ឃ្លាតឃ្លា ។ កាល​នោះ​ស្ដេច​យល់ កំលោះ​និមល​រូប រាង​សោភា ស្ដេច​ត្រាស់​ដណ្ដឹង ថា​មនុស្ស​ពី​ណា មក​នៅ​រក្សា ដំរី​អញ​ហោង ។ ទើប​តា​កំលោះ ទូល​ទៅ​តាម​ស្មោះ បពិត្រ​ច្បាស់​ច្បង ខ្ញុំ​គឺ​តា​ចាស់ នៅ​នោះ​ឯង​ហោង ត្បិត​ឆី​ស្វាយ​ផង ប្រែ​ប្រាណ​ច្នេះ​ណា៎ ។ ស្ដេច​ស្ដាប់​ថា​យើ ស្វាយ​ពុល​មិញ​តើ ម្ដេច​ប្រែ​ជា ច្នេះ​ចូរ​អ្នក​ផង ទៅ​បេះ​ម្នីម្នា យក​មក​ឆាប់​រ៉ា អញ​នឹង​ឱ្យ​ឆី អាមាត្យ​ក្រាប​លា ទៅ​បេះ​ម្នីម្នា យក​មក​ឆាប់​រ៉ា អញ​នឹង​ឱ្យ​ឆី ។ អាមាត្យ​ក្រាប​លា ទៅ​បេះ​ផល្លា មក​ថ្វាយ​ភូមី ទើប​ស្ដេច​ឱ្យ​អា- មាត្រ​មុខ​មន្ត្រី ឆី​មុន​ចក្រី ចង់​ដឹង​អក្ខរា ។ អាមាត្យ​មួយ​ឆី ល្អ​អស់​ឥន្ទ្រិយ ប្រពៃ​សោភា ស្ដេច​យល់​ច្នោះ​វៃ ព្រះ​ទ័យ​សង្កា ត្រាស់​ប្រើ​ឱ្យ​មហា មាត្យ​មួយ​ឆី​ទៀត ។ រែង​ល្អ​និមល សួរ​សម​សម្បុរ ឡើង​ដូច​រមៀត ស្ដេច​ត្រាស់​ឱ្យ​អា មាត្រ​មួយ​ឆី​ទៀត ទើប​ស្ដេច​បាន​បៀត ទ្រង់​នឹង​ព្រះហស្ត ។ ឯង​ឱ្យ​បុត្រី បុត្រា​មហេសី ទ្រង់​សោយ​ទាំងអស់ សឹង មាន​ព្រះអង្គ នោះ​ប្រែ​ប្រាណ​ផ្លាស់ ចាក​ចោល​ឯ​ចាស់ ក្រឡះ​បាន​ជា​ពាល5 ។ ស្ដេច​យល់​ច្នោះ​ហើយ ទើប​ក្សត្រ​ត្រាណ​ត្រើយ សោយ​ផល​អាហារ ល្អ​អស់​ព្រះអង្គ រុងរឿង​ត្រកាល សម្ដេច​ភូបាល ប្លែក​នឹង​សព្វ​គ្រា ។ ទើប​ក្សត្រ​ជៀស្ឋជ័យ គិត​ក្នុង​ព្រះទ័យ អង្គឺ​ក្ដី​ណា ហេតុ​អ្វី​ស្វាយ​ពុល បាន​ប្រែ​ជា​ៗ ស្ដេច​ត្រាស់​ឱ្យ​អា មាត្យ​មើល អស់​ក្ដី ។ អាមាត្យ​ទៅ​មើល រណ្ដៅ​នោះ​ឃើញ នាគ​នៅ​អំពី មុន​មាន​ដូច្នោះ ទើប​ទូល​ចក្រី ស្ដេច​មាន​ព្រះ​ពិ ចារណា​យង់​យល់ ។ ជា​ពស់​នាគា ជ្រួត​ជ្រាប​ព្រឹក្សា ពិស​ពស់​អស់​កល ពី​មុន​នាគ​មិញ ពិស​ពេញ​សព្វ​សល់ អញ​ឯង​​ដាល​ដល់ សម្លាប់​សេក​សត្វ ។ ស្ដេច​សែន​នឹក​ស្ដាយ សេក​សួគ៌​ពណ្ណរាយ អសារ​បង់​បាត់ នែ​ចៅ​ពេជ្ឈឃាដ ព្រះបាទ​ព្រហ្មទត្ត អញ​ខ្លាច​មហាក្សត្រ នឹក​ស្ដាយ​ក្រោយ​ក្រៃ ។ ហេតុ​ច្នោះ​ឯង​អញ ពុំ​បើក​ចៅ​ចេញ ទៅ​ទាំង​យប់​វៃ បើ​ទោស​ខ្លាំង​សល់ ចៅ​ចាំ​ដល់​ថ្ងៃ ច្បាប់​មាន​ក្សត្រ​ថ្លៃ នឹង​ខ្ញាល់​ពុំ​បាន ។

ពេជ្ឈឃាដ​ស្ដាប់​ស្ដែង នាយ​ទ្វារ​សំដែង ដំណាល​និទាន ទើប​ទៅ​ឯ​ទ្វារ ឧត្តរ​ទីឋាន ពេជ្ឈឃាដ​ហៅ​ហាន ស្រែក​ប្រាប់​ទៅ​ថា វ៉ឺយ​អស់​នាយ​ទ្វារ រក្សា​សព្វ​កាល បើក​អញ​ម្នីម្នា ត្រាស់​ប្រើ​អញ​នាំ អ្នក​ទោស​នេះ​ណា6 ទៅ​កាប់​សោះ​សា ចៅ​បើក​អញ​ឆាប់ ។ នាយ​ទ្វារ​ឆ្លើយ​ទៅ ថា​ចៅ​វ៉ើយ​ចៅ មិន​ដែល​មាន​ច្បាប់ នាំ​អ្នក​ទោស​ទៅ ទាំង​យប់​សម្លាប់ អញ​យល់​ពុំ​គាប់ ខុស​ព្រះ​មាត្រា ពេជ្ឈឃាដ​ខឹង​ខំ ថា​ម្ដេច​ក៏​ពុំ បើក​ព្រះ​អាជ្ញា ឃាត់​អញ​អើ​ភាន ឯង​មាន​ច្បាប់​ណា ឱ្យ​ឯង​រាំងរា លើ​ព្រះ​បម្រើ ។ នាយ​ទ្វារ​ឆ្លើយ​ទៅ ថា​ពេជ្ឈឃាដ​ចៅ ងារ​អញ​ឯង​បើ អញ​ឃាត់​ម្ល៉េះ​ខុស ច្បាប់​ដូច្នោះ​តើ ចៅ​ខឹង​ខំ​ប្រើ ឱ្យ​បើក​ទៅ​បាន ។ អញ​ជា​នាយ​ទ្វារ ពី​មេ​ពី​បា រឿង​ពី​បុរាណ មិន​ដែល​ឮ​ថា ដូច្នោះ​នឹង​មាន បើ​ទោស​ប៉ុន្មាន ក្សត្រ​មាន​បុណ្យ​ថ្កើង ។ ប្រើ​នាំ​ទៅ​ផ្គង ចៅ​នៅ​នេះ​ហាង ទម្រាំ​ព្រឹក​ឡើង សឹម​នាំ​ចេញ​ថ្វាត់ យើង​ឃាត់​តាម​រឿង បើ​ឆ្គង​ទោស​យើង សឹង​មាន​គ្រប់​គ្នា ។ យល់​តែ​ស្ដេច​ប្រើ យើង​បើក​ហើយ​តើ មិន​ខុស​មាត្រា ដំណ​នឹង​ឃ្លៀង លំអៀង​ច្បាប់​ប្រា- កដ​កើត​អនា ទរ7​ផ្ទៃ​ក្រោម8​ក្រៃ ។ ស្រដី​រាជការ ដោយ​មុខ​ភ្នាក់ងារ កាន់​ខ្ជាប់​ទីទៃ យល់​តែ​អំណាច ល្មម​ខ្លាច​ៗ​ក្រៃ បើ​ពុំ​ល្មម​នៃ ទាស់​សិន​ដោយ​ច្បាប់ ។ មុខ​មន្ត្រី​ធំ បើ​បាន​ជំនុំ ព្រម​ប្រើ​សម្លាប់ ឮ​តែ​ក្សត្រា ពុះពារ​ប្រើ​កាប់ ក្រោធ​ក្រៃ​ឆុរ ឆាប់ នឹង​ព្រះ​អំណាច ចៅ​អើយ​ច្បាប់​មាន ក្សត្រ​ពី​បុរាណ បរម​រឿង​រាជ បើ​ពុំ​ទ្រង់​ធម៌ សម្មា​ឯង​អាច អាង​ព្រះ​អំណាច ខុស​ច្បាប់​ហើយ​ណា៎ ។ មុខ​មន្ត្រី​ធំ អ្នក​ប្រាជ្ញា​ជំនុំ គិត​ព្រម​គ្នីគ្នា បណ្ដេញ​ស្ដេច​បង់ ពី​ក្នុង​នគរា ត្បិត​ស្ដេច​ពុះពារ បំពាក់​បំពាន ។ បើ​រាស្ត្រ​មន្ត្រី ពុំ​ដោយ​ច្បាប់​ពី បរម​បុរាណ ល្មម​លក់​ល្មម​ព្នៃ ល្មម​ឱ្យ​ក្ស័យ​បាន ចៅ​ខំ​ប៉ុន្មាន អញ​ពុំ​បើក​ឡើយ ។

បទ​ព្រហ្មគីតិ

កាល​នោះ​ឯ​មហាក្សត្រ ព្រហ្មទត្ត​តើន​ឡើង​ហើយ ហទ័យ​សោត​ពុំ​ស្បើយ គិត​ទៅ​ដល់​មា​យើង​ថា ។ មា​យើង​មាន​គុណ​ក្រៃ កាល​នៅ​ព្រៃ​មាន​តែ​មា យើង​ឥត​នរណា ក្រៅ​អំពី​មា​យើង​ឡើយ ។ ឥឡូវ​នេះ​អញ​ប្រើ ឱ្យ​គេ​ធ្វើ​គុត​គាត់​ហើយ គេ​កាប់​ឬ​នៅ​ឡើយ អះ​អញ​ស្ដាយ​ពេក​ណាស់​ណា ។ ស្ដេច​ត្រាស់​ឱ្យ​អាមាត្យ រត់​ខ្មីឃ្មាត​រួស​ម្នីម្នា ទៅ​តាម​យក​ចៅ​មា យើង​មក​វិញ​កុំ​ពិឃាដ ។ កាល​នោះ​អមច្ចា ក្រួញ​ក្រាប​លា​រត់​សង្វាត តាម​ទាន់​ពេជ្ឈឃាដ នៅ​នា​ទ្វារ​ឧត្តរ​នោះ ។ ទើប​នាំ​មា​យើង​មក វិល​វឹង​មក​ថ្វាយ​ក្សត្រ​ស្មោះ ទើប​ស្ដេច​បន្ទូល​ឆ្ពោះ ដណ្ដឹង​ចៅ​មា​យើង​ថា ។ ហៃ​មា​យើង​អើយ​ចៅ កាល​អញ​ទៅ​លេង​ព្រឹក្សា អញ​យល់​មា​ឯង​ជា មាន​គំនិត​គំនូរ ក្រៃ ។ ឥឡូវ​ម្ដេច​ចៅ​គិត ប្រាណ​ប្រែ​ចិត្ត​ទៅ​ទីទៃ ចូរ​ចៅ​ចែង​សម័យ ចរចា​មក​ឥឡូវ​រ៉ា ។ មា​យើង​ទូល​ពិនិត្យ ថា​បពិត្រ​ព្រះ​រាជា ក្នុង​កាល​យប់​មិញ​ណា ពស់​វា​មក​ខាំ​ក្សត្រ​ថ្លៃ ។ ខ្ញុំ​កាប់​ពស់​អន្តរាយ លោហិត​ខ្ចាយ​ពី ក្រោម​ក្រៃ ពេញ​ព្រះ​ថនា​នៃ វរ​ទេវី​ពិសេស​សល់ ។ ខ្ញុំ​ពុំ​ហ៊ាន​ប្រមាថ ដាស់​ព្រះ​បាទ​ឱ្យ​អំពល់ នឹង​យក​ដៃ​ដិត​ដល់ សោត​ពុំ​គួរ​ទើប​ខ្ញុំ​ខំ ។ យក​អណ្ដាត​លិទ្ធ​ឈាម កូវ​កើយ​ខ្វាម​ពិត​ពុំ​សម ជ្រាប​ដល់​ព្រះអង្គ​អ- ម្ចាស់ ឱ្យ​ចង​យក​ទៅ​កាប់ ។ ខ្ញុំ​នឹង​ទូល​ក្សត្រ​ក្សាន្ត ទាស់​ពុំ​ហ៊ាន​ក្រែង​ខុស​គាប់ អំពល់​បើ​នឹង​ស្លាប់ តាម​វេរា​អំពើ​កម្ម  ។ តេជះ​ហេតុ​អំពើ ត្រង់​ពុំ​ធ្វើ​វេរា​កម្ម ទើប​ខាន​ដោយ​សារ​ឆ្មាំ ទ្វារ​ជំទាស់​ពុំ​ឱ្យ​ទៅ ។ បើ​ពុំ​ពិចារណា គឺ​អសារ​សោះ​សូន្យ​សៅ ក្សិណ​ក្ស័យ​ជីវិត​នៅ នា​ធរណី​នាយ​ឥត​ការ ។ ស្ដេច​ស្ដាប់​ដណ្ដឹង​ឆ្ពោះ ថា​បើ​ច្នោះ​ខ្មោច​ពស់​ពាល ចៅ​ទុក​ឯណា​កាល ឥឡូវ​ចៅ​ប្រាប់​អញ​ហោង ។ មា​យើង​ទូល​ទៅ​ថា ខ្ញុំ​ទុក​ជា​បន្ទាល់​ផង ទាំង ៣ កំណត់​ហោង ក្រោម​មន្ទីរ​ទិព្វ​ភូបាល ។ ទើប​ស្ដេច​ឱ្យ​ទៅ​យក ខ្មោច​ពស់​មក​មែន​ដូច​សា- សព្ទ​ចៅ​មា​យើង​កាល នោះ​ព្រះអង្គ​ជឿ​ជាក់​ស្ដែង ។ ក្សត្រ​ថ្ងៃ​ខ្ពង់​ខ្ពស់ យល់​ខ្មោច​ពស់​ទ្រង់​ស្ញប់ស្ញែង ព្រឺ​ព្រួច​ប្រឹង​គ្រញែង ព្រះ​សិរសី​បន្ទូល​ថា ។ ភ័ព្វ​ជា​មា​យើង​អើយ កុំ​អី​ឡើយ​លុះ​មរណា ឱ​មា​យើង​មហា គុណ​អនេក​អនន្ត​ក្រៃ ។ អ្នក​ផង​សឹង​ស្ញប់ស្ញែង ព្រឺ​គ្រញែង​ទីទៃ យល់​គុណ​មា​យើង​ក្រៃ ក្រាស់​ឥត​នឹង​ថ្លាថ្លែង ។ ស្ដេច​ឱ្យ​ស្រេច​ស្រាយ​ចំណង មា​យើង​ហោង​ប្រោស​លះលែង ទោស​ទុក្ខ​បង់​រវែង ហើយ​បន្ទូល​ដោះសា​ថា ។ ចៅ​អើយ ហេតុ​អញ​ខ្លៅ ធ្វើ​ទោស​ចៅ​ឥត​ករុណា កុំ​ចៅ​យក​ទោសា អញ​ទទួល​ថា​ខុស​ហើយ ទើប​ស្ដេច​គិត​គុណ​ក្រៃ ឱ្យ​យស​ថ្លៃ​ឥត​ស្មើ​ឡើយ ដល់​មា​យើង​ជា​ត្រើយ ជា​មន្ត្រី​ធំ​កន្លង ។ នរៈ​អ្នក​សឹង​ចុះ​ឡើង ចៅ​មា​យើង​ឥតផ្ទឹម​ផង ហេតុ​បាន​ភរិយា​គ្រង កប​លក្ខណា​សួគ៌​សល់​ស្រី ។

បទ​កាកគតិ

និទាន​មា​យើង បាន​យក​ថ្កុំថ្កើង សាន្ត​សំរឹទ្ធី ស្លេះ​ទុក​ទើប​ថ្លែង សំដែង​ស្រដី ដំណាល​អំពី អ្នក​នាយ​ភេត្រា ។ បាន​មេ​កញ្ជើ ធ្លុះ​អរ​លលើ ទៅ​ជា​ភរិយា ដោយ​វា​ពុំ​មាន ធនធាន​ទ្រព្យា លុះ​បាន​ហើយ​វា ធ្វើ​ឆ្មើង​ធំ​ក្រៃ ។ ស្លៀក​ខៀន​ស្លៀក​ព្រែ ស្អាង​ខ្លួន​បន្ថែ ផ្ចិតផ្ចង់​សព្វ​ថ្ងៃ អាង​ប្ដី​មាន​ទ្រព្យ ប្រដាប់​ច្រើន​ក្រៃ ថា​ខ្លួន​វា​ថ្លៃ ឥត​គេ​ផ្ទឹម​ផង ។ វា​ពុំ​ស្រដី ទ្រព្យ​ធន​អ្វី ៗ ពុំ​បាន​ស្ងួន​គ្រង ស៊ី​ចាក់​ស៊ី​ចោល បាច​សាច​ជា​ម្ដង មាន​កូន​មួយ​ផង នឹង​នាយ​នោះ​នៃ ។ បើ​កូន​នោះ​ជុះ មេ​កញ្ជើ​ធ្លុះ ពុំ​លាង​វិស័យ ដូច​អ្នក​ទាំងគ្រប់ អាង​ទ្រព្យ​ច្រើន​ក្រៃ ហែក​ព្រែ​ថ្លៃ​ៗ ជូត​អាចម៍​ចោល​ទៅ ។ លង់​លុះ​វែង​ឆ្ងាយ ក្សិណ​ខ្សត់​អន្តរាយ ទ្រព្យ​ទាំង​សំពៅ ប្រែ​ជា​អ្នក​ខ្សត់ ទុគ៌ត​អាសៅ លក់​ទាំង​សំពៅ ស៊ី​ចាយ​អស់​ហោង ។ ហេតុ​ស្រី​ខាតលក្ខណ៍ ពុំ​ចេះ​ទុក​ដាក់ រក្សា​ស្ងួន​គ្រង ឱ្យ​អាប់​យស​ប្ដី អប្រិយ​កន្លង សព្វ​ថ្ងៃ​នេះ​ហោង សុំ​ទាន​គេ​ស៊ី ។ កម្សោយ​កម្សត់ អប្រិយ​កន្លង ហិន​ហោច​ទុគ៌ត ដើរ​ដោយ​ប្រឹថពី ស្វែង​រក​សុំទាន សព្វ​ឋាន​ទិសទី ចិញ្ចឹម​ជីវី ជីវិត​សព្វថ្ងៃ ។ សុំទាន​រៀង​ទៅ ដូច​ដល់​លំនៅ ផ្ទះ​មា​យើង​វៃ នាង​យល់​អ្នក​ខ្សត់ ទុគ៌ត​ក្រ​ក្រៃ ស្មាន​អ្នក​ដទៃ ហើយ​ឱ្យ​ទាន​ទៅ ។ លុះ​គន់​ជាក់លាក់ នាង​ស្គាល់​ជា​អ្នក ចៅ​នាយ​សំពៅ ប្ដី​ដើម​នៃ​នាង ទើប​នាង​ថា​ទៅ ឱ​នាយ​សំពៅ ម្ដេច​ដើរ​សុំទាន ។ ប្ដូរ​ផ្ដាច់​បោះបង់ អញ​ឥត​មាន​ស- ង្ស័យ​អញ​ស្មោះ​ស្មាន នឹង​កើត​របស់ ស័ក្ដិយស​ធនធាន ឥឡូវ​ម្ដេច​ប្រាណ ប្រែ​ខ្លួន​ទទេ ។ ល្អ​ពេក​មុខ​ចៅ ចៅ​នាយ​សំពៅ ដើរ​សុំទាន​គេ ស្រឡាញ់​ប្រពន្ធ ល្អ​លន់​មុខ​មេ កញ្ជើ​​ធ្លុះ​ទេ ល្អ​ពេក​ប្រាកដ ។ នេះ​ហេតុ​លក្ខណ៍​ស្រី គេ​ចម្រើន​ប្ដី បរិបូណ៌​បាន​បទ ស្រី​យើង​ចង្រៃ ពេក​ក្រៃ​ប្រាកដ នៅ​នឹង​អ្នក​ខ្សត់ ប្រែ​ជា​អ្នក​មាន ។

មនុស្ស​ខ្សត់​ទាំង​ពីរ ឮ​ហើយ​រមិល មើល​នាង​កល្យាណ ស្គាល់​ជាក់​ហើយ​ខ្មាស អាស្រូវ​ភាសភាន ចៀស​ចេញ​ទៅ​ឋាន លំនៅ​អាត្មា ។ មា​យើង​មាន​យស ឧត្ដម​ខ្ពង់ខ្ពស់ ត្បិត​ភរិយា​យស​យឺន​ពណ្ណរាយ កេរ្តិ៍​ឆ្ងាយ​សោះសា ប្រាកដ​ប្រុះ​ប្រា -កប​កេរ្តិ៍​វែង​ឆ្ងាយ ។

រីឯ​សភាព ដំណើរ​កិរកាព្យ មាន​ពី​ព្រេង​នាយ បរម​បុរាណ និទាន​និយាយ អស់​អាថ៌​បរិយាយ ចែង​ចប់​ម្ល៉េះ​ហោង ៕

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ​មា​យើង
រឿង ​មា​យើង
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_754.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_754.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy