រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់​ជា​ក្លើ​នឹង​គ្នា ។ ថ្ងៃ​មួយ ក្លើ​ម្នាក់​បាន​ទៅ​ខ្ចី​គោ​ក្លើ​ម្នាក់ ដើម្បី​ទឹម​រទេះ​ទៅ​លក់​ទំនិញ ។ ក្នុង​វេលា​ដែល​ខ្ចី​គោ​ម្ចាស់​គោ​នោះ​ជួប​ជុំ​គ្នា​ទាំង​ប្ដី​ប្រពន្ធ ។ លុះ​ក្លើ​ខ្ចី​គោ​ទឹម​បរ​ទៅ​លក់​ទំនិញ​រួច​ហើយ បាន​នាំ​គោ​ទៅ​ជូន​ក្លើ​វិញ តែ​ពុំ​ឃើញ​ក្លើ ឃើញ​តែ​ម្រាក់១ ក៏​ជូន​គោ​ទៅ​ម្រាក់ ៗ ទទួល​យក​គោ​នោះ​ហើយ ។ ក្រោយ​ពី​នោះ គោ​នោះ​ងាប់​ទៅ ។ លុះ​ក្លើ​ម្ចាស់​គោ​ត្រលប់​មក​ដល់​ផ្ទះ​វិញ ឃើញ​គោ​នោះ​ងាប់ ក៏​នឹក​ខឹង ហើយ​ទៅ​ប្រាប់​ឲ្យ​ក្លើ​ដែល​ខ្ចី​គោ​សង​គោ​នោះ​វិញ ។ ឯ​ក្លើ​ខ្ចី​គោ​ឆ្លើយ​ថា “ កាល​អញ​យក​គោ​ទៅ​សង ពុំ​ឃើញ​ក្លើ​ឯង​ឃើញ​តែ​ម្រាក់ ៗ ទទួល​យក​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ​ឥត​តវ៉ា​អ្វី​ទេ ម្ដេច​ក៏​ក្លើ​បង្គាប់​អញ​ឲ្យ​សង​គោ​ទៀត ” ។ ក្លើ​ម្ចាស់​គោ​ថា “ ម្ដេច​ក៏​ក្លើ​មិន​រង​ចាំ​អញ​មក​ដល់​ផ្ទះ​សិន ហើយ​ម្ដេច​ក៏​ជូន​គោ​ទៅ​ប្រពន្ធ​អញ​វិញ ដូច្នេះ ត្រូវ​តែ​ក្លើ​សង​គោ​អញ​ខាន​មិន​បាន​ទេ” ។ ក្លើ​ខ្ចី​គោ​ឆ្លើយ​ថា “អញ​បាន​យក​គោ​ទៅ​ជូន​ម្រាក់​ជា​ជ្រះ​ស្រឡះ​ហើយ បើ​ក្លើ​បង្ខំ​អញ​ឲ្យ​សង​ទៀត​ចាំ​អញ​ទៅ​ទៅ​សូម​ព្រះ​រាជ​ទ្រព្យ​ឲ្យ​បាន​សិន​ទើប​សង” ។ បុរស​ទាំង ២ នាក់​ពុំ​សុខ​ចិត្ត​តែ​រៀង​ខ្លួន ក៏​បណ្ដើរ​គ្នា​ទៅ​ប្ដឹង​ចៅក្រម លុះ​ដើរ​បន្តិច​ទៅ ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ក៏​នាំ​គ្នា​ចូល​ទៅ​ជ្រក​ម្លប់​ឈើ​មួយ ។ គាប់​ចួន​វេលា​នោះ មាន​បុរស​ជា​ម្ចាស់​នឹង​ខ្ញុំ​បណ្ដើរ​គ្នា​មក​ដល់​ដែរ ខ្ញុំ​ដឹក​សេះ​ដើរ​មុន ម្ចាស់​សេះ​ដើរ​ពី​ក្រោយ​ឆ្ងាយ ។ ចៅ​ដឹក​សេះ​បាន​ចួប​នឹង​បុរស ២ នាក់​ដែល​កើត​ក្ដី​នឹង​គ្នា អង្គុយ​ក្រោម​ម្លប់​ឈើ​នោះ ក៏​និយាយ​ថា “ចូរ​ចៅ​ដេញ​សេះ​ឲ្យ​ផង” ។ បុរស​នោះ​ដេញ​ហើយ សេះ​នៅ​តែ​មិន​ព្រម​ដើរ ក៏​និយាយ​ថា “ ចៅ​អើយ ! សេះ​ឯង​មិន​ព្រម​ដើរ​ទេ ” ។ ទើប​ចៅ​ដឹក​សេះ​នោះ​ថា “ ចូរ​ចៅ​ចោល​វា​ឲ្យ​ផង ” ។ បុរស​កើត​ក្ដី​ថា “ អញ​មិន​ហ៊ាន​ចោល​ទេ​ខ្លាច​បាក់​ជើង​សេះ​ចៅ​ឯង ” ។ ចៅ​ដឹក​សេះ​ថា “ចោល​ចុះ​មិន​អី​ទេ ” ។ បុរស​ខ្ចី​គោ​គេ​ក៏​ចោល​ទៅ ត្រូវ​ជើង​សេះ​នោះ​បាក់ ។ ចៅ​ម្ចាស់​សេះ​ដើរ​មក​ទាន់ ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ចៅ​ចោល​សេះ​អញ​ឲ្យ​បាក់​ជើង ? ដូច្នេះ​ត្រូវ​សង​សេះ​អញ​វិញ ” ។ បុរស​ខ្ចី​គោ​ឆ្លើយ​ថា “ ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​បាន​សិន សឹម​អញ​សង​ចៅ ” ហើយ​ក៏​នាំ​គ្នា​ទៅ​ដល់​ផ្ទះ របស់​បុរស​ជា​ក្លើ​នឹង​បុរស​ដែល​ខ្ចី​គោ​នោះ,បុរស​ខ្ចី​គោ​គេ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ក្លើ​នោះ តែ​មិន​បាន​ឃើញ​ក្លើ ឃើញ​តែ​ប្រពន្ធ ៗ​នោះ​មាន​ផ្ទៃ​ពោះ​ជាង ៧ ខែ ហើយ​បុរស​ខ្ចី​គោ​គេ​នោះ​និយាយ​សុំ​ទឹក​គេ​ថា “ម្រាក់​អើយ ! អញ​សុំ​ទឹក​ផឹក​ផង” ។ នាង​នោះ​ក៏​ទៅ​សិត​ទឹក​រួច​ក៏​ចុះ​ជណ្ដើរ​មក នឹង​ហុច​ទឹក​ឲ្យ ស្រាប់​តែ​កាំ​ជណ្ដើរ​បាក់​ធ្លាក់​ដល់​ដី រលូត​កូន​ទៅ ។ ឯ​ប្ដី​មក​ដល់​ឃើញ ហើយ​និយាយ​ថា “ហេតុ​អ្វី​ក៏​ក្លើ​ប្រើ​ប្រពន្ធ​អញ​ឲ្យ​សិត​ទឹក​ផឹក ទាល់​តែ​ធ្លាក់​ពី​លើ​ជណ្ដើរ​រលូត​កូន ដូច្នេះ​ក្លើ​ឯង​ត្រូវ​សង​កូន​អញ” ។ បុរស​ខ្ចី​គោ​ឆ្លើយ​ថា “ ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​សិន សឹម​អញ​សង ចៅ​ឯង​វិញ” ហើយ​ក៏​កោះ​គ្នា​បណ្ដើរ​ទៅ ទៅ​ដល់​ទី ១ មាន​ដើម​ឈើ​ច្រើន បុរស​ខ្ចី​គោ​និយាយ​ថា “ ចូរ​អ្នក​រង​ចាំ​អញ​ទៅ​ជុះ​មួយ​រំពេច​សិន” ហើយ​គេច​ទៅ​ឡើង​ដើម​ឈើ ១ ដើម​នឹក​ក្នាញ់​ថា “ខ្លួន​នេះ​អភ័ព្វ​ណាស់​នឹង​លោត​ទម្លាក់​សម្លាប់​ខ្លួន​ចោល​ទៅ ល្អ​ជាង​នៅ​រស់” ។ ជួន​ជា​នៅ​ខាង​ក្រោម​ដើម​ឈើ​នោះ មាន​បុរស ២​នាក់ ឪពុក​និង​កូន​កំពុង​ត្បាញ​កន្ទេល​។ បុរស​នោះ​លោត​ទៅ ក៏​ធ្លាក់​ទៅ​លើ​ឪពុក​ដែល​កំពុង​ត្បាញ​កន្ទេល​នោះ​ស្លាប់​ទៅ ឯ​ខ្លួន​អ្នក​លោត​មិន​ស្លាប់​ទេ ។ បុរស​ជា​កូន​ឃើញ​ឪពុក​ស្លាប់ ក៏​ខឹង​ខ្លាំង​ណាស់​និយាយ​ថា “ត្រូវ​ចៅ​ឯង​សង​ឪពុក​អញ​វិញ” ។ បុរស​លោត​ពី​ចុង​ឈើ​ឆ្លើយ​ថា “ បើ​ចៅ​ឲ្យ​អញ​សង​ឪពុក​ឯង​អញ​ក៏​សង​ដែរ តែ​ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​បាន​សិន” ។ បុរស​ទាំង ៥ នាក់​ជា​គូ​វិវាទ​គ្នា ក៏​បណ្ដើរ​គ្នា​ទៅ​រក​ចៅ​ក្រម ហើយ​ប្ដឹង​ដោយ​នូវ​ដំណើរ​ទីទៃ ៗ ពី​គ្នា ។
ឯ​ចៅក្រម​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ថា “ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​គេ​នោះ​សង​គោ​គេ​វិញ, ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ ដែល​ចោល​បាក់​ជើង​សេះ​គេ​នោះ​សង​សេះ​គេ​វិញ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​ដែល​ប្រើ​ប្រពន្ធ​គេ​ឲ្យ​សិត​ទឹក​ឲ្យ​ផឹក​ជា​ហេតុ​ឲ្យ​រលូត​កូន​គេ​នោះ​សង​កូន​គេ​វិញ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​ដែល​លោត​សម្លាប់​ខ្លួន ជា​ហេតុ​ឲ្យ​ស្លាប់​ឪពុក​គេ​នោះ សង​ឪពុក​គេ​វិញ ” ។
បុរស​ខ្ចី​គោ ដែល​ជាប់​ចោទ​ទាំង ៤ រឿង​នោះ ពុំ​សុខ​ចិត្ត​ក៏​នាំ​គ្នា ឡើង​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ក្រាប​បង្គំ​ទូល​សូម​ព្រះ​រាជ​ទ្រព្យ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ថា “ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង​មក​សូម​ប្រាក់​អញ​ដូច្នេះ ?” ។ បុរស​ខ្ចី​គោ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់ បាន​ខ្ចី​គោ​ក្លើ​នេះ ទឹម​បរ​ដឹក​នាំ​ទំនិញ​ទៅ​លក់ រួច​នាំ​យក​គោ​នោះ​ទៅ​ជូន​វិញ តែ​ពេល​នោះ​ជួប​តែ​នឹង​ម្រាក់ ពុំ​ជួប​នឹង​ក្លើ បាន​ប្រគល់​គោ​នោះ​ទៅ​ឲ្យ​ម្រាក់ ៗ ក៏​ទទួល​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ ៗ វិល​មក​ផ្ទះ​វិញ ” ។ ក្រោយ​មក ក្លើ​នេះ​មក​ប្រាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ គោ​នោះ​ងាប់​ទៅ​ហើយ ៗ បន្ទោស​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ វេលា​ក្លើ​ទៅ​សង​គោ​វិញ ម្ដេច​ក៏​មិន​រង​ចាំ​អញ​សិន ហើយ​ម្ដេច​ក៏​ទៅ​ជា​យក​គោ​ទៅ​ជូន​ប្រពន្ធ​អញ​វិញ មិន​ជូន​អញ? ដូច្នេះ​ត្រូវ​ក្លើ​ឯង​សង​គោ​អញ សូម​ទ្រង់​ជ្រាប​ដំណើរ​ក្ដី​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ដូច​ក្រាប​បង្គំ​ទូល​នេះ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​បុរស​ជា​ម្ចាស់​គោ​ថា “ ដំណើរ​ក្ដី​នេះ ដូច្នេះ​មែន​ឬ​ពុំ​មែន​ទេ?” ។ បុរស​ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ដូច្នេះ​មែន ” ។ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា “តើ​ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​ទៀត​ឬ​អ្វី ?” ។ ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​សង ” ។ ទើប​ព្រះ​អង្គ​ត្រាស់​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​គោ ត្រូវ​ព្រះ​ស្ដែង​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​ព្រះ​ស្ដែង ទើប​ព្រះ​ស្ដែង​បាន​គោ ត្បិត​ប្រពន្ធ​ព្រះ​ស្ដែង​ទទួល​យក​គោ​ពី​គេ​ជ្រះ​ស្រឡះ​ហើយ តើ​ឥឡូវ​នេះ​ព្រះ​ស្ដែង​សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​ព្រះ​ស្ដែង​ឬ​ទេ?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​នេះ​ទេ ” ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “បើ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​គេ​ទេ ព្រះ​ស្ដែង​ក៏​មិន​ត្រូវ​បាន​សំណង​គោ​នោះ​ដែរ ព្រោះ​ប្រពន្ធ​ព្រះ​ស្ដែង​ទទួល​យក​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ ម្ដេច​ក៏​ព្រះ​ស្ដែង​មក​ទារ​សំណង​ពី​គេ​ទៀត ? ” ។
ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​រឿង​គោ​រួច​ហើយ ទ្រង់​ដណ្ដឹង​សួរ​រឿង​សេះ​ត​ទៅ​ទៀត ។ ឯ​បុរស​ខ្ចី​គោ​ជា​ដើម​ហេតុ​ដែល​ចោល​សេះ​គេ​ឲ្យ​បាក់​ជើង​នោះ ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឈប់​នៅ​ក្រោម​ម្លប់​ឈើ ១ គាប់​ជួន​ជា​បុរស​នេះ ដឹក​សេះ​មក​ដល់​ទី​នោះ​ដែរ បាន​ប្រើ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ដេញ​សេះ ៗ​មិន​ព្រម​ដើរ ក៏​បង្គាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ចោល ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប្រកែក​ថា “មិន​ហ៊ាន​ចោល​ទេ ក្រែង​បាក់​ជើង​សេះ” បុរស​ដឹក​សេះ​ថា “ ចោល​ទៅ​ចុះ ”ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក៏​ចោល​ទៅ​ត្រូវ​ជើង​សេះ​បាក់” ។ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​នឹង​អ្នក​ដឹក​សេះ​ថា “ដំណើរ​ក្ដី​នេះ ដូច្នេះ​មែន​ឬ​ដូច​ម្ដេច?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ពិត​ដូច្នោះ​មែន” ព្រះ​អង្គ​ត្រាស់​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​សេះ ត្រូវ​ព្រះ​ស្ដែង​ប្រគល់​ខ្ញុំ​ព្រះ​ស្ដែង​ឲ្យ​ទៅ​គេ ព្រោះ​ខ្ញុំ​ព្រះ​ស្ដែង​ប្រើ​គេ​ឲ្យ​ចោល ទាល់​តែ​សេះ​ព្រះ​ស្ដែង​នេះ​បាក់​ជើង ព្រះ​ស្ដែង​ព្រម​ឬ​មិន​ព្រម ? ” ។ បុរស​ម្ចាស់​សេះ​នោះ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ទេ ត្បិត​មាន​ខ្ញុំ​តែ​ម្នាក់” ។ ព្រះ​អង្គ​ត្រាស់​ថា “ បើ​ដូច្នោះ​មិន​ត្រូវ​ឲ្យ​គេ​សង​សេះ​ព្រះ​ស្ដែង​ដែរ ព្រោះ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ខ្ញុំ​ទៅ​គេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​ក្ដី​រឿង​សេះ​ហើយ ទ្រង់​សួរ​រឿង​ស្រី​រលូត​កូន​ត​ទៅ​ទៀត ។ បុរស​ខ្ចី​គោ​គេ​ក្រាប​បង្គំ​ទូល​ថា “ កាល​ដែល​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ដើរ​មក​តាម​ផ្លូវ​នោះ ស្រេក​ទឹក​ខ្លាំង​ណាស់ បាន​ចូល​ទៅ​សូម​ទឹក​នៅ​ផ្ទះ​ក្លើ​នេះ ជួន​ជា​ថ្ងៃ​នោះ ក្លើ​មិន​នៅ​ៗ តែ​ម្រាក់ ៗ ចុះ​ជណ្ដើរ​ទៅ​សិត​ទឹក​បាក់​កាំ​ជណ្ដើរ​ធ្លាក់​ទៅ​ដី រលូត​កូន​ទៅ លុះ​ក្លើ​មក​ដល់​យល់​ម្រាក់​រលូត​កូន​ដូច្នោះ ក៏​ខឹង​ខ្លាំង​ណាស់ បង្គាប់​ឲ្យ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ សង​កូន” ។ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៅ​ប្ដី​នោះ​ថា “ដំណើរ​ក្ដី​នេះ​តើ​ពិត​ដូច្នេះ ឬ​ពុំ​មែន​ទេ ?” ។ បុរស​ប្ដី​ក្រាប​បង្គំ​ទូល​ថា “ពិត​ដូច្នោះ​មែន” ។ ព្រះ​អង្គ​ត្រាស់​សួរ​ថា “ ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​កូន​នោះ​ឬ​អ្វី?” សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សុំ​ឲ្យ​ក្លើ​សង​កូន​នោះ​វិញ ។ “ប្រពន្ធ​ព្រះ​ស្ដែង​ផើម​បាន​ប៉ុន្មាន​ខែ​ហើយ?” ។ “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ផើម​បាន ៧ ខែ​ហើយ” ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​កូន​នោះ ត្រូវ​ព្រះ​ស្ដែង ឲ្យ​ប្រពន្ធ​ព្រះ​ស្ដែង ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទុក​ឲ្យ​ផើម​បាន ៧​ខែ​សិន សឹម​ព្រះ​ស្ដែង​យក​មក​ធ្វើ​ជា​ប្រពន្ធ​ព្រះ​ស្ដែង​វិញ​ចុះ តើ​ព្រះ​ស្ដែង​ព្រម​ឲ្យ ឬ​ទេ ?” បុរស​ប្ដី​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មិន​ព្រម​ឲ្យ​ទេ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​ថា បើ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​គេ ចុះ​ឲ្យ​គេ​យក​កូន​ពី​ណា​មក​សង​ព្រះ​ស្ដែង​វិញ​បាន ? ” ។
ព្រះ​មហាក្សត្រ​សួរ​ដំណើរ​ក្ដី រឿង​ស្លាប់​ឪពុក​ត​ទៅ​ទៀត ។ បុរស​ខ្ចី​គោ​ក្រាប​បង្គំ​ទូល​ថា “ ដើម​ឡើយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​លា​អ្នក​ដើម​ចោទ​ទាំង ៣ នាក់​ថា “សូម​ទៅ​បត់​ជើង​មួយ​រំពេច​សិន លុះ​ចូល​ទៅ​ក្នុង​ព្រៃ​យល់​ដើម​ឈើ​មួយ​ធំ ដោយ​នឹក​អន់​ចិត្ត​នឹង​ភ័ព្វ​សំណាង​របស់​ខ្លួន​ខ្លាំង​ពេក ក៏​ឡើង​ទៅ​លើ​ចុង​ឈើ​នោះ​ប្រុង​នឹង​លោត​ទៅ​សម្លាប់​ខ្លួន​បង់ ដល់​លោត​ចុះ​មក ស្រាប់​តែ​ត្រូវ​លើ​ឪពុក​បុរស​នេះ​ស្លាប់​ទៅ ឯ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ស្លាប់, វេលា​លោត​ចុះ​មក ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​បាន​ឃើញ​បុរស​ឪពុក​នឹង​កូន នៅ​ខាង​ក្រោម​ដើម​ឈើ​នោះ​ទេ បុរស​ជា​កូន​ឃើញ​ឪពុក​ស្លាប់ ក៏​ប្រចាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ត្រូវ​សង​ឪពុក​គេ​វិញ” ដំណើរ​ក្ដី​នេះ​ប៉ុណ្ណេះ សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ” ។ ទើប​ព្រះ​មហាក្សត្រ​ត្រាស់​សួរ​ទៅ​បុរស​ជា​កូន​នោះ​ថា “ តើ​ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​ឪពុក​ព្រះ​ស្ដែង​វិញ​ឬ​អ្វី ?” ។ បុរស​ជា​កូន​នោះ ក្រាប​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, សូម​ឲ្យ​គេ​សង​ឪពុក​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ” ។ “បើ​ដូច្នេះ មាន​តែ​ព្រះ​ស្ដែង​ឲ្យ​ម្ដាយ​ព្រះ​ស្ដែង​ទៅ​ធ្វើ​ប្រពន្ធ​គេ ដើម្បី​ឲ្យ​គេ​បាន​ជា​ឪពុក​របស់​ព្រះ​ស្ដែង ជំនួស​ឪពុក​ដែល​ស្លាប់​ទៅ​តើ​ព្រះ​ស្ដែង​ព្រម​ទេ ?” ។ “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នឹង​ឲ្យ​ម្ដាយ​ទៅ​ធ្វើ​ជា​ប្រពន្ធ​បុរស​នេះ ដូច​ម្ដេច​បាន បើ​ម្ដាយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វេលា​នេះ កំពុង​កើត​ទុក្ខ​ធ្ងន់​ផង ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ទេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ថា “ បើ​ព្រះ​ស្ដែង​ពុំ​ព្រម​ តើ​នឹង​ឲ្យ​គេ​យក​ឪពុក​ពី​ណា មក​ជំនួស​ឪពុក​ព្រះ​ស្ដែង​បាន បើ​ឪពុក​ព្រះ​ស្ដែង ស្លាប់​ទៅ​ហើយ ដោយ​ផល​កម្ម​របស់​គាត់ នឹង​បន្ទោស​នរណា ” ។
ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤ រឿង ដោយ​ប្រការ​ដូច្នេះ​ហើយ បុរស​ទាំង ៥ នាក់ ដែល​កើត​ក្ដី​នឹង​គ្នា ក៏​ចូល​ចិត្ត​ស្ដាប់​បាន​លែង​ចោទ​ប្រកាន់​គ្នា ហើយ​ក្រាប​ថ្វាយ​បង្គំ​លា ទៅ​កាន់​លំនៅ​អាត្មា​ទីទៃ ៗ រៀង​ខ្លួន​ហោង ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤
រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_389.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_389.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy