មានសេចក្ដីដំណាលថា មានឈ្មួញសំពៅ ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ
។ លុះទៅដល់កោះមួយនោះ ជួនជាល្ងាច នឹងធ្វើដំណើរទៅមុខទៀតនឹងស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ
។ កោះនោះ ជាកោះដាច់ស្រយាល ឥតមានមនុស្សនៅទេ ហើយពេលយប់ តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី
។ ពួកប្រេតទាំងនោះ លុះដើរក្រវែលរកអាហារ ឃើញមនុស្សដេកក្នុងសំពៅ ក៏ចាប់មនុស្សកំពុងដេកលក់
យកទៅឲ្យចៅហ្វាយវាខ្លះ គិតនឹងហែកស៊ីខ្លះ ។ ពួកមនុស្សដេកលក់ដោយសារសំឡេងប្រេតនិយាយគ្នា
ក៏ភ្ញាក់ឡើង ភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្ដេច ក៏ពួកវាពុំព្រម ហើយគិតតែពីចាប់នាំទៅប្រគល់ឲ្យចៅហ្វាយនាយវា
។
សម្រែកយំសោក បណ្ដាលឲ្យផ្អើលអស់មនុស្សទាំង ៥០០ សំពៅ ។ ពេលនោះ នាយសំពៅម្នាក់
ជាអ្នកឈ្លាសវៃ នឹកឃើញថា "បើទោះជាត្រូវស្លាប់ ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឲ្យអស់ចិត្តសិន
មិនត្រូវឲ្យគេផ្ដាច់ជីវិតទទេៗ ឡើយ" គិតហើយ ក៏តាំងស្មារតីអង់អាច និយាយទៅកាន់ស្ដេចប្រេត
សូមឲ្យលែងពួកខ្លួន, តែស្ដេចប្រេតនោះឆ្លើយថា "យើងនឹងសែងពួកឯងទៅវិញមិនបានទេ
ព្រោះពួកយើងស្រេកឃ្លានណាស់ ................... យ៉ាងនេះម្ដង បើលែងពួកអ្នកឯងទៅ
មិនដឹងកាលណានឹងបានទៀតទេ, ពួកយើងខ្សត់អាហារណាស់ !” ។
នាយឈ្មួញអង្វរថា :
- សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា "នឹងទទួលរកអាហារជូនលោក
រាល់ឆ្នាំ លុះត្រាតែអស់ជីវិត, បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ,
អំណឹះតទៅ លោកនឹងត្រូវអត់ឃ្លានទៀត, បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា
? លោកសុខចិត្តពិសារូបយើងឲ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើង
ដើម្បីឲ្យទៅរកអាហារជូនលោកវិញ ? ។
ពួកប្រេត ឮសំណើនៃនាយឈ្មួញដូច្នេះ ក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញ
ហើយផ្ដាំផ្ញើថា "កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណា មានខ្យល់ជំនោរធ្លាក់មកពីទិសឯជើង
អ្នកទាំងអស់គ្នា ត្រូវធ្វើក្បួនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ,
សណ្ដែក, ល្ង, ដូង, អំបុក, ចេក ជាដើម បណ្ដែតតាមខ្សែទឹកមកឲ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ,
ជំនោរខ្យល់ នឹងបញ្ជូនមកដល់យើងហើយ" ។
ឮតែប៉ុណ្ណេះ ពួកអ្នកសំពៅ អររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅរចោករចល់ខ្ញៀវខ្ញារ
បើកចេញផុតពីនោះយ៉ាងប្រញាប់ ។ លុះទៅដល់ភូមិស្រុក ជួបជុំគ្រួសារហើយ ត្រូវនឹងពេលជិតដល់រដូវភ្ជុំ
ដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះ ក៏នាំគ្នាធ្វើនំនែក
រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះ ធ្វើពោងពាយ ហើយដាក់បណ្ដែតបញ្ជូនទៅឲ្យប្រេតតាមខ្សែទឹករាល់ៗ
ឆ្នាំ ។ មនុស្សជាន់ដើម កាន់ពាក្យសច្ចៈល្អណាស់ បើនិយាយសន្យាថាដូចម្ដេចហើយ
មិនហ៊ានបំពានទេ ។
ចំណេរតមក អ្នកស្រុក ក៏នាំគ្នាធ្វើតៗ មក ទៅជាទំនៀមទម្លាប់ ដោយយល់ថា
"”ធ្វើបុណ្យបណ្ដែតស្រូវអង្ករទៅឲ្យដូនតា ដែលទៅកើតជាប្រេត ឋិតនៅឯស្រុកទន្លេស្ងួត
កន្ទួតមួយដើម" នោះវិញ ។