មាននិទានមួយថា : មានមហាសេដ្ឋីម្នាក់ មានកូនប្រុស ៣ នាក់ កូនច្បងនិងកូនបន្ទាប់ ២ នាក់ មានប្រពន្ធហើយ ចេញទៅធ្វើផ្ទះនៅដោយខ្លួនពីគ្នា ឆ្ងាយពីផ្ទះឪពុក, ចំណែកកូនពៅនៅផ្ទះជាមួយឪពុកជាប់រហូតមក ។ លុះឪពុកមានជំងឺឈឺធ្ងន់កូនពៅដែលនៅផ្ទះជាមួយ តែងថែទាំចាំជំងឺបម្រើឪពុករាល់ថ្ងៃរហូតដល់ឪពុកក្ស័យជីវិត ។ ឯកូនបងពីរនាក់ មិនបាននៅថែរក្សាជំងឺឪពុកទេ ប៉ុន្តែលុះឪពុកក្ស័យផុតទៅហើយ ទើបបានមកជួយធ្វើបុណ្យខ្មោចឪពុក ។
កូនទាំង ៣ នាក់ឈ្លោះប្រកែកជជែកគ្នាដណ្ដើមកេរ្តិ៍មត៌កឪពុក និយាយមិនដាច់ស្រេច នាំគ្នាទៅប្ដឹងចៅក្រមៗ កាត់សេចក្ដីពុំបាន ក៏នាំបុរសទាំងនោះឡើងក្រាបបង្គំទូល ព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការ ។ ព្រះមហាក្សត្រទ្រង់ពិចារណាជ្រាបហើយទ្រង់កាត់សេចក្ដីថា “ព្រះស្ដែងជាច្បងទាំង ២ នាក់ដែលមានប្រពន្ធហើយ ចេញទៅសង់ផ្ទះនៅដោយខ្លួនឆ្ងាយពីឪពុកនោះត្រូវបាន ១ ភាគម្នាក់ស្មើគ្នា, ឯប្អូនពៅដែលនៅផ្ទះជាមួយឪពុក ហើយបានថែរក្សាជំងឺឪពុកនោះ ត្រូវបាន ២ ភាគ” ។ កូនមហាសេដ្ឋីទាំង ៣ នាក់សុខចិត្តព្រមព្រៀងទទួលតាមព្រះបន្ទូលនោះហើយ ថ្វាយបង្គំលាទៅយកទ្រព្យកេរ្តិ៍មត៌កតាមចំណែកគ្រប់គ្នា ហើយនៅទីលំនៅនៃខ្លួនទីទៃ ៗ ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីយ៉ាងនេះ ហៅសុគតិគមនំហោង ។