មាននិទានមួយដំណាលថា : បុរសមានប្រពន្ធក្រមុំរូបឆោមល្អ មានបុរសម្នាក់ស្រលាញ់ប្រពន្ធបុរសនោះ តែងមកចាំឃ្លាំមើលនៅកំពង់ទឹកតែសព្វថ្ងៃ ។ នាងនោះយល់បុរសនោះចេះតែមកឃ្លាំមើលរកតែងូតទឹកពុំបានដូច្នោះ ក៏និយាយថា “ចៅអើយ ! ម្ដេចមកចាំនៅនេះរកតែអញងូតទឹកពុំបាន” ។ ចៅនោះថា “ត្បិតអញស្រលាញ់នាងទើបអញមកចាំនាងនៅនេះ” ។ នាងនោះថា “អញមានប្ដីហើយកុំចៅមកចាំអញធ្វើអ្វី ចូរទៅផ្ទះវិញទៅ អញនឹងងូតទឹក” ។ ចៅនោះថាអញស្រលាញ់នាងពេក នឹងដើរចេញពុំបានឡើយ លុះតែនាងដោយអញ ទើបអញដើរចេញពីនេះ បើនាងពុំដោយអញៗ ពុំដើរចេញពីទីនេះឡើយ, អញចាំនាងត្រាតែបាន”។ នាងនោះគិតក្នុងចិត្តថា “អញនឹងធ្វើដូចម្ដេចអែះ បើដូច្នេះអញដោយគាត់ទៅចុះ” ហើយនាងនោះក៏ដោយគាត់ទៅចុះ ។ លុះបានជាស្មន់អន្ធករហើយ នាងនោះថា “ចៅអើយ ! ណ្ហើយទៅលំនៅវិញចុះ” ។ ចៅនោះថា “នាងអើយកាលពុំទាន់បានខ្លួននាងម្ដេចអញពុំទៅ ចំណង់បើឥឡូវនេះអញបាននាងស្មន់អន្ធករហើយ រកពីណាអញទៅ អញពុំទៅឡើយ” ។ មេនោះថា “ កាលចៅពុំទាន់បានអញជាស្មន់អន្ធករនោះចៅដើរចេញពុំបាន ឥឡូវនេះអញដោយចៅហើយ តើចៅនៅចាំអញធ្វើអ្វីទៀត” ។ ចៅនោះថា “អញយកនាងជាភរិយា អញឲ្យបាន កុំនាងសន្ទិះឡើយ នាងនោះថា “អញមានប្ដីហើយ អញខ្លាចប្ដីអញណាស់” ។ ចៅនោះថា “នាងខ្លាចប្ដីនាង នោះឯង ៗ ទេអញនឹងរកកលកុំឲ្យប្ដីនាងដឹង នាងកុំខ្លាចឡើយ” ។ ទើបចៅនោះដើរចេញ ទៅឃើញខ្មោចស្រីមួយគេចោលនោះព្រៃ លុះដល់យប់ ចៅនោះយកខ្មោចនោះមកទុកមួយអន្លើជិតផ្ទះនោះ លុះប្ដីដេកលក់ ទើបចៅនោះយកខ្មោចនោះទៅផ្ដេកខាងប្ដីមេនោះ ហើយនាំប្រពន្ធចៅនោះចុះអំពីផ្ទះស្រឡះចេញ ទើបវាយកភ្លើងដុតផ្ទះចៅនោះ ។ ប្ដីដឹងក៏ក្រោកឡើងដាស់ខ្មោចដោយស្មានថាប្រពន្ធ ថា “នែ ! ក្រោកឡើងភ្លើងឆេះផ្ទះម្ដេចក៏ដេកធ្វើព្រងើយ ” ចៅប្ដីនោះកើចដៃខ្មោចឡើង ខ្មោចនោះរឹងស្ដូកនៅកន្ទេលលុះភ្លើងឆេះក្ដៅនឹងនៅពុំបាន ចៅនោះលោតចុះពីផ្ទះទៅឈរទ្រហោយំថា “ ឱប្រពន្ធអញអើយ ម្ល៉េះហើយ ភ្លើងរោលស្លាប់ហោង ឱអ្នកស្រុកអើយ ! ជួយអញតិចរ៉ា” ។ ដោយចៅនោះជឿស្មោះថាជាប្រពន្ធឯង បានជាយំសោកក្រៃពេក ។ លុះព្រឹកឡើងបុរសនោះ ទៅរកមនុស្សដាក់ខ្មោចនោះ ហើយបុរសនោះរត់ខ្ចីប្រាក់គេលើកខ្មោច រួចហើយទើបចៅនោះ រណ្ដាប់រទេះក្របីគោបរចេញទៅជួញ បានប្រាក់មកសងគេខ្លះនៅខ្លះនៅឡើយ ។ លុះបុរសនោះទៅជួញឯស្រុកដទៃទៀត បានជួបនឹងប្រពន្ធនោះឯង ហើយនិយាយថា “នាងនេះជាប្រពន្ធអញ ម្ដេចចៅនាំពង្រត់ប្រពន្ធអញមក ?“ ។ បុរសស្មន់អន្ធករនោះថា “ម្ដេចចៅមកចំហូវអញ ថាអញនាំពង្រត់ប្រពន្ធចៅឯងមក ? ក្រែងប្រពន្ធចៅឯងភ្លើងឆេះទៅហើយឬ” ។ ម្ល៉េះហើយចៅទាំង ២ ដណ្ដើមគ្នានាំគ្នាទៅដល់ចៅក្រម ៗ ពិចារណាពុំបាន ទើបនាំសេចក្ដីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃ ៗ ។ ចៅមួយទូលថា “ចៅនេះចំហូវប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាជាប្រពន្ធគាត់ ប្រពន្ធគាត់ភ្លើងឆេះទៅហើយ” ។ ឯបុរសជាប្ដីថាទូលថា ”ស្រីដែលភ្លើងឆេះនោះ មិនមែនប្រពន្ធខ្ញុំព្រះបាទអម្ចាស់ទេ នាងនេះទេតើជាប្រពន្ធខ្ញុំព្រះបាទអម្ចាស់សូមព្រះអង្គទ្រង់ព្រះពិចារណា” ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ សេចក្ដីនេះ កម្រអ្នកឯណារកបាន លុះតែរកដោយកលប្រាជ្ញាទើបបាន ក៏ទ្រង់ឲ្យអាមាត្យម្នាក់ចូលក្នុងស្គរ ចាំស្ដាប់សម្ដីស្រីនឹងប្រុសនោះ ឲ្យប្ដីនឹងប្រពន្ធនោះសែងស្គរទៅ លុះសែងស្គរទៅ មេនោះឥតថាអ្វីឡើយ រួចឲ្យបុរសស្មន់អន្ធករនិងមេនោះសែងវិញ ទើបមេនោះថា “ បើអញនៅនឹងប្ដីអញ មិនពិបាកដូច្នេះទេ ” ។ បុរសស្មន់អន្ធករនោះថា “ កុំនិយាយខ្លាចគេឮ ” ។ មេនោះថាអញមិននិយាយឯណាបាន អញខ្លាចអ្វី បើធ្ងន់ស្ទើរបាក់ស្មា ដូច្នេះចៅឯងបារម្ភអ្វី បើចៅទើបតែសែងតែម្ដង ឯអញពីរដងហើយ ធ្ងន់ស្ទើរស្លាប់” ។ អាមាត្យនៅក្នុងស្គរស្ដាប់ឮពាក្យមេនោះនិយាយដូច្នោះ ហើយក៏កត់ត្រាតាមពាក្យនោះ ។ លុះសែងបានដល់កំណត់ហើយចូលមក គេយកអាមាត្យនោះចេញពីក្នុងស្គរ ហើយអាមាត្យយកតម្រានោះមកសូត្រថ្វាយព្រះមហាក្សត្រ ទើបព្រះអង្គបង្គាប់ឲ្យប្ដីឈ្នះ ហើយទ្រង់ឲ្យលក់អាប្រុសនឹងមេស្រីនោះ ដាច់សុរិល[1] ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីនេះបានដោយប្រាជ្ញាទិព្វវិសេសហោង ។
រឿង បុរសម្នាក់ស្រលាញ់ប្រពន្ធគេ
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ