មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះធនញ្ជយសេដ្ឋីម្នាក់ឈ្មោះតុត្តលោសេដ្ឋី អ្នកទាំង ២ ស្រលាញ់គ្នាណាស់យកគ្នាជាក្លើ ។ ឯតុត្តលោសេដ្ឋី យកមាសមួយពាន់តម្លឹងដាក់ក្នុងថង់ យកខ្សែចងដំត្រាជាសម្គាល់រួចហើយ ផ្ញើទុកនៅផ្ទះធនញ្ជយសេដ្ឋីជាក្លើ ។ ធនញ្ជយសេដ្ឋីទៅជួញយកមាសទុកហើយ តុត្តលោសេដ្ឋីលាធនញ្ជយសេដ្ឋីទៅជួញជាអំឡុងទៅ ។ ធនញ្ជយសេដ្ឋីឲ្យទៅរកជួលជាងជួលបានហើយ ទើបកាត់ថង់ទាំងពីរ យកមាសមួយពាន់តម្លឹងចេញមកហើយ ក៏យកទង់ដែងមកថ្លឹងទម្ងន់ស្មើនឹងមាសនោះហើយ យកទៅច្រកទុកក្នុងថង់មាសនោះវិញ រួចជួលជាងឲ្យជុលថង់នោះឲ្យបានដូចដើម ។ ជាងទទួលឈ្នួលជុលថង់រួចហើយ ឲ្យធនញ្ជយសេដ្ឋីទទួលទុកជាអំឡុងទៅ ។ តុត្តលោសេដ្ឋីមកអំពីជួញ ទើបប្រដាប់ចំណីផ្លែឈើផងយកមកជូនធនញ្ជយសេដ្ឋីជាក្លើហើយនិយាយថា “អញមកសុំមាសអំពីក្លើ” ។ ឯធនញ្ជយសេដ្ឋីយកថង់ច្រកទង់ដែងឲ្យតុត្តលោសេដ្ឋី ៗ រមិលរមើលថង់នោះសព្វគ្រប់ ជាក់ជារបស់ឯង ពុំប្លែកឡើយ តែទទួលយកមកស្រាយពុំឃើញមាសនោះឡើយ ឃើញឯទង់ដែងវិញ តុត្តលោសេដ្ឋីសួរថា អញផ្ញើមាសអញនៅក្លើ មាសអញបាត់ទៅណាក៏មកឃើញឯទង់ដែងដូច្នេះវិញ ។ ធនញ្ជយសេដ្ឋីឆ្លើយថា “នរណានឹងយកមាសក្លើ បើក្លើមិនជឿអញក្លើមើលតែថង់ ចំណងខ្សែថង់ នឹងត្រានោះចុះ ” ម៉្លោះហើយអ្នកទាំង ២ ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេច កើតទៅជាក្ដីនឹងគ្នាក៏នាំគ្នាទៅប្ដឹងចៅក្រមៗ ជំនុំឲ្យពុំបានទើបនាំគ្នាទៅដល់ព្រះមហាក្សត្រ ។ ឯតុត្តលោសេដ្ឋីក្រាបបង្គំទូលថា “ ត្បិតខ្ញុំព្រះបាទអម្ចាស់ យកមាសមួយពាន់តម្លឹងច្រកក្នុងថង់ចងមាត់ខ្ជាប់ដំត្រាហើយផ្ញើនឹងក្លើនេះឯង ម្ដេចក៏មាសរបស់ខ្ញុំព្រះបាទអម្ចាស់ប្រែជាទង់ដែងទៅវិញ សូមព្រះបាទអម្ចាស់ ទ្រង់ព្រះពិចារណាហោង” ។ ឯធនញ្ជយសេដ្ឋីក្រាបបង្គំទូលថា “ត្បិតក្លើនេះឯងយកទង់ដែងច្រកថង់ដំត្រាខ្ជាប់ ហើយផ្ញើនឹងខ្ញុំព្រះបាទអម្ចាស់ឲ្យទុកឲ្យ ខ្ញុំព្រះបាទអម្ចាស់ពុំដឹងជាទង់ដែងស្មានថាជាមាសពិត ខ្ញុំព្រះបាទអម្ចាស់ក៏ទទួលទុក លុះយូរទៅក្លើនេះមកយកអំពីខ្ញុំព្រះបាទអម្ចាស់ ៗ យកឲ្យហើយ ក្លើនេះស្រាយចេញពុំឃើញមាសឡើយ ឃើញឯទង់ដែងវិញ ក្លើនេះថា “ខ្ញុំព្រះបាទអម្ចាស់យកមាសនោះ” សូមព្រះអង្គទ្រង់ពិចារណា ព្រះរាជទានខ្ញុំព្រះបាទអម្ចាស់ហោង ” ។ ព្រះមហាក្សត្រ ព្រះអង្គ បានជ្រាបនូវដំណើរការណ៍សេដ្ឋីទាំង ២ ហើយទើបមានព្រះបន្ទូលថា “ហៃសេដ្ឋីទាំង ២ អើយ! កុំព្រះស្ដែងក្ដីនឹងគ្នា បើព្រះស្ដែងស្រលាញ់គ្នាអំពីដើមដូចម្ដេចមិញ ចូរព្រះស្ដែងស្រលាញ់គ្នាដូចដែលហោង”។ ឯធនញ្ជយសេដ្ឋីកាលបើឮព្រះបន្ទូលដូច្នោះហើយ ក៏ក្រាបលាទៅលំនៅអាត្មាវិញ ។ ក្រោយមកព្រះអង្គត្រាស់ដណ្ដឹងទៅតុត្តលោសេដ្ឋីថា “ ធនញ្ជយសេដ្ឋី មានកូនឬឥតកូន ? ” ។ តុត្តលោសេដ្ឋីក្រាបទូលថា “ មានកូន ” ។ ទើបព្រះអង្គមានព្រះបន្ទូលថា “បើមានកូនមែនដូច្នោះ ចូរព្រះស្ដែងប្រលោមលួងលោម យកកូននោះមកនៅនឹងព្រះស្ដែង បាន ៣ ថ្ងៃ ហើយព្រះស្ដែង យកស្វា ១ ទៅឲ្យវិញ ហើយប្រាប់ថា “ កូនក្លើប្រែអាត្មាជាស្វាទៅហើយ” ។ តុត្តលោសេដ្ឋី ទទួលព្រះបន្ទូលដូច្នោះហើយ ក៏ទៅប្រលោមលួងលោមយកកូនធនញ្ជយសេដ្ឋីបានមកនៅជាអំឡុងថ្ងៃ ៣ យកកូននោះលាក់ហើយ ចាប់បានស្វា ១ យកទៅឲ្យធនញ្ជយសេដ្ឋី ហើយប្រាប់ថា “ ក្លើ ! ឥឡូវនេះ កូនក្លើឯងប្រែទៅជាស្វាទៅហើយ” ។ ធនញ្ជយសេដ្ឋីថា “ ក្លើយកកូនអញទៅនៅផង ហេតុអ្វីបានជាពុំយកកូនមកឲ្យអញ យកឯស្វាមកឲ្យអញដូច្នេះ ? ” ។ តុត្តលោសេដ្ឋីថា “នេះឯងកូនក្លើហើយ ម្ដេចឡើយក្លើថាអញយកស្វាមកឲ្យ ” ។ ម្ល៉ោះហើយសេដ្ឋីទាំង ២ ក៏ប្រកែកគ្នាទៅវិញទៅមកពុំចេះអស់ពុំចេះហើយ ទើបនាំគ្នាទៅគាល់ព្រះមហាក្សត្រ ។ ធនញ្ជយសេដ្ឋីក្រាបបង្គំទូលថា “ តុត្តលោសេដ្ឋី យកកូនខ្ញុំព្រះបាទអម្ចាស់ទៅនៅផងជាអំឡុងថ្ងៃ ៣ ពុំយកកូនមកឲ្យខ្ញុំ ព្រះបាទអម្ចាស់វិញឡើយ យកឯស្វាមកឲ្យថាកូនខ្ញុំអម្ចាស់វិញ សូមព្រះរាជទាន ព្រះអង្គទ្រង់ពិចារណាឲ្យខ្ញុំព្រះបាទអម្ចាស់ ” ។ ឯតុត្តលោសេដ្ឋីក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់ យកកូននេះទៅពិតមែន តែហេតុម្ដេចបានជាកូននេះប្រែអាត្មាជាស្វាវិញ រឿងនេះសូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ដំណើរសេដ្ឋីទាំង ២ ហើយ ក៏ទ្រង់មានព្រះបន្ទូលថា “ សេដ្ឋីអើយ ! បើវាបានជាក្លាយដូច្នេះទៅហើយ ព្រះស្ដែងទាំង ២ នាក់ត្រូវធ្វើសច្ចាធិដ្ឋានរៀងខ្លួន ហើយធនញ្ជយសេដ្ឋីត្រូវយកទង់ដែងច្រកក្នុងថង់ទុកដូចដែលអស់កំឡុងថ្ងៃ ៣ តុត្តលោសេដ្ឋី ក៏ត្រូវយកស្វាទៅទុករក្សាធ្វើជាកូនអស់កំឡុងថ្ងៃ ៣ ដែរ, បើព្រះស្ដែងទាំងពីរស្រលាញ់គ្នា តាមសភាពដើមពិតមែនហើយ ទង់ដែងមុខជាកើតជាមាសវិញ, ស្វាក៏មុខជាប្រែខ្លួនជាកូនវិញដែរ បើបានដូចក្ដីសច្ចាធិដ្ឋានរបស់ព្រះស្ដែងទាំងពីរនាក់ហើយ ចូរព្រះស្ដែងនាំមកកាន់អញ” ។ សេដ្ឋីទាំងពីរទទួល ព្រះបន្ទូលហើយក្រាបលាទៅលំនៅអាត្មាទីទៃ ៗ ។ ដល់រាត្រីថ្ងៃទី ៣ ធនញ្ជយសេដ្ឋីយកមាសច្រកក្នុងថង់ នាំឡើងទៅថ្វាយ ។ ឯតុត្តលោសេដ្ឋីឮថា ធនញ្ជយសេដ្ឋីយកមាសទៅថ្វាយ ក៏យកកូនទៅថ្វាយដែរ ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលឲ្យយកមាសឲ្យ តុត្តលោសេដ្ឋី, យកកូនអំពីតុត្តលោសេដ្ឋី មកឲ្យធនញ្ជយសេដ្ឋីវិញ ហើយទ្រង់មានព្រះបន្ទូលថា “ ព្រះស្ដែងទាំង ២ នាក់កុំអន់ចិត្តនឹងគ្នាឡើយ ចូរស្រលាញ់គ្នាដូចដើមវិញទៅ ” ។ សេដ្ឋីទាំង ២ ទទួលព្រះបន្ទូលព្រះមហាក្សត្រហើយ ក៏ក្រាបបង្គំលាទៅលំនៅអាត្មាទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។
រឿង ធនញ្ជយសេដ្ឋីលួចមាស របស់តុត្តលោសេដ្ឋី
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ